យុវជនខេត្តសៀមរាបបារម្ភពីការប្រកួតប្រជែងការងារក្នុងទីផ្សារសហគមន៍សេដ្ឋកិច្ចអាស៊ាន
2015.12.31
កម្ពុជា បានកំណត់បញ្ចូលសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅត្រឹមចុងខែធ្នូ ឆ្នាំ២០១៥ នេះ ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងអភិវឌ្ឍរួមជាមួយប្រទេសចំនួន៩ ផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសកម្ពុជា ដែលបានបញ្ចូលសេដ្ឋកិច្ចទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ ធ្វើឲ្យរដ្ឋាភិបាលបានសម្រេចទៅតាមគោលដៅរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចង់បាន គឺសហគមន៍តែមួយ វាសនាតែមួយ ក៏ប៉ុន្តែសម្រាប់យុវជន និងនិស្សិតខ្មែរជាច្រើនវិញ គឺព្រួយបារម្ភអំពីភាពប្រកួតប្រជែងការងារយ៉ាងខ្លាំង។
ក្រុមយុវជន និងនិស្សិតមកពីតាមបណ្ដាសាកលវិទ្យាល័យឯកជនមួយចំនួននៅក្នុងទីរួមខេត្តសៀមរាប ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរបរទេសដ៏ល្បីល្បាញ កំពុងព្រួយបារម្ភយ៉ាងខ្លាំងទៅលើការប្រកួតប្រជែងទីផ្សារការងារជាមួយយុវជន និងនិស្សិតរបស់បណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀត នៅពេលខាងមុខឆាប់ៗ។
ការព្រួយបារម្ភនេះ បានកើតឡើងក្នុងពេលដែលប្រទេសកម្ពុជា បានដល់ពេលវេលាបញ្ចូលសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងសេដ្ឋកិច្ចសហគមន៍អាស៊ានទៅហើយនោះ។
ក្រុមយុវជន និងនិស្សិតខ្លះនៅខេត្តសៀមរាប និយាយថា ពួកគេអាចនឹងពិបាកប្រកួតប្រជែងលើទីផ្សារការងារជាមួយនឹងយុវជនមកពីបណ្ដាប្រទេសអាស៊ានខ្លះដែលជឿនលឿន ហើយមានស្តង់ដារអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សមានគុណភាពខ្ពស់។
និស្សិតឆ្នាំទី៤ ម្នាក់ផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យសៅស៍ អ៊ីសថ៍ អេយសៀ (University of South East Asia) ក្នុងទីរួមខេត្តសៀមរាប គឺយុវជន អ៊ុយ សំបូរ។ គាត់មានប្រសាសន៍ពេលចូលទៅអង្គុយអានសៀវភៅនៅបណ្ណាល័យរបស់មជ្ឈមណ្ឌលខេមរៈសិក្សា ក្នុងបរិវេណនៃអារាមវត្តដំណាក់ ថា បច្ចុប្បន្ន យុវជនជាច្រើន រួមទាំងរូបគាត់ផង គឺមានចំណេះដឹងនៅមានកម្រិត។ ចំណែកជំនាញផ្នែកធនធានមនុស្សជាច្រើនទៀត គឺនៅទន់ខ្សោយ។ លោក អ៊ុយ សំបូរ ព្រួយបារម្ភចំពោះការប្រកួតប្រជែងទីផ្សារការងារជាមួយបណ្ដានិស្សិត និងយុវជនមកពីបណ្ដាប្រទេសអាស៊ានដទៃទៀតនៅពេលខាងមុខ៖ «ខ្ញុំកំពុងតែព្រួយបារម្ភដែរ ព្រោះភាគច្រើននៃប្រជាពលរដ្ឋខ្មែរ ចំណេះដឹងគាត់ខ្សោយ ហើយការអានក៏មិនសូវចូលចិត្ត។ ចុងឆ្នាំចុងក្រោយនេះ ឃើញថាការងារកើនច្រើន ប៉ុន្តែអ្នកធ្វើការ គឺមិនទាន់មានសមត្ថភាពពេញលេញ»។
និស្សិតពេទ្យម្នាក់ទៀតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអង្គរ កញ្ញា កែវ មករា ក៏មានប្រសាសន៍ប្រហាក់ប្រហែលគ្នាដែរថា នាងព្រួយបារម្ភមែនទែនចំពោះសមត្ថភាពរបស់យុវជន និងនិស្សិតខ្មែរ ដែលនឹងប្រកួតប្រជែងទីផ្សារការងារជាមួយក្រុមនិស្សិត និងយុវជនមកពីបណ្ដាប្រទេសអាស៊ានដទៃទៀត ដែលមានការអប់រំស្តង់ដារខ្ពស់ និងគុណភាពល្អ ដូចជាប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ ជាដើមនោះ។ កញ្ញា កែវ មករា បញ្ជាក់ថា កាលពីឆ្នាំមុននាងធ្លាប់ទៅចូលរួមសិក្ខាសាលារបស់យុវជនអាស៊ាននៅប្រទេសកូរ៉េខាងត្បូង ហើយបានមើលឃើញយុវជន និងនិស្សិតប្រទេសគេ មានការអប់រំ និងបណ្ដុះបណ្ដាលក្នុងគុណភាពខ្លាំង៖ «ទាក់ទងជាមួយសម្ភារៈសិក្សា ទាក់ទងនឹងសាលារបស់គេ គឺខុសឆ្ងាយពីស្រុកខ្មែរតែម្ដង ហើយសិស្សរបស់គេភាគច្រើន គឺពូកែស្រាវជ្រាវខ្លាំងមែនទែន»។
ក្រុមអ្នកវិភាគផ្នែកសង្គម ធ្លាប់បាននិទស្សន៍ជាច្រើនឆ្នាំមុនមកហើយថា ប្រទេសកម្ពុជា នឹងមានវិបត្តិផ្នែកប្រកួតប្រជែងសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ពីព្រោះតែកម្ពុជា នៅខ្វះធនធានមនុស្សជាច្រើនក្នុងពេលដែលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាន។ ដោយសារតែក្រុមយុវជន និងនិស្សិតខ្មែរជាច្រើន កំពុងប្រឈមមុខនឹងការប្រកួតប្រជែងទីផ្សារការងារពេលដែលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ាននេះ គឺនិស្សិតខ្មែរខ្លះដែលធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសកន្លងមក កំពុងប្រឹងប្រែងជួយដល់និស្សិតខ្មែរនៅក្នុងប្រទេស ដើម្បីឲ្យយល់ដឹងពីជំនាញ និងសមត្ថភាពកាន់តែប្រសើរ។
និស្សិតខ្មែរម្នាក់ដែលមានភូមិកំណើតនៅស្រុកសូទ្រនិគម ចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប ហើយធ្លាប់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសសិង្ហបុរី លោក អួន កុសល មានគម្រោងនឹងចំណាយពេលជាច្រើនម៉ោង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ខាងមុខ ដើម្បីជួបយុវជនជាង ២០០នាក់ ដែលកំពុងរៀននៅតាមថ្នាក់វិទ្យាល័យ ហើយបង្ហាញពីជំនាញ និងធនធានមនុស្សសំខាន់ៗដល់យុវជនខ្មែរ ឲ្យអាចដើរទាន់បណ្ដាប្រទេសអាស៊ាន។ លោក អួន កុសល ជាប្រធានមូលនិធិផ្នែកអប់រំផង មានប្រសាសន៍ថា បច្ចុប្បន្ន ទីផ្សារការងារអាស៊ាន គឺត្រូវការធនធានមនុស្សផ្នែកទំនើបកម្មនៃបច្ចេកវិទ្យា និងព័ត៌មានវិទ្យា ព្រមទាំងការស្រាវជ្រាវ។ លោកចង់ឲ្យរដ្ឋាភិបាល ជួយជ្រោមជ្រែងយុវជនខ្មែរលើជំនាញទាំងនេះ៖ «ខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងម៉េចឲ្យដែលចាំបាច់បំផុត ដូចជំនាញកុំព្យូទ័រ និងបច្ចេកវិទ្យាមួយចំនួនទៀត ធ្វើម៉េចឲ្យប្រទេសយើងដើរទាន់អាស៊ាន»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅ ធ្លាប់ជំរុញឲ្យយុវជន និងពលរដ្ឋខ្មែរ សិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទសមាហរណកម្មអាស៊ាន។ ថ្លែងក្នុងឱកាសបើកសម្ពោធសៀវភៅមួយក្បាលដែលសរសេរអំពីសេដ្ឋកិច្ចកម្ពុជា លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា លោកចង់ឲ្យនិស្សិត និងប្រជាជនខ្មែរ យល់ដឹងឲ្យទូលំទូលាយអំពីរឿងអាស៊ាន ព្រោះផ្នែកមួយចុងក្រោយនៃសៀវភៅនោះ គឺនិយាយអំពីទំនាក់ទំនងអន្តរជាតិ និងអាស៊ាន។ ដូច្នេះ នៅពេលដែលចូលជាសហគមន៍អាស៊ាន គឺយុវជន និងពលរដ្ឋខ្មែរ អាចដឹងពីរឿងអាស៊ានបានច្រើន។
សាកលវិទ្យាល័យបញ្ញាសាស្ត្រ គឺជាសាកលវិទ្យាល័យឯកជនមួយក្នុងចំណោមសាកលវិទ្យាល័យឯកជនជាច្រើនទៀត ដែលកំពុងបណ្ដុះបណ្ដាលធនធានមនុស្សថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។ សកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាខេត្តសៀមរាប លោក ផាន់ គារ៉ា ទទួលស្គាល់ថា ពេលដែលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសហគមន៍អាស៊ានហើយនោះ លោកមើលឃើញថា សម្រាប់ការងារថ្នាក់ទាបដែលមានកម្រិតប្រាក់ខែថោក គឺជាឱកាសសម្រាប់យុវជនខ្មែរជាច្រើន ដែលចង់ធ្វើត្រឹមតែជាកម្មករ ក៏ប៉ុន្តែសម្រាប់យុវជនខ្មែរដែលមានចំណេះដឹងខ្ពស់ដូចជាថ្នាក់អនុបណ្ឌិត ឬក៏បណ្ឌិតក្តី គឺពិតជាមានក្តីបារម្ភចំពោះការប្រកួតប្រជែងទីផ្សារការងារជាមួយនឹងបញ្ញវ័ន្តដែលមកពីប្រទេសជាច្រើនទៀត៖ «ប៉ុន្តែកុំភ្លេចថា គូប្រកួតប្រជែងរបស់គាត់នៅពេលនេះ មិនមែន ១៥លាននាក់សម្រាប់តែក្នុងប្រទេសខ្មែរដូចមុនទេ គឺជាង ៦០០លាននាក់សម្រាប់ប្រជាជាតិអាស៊ានទាំងមូល»។
លោក ផាន់ គារ៉ា បញ្ជាក់ថា ជាច្រើនឆ្នាំមកហើយ សាកលវិទ្យាល័យបញ្ញាសាស្ត្រ ទាំងនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងបណ្ដាខេត្តមួយចំនួនទៀត គឺធ្លាប់បានគិតគូរទៅលើការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានសមត្ថភាព និងត្រៀមខ្លួនប្រកួតប្រជែងទីផ្សារការងារជាមួយបណ្ដាប្រទេសអាស៊ានរួចស្រេចទៅហើយ។ ជំនាញទាំងនោះ មានដូចជា ជំរុញឲ្យនិស្សិតចេះភាសាអង់គ្លេស ជាមូលដ្ឋានចេះជំនាញបច្ចេកទេស ចេះគិតគូរ និងដោះស្រាយបញ្ហា ព្រមទាំងទាមទារឲ្យនិស្សិតចេះជំនាញជាអ្នកដឹកនាំ និងគ្រប់គ្រង ជាដើម៕