គណៈប្រតិភូ​សភា​វៀតណាម​បញ្ចប់​ទស្សនកិច្ច​កម្ពុជា

ប្រភព​ពី​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​មួយ​ក្រុម​នៃ​សភា​ប្រទេស​វៀតណាម បាន​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ពុធ ទី​២៩ ធ្នូ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ កន្លង​ទៅ។

មន្ត្រី​ផ្នែក​ព័ត៌មាន​របស់​រដ្ឋ​សភា លោក កែម សុផាន់​ណា អះអាង​ថា សមាជិក​សភា​វៀតណាម ដែល​មាន​គ្នា ៧​នាក់ រួម​ទាំង​ជំនួយ​ការ​ចំនួន ៥​នាក់​ផង ដឹក​នាំ​ដោយ​លោក ង្វៀន ឌឹក​គៀន (Nguyen Duc Kien) ដែល​ជា​អនុ​ប្រធាន​សភា​វៀតណាម បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​និង​លោក ងួន ញិល អនុ​ប្រធាន​សភា​ទី​១ នៃ​ប្រទេស​កម្ពុជា។

ជំនួប​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​សភា​នៃ​ប្រទេស​ទាំង​ពីរ និង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ផ្នែក​ព័ត៌មាន​វិទ្យា របស់​វៀតណាម សម្រាប់​កម្ពុជា។

លោក កែម សុផាន់ណា ថ្លែង​បញ្ជាក់​ដូច្នេះ ៖ "កាល​ពី​មុន គាត់​បាន​មាន​គម្រោង​ជួយ​ខាង​ភាគី​កម្ពុជា តាំង​ពី​ឆ្នាំ​មុន​ម្ល៉េះ ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មក​នៅ​ថ្ងៃ​២៦ គាត់​យក​អា​ណឹង​មក​ជូន"

នេះ​មិន​មែន​ជា​ដំណើរ​ទស្សនៈ​កិច្ច​លើក​ទី​១ របស់​សភា​វៀតណាម​មក​កាន់​កម្ពុជា​ឡើយ។ ដំណើរ​ទស្សនកិច្ច​របស់​សភា​វៀតណាម មក​កាន់​កម្ពុជា ត្រូវ​គេ​រាយ​ការណ៍​ថា បាន​ធ្វើ​ឡើង​ប្រហែល​ជាង ១០​ដង​រួច​មក​ហើយ៕