ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​គ្រោះ​អគ្គីភ័យ​នៅ​ប៉ោយប៉ែត

ស្ត្រី​មាន​ផ្ទៃពោះ ៥​ខែ​ម្នាក់ បាន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​គ្រោះ​អគ្គីភ័យ​ភ្លើង​ឆេះ​ផ្ទះ​មួយ នៅ​ចំ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន (២ កុម្ភៈ) ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
ដោយ សួន សុផលមុន្នី
2011.02.03
Share on WhatsApp
Share on WhatsApp

ចៅ​សង្កាត់​ប៉ោយប៉ែត លោក សាន ស៊ានហូ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្សត្តិ៍ ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១១​នេះ​ថា គ្រោះ​អគ្គីភ័យ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១១ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ។

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ផ្ទះ​ហ្នឹង​ផ្ទះ​ស័ង្កសី ជញ្ចាំង​កៅស៊ូ ពេល​ដែល​ឆេះ​ហ្នឹង​ស្ត្រី​ម្នាក់​ទម្ងន់ ពោះ​ធំ ៥​ខែ ចេញ​មិន​ទាន់ មិន​ដឹង​ថា របៀប​ម៉េច​បាន​ជា​គាត់​ចេញ​មិន​ទាន់ ប៉ុន្តែ​មាន​កូន​មួយ​ដែល​យើង​យក​ចេញ​បាន។ ពេល​យើង​ពន្លត់​ទៅ​ហ្នឹង ឃើញ​មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់ យើង​សង្គ្រោះ​អត់​ទាន់។ បើ​តាម​ការ​សន្និដ្ឋាន និង​ការ​សាកសួរ ប្រហែល​ជា​គាត់​ដូច​ជា​ភ័យ ពេល​ហ្នឹង​គាត់​រក​បើក​ទ្វារ​ចេញ​អត់​រួច។ តាម​ពិត​ផ្ទះ​ជញ្ជាំង​កៅស៊ូ​សោះ ជញ្ជាំង​ហ្នឹង​ឆាបឆេះ​លឿន​ពេក ឡាន​ទឹក​យើង​ក៏​អន្តរាគមន៍​បាន​លឿន​ទាន់​ពេល​វេលា​ដែរ ក៏​ប៉ុន្តែ​ធម្មតា​ផ្ទះ​ជញ្ជាំង​កៅស៊ូ​វា​ឆេះ​ឆាប​លឿន»

ទោះ​យ៉ាង​ណា ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​ធ្វើការ​សន្និដ្ឋាន​ពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គីភ័យ​នេះ​ទេ ប៉ុន្តែ​គេ​សង្ស័យ​ថា ភ្លើង​ឆេះ​នោះ​អាច​បណ្ដាល​មក​ពី​ការ​ឆេះ​ក្រណាត់​ដោយ​ភ្លើង​ទៀន ធូប ដែល​គេ​ដុត​សែន​កុងម៉ា ក្នុង​ថ្ងៃ​សែន​ដំបូង​នៃ​ប្រពៃណី​បុណ្យ​ចូល​ឆ្នាំ​ចិន។

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ចំនួន ៤​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នោះ មាន​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី​ចំនួន ១២​នាក់ ក្នុង​នោះ​មាន​ស្រី ៧​នាក់ ស្លាប់​ម្នាក់ ត្រូវ​បាន​ខាង​សាខា​កាកបាទ​ក្រហម​នាំ​យក​ជំនួយ​ទៅ​ឧបត្ថម្ភ​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១១។ ចំណែក​ឯ​សាកសព​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត ត្រូវ​បាន​គេ​យក​ទៅ​ដាក់​តម្កល់​នៅ​វត្ត​មួយ​ក្នុង​សង្កាត់​ប៉ោយប៉ែត ដើម្បី​ធ្វើ​បុណ្យ​សព៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។