កងទ័ព​វៀតណាម​កាប់​ឈើ​នៅ​ស្រុក​ឡាវ

អង្គការ​ឃ្លាំ​មើល​ឧក្រិដ្ឋកម្ម​លើ​បរិស្ថាន ជា​ធន​ធាន​ធម្មជាតិ​ដែល​មាន​ទី​ចាត់ការ​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា​ក្រុមហ៊ុន​មួយ ដែល​កងទ័ព​ប្រជា​ជន​វៀតណាម​បង្កើត​ឡើង​ជា​វាំងនន​បិទ​បាំង ឈ្មោះ​ថា ក្រុមហ៊ុន​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​វៀតណាម (COECCO) មាន​ជំពាក់ជំពិន​នឹង​សកម្មភាព​ធ្វើ​អាជីវកម្ម​កាប់​ឈើ ដឹក​ឈើ​ពី​ប្រទេស​ឡាវ ចូល​ប្រទេស​វៀតណាម ដើម្បី​កែ​ច្នៃ​ជា​គ្រឿង​សង្ហារិម​សម្រាប់​នាំ​ចេញ​ទៅ​បរទេស។

ភ្នាក់ងារ​ស៊ើបអង្កេត​រឿង​បរិស្ថាន​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Environmental Investigation Agency (EIA) បាន​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​នៅ​ខែ​កក្កដា ឆ្នាំ​២០១១ នេះ អំពី​ការ​កាប់​ព្រៃ​ឈើ​ធ្វើ​អាជីវកម្ម​ដ៏​គគ្រឹកគគ្រេង នៅ​ក្នុង​ប្រទេស​ឡាវ ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម ដែល​ជា​ក្រុមហ៊ុន​របស់​កងទ័ព​ប្រជា​ជន​បដិវត្តន៍​វៀតណាម បង្កើត​ឡើង​សម្រាប់​រក​ស៊ី​កាប់​ដឹក​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។ ការ​ស៊ើបអង្កេត​ពី​ភ្នាក់ងារ EIA ដែល​ផ្សាយ​ក្នុង​របាយការណ៍ ២៤​ទំព័រ នោះ ឆ្លុះ​បញ្ចាំង​អំពី​ជីវភាព​ជន​ជាតិ​ឡាវ នៅ​តំបន់​មាន​អាជីវកម្ម​ព្រៃ​ឈើ ដូច​ជា​ក្នុង​ខេត្ត​អាតូពើ (Attopeu) ជា​ដើម មិន​ខុស​ពី​ជីវភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ឡើយ។ ក្រុមហ៊ុន​របស់​កងទ័ព​វៀតណាម បាន​កាប់​រំលំ​ដើម​ឈើ​ធំៗ យ៉ាង​វាល​សន្ធឹង ហើយ​គេ​ចាប់​យក​ដី​ធ្វើ​ចម្ការ​កៅស៊ូ។

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ព្រៃ​ឈើ​របស់​វៀតណាម​សម្រាប់​ពី​ឆ្នាំ​២០០៦ ដល់ ២០២០ គឺ​ធ្វើ​យ៉ាង​ណា​រក​ដី​ព្រៃ​ឈើ​ឲ្យ​បាន ១៦​លាន​ហិកតារ សម្រាប់​ផ្ដល់​ផល​យូរ​អង្វែង។ ឆ្នាំ​២០០៨ ក្រុម​ឃ្លាំ​មើល​អាជីវកម្ម​នាំ​ចូល​ឈើ​ហ៊ុប និង​ឈើ​ច្រៀក​ពី​ឡាវ ចូល​វៀតណាម ប៉ាន់​ស្មាន​ថា ក្រុមហ៊ុន​វៀតណាម​នាំ​ឈើ​បរិមាណ ៥​សែន​កូប​ពី​ឡាវ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ១៣០​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។ របាយ​ការណ៍​និយាយ​ថា ទំនាក់​ទំនង​រវាង​វៀតណាម និង​ឡាវ មាន​តាំង​ពី​ទសវត្ស​១៩៧០ តាម​រយៈ​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​បែប​ណា​មួយ​ដ៏​ច្រើន ដែល​ធ្វើ​ឲ្យ​វៀតណាម​មាន​ទី​តាំង​ពិសេស ដើម្បី​រក​ស៊ី​នៅ​ឡាវ​ប្រសើរ​ជាង​ចិន។ វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន ១៥២​គម្រោង គិត​ជា​ទឹក​ប្រាក់​មាន​ជិត ៣​ពាន់​លាន​ដុល្លារ។

ឈើ​ហ៊ុប​ដឹក​ពី​ឡាវ​ឆ្លង​កាត់​ច្រក​បូអ៊ី ក្នុង​ខេត្ត​អាតូពើ ប៉ែក​ខាង​ត្បូង​ប្រទេស​ប្រមាណ​៩៥% លាប​ពណ៌​បៃតង សរសេរ​ជា​ភាសា​វៀតណាម មាន​ន័យ​ថា ក្រុមហ៊ុន​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ក្រសួង​ការ​ពារ​ជាតិ ដែល​គ្រប់គ្រង​ដោយ​យោធ​ភូមិ​ភាគ​ទី​៤ រួច​ដឹក​ចែក​ចាយ​ទៅ​តាម​រោង​ចក្រ​អារ​ឈើ និង​ផលិត​គ្រឿង​សង្ហារិម​នៅ​ខេត្ត​ដាណាង វិញ ហាណូយ ព្រៃនគរ និង​គ្វីញ៉ើន។ នាយក​នៃ​អង្គការ​ក្រុម​អ្នក​ឃ្លាំ​មើល​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ លោក Julian Newman ចាត់​ទុក​ការ​ដឹក​ឈើ​ឆ្លង​ដែន​ពី​ឡាវ​ទៅ​វៀតណាម ផុស​ចេញ​ពី​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បទេស​វៀតណាម ង្វៀង ផួង ង៉ា (Nguyen Phuong Nga) បាន​បដិសេធ​ថា យោធា​វៀតណាម​ឥត​មាន​ទាក់​ទង​នឹង​សកម្មភាព​បំពាន​ច្បាប់​នោះ​ទេ។ លោក Julian Newman ថ្លែង​ថា វៀតណាម​ចេះ​ទទួល​ស្គាល់​នូវ​សេចក្ដី​ត្រូវ​ការ ដើម្បី​ថែ​រក្សា​ការ​ពារ​ព្រៃ​ឈើ​របស់​ខ្លួន តែ​ក្នុង​ពេល​ជា​មួយ​គ្នា កំពុង​តែ​យក​ព្រៃ​ឈើ​ឥត​រើស​មុខ​ពី​អ្នក​ជិត​ខាង​របស់​ខ្លួន។ ក្នុង​ឆ្នាំ​២០១០ សហភាព​អឺរ៉ុប​ធ្វើ​ច្បាប់​ហាម​ប្រាម​មិន​ឲ្យ​មាន​ឈើ​ច្រៀក​បាន​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់ ដាក់​លក់​ក្នុង​ទីផ្សារ​របស់​ខ្លួន ហើយ​នឹង​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​២០១៣។ នៅ​ឆ្នាំ​២០០៨ សភា​អាមេរិកាំង​បាន​ធ្វើ​ច្បាប់​មួយ​ឈ្មោះ Lacey Act ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ឈើ ប្រកាស​អំពី​ប្រភព និង​ប្រភេទ​ឈើ​នាំ​ចូល ស.រ.អា៕