ក្រុមយុវជនបន្តអំពាវនាវរកថវិកាបោះពុម្ពផ្សាយសៀវភៅទស្សនទានបណ្ឌិត កែម ឡី
2016.09.13
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាក្រុមចងក្រងសៀវភៅស្ដីពីទស្សនៈបណ្ឌិត កែម ឡី អំពាវនាវរកថវិកាបន្ថែមដើម្បីបោះពុម្ពផ្សាយសៀវភៅដែលបង្ហាញពីស្នាដៃរបស់លោកនៅពេលឆាប់ៗខាងមុខ។ ការអំពាវនាវនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា។
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គ្រោងបោះពុម្ពសៀវភៅកម្រងទស្សនៈបណ្ឌិត កែម ឡី ចំនួន ១ម៉ឺនក្បាល ដែលក្នុងមួយក្បាលត្រូវចំណាយអស់ថវិកា ៣ដុល្លារ សរុបត្រូវចំណាយថវិកាអស់ចំនួន ៣ម៉ឺនដុល្លារ។
ក្រុមអ្នកចងក្រងប្រមូលបានថវិកាចំនួន ១ពាន់ដុល្លារ ដែលនៅខ្វះ ២៩.០០០ដុល្លារទៀត សម្រាប់ដំណើរការបោះពុម្ពផ្សាយឱ្យទាន់បុណ្យខួបគម្រប់ ១០០ថ្ងៃ សពបណ្ឌិត កែម ឡី។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមចងក្រង លោក មួង សូនី បញ្ជាក់ថា សៀវភៅនេះកត់ត្រាទុកអំពីទស្សនទានរបស់បណ្ឌិត កែម ឡី ជុំវិញបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចដែលបណ្ឌិត កែម ឡី បានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងចុះបង្រៀនផ្ទាល់ដល់យុវជន និងពលរដ្ឋនៅតាមមូលដ្ឋាន។
លោក មួង សូនី អំពាវនាវដល់សប្បុរសជននានា ឲ្យជួយឧបត្ថម្ភថវិកាបន្ថែមដើម្បីបោះពុម្ពផ្សាយស្នាដៃគតិបណ្ឌិតរបស់លោក កែម ឡី ក្នុងគោលបំណងរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ៖ «បងប្អូនអាចគាំទ្រស្នាដៃរបស់បណ្ឌិត កែម ឡី តាមរយៈគណនេយ្យធនាគារអេស៊ីលីដា (ACLEDA) ដែលមានឈ្មោះថា Khmer Student Intelligent League ដែលមានលេខកូដ ០០០១-០២-០៦៨៩៣៣-១-៣ ឬក៏បងប្អូនអាចទំនាក់ទំនងតាមអ្នកគ្រប់គ្រងថវិកាហ្នឹងផ្ទាល់ តាមរយៈលេខ ០១៥ ៩៤៩ ៩៤៨ ឬ ០៩២ ៩០០ ១២០»។
សៀវភៅទស្សនទានបណ្ឌិត កែម ឡី នឹងត្រូវបែងចែកជា ២ភាគ ដោយមួយភាគៗ មានកម្រាស់ជាង ២០០ទំព័រ។ សៀវភៅនេះអាចនឹងលក់ក្នុងតម្លៃ ៥ដុល្លារ សម្រាប់ទីផ្សារក្នុងស្រុក និង ២០ដុល្លារសម្រាប់ទីផ្សារក្រៅប្រទេស។ ថវិកាដែលប្រមូលបានពីការលក់សៀវភៅ នឹងត្រូវបែងចែកមួយភាគសម្រាប់ទ្រទ្រង់ការងារចងក្រងស្នាដៃបណ្ឌិត កែម ឡី ជាបន្តទៀត មួយចំណែកទៀត នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងជូនក្រុមគ្រួសារបណ្ឌិត កែម ឡី។
គណៈកម្មការត្រួតពិនិត្យសៀវភៅ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ហេង ស្រ៊ាង បញ្ជាក់ថា ការបែងចែងជាពីរភាគនេះ ដោយសារតែសៀវភៅមានច្រើនរយទំព័រ និងដោយសារប្រធានបទខ្លះមានលក្ខណៈស្រដៀងគ្នាដែលចាំបាច់ត្រូវច្របាច់បញ្ចូលគ្នា។
លោកបន្តថា ក្រុមរបស់លោកបានបញ្ចប់ការត្រួតពិនិត្យសៀវភៅភាគ១ រួចរាល់ហើយ និងកំពុងពិនិត្យមើលអក្ខរាវិរុទ្ធ និងសម្រួលឃ្លាឃ្លោងសៀវភៅភាគ២ បន្តទៀត។ លោករំពឹងថា នឹងបញ្ចប់ការត្រួតពិនិត្យសៀវភៅភាគ២ នៅសប្ដាហ៍ក្រោយ ហើយថា នឹងសម្រេចដាក់ឈ្មោះសៀវភៅទៅតាមខ្លឹមសារនៃភាគនីមួយៗ។
លោក ហេង ស្រ៊ាង អះអាងថា សៀវភៅទាំង ២ភាគ នឹងត្រូវបោះពុម្ពផ្សាយយ៉ាងយូរបំផុតត្រឹមចុងខែកញ្ញា នេះ ដើម្បីចាត់ចែងឱ្យទាន់ពិធីបុណ្យខួប ១០០ថ្ងៃរបស់បណ្ឌិត កែម ឡី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ខាងមុខ៖ «សៀវភៅហ្នឹងមានខ្លឹមសារសម្រាប់ការសិក្សា និងក៏មានខ្លឹមសារសម្រាប់ជាចំណេះដឹងរបស់បងប្អូនជាទូទៅផង។ នៅក្នុងភាគ២ និយាយអំពីទស្សនទានរបស់គាត់អំពីសង្គម និងនយោបាយ គឺសម្រាប់អ្នកនយោបាយ និងគណបក្សនយោបាយទៅអនាគត អាចមើលទៅ ហើយចំណុចណាអាចមានន័យសម្រាប់ចូលរួមក្នុងសង្គម អាហ្នឹងយើងនាំគ្នាជួយមើល យកគំនិតល្អៗរបស់គាត់ ដើម្បីជួយដឹកនាំសង្គម ចៀសវាងការឈ្លោះគ្នា ពីព្រោះទស្សនៈរបស់គាត់គ្មានអ្វីក្រៅពីធ្វើឲ្យសង្គមយើងប្រសើរ កុំឲ្យយើងមានជម្លោះសង្គមតទៅទៀត»។
ក្រុមការងារចងក្រងសៀវភៅអះអាងថា សៀវភៅនេះអាចនឹងត្រូវចែកជូនគ្រឹះស្ថានសិក្សា បណ្ណាល័យ និងមណ្ឌលសិក្សាស្រាវជ្រាវដោយឥតគិតថ្លៃ បើសិនជាពួកគេទទួលបានវិភាគទានគ្រប់គ្រាន់សម្រាប់ការបោះពុម្ព។
ការចងក្រង និងបោះពុម្ពផ្សាយសៀវភៅកម្រងទស្សនទានបណ្ឌិត កែម ឡី គឺជាជំហានដំបូងនៃការប្រមូលផ្តុំស្នាដៃរបស់បណ្ឌិត កែម ឡី កាលលោកនៅមានជីវិត។ ក្រុមអ្នកចងក្រងបញ្ជាក់ថា ជំហានបន្ទាប់របស់ពួកគេ គឺការប្រមូលផ្ដុំការសិក្សាស្រាវជ្រាវទាំងឡាយរបស់បណ្ឌិត កែម ឡី ដែលលោកធ្លាប់បានធ្វើឱ្យអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ព្រមទាំងស្ថាប័នរដ្ឋដើម្បីទុកជាឯកសាររឹងមាំសម្រាប់អ្នកចង់សិក្សាស្វែងយល់អំពីបញ្ហានានា ដែលកំពុងកើតមាននៅកម្ពុជា និងដឹងអំពីដំណោះស្រាយបញ្ហាទាំងអស់នោះ៕