ក្រុមយុវជនធ្វើយុទ្ធនាការកាន់ទុក្ខអ្នកនិយាយការពារពិតដើម្បីរំឭកខួបលោកបណ្ឌិត កែម ឡី

0:00 / 0:00

ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​សង្គម​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​កាន់​ទុក្ខ​អ្នក​និយាយ​ការ​ពិត​ដើម្បី​រំឭក​ខួប៨ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​ហ៊ាន​លះបង់​សិទ្ធិ​សេរីភាព​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ។ ពួកគេ​នាំ​គ្នា​ចែក​អាវ​ដល់​ជន​ចាស់​ជរា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ និង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន ហើយ​និង​សកម្មជន​សង្គម។

ខុសប្លែក​ពី​ឆ្នាំ​មុនៗ​ដែល​មាន​យុវជន និង​ប្រជាពលរដ្ឋ​រួមគ្នា​ធ្វើ​បុណ្យ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដោយ​ឆ្នាំ​នេះ​ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​បាន​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា លាង សុវណ្ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី០៧ ខែ​កក្កដា ថា កញ្ញា និង​សមាជិក​មួយ​ចំនួន​ទៀត ​បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​ចែក​អាវ​ដល់​ចាស់​រាជ និង​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ កញ្ញា​បន្ត​ថា គោលបំណង​នៃ​ការ​ចែក​អាវ​ចំនួន៦០អាវ​នេះ គឺ​ដើម្បី​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​អ្នក​ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វ​ហេតុ​ជាតិ និង​ឧទ្ទិស​ដល់​អ្នក​នៅ​រស់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ដោយសារ​ការ​ហ៊ាន​និយាយ​ការ​ពិត។

កញ្ញា លាង សុវណ្ណា៖«ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​បងប្អូន​គ្រប់​គ្នា​ហ៊ាន​និយាយ​ការ​ពិត ហ៊ាន​ប្រឈម​ជាមួយ​នឹង​អ្វី​ដែល​យើង​កំពុង​តែ​ជួប​ផល​អវិជ្ជមាន មក​លើ​ពួក​យើង។ ​អ្នក​ទាំងអស់​គ្នា​អាច​គិត​ថា បើ​អ្នក​ទាំង​អស់គ្នា​ហ៊ាន​និយាយ​ការ​ពិត​ទៅ​នឹង​មាន​រឹតត្បិត​ការ​គំរាមកំហែង​នានា។ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​ថា​ប្រសិនបើ​អ្នក​ទាំងអស់​គ្នាមិន​និយាយ​ការ​ពិត អ្នក​ជំនាន់​ក្រោយ ជា​ប្អូន​យើង ជា​កូន​យើង ជា​ចៅ​យើង​ជំនាន់​ក្រោយ​នឹង​ទទួល​រង​ផល​អវិជ្ជមាន​កាន់​តែ​ខ្លាំងៗ​ជាង​យើង​ទៅ​ទៀត»។

ក្រៅពី​នេះ ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន​មួយ​ចំនួន​ក៏​បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន៥នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​យុវជន​ខ្លះ​ទៀត​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចេញ​សាលក្រម​តុលាការ​ដែល​ពួកគេ​ហៅថា ជា​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​ដាក់​គុក​មនុស្ស​ទាំង​គ្មាន​កំហុស​រហូត​ជិត១០ឆ្នាំ។

កាល​ពីថ្ងៃទី០៦ ខែ​កក្កដាគណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​ខួប៨ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី បាន​ចេញ​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​រំលាយ​ព្រឹត្តិការណ៍​បាត់​ទាល់​កែម ឡី លើក​ទី៣​ក្រោម​ប្រធានបទ«កីឡា​បង្ហាញ​ពី​ការ​រួបរួម និង​ស្មារតី កែម ឡី» ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​អាទិត្យ ទី០៧ ខែ​កក្កដា ភ្លាមៗ​បន្ទាប់​ពី​ម្ចាស់​ទីតាំង​បាន​ជូន​ដំណឹង​ពី​ការ​បញ្ចប់​ការ​ជួល​ទីតាំង​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​មុន​មួយថ្ងៃ ក្រោម​ហេតុ​ផល គណៈកម្មការ​រៀបចំ​កម្មវិធី​គ្មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គណៈកម្មការ​រៀបចំ​កម្មវិធី​មិន​អាច​រក​ទីតាំង​ប្រកួត​បាល់​ទាល់​បាន​ទាន់​ពេលវេលា។

ទោះ​ជា​យ៉ាង​ណា ប្រធាន​កម្មវិធី​ផ្នែក​ចងក្រង និង​ពង្រឹង​សិទ្ធិ​អំណាច​នៃ​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់​ឃើញ​ថា បញ្ហា​នេះ​កើត​ឡើង​គឺ​ដោយសារតែ​អាជ្ញាធរ​បាន​ដាក់​សម្ពាធ​មក​លើ​ម្ចាស់​ទីតាំង​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ទីតាំង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ហើយ​បញ្ចប់​កិច្ច​សិក្សា​ជួល​ទីតាំង​ភ្លាមៗ។

លោក ម៉ើ ចាន់ដារ៉ា៖«ខ្ញុំ​គិត​ថា​រឿង​ទាំងអស់​នេះ​វា​មិន​គួរ​គប្បី​កើត​ឡើង​ទេ ពីព្រោះ​កន្លែង​ទាំងអស់​នេះ​ជា​កន្លែង​ឯកជន​យើង​ជួល​កន្លែង​ឯកជន​សម្រាប់​ការ​ប្រកួត​បាល់ទាត់។ ​នៅ​ពេល​យើង​មាន​ការ​ដាក់​សម្ពាធ ឬក៏​មាន​ការ​គំរាមកំហែង​ផ្សេងៗ​ពី​អ្នក​ពាក់ព័ន្ធ ឬ​មួយ​ក៏​បង្ក​បរិយាកាស​មិន​ងាយស្រួល​ឱ្យ​ពួកគាត់​មិន​ឱ្យ​ពួកគាត់​ជួល​កន្លែង​ឱ្យ​យើង​បាន។ ខ្ញុំ​មើល​ឃើញ​ថា វា​ជា​ការ​ដាក់​សម្ពាធ​ផ្នែក​ផ្លូវចិត្ត ទៅ​ពួកគាត់​ជា​ពិសេស​យើង​ឃើញ​ថា ធ្លាប់​មាន​អាជ្ញាធរ​មូលដ្ឋាន​គាត់​ដាក់​សម្ពាធ​ទៅ​ម្ចាស់​អាជីវកម្ម​មួយ​កន្លែង​ដើម្បី​ឱ្យ​ពួកគាត់​បញ្ឈប់»។

រយៈពេល​២ឆ្នាំ​មក​នេះ ក្រុម​យុវជន និង​អង្គការ​សង្គម​ស៊ីវិល​បាន​នាំ​គ្នា​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន់​រង្វាន់​បណ្ឌិត កែម ឡី ក្នុង​ឱកាស​គម្រប់​ខួប​លោក​បណ្ឌិត ដើម្បី​បណ្ដុះ​ឆន្ទៈ​មនសិការ​ឱ្យ​រួបរួម​គ្នា​តាម​រយៈ​ស្មារតី​កីឡា។

ជាមួយ​គ្នា​នេះ សមាជិក​សកម្ម​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កញ្ញា សើន ស្រីម៉ៃ ឱ្យ​ដឹង​ថា នៅថ្ងៃទី១០ ខែកក្កដា ខាងមុខ សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នឹង​រៀបចំ​កម្មវិធី​រំឭក​ខួប​លោក​បណ្ឌិត កែម ឡី ដោយ​ធ្វើ​ដំណើរ​ថ្មើរជើង​ចម្ងាយ២គីឡូម៉ែត្រ​ឆ្ពោះ​ទៅ​ស្ថានីយ​សាំង​កាល់តិច (Caltex) នៅ​ស្តុប​បូកគោ។

កញ្ញាបញ្ជាក់​ថា ក្រុម​យុវជន​ប្រមាណ៥០នាក់​នឹង​ធ្វើ​ដំណើរ​ដោយ​ដោះ​ស្បែក​ជើង និង​ស្លៀក​សំលៀកបំពាក់​ពណ៌ស ក្នុង​គោល​បំណង​កាន់​ទុក្ខ​មរណភាព​លោក​បណ្ឌិត និង​រំឭក​ដល់​គំរូ​ភាព​របស់ លោក កើត សារ៉ាយ ដែល​មិន​ពាក់​ស្លៀក​ជើង​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។

កញ្ញា សើន ស្រីម៉ៃ៖«គឺ​នៅ​ក្នុង​ហ្នឹង​ដែរ​យើង​ផ្សារភ្ជាប់​ដោយ​ការ​ដើរ​ដោះ​ស្បែក​ជើង ដើរ​ដោះ​ស្បែក​ជើង​ទាំងអស់​គ្នា​ដែល​បង្ហាញ​ពី​រូបភាព​មួយ​ដែល​យើង​នឹក​រឭក​ដល់​លោក កើត សារ៉ាយ ក៏​ដូចជា​សកម្មជន​ទាំង៥រូប​ផ្សេង​ទៀត​ដែល​គាត់​បាន​ជាប់​ពន្ធនាគារ​មួយ​មាន​ន័យ​ថា មាន​ជា​ការ​ស្នើ​​សុំ​ឱ្យ​ដោះលែង​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​ជាប់​ពន្ធនាគារ​ដោយសារ​និយាយ​ការ​ពិត​គឺ​យើង​ដើរ​ដោះ​ស្បែក​ជើង​ដែរ »។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និង​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃទី០៧ ខែកក្កដា។

ដោយ​ឡែក ម្ដាយ និង​ញាតិ​របស់​លោក​បណ្ឌិត កែម ឡី ក៏​គ្រោង​ធ្វើ​បុណ្យ​រំឭក​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ដែរ។ រីឯ កូនៗ និង​ប្រពន្ធ​របស់​លោក បណ្ឌិត កែម ឡី គឺ​លោកស្រី ប៊ូ រចនា នឹង​ធ្វើ​បុណ្យ​គម្រប់​ខួប៨ឆ្នាំ របស់​លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី១៣ ខែកក្កដា នៅ​សហគមន៍​ខ្មែរ ក្នុង​ប្រទេស​អូស្ត្រាលី។ ក្រៅពីនេះ ​នៅ​មាន​យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​មួយ​ចំនួន​ទៀត​រួមមាន​ប្រទេស​ជប៉ុន (Japan) ប្រទេស​ថៃ (Thai) ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) និង​សហរដ្ឋ​អាមេរិក (USA) ជាដើម នឹង​ចូលរួម​រំឭក​ខួប​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នេះ​ដែរ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ហាង​កាហ្វេ​ស្ដារម៉ាត (Star Mart) នៅ​ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ក្នុង​ទី​ក្រុង​ភ្នំពេញ។ ការ​បាញ់​ប្រហារ​នេះ កើត​ឡើង​ក្រោយ​ពី​អ្នកវិភាគ​រូប​នេះ​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​បណ្ដាញ​ព័ត៌មាន​អំពី​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ និង​ក្រុមហ៊ុន​ដ៏​ច្រើន​សន្ធឹក​របស់​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន» ដែល​បាន​លាតត្រដាង​នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លូបល វីតណេស (Global Witness)។

បើ​ទោះ​ជា​មាន​ភាព​លំបាក​យ៉ាង​ណា​ក្ដី​ក៏​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត១០ស្ថាប័ន​រួម​ទាំង​ក្រុម​យុវជន នឹង​ចាប់​ផ្ដើម​រៀបចំ​កម្មវិធី​ចាប់​ពី​ថ្ងៃទី០៧ ខែ​កក្កដា ដល់​ថ្ងៃទី១០ ខែ​កក្កដា ដោយ​ភ្ជាប់​ជាមួយ​របៀបវារៈ​ផ្សេងៗ​គ្នា។ ក្នុង​នោះ​រួមមាន ការ​សម្ដែង​មតិ​ពី​បញ្ហា​សង្គម ​បញ្ហា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ដាក់​កម្រង​ផ្កា​នៅ​ស្ថានីយ​ប្រេង​សាំង​កាល់តិច (Caltex) នៅ​ស្តុប​បូកគោ ក្រុង​ភ្នំពេញ ហើយ​បន្ត​រៀបចំ​កម្មវិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។ លើស​ពី​នេះ​ក្រុម​យុវជន​នឹង​ឡើង​ថ្លែង​សារ​ពី​ទស្សនៈ គំនិត យោបល់ និង​វីរភាព​លោក​បណ្ឌិត​រហូត​ដល់​មាន​សកម្មជន​សង្គម​មួយ​ចំនួន​ហ៊ាន​ពលី​ជីវិត​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។