អាជ្ញាធរ​ក្រុង​តាខ្មៅ​ រារាំង​កម្មករ​រោងចក្រ ​ស្យុង យិន មិន​ឲ្យ​​យក​ញត្តិ​​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​សាលា​ខេត្ត​កណ្ដាល

ដោយ អាស៊ីសេរី
2020.01.17
កម្មករ​រោងចក្រ ស្យុង យិន 011720 កម្មករ​រោងចក្រ ស្យុង យិន ត្រូវ​បាន​អាជ្ញាធរ​ក្រុង​តា​ខ្មៅ រារាំង​មិន​ឲ្យ​​យក​ញត្តិ​​ទៅ​ដាក់ នៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន និង​សាលា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ២០២០។
រូប៖ RFA

អាជ្ញាធរ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ បាន​ពង្រាយ​កង​កម្លាំង​រារាំង​ក្រុម​កម្មករ​ កម្មការិនី នៃ​រោងចក្រ​ ស្យុងយិន (Zhong Yin Cambodia B Textile Co.LTD) ច្រើន​រយ​នាក់ មិន​ឲ្យ​ធ្វើ​ដំណើរ​​ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​សាលា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី១៧ មករា។

កម្មករ​ប្រាប់​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល​ និង​កង​កម្លាំង​ច្រើន​​នាក់ បាន​រារាំង​ឡាន​របស់​កម្មករ ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​​​ភ្នំពេញ។ ការ​រារាំង​នេះ គឺ​នៅ​ចំណុច​មុខ​បន្ទាយ​​កង​អង្គរក្ស លោក ហ៊ុន សែន ទួល​ក្រសាំង ក្រុង​តាខ្មៅ។ ទោះ​យ៉ាង​ណា ក្រុម​កម្មករ​ប្រាប់​ថា មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ឡើយ ដោយសារ​កម្មករ​ខ្លះ​ភ័យ​ត្រឡប់​ទៅ​វិញ រួច​ហើយ​ទើប​មាន​​មន្ត្រី​នៃ​ខុទ្ទកាល័យ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​សាលា​ខេត្ត​កណ្ដាល​ បាន​មក​ទទួល​ញត្តិ នៅ​កន្លែង​សមត្ថកិច្ច​រារាំង​នោះ។

អនុ​ប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ ប្រចាំ​រោងចក្រ​ ស្យុងយិន លោក ឈូក មីរ៉ា ប្រាប់​ថា នៅ​ពេល​ថ្ងៃ​បន្តិច អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ ដោយ​គ្មាន​ការ​ឃាត់ឃាំង។ លោក​ថា មន្ត្រី​ក្រសួង​ការងារ​ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​កម្មករ​ហើយ និង​សន្យា​កោះហៅ តំណាង​កម្មករ​ចំនួន​ ២០​នាក់ ​និង​តំណាង​ភាគី​ថៅកែ​រោងចក្រ​ ស្យុង យិន ចូល​ដោះ​ស្រាយ​ជាមួយ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី២០ មករា៖ «យើង​នៅ​តែ​នៅ​មុខ​រោងចក្រ​ហ្នឹង ជា​រៀង​រាល់​ថ្ងៃ​​ធម្មតា​សិន ហើយ​ថ្ងៃ​ច័ន្ទ នៅ​ពេល​ព្រឹក​ យើង​មក​ដោះស្រាយ​ជាមួយ​និយោជក នៅ​ក្រសួង​ការងារ​ ដែល​គេ​អញ្ជើញ​នេះ»

កម្មករ​ អះអាង​ថា រោងចក្រ ​ស្យុង ​យិន មាន​កម្មករ​សរុប​ជិត ៦រយ (៥៩២) ​នាក់ ​​ថៅកែ​​​ជនជាតិ​ចិន ហើយ​ជា​រោង​ដេរ​សំលៀក​បំពាក់ យី​ហោ H&M និង​ម៉ាក​ផ្សេង​ទៀត។ រោងចក្រ​នេះ មាន​សហជីព​ប្រចាំ​រោងចក្រ​ចំនួន​​២ គឺ​សហជីព​ស្មារតី​កម្មករ​ខ្មែរ និង​សហជីព​ស៊ីខៅឌូ។ សហជីព​ទាំង​២ អះអាង​ថា ទាំង​​កម្មករ និង​ថ្នាក់​ដឹកនាំ​សហជីព​ប្រចាំ​រោងចក្រ សុទ្ធ​តែ​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ការងារ​​ទាំង​អស់ ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩​មក។

កម្មករ​ និង​សហជីព​ ប្រាប់​ថា ​​ញត្តិ​ ស្នើសុំ​ដំណោះស្រាយ​ដាក់​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន សាលា​ខេត្ត​កណ្ដាល និង​ក្រសួង​ការងារ ក្នុង​ន័យ​ដូច​គ្នា គឺ​ស្នើសុំ​​​ស្ថាប័ន​រដ្ឋ​ទាំង​៣ ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​ថៅកែ​រោងចក្រ​ ឲ្យ​ទូទាត់​ប្រាក់​ឈ្នួល ប្រាក់​បំណាច់ អត្ថប្រយោជន៍ តាម​​ច្បាប់​ស្ដីពី​ការងារ​ ឲ្យ​កម្មករ និង​ប្ដឹង​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យ​ក​កម្មករ​ទាំង​អស់​ចូល​ធ្វើ​ការ​វិញ ដោយសារ​ការ​បញ្ឈប់​​កម្មករ​កន្លង​មក បាន​បំពាន​ច្បាប់​ការងារ។

លោក ឈូក មីរ៉ា អះអាង​ថា សំណើ​ក្នុង​ញត្តិ​ដាក់​ជូន​ស្ថាប័ន​ទាំង៣ នេះ ជា​លទ្ធផល ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ បាន​កាត់​ក្ដី​រួច​ហើយ​ ឲ្យ​ថៅកែ​សង​​ និង​ដោះស្រាយ​ឲ្យ​កម្មករ តែ​ថៅកែ​​រោងចក្រ​មិន​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ហើយ​គ្មាន​ស្ថាប័ន​ណា ហ៊ាន​ចាប់​បង្ខំ​ឲ្យ​​ថៅកែ​គោរព​សេចក្ដី​សម្រេច​នេះ​សោះ។

សហជីព​ថា ក្រៅពី​ស្ថាប័ន​ទាំង​៣​ នេះ កម្មករ​បាន​ពឹង​មេធាវី​របស់​​មជ្ឈមណ្ឌល​អាម៉េរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ហៅ​កាត់​ថា ​អង្គការ​អេស៊ីល (Acil) ឲ្យ​ជួយ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​បន្ថែម​ទៀត។ មេធាវី​​របស់​អង្គការ​អេស៊ីល អ្នកស្រី ហេង បុង ប្រាប់​អាស៊ី​សេរី​ថា លោកស្រី​បាន​ទទួល​លិខិត​ស្នើសុំ​ពី​ខាង​កម្មករ​រួច​ហើយ និង​កំពុង​ប្រជុំ​ពិភាក្សា ​ជាមួយ​ក្រុម​ការងារ។

ពាក់ព័ន្ធ​​ការ​តវ៉ា​របស់​កម្មករ​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​សំណាក់​ថៅកែ ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ក្រោយ​ការ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​រួច​ ពួក​គេ​នៅ​សល់​គ្នា​ប្រហែល ៥០​នាក់ បាន​នាំ​គ្នា​ត្រឡប់​មក​តវ៉ា​នៅ​មុខ​រោងចក្រ​វិញ។ នៅ​ម៉ោង​ប្រហែល​ ៣​រសៀល ​ពេល​ត្រឡប់​មក​ដល់​រោងចក្រ​​ កម្មករ​អះអាង​ថា ភាគី​ថៅកែ​បាន​ចេញ​មក​ប្រកាស​ប្រាប់​​ថា នឹង​ប្ដូរ​ឈ្មោះ​រោងចក្រ​ ពី​ ស្យុង យិន ទៅ​ឈ្មោះ ស្យុង តាយ វិញ និង​ប្រាប់​​ឲ្យ​កម្មករ​ ដែល​មិន​ទាន់​ត្រូវ​​ក្រុមហ៊ុន​បញ្ចប់​កិច្ច​សន្យា​ឲ្យ​ចូល​ធ្វើការ​វិញ ហើយ​​ព្រម​បើក​ប្រាក់​ឈ្នួល ៥០ភាគរយ សម្រាប់​កម្មករ ដែល​បាន​បញ្ឈប់​កាល​ពី​ខែ​ធ្នូ។

កម្មការិនី​ផ្នែក​ត្រួត​ពិនិត្យ​ខោអាវ​ លោកស្រី ផា ផាត ប្រាប់​ថា កម្មករ​សម្រេច​គ្នា​ហើយ​ថា នឹង​មិន​ព្រម​ចូល​ធ្វើការ​វិញ និង​មិន​ព្រម​ទទួល​យក​​ប្រាក់​ឈ្នួល ៥០ភាគ​រយ​ឡើយ គឺ​កម្មករ​ចង់​បាន​ដំណោះ​ស្រាយ​ និង​អត្ថប្រយោជន៍​ឲ្យ​ស្រប​តាម​​ច្បាប់​ការងារ៖ «ខ្ញុំ​អត់​ចូល​ទេ ព្រោះ​អ្វី​គេ​ឲ្យ​ចូល​តែ​អ្នក​ដែល​អត់​ទាន់​គេ​បញ្ចប់​(កិច្ច​សន្យា) ហើយ​​អ្នក​បញ្ចប់​ គេ​អត់​ឲ្យ​ចូល​ទេ។ ខ្ញុំ​អត់​ទាន់​ដល់​កិច្ច​សន្យា​ទេ គាត់​(រោងចក្រ)​បញ្ចប់​ខ្ញុំ​ មុន​កិច្ច​សន្យា»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​​​ភាគី​ថៅកែ​រោងចក្រ ស្យុង យិន បាន​ទេ នៅ​ថ្ងៃ​ទី១៧ មករា ដោយសារ​មន្ត្រី​រដ្ឋបាល​រោងចក្រ ឈ្មោះ តុំ គឹមសឿន មិន​ទទួល​ទូរស័ព្ទ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ផ្នែក​ដោះ​ស្រាយ​កូដកម្ម លោក ទេស រុក្ខា​ផល ក៏​មិន​អាច​ទាក់ទង​បាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។