កិច្ច​ប្រជុំ​យូណេស្កូ​អំពី​ប្រាសាទ​ព្រះវិហារ​អាន​ត្រូវ​ពន្យារ​ពេល

មន្ត្រី​រដ្ឋាភិបាល​ថៃ ត្រូវ​បាន​កាសែត​ថៃ ដក​ស្រង់​សម្ដី​នៅ​ថ្ងៃ​ទី​២២ មិថុនា​នេះ​ថា កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ប្រហែល​ជា​អាច​ពន្យារ​ពេល​ពិនិត្យ​មើល​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយសារ​រង់ចាំ​មើល​ដំណោះស្រាយ​រួម​រវាង​កម្ពុជា និង​ថៃ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចាំ​ផ្ទះ​ថៃ លោក ស៊ូវិត ឃុនឃីតធី (Suwit Khunkitti) មុន​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​លើក​ទី​៣៥ របស់​យូណេស្កូ (UNESCO) មាន​ប្រសាសន៍​ថា ប្រតិភូ​ខ្មែរ​និង​ថៃ​បាន​ចាប់​ផ្ដើម​ចរចា​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។ កិច្ច​ចរចា​នោះ​មាន​បំណង​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​លើ​ភាព​មិន​យល់​ស្រប​គ្នា​ទាក់ទង​ទៅ​នឹង​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ ដែល​បាន​ស្នើ​សុំ​ដោយ​រដ្ឋាភិបាល​កម្ពុជា។

លោក​បន្ត​ថា ប្រសិន​បើ​កម្ពុជា និង​ថៃ មិន​អាច​ព្រមព្រៀង​គ្នា​លើ​ដំណោះស្រាយ​មុន​នោះ​ទេ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នឹង​មិន​អាច​ពិចារណា​លើ​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ទេ ដោយសារ​តែ​ថៃ នឹង​តវ៉ា​ឲ្យ​មាន​ការ​ពន្យារ​ពេល​ជា​បន្ត​ទៀត។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​អត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​ថៃ នៅ​ឡើយ​ទេ៕