ក្រុមកម្មករអ្នកជំងឺកូវីដ១៩ សោកស្តាយដែលរោងចក្ររោងចក្រ វ៉ាយ អេនដាប់បែលយូ ហ្គាមេន (Y&W Garment Co.,LTD) ធ្វេសប្រហែសចំពោះវិធានការទប់ស្កាត់ជំងឺកូវី១៩ នៅក្នុងរោងចក្រ ជាពិសេសមិនបានធានានូវសុវត្ថិភាពសុខភាពអំឡុងពេលកម្មករបំពេញការងារ។ ករណីនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគាត់ជាខ្លាំង ខណៈពេលកម្មករមិនទាន់បើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាមការសន្យានៅឡើយ។
កម្មកររោងចក្រ វ៉ាយ អេនដាប់បែលយូ ដែលឆ្លងជំងឺកូវីដ-១៩ លោក ជា ចាន់ថន ប្រាប់អាស៊ីសេរីថា កម្មករក្នុងរោងចក្រលោក មិនអាចរក្សាគម្លាតសុវត្ថិភាពពេលធ្វើការងារបានទេ ព្រោះរោងចក្រមានកម្មកររាប់ពាន់នាក់។ លោកបន្តថា ពេលខ្លះកម្មករទៅធ្វើការទាំងភ័យខ្លាច ដើម្បីប្តូរយកប្រាក់ឈ្នួលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ ជាពិសេសសងបំណុលធនាគារ។ លោកបន្ថែមទៀតថា លោកព្រួយបារម្ភជាខ្លាំងអំពីជីវភាពគ្រួសារ បន្ទាប់ពីលោកឆ្លងជំងឺកូវីដ១៩ ខណៈរោងចក្រមិនទាន់បើកប្រាក់ឈ្នួលដល់រូបលោកនៅឡើយទេ ហើយរដ្ឋាភិបាលក៏មិនទាន់ផ្តល់ប្រាក់ឧបត្ថម្ភដល់លោកនៅឡើយដែរ៖ «សុំស្នើថៅកែ គេថាផ្អាកសិនទៅដោយគាត់អត់ព្រមឱ្យតែកម្មករនៅដេរ ដល់ពេលផ្ទុះចឹងគេចុះមកពិនិត្យចឹងបានឱ្យកម្មករសម្រាក សូមឱ្យជួយបញ្ចុះផ្ទះជួលចឹងទៅភ្លើងចុះថោក អង្គការឱ្យផ្អាកមួយខែពីរខែបីខែសិន ចាំពេលខ្ញុំចេញខ្ញុំបង់ធម្មតាចង»។
តំណាងកម្មកររោងចក្រ វ៉ាយ អេនដាប់បែលយូ ហ្គាមេន (Y&W Garment Co.,LTD) លោក ផាន់ បុរី ព្រួយបារម្ភពីស្ថានភាពបន្តរីលរាលដាលជំងឺកូវីដ-១៩ ដែលបង្កហានិភ័យដល់កម្មកររោងចក្រដែលកំពុងបំពេញការងារ។ លោកមើលឃើញថា នៅក្នុងរោងចក្រកម្មករធ្វើការប្រជ្រៀតគ្នា ដោយមិនអាចរក្សាគម្លាតបានឡើយ ដែលកត្តានេះធ្វើឱ្យពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំង ទោះជាខាងរោងចក្រអនុវត្តវិធានការ ការពារក៏ដោយ។ លោកប្រាប់ទៀតថា អគារដែលលោកធ្វើការងារ នៅដំណើរការដូចធម្មតាដោយសារករណីឆ្លងនេះកើតឡើងលើកម្មករនៅអគារផ្សេង តែកម្មករនៅតែភិតភ័យខ្លាំង៖ «ចេះតែមានការព្រួយបារម្ភភ័យខ្លាចចឹង ដោយចំនួនកម្មករយើងកើនឡើងច្រើន អ្នកអវិជ្ជមានក៏ភ័យខ្លាចធ្វើការអត់ស្ងប់ទេមើលគ្នាមើលឯងចឹង សូមឱ្យរដ្ឋាភិបាលយើងដូចជាខាងខណ្ឌអីគាត់ជួយសហការរឿងហ្នឹងផងសូមឱ្យផ្តល់ព័ត៌មានពិតៗ កុំឱ្យថាកម្មករនៅតែភ័យខ្លាច រឿងការងារតែព័ត៌មានបែរធម្មតាវិញ » ។
រោងចក្រ Y & W Garment ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រោងចក្រនេះមានអគារធ្វើការចំនួន ១១ និងមានកម្មករសរុបជាង ៥ ពាន់នាក់។ រោងចក្រនេះធ្លាប់មានករណីកម្មករឆ្លងជំងឺកូវីដ-១៩ កាលពីដើមខែមីនាម្តងរួចមកហើយ។ បច្ចុប្បន្ន រោងចក្រនេះកំពុងផ្ទុះរាលដាលជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ បណ្តាលឱ្យកម្មករជិត ៥រយនាក់ឆ្លងជំងឺនេះ។ អាជ្ញាធរបានបញ្ជូនកម្មករដែលឆ្លងជំងឺទៅសម្រាកព្យាបាលនៅមណ្ឌលព្យបាលជំងឺកូវីដ-១៩ កោះពេជ្រ ម៉ូឌែន២ ចាក់អង្រែ និងកន្លែងផ្សេងទៀត។ កម្មកររោងចក្រនេះជាច្រើននាក់ទៀត ក៏ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅវិភាគ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនដែរ។
ជុំវិញរឿងនេះ អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ និងអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ដើម្បីសាកសួរព័ត៌មាននេះ បានទេ នៅថ្ងៃទី១២ ខែមិថុនា។
មន្រ្តីគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធមនុស្សហៅកាត់ថាសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ សោកស្តាយដែលនិយោជកបណ្តែតបណ្តោយឱ្យកម្មករបន្តឆ្លងជំងឺកូវី-១៩ច្រើននៅក្នុងរោងចក្រ។ លោកបន្ទោសថា ដោយសាររោងចក្រ មិនអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល ទើបកម្មករឆ្លងជំងឺនេះជាបន្តបន្ទាប់៖ «រដ្ឋត្រូវតែមានកិច្ចគាំពារទាំងវិស័យឯកជនផង ទាំងសុខមាលភាព ទាំងប្រាក់ឈ្នួលរបស់កម្មករផង អាហ្នងគឺជាការខាតបង់ខ្លាំងណាស់ដោយសារមូលហេតុអី បើសិនជាកម្មករនៅតែរកឃើញកាន់តែច្រើន កញ្ចប់ថវិការដ្ឋដែលចំណាយទៅលើព្យាបាល ឬតម្រូវឱ្យកម្មករគាត់ធ្វើចត្តាឡីស័កអីជាដើម វាខាតបង់ថវិកាជាតិរឹតតែច្រើន ចឹងៗមានតែវិធីសាស្រ្តដែលជាវិធានការជាក់លាក់ក្នុងការកំណត់ឱ្យមានការកាត់ផ្តាច់ខ្សែចង្វាក់នៃការចម្លងហ្នឹងនៅតាមរោងចក្រទេ ដែលវាអាចជាមធ្យោបាយជម្រើសមួយដែលល្អ » ។
មន្រ្តីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យបានខ្ពស់ជុំវិញសុវត្ថិភាពរបស់កម្មករ និងជីវភាពរបស់ពួកគាត់ ក្នុងស្ថានភាពដ៏លំបាកនេះ ។ លោកស្នើឱ្យរដ្ឋាភិបាលរៀបចំយន្តការ ឬគោលនយោបាយកាត់ផ្តាច់ជំងឺកូវី១៩នេះ ដោយអនុញ្ញាតឱ្យកម្មករឈប់សម្រាកមួយរយៈពេល ដើម្បីអនុវត្តពេញលេញនូវវិធានការសុខាភិបាល។ លោកបន្ថែមថា រដ្ឋាភិបាលក៏ត្រូវធានាផ្តល់ជំនួយគាំពារសង្គម និងអត្ថប្រយោជន៍ទាំងឡាយជូនកម្មករដែរ ដើម្បីឱ្យពួកគាត់អាចរស់នៅបានដោយសមរម្យ អំឡុងពេលពួកគាត់ផ្អាកការងារ សម្រាកព្យាបាលជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កនៅតាមកន្លែងស្នាក់នៅរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។