ខុមហ្វ្រែល៖ អ្នក​តំណាង​រាស្រ្ត​មួយចំនួន​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន

សេចក្តី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា អ្នក​តំណាង​រាស្រ្ត​ខ្មែរ​មួយចំនួន​មិន​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ឡើយ។

អង្គការ​ខុមហ្រ្វែល​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​មាន​កម្មវិធី​ឃ្លាំមើល​សភា​និង​អ្នក​តំណាង​រាស្រ្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​របាយការណ៍​ប្រចាំ​ខែ​តុលា​និង​វិច្ឆិកា ឆ្នាំ​២០០៨ ឲ្យ​ដឹង​ថា អ្នក​តំណាង​រាស្រ្ត​ពី​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​បក្ស​ប្រឆាំង​បាន​ថ្លែង​ចេញ​នូវ​បញ្ហា​លំបាក​ជា​ច្រើន​ដែល​ពួក​គាត់​ប្រឈម​មុខ​ពេល​ចេញ​បំពេញ​តួនាទី​របស់​គាត់ ដូច​ជា​ត្រួត​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​និង​ចុះ​ធ្វើ​កិច្ច​ការងារ​នៅ​តាម​មណ្ឌល​រៀងៗ​ខ្លួន។

បញ្ហា​លំបាក​ក្នុង​ការត្រួត​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់​គឺ​ដោយសារ​តែ​បក្ស​ប្រឆាំង​ទាំង​ពីរ​គ្មាន​តំណាង​រាស្រ្ត​របស់​ខ្លួន​ណា​ម្នាក់​មាន​វត្តមាន​ជា​សមាជិក​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា និង​ដោយសារ​ការបង្កើត​ក្រុម​តំណាង​រាស្រ្ត​ដែល​តម្រូវ​ឲ្យ​មាន​ចំនួន​ពី​១០​រូប​ឡើង​ទៅ។

លោក យឹម សុវណ្ណ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ភ្នំពេញ​មក​ពី​គណបក្ស​សមរង្ស៊ី និង​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ទី​៤​របស់​រដ្ឋសភា​នីតិកាល​ទី​៣ ទទួល​បន្ទុក​មហាផ្ទៃ អង្កេត បោស​សម្អាត និង​មុខងារ​សាធារណៈ បាន​ចាត់ទុក​រដ្ឋ​សភា​នីតិកាល​ទី​៤​បច្ចុប្បន្ន​ថា ស្ទើរតែ​ជា​របប​ផ្តាច់ការ​ក្នុង​ការផ្តល់​ព័ត៌មាន។

ចំណែក លោក យ៉ែម បុញ្ញឬទ្ធិ អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បង្ហាញ​ពី​ការលំបាក​ដូច​គ្នា​នេះ​ដែរ និង​មាន​ប្រសាសន៍​ថា​ក្រុម​លោក​ទទួល​បាន​ព័ត៌មាន​និង​សេចក្តី​ព្រាង​ច្បាប់​ឬ​របៀបវារៈ​នានា​កៀក​ពេល​នឹង​ថ្ងៃ​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ ដែល​ជា​ការបង្ក​បញ្ហា​លំបាក​ច្រើន​ដល់​អ្នក​តំណាង​រាស្រ្ត​ទាំង​នោះ។

នៅ​ក្នុង​របាយការណ៍​៤​ទំព័រ​របស់​អង្គការ​ខុមហ្រ្វែល​ដដែល​នោះ​បាន​ឲ្យ​ដឹង​ផងដែរ​ថា រដ្ឋសភា​កម្ពុជា​នៅ​មិន​ទាន់​បាន​ទទួល​ការបំភ្លឺ​ពី​រដ្ឋាភិបាល​ដែល​មាន​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី បំភ្លឺ​ប្រាប់​អំពី​បញ្ហា​ការឈ្លានពាន​របស់​ប្រទេស​ថៃ​លើ​ដែនដី​ខ្មែរ​ភាគ​ខាង​លិច​នៅ​ឡើយ​ទេ។

ប៉ុន្តែ​លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន បាន​ចាត់ទុក​ការអញ្ជើញ​រដ្ឋាភិបាល​ឲ្យ​ទៅ​បំភ្លឺ​ប្រាប់​រដ្ឋសភា​អំពី​បញ្ហា​នេះ​គឺ​ជា​ការខាត​ពេល​វេលា ដោយ​លោក​បញ្ជាក់​ថា អ្នក​ម៉ូតូ​ឌុប​ក៏​ដឹង​ថា​រដ្ឋាភិបាល​ធ្វើការ​ដល់​ណា​ហើយ​ដែរ​ឥឡូវ​នេះ។

អង្គការ​ខុមហ្រ្វែល​រំឭក​ថា កាលពី​នីតិកាល​ទី​៣ មាន​លិខិត​ពី​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ចំនួន​២៣​លិខិត​បាន​ដាក់​ជូន​រាជ​រដ្ឋាភិបាល​ដើម្បី​ស្នើ​សុំ​ឲ្យ​ទៅ​បំភ្លឺ​ជុំវិញ​បញ្ហា​នានា​និង​ការងារ​របស់​រដ្ឋាភិបាល​នៅ​សម័យ​ប្រជុំ​ពេញអង្គ​របស់​រដ្ឋ​សភា ក៏​ប៉ុន្តែ​មន្រ្តី​តំណាង​រដ្ឋាភិបាល​ចូល​ទៅ​បំភ្លឺ​បាន​តែ​៤​លើក​ប៉ុណ្ណោះ​ជូន​រដ្ឋសភា​កម្ពុជា៕