ក្រោយប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សិស្សប្រុសៗជាច្រើនដែលមិនចង់រៀនត្រួតថ្នាក់ បានចាប់យកជំនាញជាងជួសជុលម៉ាស៊ីនដេរ។ ពួកគេគិតថា មុខរបរនេះមិនទាន់មានអ្នករៀនច្រើន តែងាយរកការងារនៅក្នុងរោងចក្របានធ្វើ ហើយបានចំណូលប្រចាំខែទៀងទាត់។
ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយដែលប្រមូលផ្តុំដោយរោងចក្រកាត់ដេរ និងមានសាលាបច្ចេកទេសជួសជុលម៉ាស៊ីនដេរច្រើនកន្លែង កំពុងបើកបង្រៀនយុវជនក្មេងៗ។
គ្រូកំពុងបង្រៀនសិស្សច្រើននាក់ក្នុងសាលាបច្ចេកទេសជួសជុលម៉ាស៊ីនដេរពន្លឺរង្សី គេឃើញសិស្សម្នាក់ៗកំពុងរៀបខ្ចៅម៉ាស៊ីនខុសៗគ្នា៖ «ដេរលោតអំបោះក្រោមមកពីអីគេលោកគ្រូ? ដេរលោតអំបោះក្រោម ត្រូវដឹង និងយល់ថា គឺវាទាក់ទងម្ជុលទី១ ទី២ ទី៣។ បើលោតអំបោះកាវក្រោម វាទាក់ទងជាមួយបេះដូងរបស់វា ហើយយើងមើល បន្ធូរកម្រិតតឹងធូររបស់អំបោះ...»។
លោក សូរ រង្សី នាយកសាលាបច្ចេកទេសជួសជុលម៉ាស៊ីនដេរពន្លឺរង្សី អះអាងថា គាត់បានបើកសាលាបង្រៀនជួសជុលម៉ាស៊ីនដេរចាប់ពីឆ្នាំ២០១០ មក។ លោកថា ក្នុងរយៈពេល ៤ឆ្នាំនៃការបណ្តុះបណ្តាលសិស្សរបស់សាលានេះ មានសិស្សជាង ២ពាន់នាក់ បានធ្វើការនៅក្នុងរោងចក្រកាត់ដេរ ដែលគាត់បានជួយសុំឲ្យយុវជនទាំងនោះបានចូលធ្វើការ៖ «ប៉ុន្តែឯកសារដែលខ្ញុំត្រូវបង្រៀន គឺរយៈពេល ១ខែ ៣ថ្ងៃ គឺចេញធ្វើការបានហើយ។ ប៉ុន្តែនៅក្នុងកាលៈទេសៈដែលតម្រូវការរបស់ក្រុមហ៊ុនមិនទាន់ត្រូវការជាង គឺខ្ញុំអាចឲ្យគាត់រៀនរហូតដល់ ២ខែ ឬ ៣ខែ មិនកំណត់គិតម៉ាចេញធ្វើការតែម្តង ហើយមានកន្លែងស្នាក់នៅ មានទឹកភ្លើងអី ខ្ញុំមិនដែលយកលុយពីគាត់ទេ គឺឲ្យគាត់ប្រើចុះ»។
លោក សូរ រង្សី ឲ្យដឹងថា សិស្សដែលរៀនដល់បរិញ្ញាបត្រ និងសិស្សជាប់ និងធ្លាក់បាក់ឌុប គឺរៀនឆាប់ចាប់បាន ឆាប់យល់ គាត់បង្រៀនបន្តិចបន្តួច អនុវត្តបានភ្លាម។ លោកថា កម្រៃបង្រៀន និងស្នាក់នៅជិត ២ខែ គាត់យក ២០០ដុល្លារសម្រាប់បង្រៀនជួសជុលនេះ។
យុវជន នន សុជាតិ អាយុ ១៩ឆ្នាំ មកពីស្រុកគិរីវង់ ខេត្តតាកែវ កំពុងរៀបជួសជុលម៉ាស៊ីនដេរនៅសាលានោះ ឲ្យដឹងថា ការសិក្សាចំណេះទូទៅ ១៣ឆ្នាំ គាត់មិនអាចប្រឡងជាប់បាក់ឌុបនៅឆ្នាំ២០១៤ នេះទេ។ គាត់ក៏មករៀនជំនាញជាងជួសជុលម៉ាស៊ីនដេរនៅក្បែររោងចក្រកាត់ដេរ ដើម្បីចាប់យកការងារជាកម្មករជួសជុលម៉ាស៊ីនដេរក្នុងរោងចក្រ៖ «ព្រោះថារោងចក្រឥឡូវវាបង្កើតច្រើន ដូច្នេះហើយវាត្រូវការជាងម៉ាស៊ីនច្រើន។ ខ្ញុំរៀនបានជិត ២ខែហើយ ខ្ញុំចេះជួសជុលម៉ាស៊ីនដេរ ម្ជុល១ ម្ជុល១អូតូ ម្ជុល២ ម្ជុល២អូតូ ម៉ាស៊ីនផុង អំបោះ៤ អំបោះ៥ ម៉ាស៊ីនគុណ ហើយឥឡូវខ្ញុំឡើងដល់ម៉ាស៊ីនអូសចង្កេះទៀតហើយ។ ខ្ញុំអាចជួសជុលបាន ៩០% ម៉ាស៊ីនមួយៗបាន»។
នៅមិនឆ្ងាយពីនោះ មានកន្លែងបង្រៀនជួសជុលម៉ាស៊ីនដេរផ្សេងទៀតឈ្មោះ ជាង សុង សាលាបង្រៀនបច្ចេកទេសជួសជុលម៉ាស៊ីនដេរ គេឃើញមានយុវជនក្មេងៗជាច្រើនកំពុងជួសជុលម៉ាស៊ីនដេរម្នាក់មួយគ្រឿង។ ពួកគេអះអាងថា គេរៀនបង់លុយ ១៧០ដុល្លារ នៅសាលាឯកជននេះ។ ពួកគេអះអាងបន្តថា មិនបានទទួលព័ត៌មានពីការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ ទេ៖ «សំឡេងជួសជុលម៉ាស៊ីន»។
យុវជន លី បញ្ញា អាយុ ១៧ឆ្នាំ មកពីឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឲ្យដឹងថា គាត់មករៀនជួសជុលម៉ាស៊ីនដេរ ព្រោះតែមិនមានសង្ឃឹមប្រឡងបាក់ឌុបជាប់នៅឆ្នាំ២០១៥ ទេ។ គាត់ឃើញសិស្សប្រឡងឆ្នាំ២០១៤ នេះធ្លាក់ច្រើនម៉ឺននាក់ ទើបគាត់សម្រេចចិត្តបោះបង់ការរៀន ដែលទើបចូលថ្នាក់ទី១២ នៅឆ្នាំនេះចោល ងាកមករៀនជំនាញឯកទេសជួសជុលម៉ាស៊ីនដេរវិញ៖ «ពីព្រោះថា ខ្ញុំនៅក្មេងអ៊ីចឹង ខ្ញុំរៀនជំនាញក្នុងខ្លួនមួយឲ្យច្បាស់លាស់ ហើយទៅថ្ងៃអនាគត ខ្ញុំនឹងអាចរកចិញ្ចឹមខ្លួនឯងបាន ដោយសារខ្ញុំមានជំនាញនេះច្បាស់លាស់»។
ស្រដៀងគ្នាដែរ យុវជន ចក់ ចាន់កូប្រា អាយុ ១៧ឆ្នាំ រស់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឲ្យដឹងថា គាត់ឈប់រៀនចំណេះទូទៅនៅឆ្នាំ២០១៤ ដើម្បីមកសិក្សាជំនាញជាក់លាក់ប្រកបរបរចិញ្ចឹមជីវិត។ ការសម្រេចចិត្តបែបនេះ ព្រោះតែការសិក្សាតាំងពីតូចមក រៀនចេះតែបង់លុយគ្រូដើម្បីបានពិន្ទុឡើងថ្នាក់។ នៅពេលប្រឡងបាក់ឌុបឆ្នាំ២០១៤ នេះ ជាមេរៀនខ្លាចរអាចំពោះគាត់ ព្រោះសិស្សប្រឡងធ្លាក់បាក់ឌុបឆ្នាំ២០១៤ ច្រើនម៉ឺននាក់ ទើបឪពុកម្ដាយគាត់ឲ្យគាត់ចូលរៀនជំនាញវិញចំណេញពេលវេលា។ យុវជន ចក់ ចាន់កូប្រា អះអាងថាបានឈប់រៀនត្រឹមថ្នាក់ទី១១ នៅខែកញ្ញា ឆ្នាំ២០១៤ នេះ៖ «សង្ឃឹមថារៀនចប់មានការងារធ្វើនៅក្នុងរោងចក្រ។ មកពីចិត្តខ្ញុំចង់រៀនជំនាញម៉ាស៊ីនដេរ»។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ឲ្យដឹងថា នៅឆ្នាំសិក្សា២០១៣-២០១៤ មានបេក្ខជនដាក់ពាក្យប្រឡងបាក់ឌុបជាង ៩ម៉ឺននាក់ ក្នុងនោះសិស្សប្រឡងជាប់លើកទី១ និងលើកទី២ សរុបជាង ៣ម៉ឺន ៣ពាន់នាក់ ស្មើនឹង ៤០,៦៧% នៃបេក្ខជនដែលបានប្រឡងទាំងពីរលើក។ ដូចនេះ សិស្សជាង ៥០% គឺប្រមាណ ៥ម៉ឺននាក់ បានប្រឡងធ្លាក់បាក់ឌុប។ លោក រស់ សាលីន បន្តថា សិស្សប្រឡងធ្លាក់មិនមានន័យថា អ្នកទាំងនោះដើរដល់ចំណុចទាល់ច្រកទេ គឺនៅមានជម្រើស ៣ប្រភេទដែលសិស្ស និងបេក្ខជនស្វ័យរិនអាចបន្តរៀនបាន គឺទី១ អាចរៀនត្រួតថ្នាក់ទី១២ ឡើងវិញ។ ទី២ អាចរៀនជំនាញបច្ចេកវិទ្យាផ្សេងៗ និងទី៣ អាចរៀនបរិញ្ញាបត្ររងនៅសាកលវិទ្យាល័យនានា៖ «ហើយលោកគ្រូអ្នកគ្រូ ក៏បានជម្រាបទៅដល់សិស្សានុសិស្សដែលជាបេក្ខជនដែលរៀនថ្នាក់ទី១២ កាលពីដើមឆ្នាំសិក្សា ចុងឆ្នាំ២០១៣ មកម្ល៉េះថា ក្រសួងមានកំណែទម្រង់របស់ខ្លួន ហើយបេក្ខជនទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីឲ្យគាត់អាចមានសមត្ថភាពក្នុងការជាប់ ហើយនៅក្នុងនេះ គឺបេក្ខជនមួយចំនួនគាត់មិនជឿ នេះចំណុចទី១។ ចំណុចទី២ ក្នុងដំណើរការកំណែទម្រង់នេះ ចំពោះវិញ្ញាសាដែលក្រសួងដាក់នេះ គឺរាល់សំណួរទាំងអស់ គឺនៅក្នុងមេរៀន។ ចំណុចទី៣ កម្រិតនៃការចេញវិញ្ញាសានេះ គឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងមក»។
លោក សៀក សុផា គ្រូអនុវត្តជួសជុលម៉ាស៊ីនដេរឲ្យដឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៤ បានធ្វើឲ្យសិស្សរៀនមិនពូកែរាងចាល។ ប៉ុន្តែលោកថា នេះក៏ជាការល្អដែរ សិស្សចូលមករៀនជំនាញជាក់លាក់ផ្នែកជាងជួសជុលម៉ាស៊ីនដេរ ដែលជាមុខវិជ្ជាមិនទាន់មានអ្នករៀនច្រើន ហើយងាយរកការងារនៅក្នុងរោងចក្រ និងបានចំណូលប្រចាំខែ។ លោកថា គាត់ទើបចេះជួសជុលម៉ាស៊ីនដេរជាង ១ឆ្នាំនេះទេ។ គាត់បង្រៀនជួសជុលម៉ាស៊ីនដេរទៅយុវជនមករៀន ហាក់ដូចជាបានអនុវត្តខ្លួនឯងបន្ថែមដែរ។ លោកបន្តថា យុវជនមករៀននេះមានអ្នកខ្លះរៀនតែមួយថ្ងៃចេះស្ទាត់ អាចឆ្លងទៅម៉ាស៊ីនទី២ទៀត។ លោកអះអាងថា ម៉ាស៊ីនស្រួលបង្រៀន គឺម្ជុល១ ដេរខោអាវធម្មតា និងម៉ាស៊ីនផុង តែម៉ាស៊ីនមានខ្ចៅច្រើនស្មុគស្មាញប្រើម្ជុល ៣ ទៅ ៤ ដូចជាម៉ាស៊ីនសាប់ ម៉ាស៊ីនអូសចង្កេះ ជាដើម សិស្សរៀនយូរថ្ងៃទើបចេះជួសជុល៖ «១ថ្ងៃជួនកាលរៀនបានម៉ាស៊ីនមួយ តាមគេឆ្លាតអ៊ីចឹង ២-៣ថ្ងៃ បានចេះម៉ាស៊ីនមួយ។ ជួនកាល ២ខែអីទៅ ជួនកាលគេរៀនមិនសូវជាចាប់បានអីប្រហែលជា ៣ខែអ៊ីចឹង»។
ចំណែកនាយកសាលាបច្ចេកទេសបង្រៀនជួសជុលម៉ាស៊ីនដេរពន្លឺរង្សី លោក សូរ រង្សី អះអាងថា ការរៀនជំនាញម៉ាស៊ីនដេរ គឺឆាប់ទទួលបានការងារ។ ដូច្នេះ បានជាសិស្សមិនថាទើបឡើងថ្នាក់ទី១២ និងអ្នកជាប់ឌីប្លូម ឬរៀនថ្នាក់ទី១០ និងទី១១ បានបោះបង់ចោលការសិក្សានៅឆ្នាំ២០១៤-២០១៥ សូម្បីតែនិស្សិតកំពុងរៀនបរិញ្ញាបត្រ និងបញ្ចប់បរិញ្ញាបត្រច្រើននាក់ ក៏មករៀនជំនាញនេះដែរ ព្រោះងាយរកការងារធ្វើនៅក្នុងរោងចក្រកាត់ដេរ ហើយពួកគេអាចទទួលបានប្រាក់ឈ្នួលទាបបំផុតក៏ជាង ២០០ដុល្លារដែរក្នុងមួយខែ៖ «អ្នកខ្លះគាត់ចេះភាសាអ៊ីចឹង គាត់ងាយនឹងរកការងារបានធ្វើ ហើយខ្ញុំបានបណ្តុះបណ្តាលបានចូលធ្វើការបានច្រើនក្នុងខែហ្នឹង»។
តាមការសាកសួរយុវជនកំពុងរកចំណូលនៅក្នុងរាជធានីភ្នំពេញ មានយុវជនច្រើនបានប្រឡងជាប់បាក់ឌុប និងធ្លាក់បាក់ឌុប ខ្លះបញ្ចប់បរិញ្ញាបត្រ ក្លាយទៅជាអ្នកលក់ដូរ បោះដុំខោអាវតាមផ្សារនានា អ្នកខ្លះទៀតធ្វើកម្មកររត់តុការ លក់ពងមាន់អាំង ជាងផ្សារដែក ជួសជុលទូរស័ព្ទ បិតស្តុបម៉ូតូ ជាដើម ឯសិស្សស្រីៗខ្លះ រៀនជំនាញកែសម្ផស្ស រៀនកាត់ដេរ ខ្លះរុញរទេះលក់ផ្លែឈើ បុកល្ហុង លក់កាហ្វេឲ្យក្រុមហ៊ុន និងចូលធ្វើកម្មករកាត់ដេរ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។