ប្រជាពលរដ្ឋរស់នៅតំបន់ជាប់នឹងព្រំដែនប្រទេសលាវ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឲ្យដឹងថា ក្នុងមួយយប់ៗ មានឈើប្រណិត និងឈើមានតម្លៃរាប់សិបម៉ែត្រកូបត្រូវបានគេដឹកជញ្ជូនឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់ ពីខេត្តស្ទឹងត្រែងចូលទៅទឹកដីលាវ។
ប្រភពសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ការដឹកជញ្ជូនឈើឆ្លងដែននេះធ្វើឡើងនៅវេលាយប់ ចាប់តាំងពីចុងឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្ននេះ។ ការដឹកជញ្ជូនឈើនាំចេញពីឃុំចំនួនពីរ គឺឃុំអូរស្វាយ និងឃុំព្រះនង្គ័ល ក្នុងស្រុកថាឡាបរិវ៉ាត់ ហើយឆ្លងដែនចូលប្រទេសលាវ តាមច្រករបៀងក្បែរប៉ុស្តិ៍នគរបាលការពារព្រំដែនអូរស្វាយ ចំណុចកោះឈើទាលធំ ទាំងតាមផ្លូវទឹក និងផ្លូវគោក។ ប្រភពឲ្យដឹងថាក្នុងមួយយប់ៗ មានឈើប្រណិតប្រភេទធ្នង់ និងឈើលេខមួយប្រភេទឈើក្រំ មិនតិចជាង ១០ម៉ែត្រកូប ត្រូវគេដឹកជញ្ជូនចូលប្រទេសលាវដោយគ្មានការបង្ក្រាប ៖ "សុទ្ធតែសមត្ថកិច្ចគាត់លេងទាំងអស់ហ្នឹង។ ពួកប៉ូលិសឈរជើងនៅហ្នឹងវាអ្នកកាងចេញអស់ហ្នឹង មានតែប៉ូលិសនៅហ្នឹងទៅអារដែរហ្នឹងណា! គេឲ្យលុយ ដូចថាម៉ាទូកហ្នឹងសរុបទាំងអស់ ២០ម៉ឺន បានចេញរួចឆ្លងទៅលាវរួច។ ប្រជាពលរដ្ឋក៏គេរអ៊ូរទាំដែរ គេក៏មិនពេញចិត្តដែរ សមត្ថកិច្ចប្រព្រឹត្តបទល្មើស តាមគោកគេដាក់តាមគោយន្ត លួចលាក់។ ទូកតូចមិនសូវមានទេ ច្រើនទូកធំៗ ដែរ ដាក់អាទូកអេវយើងតែអាទូកអេវ ១៣សេស"។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ មេបញ្ជាការនគរបាលការពារព្រំដែន ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លោក ហ៊ុន បាន មានប្រសាសន៍ថា លោកមិនបានដឹងថាការចោទប្រកាន់នេះពិត ឬក៏យ៉ាងណានោះទេ ក៏ប៉ុន្តែលោកអះអាងថា កន្លងមកលោកបានដាក់បទបញ្ជាទប់ស្កាត់មិនឲ្យមានការលួចដឹកជញ្ជូនឈើខុសច្បាប់នោះទេ ៖ "ខ្ញុំអត់ទាន់បានទទួលដំណឹងអីសោះ អត់ទេវិធានការខ្ញុំបិទតែរហូតហ្នឹង ខ្ញុំអត់បានដឹងចាំមើលខ្ញុំស៊ើបមើល"។
ប្រជាសហគមន៍ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ឲ្យដឹងថា កាលពីប៉ុន្មានឆ្នាំមុន ពេលរាជរដ្ឋាភិបាលចាត់វិធានការបង្ក្រាបបទល្មើសធ្វើអាជីវកម្មឈើប្រណិត កាលពីខែមេសា ឆ្នាំ២០០៩ ច្រករបៀងព្រំដែននៅតំបន់នេះ គឺជាតំបន់នាំចេញឈើប្រណិត និងសត្វព្រៃឆ្លងដែន ហើយក៏ជាតំបន់នាំចូលគ្រឿងញៀនពីប្រទេសលាវ មកកាន់ខេត្តស្ទឹងត្រែងផងដែរ។
នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា មានប្រសាសន៍ដែរថា តំបន់នោះមានច្រករបៀងឆ្លងដែនច្រើន ហើយភូមិសាស្ត្រផ្លូវគមនាគមន៍នៅតំបន់នោះពិបាកក្នុងការបំពេញភារកិច្ចរបស់ក្រុមសមត្ថកិច្ច។ លោកបន្តថា ក្រុមមន្ត្រីព្រៃឈើមានចំនួនតិច ពិបាកក្នុងការចាត់វិធានការបង្ក្រាបទៅលើក្រុមអ្នកប្រព្រឹត្តអំពើខុសច្បាប់ ដែលប្រើប្រាស់មធ្យោបាយផ្ដល់ដំណឹងគ្នា ងាយស្រូលកាលណាក្រុមសមត្ថកិច្ចចុះទៅកាន់តំបន់នោះ ៖ "សំខាន់បំផុតទៀតនោះពេលដែលយើងចេញប្រតិបត្តិការ គឺផ្ទៃក្នុងរបស់គេៗតេប្រាប់គ្នាគ្រប់ច្រកល្ហក គេអត់មានធ្វើសកម្មភាពទេ។ ពេលដែលយើងដកកម្លាំង យើងមិនអាចឈរនៅណុងម៉ាខែ ៣០ថ្ងៃបានទេ។ ដល់ពេលយើងដកកម្លាំងមក គេធ្វើភ្លាមតែម្ដង វាពិបាកអ៊ីចឹង"។
កាលពីចុងឆ្នាំ២០១០ និងដើមឆ្នាំ២០១១ នេះ របាយការណ៍របស់អាជ្ញាធរខេត្តស្ទឹងត្រែងឲ្យដឹងថា មានពលរដ្ឋខ្មែរប្រមាណ ១៥នាក់ ត្រូវបានតម្រួតលាវចាប់ឃុំខ្លួន និងខ្លះទៀតត្រូវតម្រួតលាវបាញ់រងរបួសដោយសារលួចឆ្លងដែនចូលទៅក្នុងប្រទេសលាវ ដើម្បីធ្វើអាជីវកម្មឈើប្រណិតខុសច្បាប់នេះ៕