ក្រុមយុវជនដាក់ញត្តិស្នើឱ្យក្រសួងអប់រំបញ្ឈប់ផែនការបង្កើត ដេប៉ាតឺម៉ង់ភាសាវៀតណាមក្នុងគ្រឹះស្ថានរបស់រដ្ឋ
2022.08.29

ក្រុមយុវជនធ្វើការងារសង្គមជាច្រើននាក់បាននាំគ្នាចេញដាក់ញត្តិជូនរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលោក ហង់ជួន ណារ៉ុន ស្នើបញ្ឈប់ផែនការបង្កើតអគារសិក្សាភាសាវៀតណាម ឬដេប៉ាតឺម៉ង់ (département) ភាសាវៀតណាមក្នុងគ្រឹះស្ថានសិក្សារបស់រដ្ឋ។ ពួកគេបារម្ភថា ការរៀនភាសារៀតណាមនេះអាចធ្វើឱ្យសង្គមជាតិជួបហានិភ័យ ខណៈភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញចំពោះការសិក្សាភាសាខ្មែរនៅប្រទេសខ្លួនឡើយ។ មន្រ្តីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែទទួលយកសំណើរបស់ពលរដ្ឋទៅពិនិត្យ និងដោះស្រាយឱ្យបានត្រឹមត្រូវ។
ក្រុមយុវជនសង្គមជាង ១០នាក់ បាននាំគ្នាយកញត្តិមួយច្បាប់ទៅដាក់នៅក្រសួងអប់រំនៅពេលព្រឹក និងសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅពេលរសៀលថ្ងៃទី២៩ ខែសីហា។ ញត្តិនោះបានបញ្ជាក់ពីការបញ្ចេញមតិយោបល់មិនពេញចិត្ត និងប្រតិកម្មជាច្រើនរបស់ពលរដ្ឋខ្មែរ ដោយស្នើសុំរដ្ឋមន្រ្តីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន បញ្ឈប់ការបង្កើតអគារសិក្សាភាសាវៀតណាមឬ ដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ខ្លឹមសារក្នុងញត្តិនោះ លើកឡើងថា ក្រុមយុវជន និងពលរដ្ឋខ្មែរកើតទុក្ខមិនសុខចិត្តទាក់ទងការបង្កើតអគារសិក្សាភាសាវៀតណាមឬ ដេប៉ាតឺម៉ង់ភាសាវៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនោះទេ ពីព្រោះការបកស្រាយរបស់ក្រសួងអប់រំកន្លងមកបង្ហាញហេតុផល មិនសមរម្យ ដូច្នេះពួកគេស្នើឱ្យក្រសួងបញ្ឈប់ផែនការបង្កើតអគារសិក្សាភាសាវៀតណាមក្នុងគ្រឹះស្ថានរបស់រដ្ឋមួយនេះ ក៏ប៉ុន្តែក្រសួងអាចបង្កើតជាស្ថាប័នឯកជនវិញ។
ញត្តិដដែលបញ្ជាក់ថា មូលហេតុដែលយុវជនចេញដាក់ញត្តិស្នើឱ្យក្រសួងអប់រំច្រានចោលសំណើរបស់ភាគីវៀតណាម គឺដោយសារភាសាវៀតណាមមិនមែនជាតម្រូវការចាំបាច់ និងមិនផ្តល់អត្ថប្រយោជន៍ខ្លាំងនោះទេ បើធៀបនឹងអគារសិក្សាភាសាផ្សេងទៀត ផ្ទុយទៅវិញពួកគេអះអាងថា ភាសានេះមានហានិភ័យខ្ពស់សម្រាប់សង្គម។ ម្យ៉ាងទៀត ពួកគេអះអាងថា រដ្ឋាភិបាលធ្វើដូច្នេះ គឺដើម្បីបំពេញតម្រូវការរបស់ភាគីវៀតណាមដែលមានមហិច្ឆតាជ្រៀតចូលគ្រប់ចក្ខុវិស័យនៅកម្ពុជាតែប៉ុណ្ណោះ។ ញត្តិដដែលលើកឡើងថា ទន្ទឹមនឹងនេះ វៀតណាម គឺជាប្រជាជាតិដែលកម្ពុជាគួរប្រុងប្រយ័ត្ន ចំពោះការមានចំណងមិត្តភាព និងទំនាក់ទំនងផ្សេងៗ ដោយយោងតាមប្រវត្តិសាស្រ្តរហូតដល់បច្ចុប្បន្ន ព្រោះវៀតណាមមិនដែលបោះបង់ចោលមហិច្ឆតាឈ្លានពានកម្ពុជាឡើយ ជាក់ស្តែងការបាត់បង់ធនធាន ទឹកដី ទ្រព្យសម្បត្តិជាតិជាច្រើនដូចកម្ពុជាក្រោម និងកោះត្រល់ជាដើម។ ចំណែកហេតុផលមួយទៀត គឺការបង្កើតដេប៉ាតឺម៉ងភាសាវៀតណាមនេះគ្មានតុល្យភាព និងមិនស្មើភាពនៃការងារការទូត ពីព្រោះភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញដល់អ្នកសិក្សាភាសាខ្មែរនៅប្រទេសវៀតណាមជាពិសេសពលរដ្ឋខ្មែរនៅទឹកដីកម្ពុជាក្រោមគ្មានសិទ្ធិសិក្សាអក្សរ និងភាសាខ្មែរស្របតាមច្បាប់នោះទេ។ ញត្តិរបស់យុវជនក៏ព្រួយបារម្ភពីរបៀបគ្រប់គ្រងដោយមនោគមន៍វិជ្ជា និងចិត្តសាស្រ្តដោយប្រយោលមកលើកម្ពុជាដែលយុវជនសង្កេតឃើញមាន ដូចជាការផ្តល់ដី ៤០ហិកតាឱ្យជនជាតិវៀតណាមសង់លំនៅដ្ឋានស្របពេលពលរដ្ឋខ្មែរម្ចាស់ស្រុកទទួលរងនូវវិបត្តិដីធ្លីជាច្រើន និងរងនូវការបណ្តេញចេញដោយបង្ខំ។ លើសពីនេះទៀត ញត្តិនេះក៏បានលើកឡើងពីការផ្តល់ដីសម្បទាននៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងការបង្កើតតំបន់ត្រីកោណ (ឡាវ កម្ពុជា វៀតណាម) ដោយវៀតណាមជាអ្នកទទួលគ្រប់គ្រង និងទទួលផលប្រយោជន៍ជាដើម។
តំណាងយុវជនធ្វើការសង្គមលោក ឆែល ធីលេន ប្រាប់វិទ្យុអាស៊ីសេរី ក្រោយដាក់ញត្តិថា មន្រ្តីក្រសួងអប់រំបានចេញមកទទួលញត្តិរបស់យុវជន ហើយសន្យាថា នឹងយកញត្តិនេះដាក់ជូនថ្នាក់លើដើម្បីពិនិត្យ និងឆ្លើយតបត្រឡប់មកវិញ។ យុវជនសង្គមរូបនេះជំរុញឱ្យក្រសួងទម្លាក់ចោលការបង្កើតអគារដេប៉ាតឺម៉ង់ភាសាវៀតណាម ពីព្រោះវាមានហានិភ័យ និងមិនចាំបាច់នោះទេ ខណៈ ម្ចាស់ស្រុកជាច្រើនមិនយល់ស្របពាក់ព័ន្ធរឿងនេះ។ លោកបញ្ជាក់ថា ទោះបីរដ្ឋាភិបាលបានសម្រេចបង្កើតដេប៉ាតឺម៉ង់នេះរួចហើយ ឬមិនឆ្លើយតបនឹងសំណើរបស់ក្រុមយុវជនក៏ដោយ ក៏ពួកលោកនឹងប្រើប្រាស់សិទ្ធិគ្រប់មធ្យោបាយតាមផ្លូវច្បាប់ដើម្បីដាក់សម្ពាធផ្សេងទៀត ដើម្បីផលប្រយោជន៍សង្គមនាពេលអនាគត៖ «យើងយល់ថា ជាចាំបាច់ក្រសួងត្រូវតែផ្លាស់ប្តូរគំនិតត្រូវតែច្រានចោលការបង្កើតអគារដេប៉ាតឺម៉ងភាសាវៀតណាម ពីព្រោះវាមានហានិភ័យខ្ពស់ជាង យើងជាប្រជាពលរដ្ឋម្ចាស់ស្រុកបានយកប្រតិកម្មនេះ យកមតិរិះគន់ជាច្រើន ដោយបញ្ជាក់ថាវាមិនមែនជាតម្រូវការចាំបាច់នោះទេ ពីព្រោះមហាជនជាម្ចាស់ប្រទេសយើងមិនត្រូវកា»។
កាលពីថ្ងៃទី១០ ខែសីហា កន្លងទៅ អនុរដ្ឋមន្ត្រីក្រសួងអប់រំនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន វ៉ាន់ហ្វុក (Nguyễn Văn Phúc ) បានស្នើទៅកាន់រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ពិន ចំណាន ឱ្យបង្កើតផ្នែក ឬដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅក្នុងសកលវិទ្យាភូមិន្ទភ្នំពេញ។ លោក ង្វៀន វ៉ាន់ ហ្វុក ស្នើបែបនេះក្រោមហេតុផលថា ការសិក្សាភាសាវៀតណាម នឹងជួយឱ្យនិស្សិតរបស់កម្ពុជាអាចចេះភាសាបរទេសមួយបន្ថែមទៀត។
ក្រោយការស្នើសុំនេះបានរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី១២ ខែសីហា ក្រសួងអប់រំបានឯកភាពបង្កើតឱ្យមានដេប៉ាតឺម៉ង់សិក្សាភាសាមួយនេះ ទៅតាមការស្នើសុំរបស់ភាគីវៀតណាម។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធតេឡេក្រាមថា លោកសុំមិនអធិប្បាយបន្ថែមលើករណីនេះ ពីព្រោះក្រសួងបានចេញប្រកាសព័ត៌មានរួចហើយ។
កាលពីថ្ងៃទី១៦ ខែសីហា ក្រសួងអប់រំបានបញ្ជាក់ថា ការបញ្ចូលភាសាវៀតណាមទៅក្នុងប្រព័ន្ធអប់រំរបស់កម្ពុជា ជាយន្តការថ្មីមួយ និងជាកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងវិស័យអប់រំ កម្រិតឧត្ដមសិក្សា រវាងកម្ពុជា-វៀតណាម។ នៅក្នុងដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនេះ ផ្ដោតលើជំនាញកម្រិតបរិញ្ញាប័ត្រចំនួន៣ ដូចជា មុខជំនាញសិក្សាភាសាវៀតណាម មុខជំនាញបកប្រែភាសាវៀតណាម និងមុខជំនាញបកប្រែភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរលោក កើត សារ៉ាយ ថ្លែងថា ការចេញដាក់ញត្តិរបស់យុវជនទាំងនោះគឺជាសិទ្ធិសម្តែងមតិដែលពួកគេចេះឈឺឆ្អល់អំពីបញ្ហាសង្គម។ លោកថា ប្រតិម្មរបស់មហាជនទាក់ទងការបង្កើតដេប៉ាតឺម៉ង់រៀនភាសាវៀតណាមកើតឡើងដោយសារក្រសួងបកស្រាយកន្លងមកមិនទាន់ច្បាស់លាស់ផង និងកត្តាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរផង។ លោក កើត សារ៉ាយ បញ្ជាក់ថា លោកមិនបដិសេធការបង្កើតដេប៉ាតឺម៉ង់នោះទេ ប៉ុន្តែលោកយល់ថា ក្រសួងអប់រំត្រូវធានាអះអាង និងទទួលយកសំណើរបស់យុវជនយកទៅពិនិត្យ និងស្រាវជ្រាវអំពីគុណសម្បត្តិ គុណវិបត្តិភាសានេះ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទូទៅមានទំនុកចិត្តជាងនេះ៖ «សម្រាប់ភាសាយួនសម្រាប់ខ្ញុំមិនបដិសេធទេ ប៉ុន្តែត្រូវឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ ហើយត្រូវធានាថា អ្វីដែលជាការរៀបចំរបស់ក្រសួងហ្នឹងមានការទទួលខុសត្រូវគ្រប់គ្រាន់។ ទោះយ៉ាងណា ប្រជាពលរដ្ឋ ខ្ញុំមើលឃើញថា ភាពមិនទុកចិត្ត ឬបាត់បង់ជំនឿចិត្ត ហើយកំហុសនេះមិនមែនមកពីពលរដ្ឋទេ គឺកំហុសនេះមកពីក្រសួង ឬរដ្ឋាភិបាលផ្ទាល់ដែលតែងតែធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តក្នុងការធានានូវអធិបតេយ្យរបស់ខ្លួន»។
វិទ្យាស្ថានភាសាបរទេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបង្រៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ មាន ៧ដេប៉ាតឺម៉ង់ គឺដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស បារាំង ជប៉ុន កូរ៉េ ចិន និងថៃ។ រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន ធ្លាប់អះអាងថា បច្ចុប្បន្ន នៅប្រទេសវៀតណាម ក៏មានសាលាបង្រៀន ដែលមានកម្មវិធីសិក្សាភាសាខ្មែរដែរនៅតាមសាលាមួយចំនួន។ ក៏ប៉ុន្តែ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែលើកឡើងពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរកម្ពុជាក្រោមអាចសិក្សារៀនសូត្រភាសា និងអក្សរសាស្ត្រខ្មែរបានជាផ្លូវការ និងដោយបើកចំហឡើយ។ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងស្នើឱ្យអាជ្ញាធរវៀតណាម ជាពិសេសក្រសួងអប់រំនៃប្រទេសនេះ ដាក់បញ្ចូលការសិក្សាភាសាខ្មែរទៅក្នុងកម្មវិធីសិក្សាផ្លូវការចាប់ពីថ្នាក់បឋមសិក្សារហូតដល់កម្រិតឧត្តមសិក្សា។
ក្រុមយុវជន និងអ្នកវិភាគលើកឡើងថា ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅកម្ពុជា កំពុងបង្ហាញភាពមិនស្មើគ្នារវាងប្រទេសទាំងពីរ ខណៈភាសាខ្មែរហាក់ត្រូវបានរឹតត្បិតមិនឱ្យសិក្សាក្នុងប្រទេសវៀតណាមឡើយ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលត្រូវលុបចោលការបង្កើតអគារដេប៉ាតឺម៉ង់ភាសាវៀតណាមមិនទាន់ចាំបាច់នេះជាដាច់ខាត ខណៈពលរដ្ឋខ្មែររិះគន់ខ្លាំងៗ ក្នុងរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។