កម្មករ ៤នាក់​ដែល​រង​បណ្ដឹង​ពី​រដ្ឋបាល​រោងចក្រ ស្យុងយិន ស្នើសុំ​ពន្យារពេល​ចូល​ខ្លួន​បំភ្លឺ​នគរបាល និង​តុលាការ​ខេត្ត​កណ្ដាល ដោយ​សារ​ខ្វះ​មេធាវី

កម្មករ​ ៤នាក់​នៃ​រោងចក្រ ​ស្យុងយិន (Zhong Yin Cambodia B Textile) និង​ជា​សមាជិក​នៃ​​​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (C.CAWDU) ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារពេល​ចូល​ខ្លួន​បំភ្លឺ នៅ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ និង​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដោយសារ​ពួកគេ​ត្រូវ​ការ​មេធាវី​ជួយ​ផ្នែក​ច្បាប់ ក្រោយ​ពី​មាន​បណ្ដឹង​ពី​រដ្ឋបាល​រោងចក្រ ទាក់ទង​ការ​ចោទ​ប្រកាន់​រឿង​កំហែង​យក ញុះញង់ និង​រារាំង​​រថយន្ត​ដឹក​ឥវ៉ាន់​ចេញ​ពី​រោងចក្រ។

លេខាធិការ​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ស្យុង យិន លោក សំរ៉ុង បូរី ដែល​រង​បណ្ដឹង​នេះ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​ថា​ ពួកគាត់​ទាក់ទង​ស្នើ​សុំ​មេធាវី​ពី​ខាង​សហជីព ស៊ីខៅឌូ ដើម្បី​ជួយ​ពិនិត្យ​ផ្នែក​ច្បាប់ និង​ធ្វើ​ពាក្យសុំ​ពន្យារ​ពេល​ចូល​ខ្លួន​នៅ​តុលាការ​ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ ទៅ​ពេល​ក្រោយ​វិញ។

លោក​ឲ្យ​ដឹង​ថា ខាង​ភាគី​រោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile) បាន​ដក​តំណាង​សហជីព​កម្មករ​ចេញ​ពី​រោងចក្រ ហើយ​ដាក់​ប្ដឹង​ពួក​គាត់​ គឺ​ដោយសារតែ​កម្មករ​នាំ​គ្នា​ទៅ​ស្ទាក់​ឡាន​ដឹក​ម៉ាស៊ីនដេរ​ចេញ​ពី​រោងចក្រ និង​ប្ដូរ​វេន​គ្នា​ដេក​យាម​មុខ​រោងចក្រ កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ក្រោយ​ពី​ថៅកែ​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ ​គិត​ចាប់​ចុង​ឆ្នាំ​២០១៩ ​មក។

លោក​បញ្ជាក់​ថា លោក​ និង​កម្មករ ៣នាក់​ទៀត មិន​បាន​ចេញ​មុខ ទៅ​ញុះញង់​ឲ្យ​កម្មករ​ធ្វើ​សកម្មភាព​ទាំង​នោះ ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​រោងចក្រ​នោះ​ទេ ផ្ទុយ​ទៅវិញ​ គឺ​ក្រុម​កម្មករ​ផ្ទុះ​ការ​តវ៉ា​ដោយ​ខ្លួន​ឯង ដោយ​សារ​ថៅកែ​និយាយ​ពន្យារ​ពេល ​មិន​ព្រម​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​ តាម​ការ​សន្យា អស់​ជា​ច្រើន​ខែ​មក​ហើយ ។

ព្រះរាជអាជ្ញា​រង​​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ លោក ហោ លីណា ចេញ​ដីកា​បង្គាប់​ឲ្យ លោក សំរ៉ុង បូរី ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​មេសា ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​កំហែង​យក​ ញុះញង់​ និង​រារាំង​ តាម​បណ្ដឹង​របស់​មេធាវី​ក្រុមហ៊ុន។ ស្រប​គ្នា​នេះ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល លោក ឡាក់ ម៉េងធី ក៏​តម្រូវ​ឲ្យ​កម្មករ​រូប​នេះ ទៅ​ឆ្លើយ​បំភ្លឺ​រឿង​​ដដែល​នេះ នៅ​ថ្ងៃ​ទី៣១ ខែ​មីនា តាម​បណ្ដឹង​របស់​ប្រធាន​រដ្ឋបាល​រោងចក្រ​ ស្យុងយិន លោក តុំ គឹមសឿន ។

វិវាទ​​ការងារ​នៅ​រោងចក្រ ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល កើត​ឡើង​ ចាប់​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៩ រហូត​ដល់​ពេល​បច្ចុប្បន្ន។ ក្រុម​កម្មករ និង​សហជីព បាន​ចោទ​ភាគី​ថៅកែ​រោងចក្រ​ថា បាន​បញ្ឈប់​កម្មករ ដោយ​រំលោភ​ច្បាប់​ស្ដីពី​ការងារ​ជា​បន្ត​បន្ទាប់ ទើប​កម្មករ​នាំ​គ្នា​តវ៉ា។

លក្ខខណ្ឌ​និង​ដំណោះស្រាយ​ការងារ ដែល​កម្មករ​ទាមទារ​នោះ គឺ​ស្នើសុំ​ភាគី​ថៅកែ ឱ្យ​ទទួល​យក​កម្មករ​ទាំង​​អស់​ចូល​ធ្វើការ​វិញ បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ឲ្យ​កម្មករ​គ្រប់​ចំនួន ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។