វៀតណាម​ឃុំ​ខ្លួន​ខ្មែរ​ក្រោម​ម្នាក់​ចោទ​ថា​ដឹក​នាំ​ធ្វើ​កូដកម្ម

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​រួប ឈ្មោះ តាំង ធុយ (Tang Thuy) ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ខែត្រ​ឃ្លាំង ចាប់​ឃុំ​ខ្លួន​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ គឺ​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ក្រោម​បទ​ចោទ​ថា បានដឹកនាំធ្វើកូដកម្ម និងទាក់ទងជាមួយអ្នករស់នៅឯបរទេស។
ដោយ ទីន ហ្សាការីយ៉ា
2011.03.26
Share on WhatsApp
Share on WhatsApp

លោក តាំង ធុយ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា មេ​ប៉ុស្តិ៍​នគរបាល​វៀតណាម ឃុំ​វៀនប៊ិន (VienBinh) បាន​ចេញ​លិខិត​កោះ​ហៅ​លោក​ឲ្យ​ទៅ​បំពេញ​បែបបទ​បញ្ជី​គ្រួសារ ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ពេល​ខាង​មុខ។ ផ្ទុយ​ទៅ​វិញ លោក តាំង ធុយ បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​បញ្ជូន​រូប​លោក​ពី​ឃុំ​វៀនប៊ិន ទៅ​ឃុំ​ខ្លួន​នៅ​ខែត្រ​ឃ្លាំង ហើយ​ចោទ​លោក​ថា បាន​ដឹកនាំ​ព្រះសង្ឃ​ធ្វើ​កូដកម្ម កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០០៧ និង​បាន​ទាក់ទង​ជាមួយ​បង​ប្អូន​រស់​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​ប្រទេស​អាមេរិក និង​ប្រទេស​ដទៃ​ទៀត​ជាដើម។

លោក តាំង ធុយ បាន​អះអាង​ថា នៅ​មុន​ពេល​គេ​បាន​ដោះលែង​រូប​លោក​ចេញ​ពី​កន្លែង​ឃុំឃាំង​នៃ​ខែត្រ​ឃ្លាំង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១១ អាជ្ញាធរ​វៀតណាម ខែត្រ​ឃ្លាំង បាន​បង្ខំ​ឲ្យ​លោក​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​ទាក់ទង​ជាមួយ​អ្នក​សារព័ត៌មាន និង​អ្នក​រស់​នៅ​ឯ​បរទេស​ឡើយ ៖ «គេ​ដាក់​គំនាប​យ៉ាង​ធ្ងន់ធ្ងរ​ដើម្បី​គេ​បំភិតបំភ័យ​ឲ្យ​យើង​ភ័យ​ខ្លាច មិន​ឲ្យ​យើង​បញ្ចេញ​មតិ​បាន សង្កត់​យក ដើម្បី​មិន​ឲ្យ​យើង​ងើប​ឡើង​រួច»

លោក តំាង ធុយ ធ្លាប់​បាន​ចូល​រួម​ជាមួយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ ២០០​នាក់ ធ្វើ​កូដកម្ម​អហិង្សា​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ដែល​អាជ្ញាធរ​វៀតណាម បាន​គាប​សង្កត់​មិន​ឲ្យ​ធ្វើការ​បិណ្ឌបាត និង​បង្ខំ​ឲ្យ​ព្រះសង្ឃ​ធ្វើ​ភ្នាក់ងារ​សម្ងាត់​របស់​អាជ្ញាធរ​វៀតណាម ជា​ដើម។

បន្ទាប់​ពី​លោក​បាន​ចូល​រួម​ធ្វើ​កូដកម្ម​កាល​ពី​ឆ្នាំ​២០០៧​នោះ លោក តាំង ធុយ បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល ១៣​ខែ ដើម្បី​គេច​ពី​អាជ្ញាធរ​វៀតណាម តាម​ចាប់​ខ្លួន ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៨ លោក​បាន​ចូល​ទៅ​រស់​នៅ​ក្នុង​ឃុំ​វៀនប៊ិន ខែត្រ​ឃ្លាំង ដល់​បច្ចុប្បន្ន​វិញ។

នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១១​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​វៀតណាម ខែត្រ​ឃ្លាំង អំពី​ការ​ចាប់​ឃុំ​ខ្លួន​លោក តាំង ធុយ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ បាន​នៅ​ឡើយ៕

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
ព័ត៌មាន​ថ្មីៗ
លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។