នៅព្រឹកថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០១១ អាជ្ញាធរខេត្តពោធិ៍សាត់បានប្រារព្ធពិធីបុណ្យវិសាខបូជា ដោយមានការរាប់បាត្រព្រះសង្ឃ ១៣០០ អង្គផង។
មនុស្សប្រមាណជាងមួយម៉ឺននាក់បានមកជួបជុំគ្នានៅលើមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ដើម្បីចូលរួមក្នុងពិធីបុណ្យបែបពុទ្ធសាសនាមួយ ដែលមានឈ្មោះថា «ពិធីបុណ្យវិសាខបូជា»។
ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនា ខេត្តពោធិ៍សាត់ លោក ខឹម ញៀម មានប្រសាសន៍ថាឆ្នាំនេះ ពិធីបុណ្យវិសាខបូជាបានប្រព្រឹត្តទៅអធិកអធមជាងបណ្ដាឆ្នាំមុនៗ ដោយមកពីឆ្នាំនេះ គឺជាខួបគម្រប់ ២៦០០ ឆ្នាំ នៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ។
លោកប្រធានមន្ទីរធម្មការខេត្តក៏បានឲ្យដឹងដែរថា ពិធីបុណ្យនេះប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រមទាំងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីក្នុងទូទាំងខេត្តពោធិ៍សាត់ប្រមាណ ១ ម៉ឺន ៥ ពាន់នាក់បានចូលរួមក្នុងពិធីបុណ្យនេះ។
លោក ខឹម ញៀម ៖ «បើយើងនិយាយទៅពិធីបុណ្យនេះយើងធ្វើជារៀងរាល់ឆ្នាំ។ឆ្នាំនេះយើងធ្វើធំខុសពីឆ្នាំមុនៗ។ ឆ្នាំទៅយើងនិមន្តរាប់បាត្រព្រះសង្ឃតែ ៥០០ អង្គ។ តែឆ្នាំនេះយើងគម្រោង ១ ពាន់អង្គតែដល់ធ្វើទៅឡើងដល់ ១.៣០០ អង្គឯណោះ។នេះយើងយកតែពី ៦៨ វត្តក្នុងទូទាំងខេត្ត ដែលមានដល់ទៅ ១៧០ វត្តឯណោះ។ វត្តមួយចំនួនដូចជានៅបាកាន នៅក្រគរគេក៏ធ្វើនៅតាមវត្តរៀងៗ ខ្លួនផងដែរ»។
ពិធីបុណ្យនេះ និងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១១ ត្រូវនឹងថ្ងៃ ១៤ កើតដល់ថ្ងៃ ១ រោច ខែពិសាខ ដែលជាថ្ងៃចាប់ផ្ដើមពុទ្ធសករាជ ២៥៥៥។ការរាប់បាត្រព្រះសង្ឃប្រព្រឹត្តទៅតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០១១ ត្រូវនឹងថ្ងៃ ១៥ កើតខែពិសាខ។ ព្រះសង្ឃ ១.៣០០ អង្គត្រូវបាននិមន្តមកពីអារាមចំនួន ៦៨ ក្នុងចំណោមអារាមចំនួន ១៧០ ក្នុងខេត្តពោធិ៍សាត់។
ឯកសារក្រសួងធម្មការបង្ហាញថា ក្នុងប្រទេសកម្ពុជាមានអារាមចំនួន ៤.១៣៥ និងមានព្រះសង្ឃ ៥៧.៥០៦ អង្គគង់ក្នុងអារាមទាំងនោះ។
អាចារ្យ អ៊ឺន ឡៅពី ប្រធានគណៈកម្មការអាចារ្យប្រចាំខេត្តពោធិ៍សាត់បានឲ្យដឹងថា ក្នុងចំណោមពិធីបុណ្យនានា តាមបែបពុទ្ធសាសនា វិសាខបូជា គឺជាពិធីបុណ្យ ដែលធំជាងគេក្នុងបណ្ដាពិធីបុណ្យទាំងនោះ។
លោកពន្យល់អំពីមូលហេតុ ដែលញ៉ាំងឲ្យវិសាខបូជាក្លាយជាពិធីបុណ្យធំជាងក្នុងបណ្ដាពិធីបុណ្យនានា ក្នុងពុទ្ធសាសនានោះថា ៖ «ទី១ គឺរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់ប្រសូត។ ទី២ គឺព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ជាព្រះពុទ្ធក្នុងលោក។ ទី៣គឺព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាន ហើយយើងចង់យកព្រះឱវាទរបស់ព្រះអង្គមកបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់យើងឲ្យបានយល់ដឹងថា តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យទទួលបាននូវសេចក្ដីសុខទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ»។
អ្នកស្រី អួង សាមើ អាយុ ៥៨ ឆ្នាំមានទីលំនៅ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបានមកចូលរួមក្នុងពិធីរាប់បាត្រព្រះសង្ឃជាង ១ ពាន់ អង្គនោះថ្លែងថា អ្នកស្រីមានចិត្តជ្រះថ្លាក្នុងការចូលរួមពិធីបុណ្យនេះ ៖ «មករាប់បាត្រក្នុងបំណងសុំឲ្យជួបតែនឹងព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ»។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា ថ្លែងថា ពិធីបុណ្យនេះក៏មានគោលបំណងដើម្បីឧទ្ទិសកុសល ផលបុណ្យថ្វាយព្រះមហាក្សត្រជូនថ្នាក់ដឹកនាំជាន់ខ្ពស់ និងយុទ្ធជន ដែលកំពុងការពារជាតិមាតុភូមិផងដែរ៕