ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក

ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក ជា​ជំងឺ​ភ្នែក​មួយ​ប្រភេទ​ដែល​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​រំខាន​ដល់​ការ​មើល។ ក៏ប៉ុន្តែ ជំងឺ​នេះ​អាច​ព្យាបាល​បាន។ តើ​ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក មាន​លក្ខណៈ​បែប​ណា​ខ្លះ?
ដោយ ឡេង ម៉ាលី
2013.11.26

ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក គឺ​ជា​ជំងឺ​រលាក​ម្យ៉ាង​កើត​ឡើង​នៅ​បំពង់​សម្រាប់​បង្ហូរ​ទឹក​ភ្នែក​ចុះ​មក​ច្រមុះ ដែល​នៅ​គល់​ភ្នែក​យើង​ទាំង​សង​ខាង។

គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ភ្នែក ឱ្យ​ដឹង​ថា ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ។ ក៏ប៉ុន្តែ ជា​ទូទៅ ជំងឺ​នេះ​ច្រើន​កើត​មាន​លើ​កុមារ​តូចៗ ដែល​កើត​មក​មាន​បញ្ហា​ស្ទះ​រន្ធ​ទឹក​ភ្នែក​នេះ​ពី​កំណើត ឬ​ដោយសារ​តែ​កុមារ​ទាំង​នោះ​មាន​បំពង់​បង្ហូរ​ទឹក​ភ្នែក​តូច​ចង្អៀត។

ទាក់ទង​នឹង​មូលហេតុ​នេះ​ដែរ គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ លោក​វេជ្ជបណ្ឌិត កាក់ វឌ្ឈនៈ មាន​ប្រសាសន៍​បញ្ជាក់​ថា កុមារ​ដែល​មាន​ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក​ភាគ​ច្រើន មិន​មាន​អ្វី​ជា​បញ្ហា​ធំ​ដុំ​ទេ ព្រោះ​អាច​ធូរ​ស្បើយ​ទៅ​វិញ​នៅ​ពេល​ដែល​គេ​ចម្រើន​វ័យ ហើយ​បំពង់​បង្ហូរ​ទឹក​ភ្នែក​នោះ​លូតលាស់​ធំ​បន្តិច៖ «ក្មេង​ភាគ​ច្រើន​វា​ស្ទះ​តែ​មួយ​រយៈ ពេល​វា​ធំ​អាយុ ៥​ខែ ឬ ៦​ខែ គឺ​វា​បាត់​ទៅ​វិញ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ធំ​ចាស់​អី​ហ្នឹង​ពី​អាយុ ២០ ទៅ ៣០​ឆ្នាំ​ទៅ​ហ្នឹង គឺ​ចាប់​មាន​ហើយ។ ប៉ុន្តែ​ភាគ​ច្រើន​អាយុ​ហា​ជាង​អី​ហ្នឹង​សម្បូរណ៍ ហ្នឹង​ទាក់ទង​រលាក​ផ្លូវ​ទឹក​ភ្នែក​យើង​ហ្នឹង។ ហើយ​ជំងឺ​មួយ​ចំនួន​ធ្វើ​ឱ្យ​គាត់​រលាក​ទៅ វា​ស្អិត​រន្ធ​ទឹក​ភ្នែក​ទៅ អ៊ីចឹង​ធ្វើ​ឱ្យ​ភ្នែក​យើង​អត់​ចូល​ទៅ​បាន វា​ចេះ​តែ​ហៀរ​ចេញ​មក​ក្រៅ។ ភាគ​ច្រើន​បណ្ដាល​មក​ពី​មេរោគ​ដែល​ធ្វើ​ឱ្យ​រលាក​រន្ធ​ទឹក​ភ្នែក​គាត់ ធ្វើ​ស្អិត​ជាប់​គ្នា​ទៅ​ស្ទះ​រន្ធ​ហ្នឹង»

ក្រៅ​ពី​នេះ មូលហេតុ​ខ្លះ​ទៀត​ដែល​នាំ​ឱ្យ​កើត​ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក ចំពោះ​មនុស្ស​ចាស់ ជា​ធម្មតា​ដោយសារ​តែ​បំពង់​បង្ហូរ​ទឹក​ភ្នែក​រួម​តូច បណ្ដាល​មក​ពី​ឆ្អឹង​ដែល​នៅ​ជុំវិញ​នោះ​បន្ត​ដុះ​ខុស​ធម្មតា។ បំពង់​បង្ហូរ​ទឹក​ភ្នែក​អាច​ស្ទះ​បណ្ដាល​មក​ពី​របួស ឬ​ការ​ប៉ះ​ទង្គិច​ភ្នែក ឬ​ច្រមុះ ដូច​ជា ការ​បាក់​ឆ្អឹង​ខ្ទង់​ច្រមុះ ឬ​ការ​ដុះ​សាច់​ក្នុង​ច្រមុះ​ជាដើម។

រោគ​សញ្ញា៖

ចំពោះ​រោគ​សញ្ញា​សម្រាប់​ជំងឺ​ស្ទះ​រន្ធ​បង្ហូរ​ទឹក​ភ្នែក លោក​វេជ្ជបណ្ឌិត កាក់ វឌ្ឍនៈ ពន្យល់​ថា មាន​ជា​សំខាន់ គឺ​ឈឺ​ឡើង​ក្រហម ហើម​នៅ​ដើម​ភ្នែក​ខាង​ក្រោម៖ «សញ្ញា​ទី​មួយ គឺ​ហូរ​ទឹក​ភ្នែក។ ហូរ​ទឹក​ភ្នែក​រហូត​ទាំង​យប់​ទាំង​ថ្ងៃ។ មួយ​ទៀត គាត់​មាន​អារម្មណ៍​ឈឺ​នៅ​គល់​ភ្នែក​យើង​ហ្នឹង។ អា​ហ្នឹង​ពេល​វា​រលាក​ខ្លាំង បង្ក​មក​ពី​មេរោគ​ខ្លាំង វា​ធ្វើ​ឱ្យ​គាត់​ឈឺ​ហើម។ ជួន​កាល​វា​អាច​ធ្លាយ​នៅ​ម្ដុំ​គល់​ភ្នែក​ហ្នឹង ធ្លាយ​ថង់​ទឹក​ភ្នែក​យើង​ហ្នឹង ដូច​បូស​អ៊ីចឹង។ គល់​ភ្នែក​ហ្នឹង វា​មាន​ថង់​នៅ​ពី​ក្រោម​ហ្នឹង។ អ៊ីចឹង​ពេល​មាន​មេរោគ​ករ​នៅ​កន្លែង​ហ្នឹង​យូរ​ទៅ ទៅ​ជា​ដូច​បូស​អ៊ីចឹង ធ្លាយ​ហើម​មួយ​ចំហៀង​មុខ មាន​ការ​ឈឺ​ចាប់​ខ្លាំង។ វា​អាច​បណ្ដាល​ឱ្យ​ក្ដៅ​ខ្លួន​នៅ​ពេល​វា​មាន​ហើម​មុខ​ខ្លាំង​ទៅ ធ្វើ​ឱ្យ​យើង​ក្ដៅ​ខ្លួន។ ហ្នឹង​គឺ​ពួក​មេរោគ​មាន​អ៊ីនហ្វិចហ្សិន (Infection បង្ក​រោគ) នៅ​កន្លែង​ហ្នឹង មាន​ន័យ​ថា​ក្ដៅ​ខ្លួន​ហើយ»

ការ​ព្យាបាល៖

រីឯ​ការ​ព្យាបាល​វិញ លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា នៅ​ពេល​ណា​បំពង់​បង្ហូរ​ទឹក​ភ្នែក​ស្ទះ ការ​ព្យាបាល​មាន​តែ​វិធី​វះ​កាត់​ទេ​ដែល​អាច​ជួយ​បើក​ឱ្យ​បំពង់​ទឹក​ភ្នែក​ស្រឡះ​វិញ​បាន៖ «ក្មេង​បើ​មាន​ពី​កំណើត​មក ភាគ​ច្រើន​វា​បាត់​ទៅ​វិញ។ គេ​គ្រាន់​តែ​មាន​វិធី​ព្យាបាល ម៉ាស្សា​កន្លែង​ថង់​ទឹក​ហ្នឹង ហើយ​គេ​គ្រាន់​តែ​ដាក់​ថ្នាំ​ការពារ​កុំ​ឱ្យ​វា​ឡើង​ហើម​ធ្លាយ​ដូច​បូស។ ភាគ​ច្រើន​ក្មេង​វា​បាត់​ទៅ​វិញ​ពេល ៦​ខែ ៨​ខែ​អី​ហ្នឹង វា​បាត់​ទៅ​វិញ។ អា​ហ្នឹង​នៅ​ពេល​កើត​ជំងឺ​ហ្នឹង​ហើយ ទាល់​តែ​មក​ពេទ្យ​ភ្នែក។ ពេទ្យ​ភ្នែក​គេ​មាន​វិធី​លាង​មើល​រន្ធ​ហ្នឹង តើ​វា​ស្ទះ​នៅ​កន្លែង​ណា។ អ៊ីចឹង​គេ​ត្រូវ​ធ្វើ​ការ​វះ​កាត់។ មាន​តែ​វះ​កាត់​ទេ​ដែល​ធ្វើ​ឱ្យ​យើង​បាត់​ហូរ​ទឹក​ភ្នែក»

ក៏ប៉ុន្តែ គ្រូពេទ្យ​ឱ្យ​ដឹង​ថា នៅ​ពេល​ណា​ជំងឺ​ស្ទះ​បំពង់​បង្ហូរ​ទឹក​ភ្នែក​បង្ក​ឡើង​ដោយ​មេរោគ ហើយ​មិន​បាន​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា ហើយ​រោគ​សញ្ញា​នោះ​ចេះ​តែ​ផ្ដុំ​ច្រើន​ឡើង​យូរៗ​ទៅ ជំងឺ​នេះ​នឹង​ក្លាយ​ទៅ​ជា​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក​រ៉ាំរ៉ៃ និង​រឹត​តែ​ពិបាក​ព្យាបាល​ឱ្យ​ជា​ណាស់។

លោក​វេជ្ជបណ្ឌិត កាក់ វឌ្ឍនៈ បញ្ជាក់​ថា ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក​មិន​មាន​ផល​វិបាក​ធ្វើ​ឱ្យ​ភ្នែក​ងងឹត​ទេ ក្រៅ​ពី​ការ​រំខាន​ខ្លះៗ៖ «ផល​វិបាក​សម្រាប់​ជំងឺ​ហ្នឹង ទី​មួយ គាត់​ហៀរ​ទឹក​ភ្នែក។ នៅ​ពេល​ហៀរ​ទឹក​ភ្នែក យើង​ចេះ​តែ​ផ្សិត​ទៅ ធ្វើ​ឱ្យ​យើង​រលាក​ភ្នែក ហើយ​មួយ​ទៀត បើ​យើង​អត់​ព្យាបាល​វា​បណ្ដាល​ដូច​បូស​អ៊ីចឹង វា​ធ្លាយ​នៅ​គល់​ភ្នែក​ហ្នឹង។ វា​មិន​បណ្ដាល​ឱ្យ​ខូច​ភ្នែក ឬ​ងងឹត​ភ្នែក​អី​ទេ​ជំងឺ​ហ្នឹង។ ផល​វិបាក គឺ​ហៀរ​ទឹក ហើយ​និង​ហើម​ធ្លាយ​ដូច​បូស»

វិធី​បង្ការ៖

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ដោយសារ​តែ​ជំងឺ​ស្ទះ​បំពង់​ទឹក​ភ្នែក​នេះ​កើត​ឡើង​ពី​កំណើត គេ​មិន​មាន​វិធី​ជាក់​លាក់​ណា​មួយ ដើម្បី​បង្ការ​ទេ​ចំពោះ​កុមារ៖ «បើ​មនុស្ស​ធំ បើ​សិន​ជា​គាត់​ឧស្សាហ៍​ឈឺ​ភ្នែក ឬ​រលាក​ភ្នែក វា​អាច​បង្ក​ការ​រលាក​រន្ធ​ទឹក​ភ្នែក​ហ្នឹង​ច្រើន​ជាង ហើយ​បើ​សិន​ជា​គាត់​កើត​ជំងឺ​ស្ទះ​រន្ធ​ទឹក​ភ្នែក​ហើយ ដើម្បី​កុំ​ឱ្យ​ធ្លាយ​ទៅ​ជា​បូស គាត់​ត្រូវ​ឧស្សាហ៍​ច្របាច់​ចេញ។ ពេល​មក​ពេទ្យ ពេទ្យ​គេ​ប្រាប់​យើង​ច្របាច់​ទៅ ព្រោះ​កន្លែង​ហ្នឹង​ជា​ថ្នក់​ទឹក។ អ៊ីចឹង​បើ​ថ្នក់​ទឹក​ដក់​ករ​ជា​ខ្ទុះ​ច្រើន ទុក​យូរ​ទៅ​វា​ទៅ​ជា​បូស។ អ៊ីចឹង​បើ​មក​ពេទ្យ​គេ​ប្រាប់​វិធី​ច្របាច់ ឧស្សាហ៍​ច្របាច់​ដាក់​ថ្នាំ​ទៅ អត់​ឡើង​ជា​បូស​ជា​អី​ទេ។ វា​គ្រាន់​តែ​ហៀរ​ទឹក​ភ្នែក​ជា​ប្រចាំ»

លោក​វេជ្ជបណ្ឌិត កាក់ វឌ្ឍនៈ ណែ​នាំ​ថា ប្រសិន​បើ​លោក​អ្នក​មាន​បញ្ហា​ចេះ​តែ​ហៀរ​ទឹក​ភ្នែក លោក​អ្នក​គប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ភ្នែក ដើម្បី​បាន​យល់​ពី​ជំងឺ​អ្វី​ជាក់​លាក់ និង​វិធី​ព្យាបាល។ ជា​ពិសេស លោក​អំពាវនាវ​ឱ្យ​អ្នក​មាន​បញ្ហា​នេះ ទៅ​ជួប​ពិគ្រោះ​ជាមួយ​លោក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​ផ្ដល់​សេវា​វះ​កាត់​ជំងឺ​ស្ទះ​រន្ធ​បំពង់​ទឹក​ភ្នែក រហូត​ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។