កម្មកររោងចក្រកាត់ដេរ Nugget Textile ទាមទារឲ្យថៅកែគោរពច្បាប់ការងារ
2011.08.05

កូដកម្មរបស់កម្មករកម្មការិនីបានកើតឡើងនៅរោងចក្រ ណាក់ហ្គេត ថិចស្តាយ (Nugget Textile) ដែលមានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុននេះគោរពច្បាប់ការងារ និងបញ្ឈប់ការរើសអើងថ្នាក់ដឹកនាំសហជីពក្នុងរោងចក្រ។
ក្រុមកម្មករកម្មការិនីនិងមន្ត្រីសហព័ន្ធសហជីពនៃរោងចក្រ ណាក់ហ្គេត ថិចស្តាយ Nugget Textile បាននាំគ្នាធ្វើការទប់ស្កាត់មិនឲ្យក្រុមហ៊ុននេះដឹកទំនិញចេញពីរោងចក្រ ដោយចោទប្រកាន់ថា ថៅកែបានបញ្ឈប់ស្ត្រីមានផ្ទៃពោះពីការងារ និងមិនគោរពច្បាប់ស្ដីពីការងារនៃប្រទេសកម្ពុជា។
ប្រធានសហភាពជាតិកម្ពុជាការងារកម្មករ លោក សាត់ ឈាងហួ បានឲ្យដឹងនៅថ្ងៃទី៤ សីហា ថា ក្នុងចំណោមកម្មកររោងចក្រនេះជាង៦រយនាក់ មានកម្មករតែជាង១រយនាក់ ប៉ុណ្ណោះដែរបានចូលធ្វើការ ដោយសារតែពួកគេមានការព្រួយបារម្ភខ្លាចបាត់បង់ការងារ។លោកថា អ្វីដែលនាំឲ្យកម្មករមានសន្ទុះក្នុងការទាមទារនៅថ្ងៃនេះដោយព្រោះតែក្រុមហ៊ុនបានបញ្ឈប់ស្ត្រីមានផ្ទៃពោះ២នាក់ ជាបន្តបន្ទាប់ ដោយសារពួកគេមិនព្រមទទួលយកកិច្ចសន្យាការងារថ្មី។
លោក សាត់ ឈាងហួ ៖ «ចំណុចក្ដៅថ្ងៃនេះ គឺថៅកែបញ្ឈប់កម្មករ ដែលមានផ្ទៃពោះ។ មួយទៀតទាក់ទងទៅនឹងការរើសអើងសហជីព បិទសិទ្ធិសេរីភាពរបស់សហជីពកម្មករ។ សុំច្បាប់ក៏ធ្វើការព្រមានដែរ។ បំបិទសិទ្ធិសេរីភាពរបស់កម្មករ អត់បានអនុវត្តតាមច្បាប់ការងារ»។
កម្មការិនីមួយរូបក្នុងចំណោមអ្នកតវ៉ាជាច្រើនរូប ដែលកំពុងឈរតវ៉ានៅមុខរោងចក្រ កញ្ញា ផាន់ តូយ បានថ្លែងថា កម្មករទាមទារឲ្យថៅកែក្រុមហ៊ុនគោរពទៅតាមលក្ខខ័ណ្ឌនិងច្បាប់ស្ដីពីការងារចំនួន១០ចំណុច ក្នុងនោះមានដូចជា ក្រុមហ៊ុនមិនត្រូវបង្ខំកម្មករឲ្យធ្វើការថែមម៉ោង ត្រូវផ្ដល់ប្រាក់ធ្វើដំណើរឲ្យកម្មករទាំងអ្នកចាស់ និងអ្នកទើបចូលធ្វើការថ្មី ក្រុមហ៊ុនត្រូវចេញថ្លៃព្យាបាលនៅពេលកម្មករគ្រោះថ្នាក់ការងារ ក្រុមហ៊ុនត្រូវអនុញ្ញាតច្បាប់សម្រាលមាតុភាព និងរក្សាប្រាក់ឈ្នួលដល់កម្មករ មួយចំណុចទៀត កម្មករធ្វើការលើសពីពីរឆ្នាំត្រូវក្លាយជាកម្មករមិនកំណត់កិច្ចសន្យា ឬពេញសិទ្ធិ និងមិនត្រូវរើសអើងថ្នាក់ដឹកនាំសហជីពជាដើម។
កញ្ញា ផាន់ តូយ ៖ «កម្មករខ្ញុំទាំងអស់គ្នាហ្នឹង តវ៉ាពីរឿងលុយផ្លូវហ្នឹងឲ្យមិនស្មើភាពគ្នា លុយធ្វើដំណើរណា។ អ្នកថ្មីប្រហែលជាមួយឆ្នាំចុះក្រោមអត់បាន។ បញ្ឈប់អ្នកពោះធំអត់មានមូលហេតុ ហើយបំណាច់ឆ្នាំ ធ្វើមួយឆ្នាំអីបើកអត់បានទេ ទាល់តែមួយឆ្នាំទៅមុខទៀតបានបើកបាន។ ថៅកែហ្នឹងឆ្លើយថា អ្នកធ្វើកើតធ្វើ អ្នកធ្វើមិនកើតឲ្យចេញ។ ក្រុមហ៊ុនហ្នឹងមើលងាយកម្មករ អត់ឲ្យតម្លៃពួកខ្ញុំទេ»។
វិទ្យុអាស៊ីសេរីនៅពុំអាចទាក់ទងដើម្បីសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបានទេ រហូតមកដល់រសៀលថ្ងៃទី៤ សីហា ដោយសារតែកិច្ចជំនួបរវាងអាជ្ញាធរដែនដី ភាគីថៅកែក្រុមហ៊ុន តំណាងកម្មករ មន្ត្រីដោះស្រាយវិវាទការងារនៃក្រសួងការងារ និងមន្ត្រីសហព័ន្ធសហជីព កំពុងជួបចរចាគ្នាស្វែងរកដំណោះស្រាយនៅឡើយ។
ប្រភពពីមន្ត្រីសហជីពបានឲ្យដឹងថា លទ្ធផលបឋមនៃការចរចាគ្នានោះ ភាគីថៅកែរោងចក្រ បានយល់ព្រមចំនួន ២ ចំណុចហើយ រួមមានក្រុមហ៊ុនលែងបង្ខំឲ្យកម្មករធ្វើការថែមម៉ោង ហើយបើធ្វើទាល់តែមានការព្រមព្រៀងគ្នា និងចំណុចទី២ ក្រុមហ៊ុននឹងចំណាយថ្លៃព្យាបាលដល់កម្មករ នៅពេលមានគ្រោះថ្នាក់ការងារ ដែលរក្សាទុកនូវប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំផ្សេងៗ ទៀត៕