ជំងឺ​ពង​បែក​ដែល​ងាយ​ឆ្លង​ហើយ​ច្រើន​កើត​នៅ​លើ​បបូរ​មាត់​និង​ប្រដាប់​ភេទ

0:00 / 0:00

ជំងឺ​ពង​បែក​មាត់ យើង​តែង​សង្កេត​ឃើញ​កើត​មាន​ជា​ញឹកញាប់​លើ​មនុស្ស​គ្រប់​គ្នា។ គ្រូពេទ្យ​ឱ្យ​ដឹង​ថា ជំងឺ​នេះ គឺ​ជា​ជំងឺ​កាម​រោគ​មួយ​ប្រភេទ ដែល​ងាយ​ឆ្លង​បំផុត ហើយ​មិន​ទាន់​មាន​ថ្នាំ​បង្ការ។

តើ​ជំងឺ​នេះ​មាន​ស្ថានភាព​ដូច​ម្ដេច​ខ្លះ?

ជំងឺ​ពង​បែក​មួយ​ប្រភេទ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ហ៊ើភិស ឬ​ហ៊ើភិស ស៊ីមផ្លិក្ស (Herpes Simplex) គឺ​ជា​ជំងឺ​ម្យ៉ាង​ដែល​គ្រូពេទ្យ​ឧស្សាហ៍​ជួប​ជា​ញឹកញាប់ ក្នុង​ចំណោម​ជំងឺ​ដទៃ​ជាច្រើន​ទៀត។ ជំងឺ​ពង​បែក​នេះ ច្រើន​នៅ​លើ​បបូរ​មាត់ និង​ប្រដាប់​ភេទ។

ប្រធាន​គ្លីនិក​រ៉ាក់ (RHAC) នៅ​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ គឺ​អ្នកស្រី​វេជ្ជបណ្ឌិត កែវ ម៉ៅ មាន ប្រសាសន៍​ថា ជំងឺ​នេះ​ជា​ជំងឺ​ពង​បែក​កាម​រោគ​មួយ​ប្រភេទ ដែល​គ្រូពេទ្យ​ច្រើន​និយម​ហៅ​ទៅ​តាម​ភាសា​អង់គ្លេស៖ «ជំងឺ​ហ៊ើភិស ឬ​ក៏​គេ​ហៅ​ថា ហ៊ើភិស សាំផ្លិក្ស ជា​ជំងឺ​តែ​មួយ​ទេ គ្រាន់​តែ​ភាសា​និយាយ​កាត់​ហ្នឹង យើង​ថា ហ៊ើភិសៗ។ ជា​ភាសា​សាមញ្ញ​ហ្នឹង​យើង​ហៅ​ថា​ជា ជំងឺ​ពង​បែក»

មូលហេតុ៖

អ្នកស្រី​វេជ្ជបណ្ឌិត កែវ ម៉ៅ ពន្យល់​ថា ជំងឺ​ពង​បែក ហ៊ើភិស ស៊ីមផ្លិក្ស នេះ បង្ក​ឡើង​ដោយ​មេរោគ​វីរុស (Virus) ពីរ​ប្រភេទ ហើយ​នៅ​ទីតាំង​ខុស​គ្នា៖ «ជំងឺ​នេះ​វា​បង្ក​ឡើង​ដោយ​វីរុស។ ចង់​ជម្រាប​ថា វីរុស​ហ្នឹង គឺ​យើង​ចែក​ចេញ​ជា​ពីរ យើង​ហៅ​ថា ហ៊ើភិស វីរុស ១ និង ២ (Herpes I and II)។ ពាក្យ​បច្ចេកទេស​ហៅ​ថា ហ៊ើភិស វីរុស វាន់ អែន ធូ។ អ៊ីចឹង ហ៊ើភិស ស៊ីមផ្លិក្ស វាន់ ច្រើន​កើត​នៅ​លើ​មាត់ បបូរ​មាត់​យើង​ហ្នឹង។ ចំណែក​ឯ ហ៊ើភិស ស៊ីមផ្លិក្ស វីរុស ធូ ហ្នឹង ច្រើន​កើត​នៅ​លើ​ប្រដាប់​បន្ត​ពូជ​ទាំង​ប្រុស​ទាំង​ស្រី»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មេរោគ​វីរុស ហ៊ើភិស ស៊ីមផ្លិក្ស អាច​ឆ្លង​ទៅ​កន្លែង​ផ្សេង​ទៀត​រហូត​ដល់​ខួរ​ក្បាល​ផង​ក៏​មាន។

រោគ​សញ្ញា៖

រោគសញ្ញា​របស់​ជំងឺ​ពង​បែក ហ៊ើភិស ស៊ីមផ្លិក្ស គឺ​ចាប់​ផ្ដើម​ឡើង​ដោយ​ពង​ទឹក​ថ្លា​នៅ​ស្បែក​បបូរ​មាត់ និង​ប្រដាប់​បន្ត​ពូជ៖ «ជាទូទៅ វា​កើត​ដំបូង​ឡើង​ចេញ​ជា​ដំបូង​មិន​មាន​លក្ខណៈ​ខុស​គ្នា​ទេ គឺ​ចេញ​មក​ជា​លក្ខណៈ​ពង​ទឹក​ថ្លាៗ នៅ​នឹង​តំបន់​ដែល​ឆ្លង​ហ្នឹង ហើយ​ពេល​ខ្លះ​មាន​លក្ខណៈ​ជា​កញ្ចុំ ពេល​ខ្លះ​មាន​តែ​មួយ​គ្រាប់​អ៊ីចឹង ដូច​គ្នា​ទាំង​ពីរ គ្រាន់​តែ​បើ​សិន​ជា​វីរុស​ហ្នឹង ជា​ប្រភេទ​វីរុស វាន់ ច្រើន​តែ​កើត​នៅ​លើ​មាត់ ហើយ​ពួក​ដែល​ឆ្លង​ទៅ​លើ​សរីរាង្គ​បន្ត​ពូជ ច្រើន​តែ​ជា​វីរុស ធូ»

ឯកសារ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក (Centers for Disease Control and Prevention) សរសេរ​ថា អ្នក​ដែល​កើត​ជំងឺ​នេះ​លើក​ដំបូង គឺ​មាន​អាការៈ​ក្ដៅ​ខ្លួន​ដូច​គ្រុន​ផ្ដាសាយ ឈឺ​ខ្លួន និង​ហើម​ក្រពេញ​កូន​កណ្ដុរ។

ជំងឺ​ពង​បែក ហ៊ើភិស ស៊ីមផ្លិក្ស គឺ​ច្រើន​ឆ្លង​ចំពោះ​អ្នក​សកម្ម​ក្នុង​ការ​រួម​ភេទ។ មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​ខ្លួន​ឯង​មាន​ផ្ទុក​មេរោគ​ជំងឺ​នេះ​ទេ ព្រោះ​គ្មាន​រោគ​សញ្ញា​បង្ហាញ។ ពង​ទឹក​ថ្លា​នៅ​លើ​ស្បែក​ប្រដាប់​ភេទ និង​មាត់ គឺ​ងាយ​ឆ្លង ព្រោះ​ងាយ​បែក។ ប៉ុន្តែ​ជំងឺ​នេះ​នៅ​តែ​អាច​ឆ្លង​ទៅ​ដៃគូ​រួម​ភេទ បើ​ទោះ​ជា​គ្មាន​រោគ​សញ្ញា​ក៏ដោយ ព្រោះ​មេរោគ ហ៊ើភិស ស៊ីមផ្លិក្ស អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​យើង​អស់​មួយ​ជីវិត។

អ្នកស្រី​វេជ្ជបណ្ឌិត កែវ ម៉ៅ ឱ្យ​ដឹង​ថា មេរោគ ហ៊ើភិស ស៊ីមផ្លិក្ស អាច​ឆ្លង​តាម​របៀប​សំខាន់ៗ​ពីរ​យ៉ាង៖ «ជំងឺ ហ៊ើភិស ស៊ីមផ្លិក្ស ហ្នឹង គឺ​យើង​ឃើញ​ថា បើ​ពពួក ហ៊ើភិស ស៊ីមផ្លិក្ស វីរុស វាន់ ហ្នឹង ច្រើន​កើត​នៅ​លើ​មាត់ ហើយ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​អាច​ឆ្លង​តាម​រយៈ​ទឹក​មាត់ ដែល​ភាសា​បច្ចេកទេស​យើង​ថា អូរ៉ល សេក្រេស្យុង (Oral Secretion) ឬ​ក៏​យើង​ប៉ះពាល់​ទៅ​លើ​ដំបៅ​នៅ​តំបន់​មាត់​ហ្នឹង។ វា​អាច​ឆ្លង​ដែរ​តាម​រយៈ​ការ​ថើប ឬ​យើង​ប្រើ​របស់​របរ​រួម​គ្នា ដូច​ជា កែវ ស្លាបព្រា ឬ​ក៏​ច្រាស​ដុស​ធ្មេញ ដែល​យើង​ប្រើ​រួម​គ្នា វា​អាច​ឆ្លង​តាម​រយៈ​ហ្នឹង ប្រសិន​បើ​របស់​របរ​ទាំង​នោះ វា​មាន​ផ្ទុក​នូវ​មេរោគ​ទាំង​ហ្នឹង។ ចំណែក​ឯ ហ៊ើភិស ស៊ីមផ្លិក្ស វីរុស ធូ ដែល​កើត​ទៅ​លើ​ប្រដាប់​ភេទ​ទាំង​បុរស​ទាំង​ស្ត្រី​ហ្នឹង គឺ​ឆ្លង​តាម​ការ​រួម​ភេទ»

ទាក់ទង​នឹង​ការ​ព្យាបាល​វិញ អ្នកស្រី​វេជ្ជបណ្ឌិត កែវ ម៉ៅ ប្រធាន​គ្លីនិក រ៉ាក់ នៅ​ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ ពន្យល់​ថា ជាទូទៅ​ជំងឺ​ទាំង​ឡាយ​ណា​ដែល​បង្ក​ឡើង​ដោយ​មេរោគ​វីរុស គឺ​មិន​មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​ដាច់​ទេ។ ដូច​គ្នា​ដែរ ជំងឺ​ពង​បែក​នៅ​លើ​បបូរ​មាត់ និង​លើ​ប្រដាប់​ភេទ​នេះ ក៏​មិន​មាន​ថ្នាំ​ព្យាបាល​ជា​ដាច់​ដែរ៖ «ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យើង​មាន​ថ្នាំ​ដែល​អាច​ប្រើ​បាន។ យើង​មាន​ថ្នាំ​លេប ថ្នាំ​ចាក់ និង​ថ្នាំ​លាប។ ការ​ព្យាបាល​ហ្នឹង​អាស្រ័យ​ទៅ​តាម​ការ​ចេញ​រោគ​សញ្ញា​ដំបូង ឬ​ក៏​ឧស្សាហ៍​រោគ​សញ្ញា យើង​ហៅ​ថា រីឃើរ៉ឹន ហ៊ើភិស (recurrent herpes) កើត​ឡើង​វិញ ហើយ​និង​ការ​ព្យាបាល​ទប់​មិន​ឱ្យ​លេច​ចេញ​ញឹកញាប់។ ជា​ថ្នាំ​សម្រាប់​ព្យាបាល មិន​មែន​វ៉ាក់សាំង​សម្រាប់​ការពារ​អី​ទេ»

អ្នកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ពេល​ព្យាបាល ក្រៅ​ពី​ការ​ផ្ដល់​ថ្នាំ​សម្រាប់​ជួយ​បន្ថយ​ការ​កើត​ចេញ​ជា​រោគ​សញ្ញា​ញឹកញាប់​ឡើង​វិញ គ្រូពេទ្យ​ក៏​នឹង​ផ្ដល់​ថ្នាំ​សម្រាប់​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ដែរ៖ «ក្រៅ​ពី​ការ​ផ្ដល់​ថ្នាំ​ជូន​នៅ​ពេល​កើត​ឡើង​ហ្នឹង យើង​មាន​ថ្នាំ​សម្រាប់​បន្ថយ​ការ​ឈឺ​ចាប់​ដែរ។ លើស​ពី​ហ្នឹង​ទៅ​ទៀត ការ​ព្យាបាល​ហ្នឹង​យើង​អាច​ប្រើ​ស្បៃ​ក្ដៅ​ឧណ្ហៗ ដាក់​ពី​លើ​តំបន់​ដែល​វា​កើត​ហ្នឹង ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់»

ទាក់ទង​នឹង​ជំងឺ​ពង​បែក​នៅ​មាត់​វិញ អ្នកស្រី​វេជ្ជបណ្ឌិត កែវ ម៉ៅ ថ្លែង​មាន​ថ្នាំ​ដូច​គ្នា៖ «ការ​ព្យាបាល គឺ​គេ​ប្រើ​ស្បៃ​ក្ដៅ​ឧណ្ហៗ ដាក់​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់។ (អ្នក​ខ្លះ​ប្រើ​ទឹកកក) ដូច្នេះ​ការ​ប្រើ​ទឹកកក​នេះ គឺ​សម្រាប់​តែ​បន្ថយ​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ។ ប៉ុន្តែ​ថ្នាំ​មិន​ខុស​គ្នា​ទេ រវាង ហ៊ើភិស ស៊ីមផ្លិក្ស វាន់ និង​ហ៊ើភិស ស៊ីមផ្លិក្ស ធូ»

អ្នកស្រី​វេជ្ជបណ្ឌិត​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ថ្នាំ​សម្រាប់​ចាក់​បង្ការ​ជំងឺ​ពង​បែក ហ៊ើភិស ស៊ីមផ្លិក្ស ទេ នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ដល់​លោក​អ្នក​ជំងឺ​ទាំង​ឡាយ​ណា ដែល​មាន​ជំងឺ​ពង​បែក​នេះ ឱ្យ​ប្រញាប់​ជួប​ពិគ្រោះ​ព្យាបាល​ជាមួយ​គ្រូពេទ្យ យក​ដៃគូ​រួម​ភេទ​មក​ព្យាបាល​ផង។ ធ្វើ​ដូច្នេះ ដើម្បី​កុំ​ឱ្យ​ជំងឺ​ពង​បែក​នេះ កើត​ឡើង​វិញ​ញឹកញាប់៖ «គ្រប់​គ្លីនិក រ៉ាក់ ទាំងអស់​មាន​ធ្វើ​ការ​ព្យាបាល​ជំងឺ ហ៊ើភិស ស៊ីមផ្លិក្ស ឥឡូវ​នេះ ហើយ​ពេល​ធ្វើ​ការ​ព្យាបាល សុំ​ជម្រាប​ដែរ​ថា គួរ​តែ​អញ្ជើញ​ដៃគូ​មក​ធ្វើ​ការ​ព្យាបាល​ផង»

ឯកសារ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋ​អាមេរិក (Centers for Disease Control and Prevention) ណែនាំ​ស្ត្រី​មាន​ផ្ទៃ​ពោះ គប្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​រក​រោគ​សញ្ញា​ជំងឺ ហ៊ើភិស ស៊ីមផ្លិក្ស នេះ ពីព្រោះ​ជួន​កាល​វា​អាច​ឆ្លង​ទៅ​កូន​ក្នុង​ផ្ទៃ ហើយ​ធ្វើ​ឱ្យ​កូន​រលូត ឬ​​ធ្វើ​ឱ្យ​ស្លាប់ ឬ​កើត​មុន​ខែ។ ដោយសារ​តែ​មេរោគ​វីរុស ហ៊ើភិស ស៊ីមផ្លិក្ស នេះ​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​អស់​មួយ​ជីវិត ជា​ហេតុ​ធ្វើ​ឱ្យ​យើង​កើត​បាត់ៗ។ ជាពិសេស​កើត​ឡើង​ញឹកញាប់​ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ដូចជា​អ្នក​ជំងឺ​អេដស៍ និង​អ្នក​ជំងឺ​មហារីក ទាក់ទង​នឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

គ្រូពេទ្យ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ទឹក​ពង​បែក​នោះ គឺ​មាន​មេរោគ​វីរុស ហ៊ើភិស ស៊ីមផ្លិក្ស ហើយ​អាច​ឆ្លង​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​របស់​យើង ដូចជា ភ្នែក ជាដើម។ ដូច្នេះ ដើម្បី​បង្ការ​ការ​ឆ្លង សូម​កុំ​ប៉ះពាល់​ពង​បែក​នោះ ហើយ​ត្រូវ​លាង​ដៃ​ភ្លាមៗ​ឱ្យ​បាន​ស្អាត ប្រសិន​បើ​ប៉ះពាល់។ ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង។ ក៏ប៉ុន្តែ​គ្រូពេទ្យ​បញ្ជាក់​ថា មិន​អាច​ការពារ​បាន​ទាំង​ស្រុង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។