អាមេរិក​គាំទ្រ​កម្ពុជា-​ថៃ​បន្ត​ដោះស្រាយ​ជម្លោះ​ទ្វេ​ភាគី

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​ស្វាគមន៍​ចំពោះ​​កិច្ច​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ភី ជេ ក្រាវលី (P.J.Crowley) មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​ប្រធាន​អាស៊ាន និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ដែល​បាន​ស្នើ​ឲ្យ​កម្ពុជា និង​ថៃ បន្ត​កិច្ច​ចរចា​ព្រំដែន​ជា​លក្ខណៈ​ទ្វេ​ភាគី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សេចក្ដី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក ធ្វើ​ឡើង​ក្រោយ​ពី​ប្រទេស​ចិន បាន​ស្វាគមន៍​កម្ពុជា និង​ថៃ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ផង​ដែរ។ ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ ទី​២៣ ខែ​កុម្ភៈ​ថា ឥណ្ឌូណេស៊ី​បាន​ត្រៀម​បញ្ជូន​អ្នក​សង្កេត​ការណ៍​ជនជាតិ​ឥណ្ឌូណេស៊ី ទៅ​កាន់​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។

ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ឥណ្ឌូណេស៊ី ត្រូវ​បាន​ស្វាគមន៍​ដោយ​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ប៉ុន្តែ​លោក​បាន​ប្រកាស​ថា ថៃ​នឹង​មិន​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​នោះ​ទេ៕