ផលប៉ះពាល់សុខភាពបណ្ដាលមកពីទឹកកខ្វក់
2016.12.15
ឥរិយាបថនៃការចោលសំរាម ឬកាកសំណល់ទឹក នៅតែចោទជាបញ្ហានៅឡើយ ដែលនាំឲ្យមានផលប៉ះពាល់ទៅដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។ តើផលប៉ះពាល់ដោយការចោលកាកសំណល់ចូលទៅក្នុងទឹកមានអ្វីខ្លះ? ហើយមានកត្តាអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានេះ?
បើឈរពីត្រើយម្ខាងនៃច្រាំងទន្លេបាសាក់ គឺស្ថិតនៅភូមិដើមស្លែង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ គេនឹងឃើញគំនរសំរាមនៅតាមច្រាំងទន្លេ ដែលគេបោះចោលជាពំនូក និងធ្លាក់ចូលទៅក្នុងដងទន្លេ។
ប្រជាពលរដ្ឋមួយរូបវ័យ ៥៣ឆ្នាំ លោក សុត ធី រស់នៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ បានត្អូញត្អែរអំពីការចោលកាកសំណល់ពាសវាលពាសកាល ពិសេសនៅតាមដងទន្លេនេះ។ លោកថា ជាច្រើនឆ្នាំមកហើយដែលពលរដ្ឋបានយកសំរាមនៅតាមផ្ទះរៀងៗខ្លួន មកបោះចោលនៅតាមច្រាំងទន្លេបែបនេះ។ លោកថា ថ្វីត្បិតតែមានបម្រាមពីសាលារាជធានីភ្នំពេញ ពីក្រសួងមហាផ្ទៃ ក្ដី ក៏ពលរដ្ឋមួយចំនួនមិនបានយកចិត្តទុកដាក់ដែរ និងថែមទាំងមានលូបង្ហូរចូលទន្លេទៀតផង ក្រៅអំពីក្លិនស្អុយ លោកបារម្ភអំពីការបំពុលទឹកទន្លេ ដែលពលរដ្ឋរកត្រីបរិភោគប្រចាំថ្ងៃ។
លោក សុត ធី មានប្រសាសន៍ថា៖ «យើងហូបហ្នឹងទឹកស្អាត ដល់តែយើងបោះស្បោងអីមក បោះអាជាតិគីមីអ៊ីចឹង ធ្វើឲ្យប៉ះពាល់ដល់សុខភាព ព្រោះម្នាក់ៗកែលំអទាំងអស់គ្នាទៅវាមានសុខភាពទាំងអស់គ្នា។ ដល់ម្នាក់ៗយកមកបោះអ៊ីចឹង យើងពិបាកមើលឃើញស្រាប់ហើយ ចាក់ចោលអ៊ីចឹងទៅ ម៉ូតូជិះមកបោះចោលអ៊ីចឹងទៅ។ យើងមានតួនាទីអីទៅប្រាប់គេ បើម្នាក់ៗមានស្មារតីទាំងអស់គ្នា ចង់កែលំអដងទន្លេយើងកុំយកសំរាមមកបោះចោលអ៊ីចឹង វាអាក្រក់មើល ខូចដល់សុខភាពយើងទៀត»។
ពលរដ្ឋរស់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ លោកស្រី ស៊ូ ផល្លី ថ្លែងថា នៅតំបន់លោកស្រីក៏មានក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី (CINTRI) មកប្រមូលសំរាមដែរ ប៉ុន្តែពលរដ្ឋមួយចំនួនមិនបានយកចិត្តទុកដាក់យកសំរាមទៅដាក់នៅទីប្រមូលដោយក្រុមហ៊ុននោះទេ។ ក្នុងនាមអ្នកប្រើប្រាស់ទឹកទន្លេមួយរូប លោកស្រីមានក្ដីបារម្ភខ្លាចប៉ះពាល់សុខភាព និងស្នើឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ មេត្តាចូលរួមពិនិត្យមើលបញ្ហានេះ៖ «ពីមុនអត់ទាន់មានទឹកស្អាត ខ្ញុំយកទឹកហ្នឹងមកកូរសាច់ជូរ។ ឥឡូវមានទឹកស្អាត ខ្ញុំដាក់គេមួយពាង ២ពាន់ បើរកមិនបានប្រើទឹកហ្នឹងខ្លះទៅ ខ្លាចណាមួយសុខភាពយើងអត់ល្អ ឈឺថ្កាត់អី យើងវាក្រវាអត់លុយទៅពេទ្យ។ ក្មេងខ្លះវាមានឈឺថ្កាត់អ៊ីចឹងដែរ។ ជួនវាកើតរមាស់កើតអ៊ីចឹងទៅ មកពីគេបោះសំរាមចូលក្នុងទឹក ព្រោះទឹកទន្លេទឹកល្អដែរ បើយើងចេះថែគ្នាក៏ល្អដែរ គេពីឆ្ងាយគេចេះតែមកបោះ យើងថាឲ្យគេអត់បាន។ រដ្ឋាភិបាលក៏ឲ្យគាត់ជួយអប់រំណែនាំឲ្យគាត់ដឹងខ្លួនខ្លះ»។
ប៉ុន្តែពលរដ្ឋវ័យជាង ៨០ឆ្នាំមួយរូប គឺលោកស្រី អុង អេង ជាអតីតអ្នកភូមិច្រាំងបាក់ បច្ចុប្បន្នរស់នៅភូមិដើមស្លែង មានប្រសាសន៍ថា ក្រុមហ៊ុនប្រមូលសំរាមមិនបានចូលទៅដល់កន្លែងពួកគាត់រស់នៅនោះទេ។ ប៉ុន្តែអ្វីដែលងាយបំផុត គឺមានតែវិធីបោះកាកសំណល់ចូលទៅក្នុងទន្លេ ដែលជាទម្លាប់ទៅហើយរបស់អ្នកភូមិជាច្រើនរស់នៅតាមដងទន្លេនេះ។
មានប្រសាសន៍បណ្ដើរ ដៃចង្អុលទៅបន្ទប់ឈើដែលបិទបាំងដោយផ្ទាំងក្រណាត់ ដែលគេធ្វើនៅលើមាត់ទន្លេ លោកស្រីអះអាងថា នោះគឺជាបន្ទប់ងូតទឹក និងជាទីកន្លែងបន្ទោបង់ផង ដូច្នេះពួកគាត់គ្មានជម្រើសដោយប្រើប្រាស់ទឹកទាំងញញើតញញើម៖ «បត់ជើងបន្ទប់ហ្នឹង ចោលដាក់ថង់។ យើងបោះចូលទន្លេទៅ ដល់ហើយទឹកក៏យើងប្រើហ្នឹងដែរ។ ទៅវាណាអត់ភ្លៀង វាចំហាយក្ដៅចេញមកឈួលមក។ អត់មានបង្គន់អត់មានអីអ៊ីចឹងបោះចោល ជុះទៅ ដល់ពេលស្ងួតទៅវាមិនចំហាយយើង មិនដឹងនិយាយថាម៉េច។ គេធ្វើបន្ទប់សុទ្ធតែទឹកទេនុះ ហើយខ្ញុំធ្វើបង្គន់តែវាទាបពេក ពេលណាទឹកភ្លៀងអីមកវាចាល់ យើងអត់បានបត់ជើងទេ។ យើងបត់ចោលនុះគ្រប់គ្នាអ៊ីចឹងទៅ វាអត់មានបង្គន់អាយុ ៥៤ ឥឡូវអាយុ ៨៩ ហើយតា! អ៊ីចឹងបើគេធ្វើអ៊ីចឹងដែរ យើងធ្វើអ៊ីចឹងនឹងគេដែរទៅ»។
អ្នកណាក៏ដឹងដែរថា មនុស្សអាចរស់បានច្រើនថ្ងៃដោយគ្មានអាហារ ប៉ុន្តែមិនអាចរស់បានដោយគ្មានទឹកនោះទេ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ អ្នកជំនាញទឹកស្អាតសម្ដែងក្ដីបារម្ភអំពីផលប៉ះពាល់សុខភាពដោយការបំពុលទឹក។
អ្នកឯកទេសទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិ-កម្ពុជា (Plan International) លោក ហង់ ហ៊ីប៊ុណ្ណា មានប្រសាសន៍ថា ដោយមានអាកប្បកិរិយាចោលកាកសំណល់រឹងរាវចូលទៅក្នុងទឹកទន្លេដូច្នេះ វាបានបង្កឲ្យមានផលប៉ះពាល់មួយចំនួនដូចជា បង្កឲ្យទឹកមានភាពកង្វក់ ប៉ះពាល់សុខភាពមនុស្សដែលប្រើប្រាស់ បង្កឲ្យមានជំងឺរាករូស ជំងឺក្រពះពោះវៀន ដោយសារទឹកសម្បូរដោយមេរោគ។ មិនត្រឹមតែប៉ុណ្ណោះ ការបំពុលទឹកនេះ ក៏នឹងបង្កឲ្យមានផលប៉ះពាល់ដល់វិស័យកសិកម្មដែរ។ ទឹកដែលយកពីទន្លេទៅស្រោចស្រពដំណាំ ក៏ទទួលរងនូវផលប៉ះពាល់ដែរ ដោយសារមានកាកសំណល់រឹង ប្លាស្ទិកកប់នៅក្នុងដី និងត្រាំក្នុងទឹក ហើយបានរលាយបន្តិចម្ដងៗបញ្ចេញសារធាតុគីមី។ ចំណែកផលប៉ះពាល់បរិស្ថានវិញ បានបង្កឲ្យមានការប្រែប្រួលអាកាសធាតុ និងឡើងកម្ដៅ។
របាយការណ៍ស្រាវជ្រាវរបស់កម្មវិធីអនាម័យទឹក (WSP) នៃធនាគារពិភពលោក (World Bank) ឆ្នាំ២០០៨ ឲ្យដឹងថា មានកាកសំណល់រឹងប្រមាណ ២៣៥តោន កាកសំណល់រាវ ២.៣៥០ម៉ែត្រគូប និងកាកសំណល់ផ្សេងទៀតប្រមាណ ៨ពាន់ម៉ែត្រគូប ដែលបានបោះចោលទៅក្នុងទន្លេ បឹង ស្រះ និងអណ្ដូងជារៀងរាល់ថ្ងៃ។
របាយការណ៍នេះក៏ឲ្យដឹងដែរថា នៅកម្ពុជា មានមនុស្សស្លាប់ប្រមាណ ១ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដោយសារខ្វះទឹកស្អាត ក្នុងនោះ ១០លានករណីបានរងគ្រោះដោយជំងឺរាក។ ថវិកាចំនួន ៤៤៨លានដុល្លារក្នុងមួយឆ្នាំ ត្រូវបានបាត់បង់ដោយបញ្ហាសុខភាព ធនធានទឹក បរិស្ថាន និងទេសចរណ៍។
ដើម្បីដោះស្រាយនូវបញ្ហានេះ អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន លោក ស៊ុម សុខម្ភូ ថ្លែងថា រដ្ឋាភិបាលដែលមានក្រសួងពាក់ព័ន្ធមួយចំនួន គឺក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ កំពុងធ្វើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងទឹកលូសាធារណៈ ដើម្បីជាការចាប់បង្ខំឲ្យពលរដ្ឋត្រូវតែអនុវត្តក្នុងការទុកដាក់កាកសំណល់ ដែលមានចែងរហូតដល់ការដាក់ពិន័យជាប្រាក់ផង។ លោកថា អនុក្រឹត្យនេះ ក្រសួងកំពុងពន្លឿន និងអាចចេញរួចនៅដើមឆ្នាំ២០១៧៖ «ប៉ុន្តែវាមិនផ្ដោតតែលើករណីថង់ប្លាស្ទិកទេ យើងផ្ដោតទៅលើការគ្រប់គ្រងការបំពុលទឹកជារួម ដែលចេញដោយទឹកលូសាធារណៈ ឬក៏បង្ហូរចេញពីប្រភពរោងចក្រ ឬក៏អីផ្សេងៗ អាជីវកម្មផ្សេងៗ ផ្ទះសម្បែងក៏មានដែរ។ ឧទាហរណ៍ជាកាតព្វកិច្ចរៀបចំអាងប្រព្រឹត្តិកម្ម សម្អាត ឬក៏រៀបអាងសិបទិចចេញពីផ្ទះមុនបង្ហូរចូលទៅមានកាតព្វកិច្ចទុកដាក់សំណល់អីផ្សេងៗ។ ដោយសារអីបានយើងមានអនុក្រឹត្យហ្នឹងចែងត្រឹមប្រាក់ពិន័យ ដោយសារលក្ខខណ្ឌច្បាប់ទេ ធម្មតាទោសពន្ធនាគារត្រូវមានច្បាប់ចែង អនុក្រឹត្យមិនអាចពីទោសពន្ធនាគារទេ ព្រោះអីយើងមិនចង់ឲ្យវាប្រាសចាកពីបទដ្ឋានគតិយុត្តិជាធរមានរបស់យើង ព្រោះយើងមានច្បាប់ជាគោល។ យើងផ្ទៀងឡើងវិញ ហើយមួយទៀត ក៏យើងកំពុងតែថ្លឹងថ្លែងដែរ បើសិនជាវាស្រាលពេក វាទៅជាមិនមានប្រសិទ្ធភាពក្នុងការដាក់ឲ្យអនុវត្ត គេយកប្រាក់ពិន័យហ្នឹងគ្រាន់តែជាឈ្នាន់ដើម្បីអនុវត្ត ក៏ដូចជាការមិនអនុវត្តច្បាប់ទៅទៀត ក៏វាមិនល្អដែរ»។
ជុំវិញការបោះចោលសំរាមនេះ ខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញ គ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីមួយស្ដីពីកាលវិភាគនៃការប្រមូលសំរាមថ្មីជាមួយក្រុមហ៊ុន ស៊ីនទ្រី នៅថ្ងៃទី៧ ធ្នូ។ កាលវិភាគដែលត្រូវប្រមូលសំរាម និងការដាក់ទោសទណ្ឌថ្មី ចំពោះការទុកឲ្យមានសំរាមរាយប៉ាយ។ មន្ត្រីសង្កាត់នឹងត្រូវមានភ្នាក់ងារចំនួនពីរដែលទទួលបន្ទុកធ្វើការងារអប់រំប្រជាជន អំពីការចាក់ចោលសំរាមឲ្យបានត្រឹមត្រូវ និងតាមដានសកម្មភាពរបស់ក្រុមហ៊ុនប្រមូលសំរាម៕