ការបរិភោគចំណីអាហារខូចគុណភាពគ្មានស្លាកសញ្ញាត្រឹមត្រូវ បានបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ បញ្ហានេះ បានបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដែលគេអាចឃើញភ្លាមៗដូចជា មានជំងឺចុកពោះ រាក ក្អួត ឈឺក្បាល និងឈានទៅមានជំងឺធ្ងន់ធ្ងរជាងនេះទៅទៀត។
តើលោកអ្នកគួរមានភាពឆ្លាតវៃយ៉ាងដូចម្តេចខ្លះ ក្នុងការទិញអាហារវេចខ្ចប់មកទទួលទាន ដើម្បីជៀសវាងពីផលប៉ះពាល់ដល់សុខភាព?
ចា៎! លោកអ្នកជាទីមេត្រី! សូមលោកអ្នកពិចារណាមុននឹងជ្រើសរើសផលិតផល និងចំណីអាហារណាមួយដែលលោកអ្នកទិញយកទៅបរិភោគ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាព។
អ្នកជំនាញផ្នែកត្រួតពិនិត្យផលិតផល បានផ្ដល់មតិថា មានចំណុចដែលគួរឲ្យកត់សម្គាល់តែប៉ុន្មានចំណុចប៉ុណ្ណោះ ដែលអាចដោះស្រាយបញ្ហាទាំងនេះបាន។
អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចាន់ បូរិន្ទ បានពន្យល់ថា ដើម្បីឲ្យចំណីអាហារ និងភេសជ្ជនានាដែលលោកអ្នកទិញមកទទួលទានប្រកបដោយសុវត្ថិភាព និងផ្ដល់សុខភាពដល់រាងកាយ សូមលោកអ្នកនាងកុំភ្លេចឲ្យសោះក្នុងការពិនិត្យមើលផលិតផលទាំងនោះថា តើបានទទួលការឆ្លងកាត់ការត្រួតពិនិត្យអ្វីខ្លះ? ចំណុចសំខាន់ គឺលោកអ្នកនាងត្រូវរកមើលសញ្ញាចុះបញ្ជីដែលមាននៅក្នុងរង្វង់មូល ដែលសរសេរអក្សរកាត់ថា ច.ប.ផ ដែលមានន័យថា ចុះបញ្ជីផលិតផល ទោះបីជាផលិតផលនាំចេញ ឬជាផលិតផលក្នុងស្រុកក្ដី ពុំដូច្នោះទេ គេអាចចោទថា ផលិតផលនោះជាផលិតផលក្លែងក្លាយ ឬផលិតផលក្លែងបន្លំបាន។
ជាងនេះទៅទៀត ផលិតផលដែលបានចុះបញ្ជី គឺមានដាក់កាលបរិច្ឆេទនៃការផលិត និងថ្ងៃផុតកំណត់ច្បាស់លាស់។ លោកអ្នកអាចមើលក្រោមបាតដប លើដប ឬកំប៉ុង ពីថ្ងៃផលិត និងថ្ងៃផុតកំណត់។ លោកបន្តថា ផលិតផលដែលបានឆ្លងកាត់ការចុះបញ្ជី គឺបានឆ្លងកាត់ការត្រួតពិនិត្យទាំងផ្នែកអនាម័យ ខ្សែសង្វាក់ផលិតកម្ម ប្រព័ន្ធគ្រប់គ្រងនៅក្នុងរោងចក្រអនាម័យកម្មករបុគ្គលិកត្រឹមត្រូវល្អ រួមទាំងគុណភាពផលិតផលផង។ មួយវិញទៀត សូមលោកអ្នកពិនិត្យមើលសញ្ញាស្តង់ដារដែលមានសរសេរអក្សរកាត់ជាភាសាអង់គ្លេស អាយ.អេស.អូ (ISO) ក៏អាចបញ្ជាក់អំពីសុវត្ថិភាពផលិតផលដែរ៖ «មើលនៅក្នុងកំប៉ុងទឹកក្រូចអី ភាគច្រើនមាន ច.ប.ផ ស្រាបៀខ្លះនាំចូលខ្លះ បន្លប់ មិនដឹងមកពីណា តែភាគច្រើនមានសញ្ញា ច.ប.ផ ហើយ ទឹកបរិសុទ្ធ មានសញ្ញាស្តង់ដារ គឺ មានសញ្ញា របស់គេ»។
ងាកមកនិយាយពីចំណីអាហារវេចខ្ចប់វិញ លោក ចាន់ បូរិន្ទ បានផ្ដល់គន្លឹះងាយស្រួលឲ្យលោកអ្នកចំណាំពីរចំណុច គឺអាហារវេចខ្ចប់មួយមានបញ្ចូលឧស្ម័ន ឬខ្យល់នៅក្នុងកញ្ចប់ មានន័យថា ធ្វើឲ្យកញ្ចប់ប៉ោង និងមួយទៀតគេបឺតយកឧស្ម័នចេញពីកញ្ចប់ ដោយការវេចខ្ចប់នោះគឺមិនទៀងទាត់នោះទេ ដោយអាស្រ័យទៅលើចំណីអាហារនោះ។ លោកបញ្ជាក់ថា ដើម្បីរក្សាទុកបានយូរសម្រាប់ប្រភេទអាហារសាច់ ដូចជាសាច់ក្រក សាច់ជ្រូក សាច់គោងៀត ជាដើម អ្នកផលិតគេត្រូវដកឧស្ម័ន ឬខ្យល់ចេញ។ ប៉ុន្តែផ្ទុយទៅវិញ ប្រភេទអាហារវេចខ្ចប់ខ្លះដូចជា នំ ឬគ្រាប់ធញ្ញជាតិ អ្នកផលិតត្រូវបញ្ចូលខ្យល់ឲ្យកញ្ចប់មានសភាពប៉ោង។ ដូច្នេះ សូមលោកអ្នកកត់សម្គាល់បញ្ហានេះ។ លោកពន្យល់អំពីមូលហេតុនេះបន្ថែម៖ «ដើម្បីរក្សាទុកឲ្យបានយូរ គេអត់ឲ្យឧស្ម័នអុកស៊ីហ្សែនក្នុងហ្នឹងទេ កាលណាមានអុកស៊ីហ្សែន វាប៉ះជាមួយបាក់តេរីក្នុងម្ហូបអាហារហ្នឹង វារស់វាអាចបន្តពូជបាន គេបឺតអុកស៊ីហ្សែនចេញ គេបឺតឲ្យក្រពឹត ដកអស់ខ្យល់ ផលិតផលខ្លះគេបញ្ចូលអាសូតចូលក្នុងហ្នឹង ដើម្បីឲ្យវាកាត់អុកស៊ីហ្សែនក្នុងហ្នឹងឲ្យអស់ អាហ្នឹងវាប៉ោងវិញ អ៊ីចឹងវាអត់ទៀងទេ»។
មានសំណួរថា ចុះតើកំប៉ុង ឬដបដែលមានស្ថានភាពក្រពឹតក្រប៉ែត តើលោកអ្នកគួរជៀសវាងទិញយកមកបរិភោគដែរឬទេ?
អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លោក ចាន់ បូរិន្ទ ថ្លែងថា ស្ថានភាពកំប៉ុង ឬដបក្រពឹតក្រប៉ែតនេះ មិនមែនសុទ្ធតែជាផលិតផលខូចគុណភាពទាំងអស់នោះទេ។ លោកថា មូលហេតុដែលនាំឲ្យមានបញ្ហានេះ អាចដោយសារការដឹកជញ្ជូនការលើកដាក់ក៏មាន អ្វីដែលត្រូវកត់សម្គាល់បំផុតនោះ គឺត្រូវមើលកុំឲ្យហួសកាលបរិច្ឆេទ កុំឲ្យតែដប ឬកំប៉ុងនោះមានសភាពប៉ោង បែក ប្រេះ ច្រែះស៊ី និងមានសភាពធ្លុះធ្លាយ។ លោកថា បញ្ហានេះជាភារកិច្ចរបស់អ្នកលក់ និងម្ចាស់ផលិតផលត្រូវប្រមូលនៅតាមទីផ្សារ និងសាខាចែកចាយត្រឡប់ទៅវិញ៖ «កាលណាផលិតផលគេដឹកជញ្ជូនគេ អាចសង្កត់ ទៅវាក្រពឹត តែវាអត់ខូចគុណភាពទេ។ ខូចគុណភាព គឺរបស់នោះហួសកាលកំណត់ បាក់តេរីក្នុងនោះវាចេញហ្គាស៍មក ធ្វើឲ្យកំប៉ុងនោះប៉ោង។ ក្រពឹតដោយការ លើកដាក់ ការ ដឹកជញ្ជូន អត់អីទេ»។
ផ្ទាំងអប់រំផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយថា ដើម្បីសុខភាព ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់មានលក្ខខណ្ឌតម្រូវជាធរមានជាអាទិ៍ ឈ្មោះមុខទំនិញ ឈ្មោះអាសយដ្ឋានអ្នកទទួលខុសត្រូវលើផលិតផលផលិត ប្រភព បរិមាណ ទម្ងន់ ចំណុះ លេខឡូត៍ ថ្ងៃផុតកំណត់នៃការប្រើប្រាស់ ថ្ងៃផលិត គ្រឿងផ្សំ អត្រាអាល់កុល វិធីប្រើប្រាស់ ប្រសិនជាចាំបាច់ លិខិតអនុញ្ញាតរបស់ស្ថាប័នមានសមត្ថកិច្ចមុនដាក់ឲ្យចរាចរណ៍ បើមានលក្ខខណ្ឌតម្រូវ និងចំពោះផលិតផលដែលផលិតក្នុងស្រុក ស្លាកសញ្ញាសុវត្ថិភាព ឬស្លាកសញ្ញាស្តង់ដារផ្សេងៗ លក្ខខណ្ឌអនាម័យនៃការដាក់តាំងលក់។

លោក ចាន់ បូរិន្ទ មានប្រសាសន៍ថា ការបរិភោគចំណីអាហារខូចគុណភាព គ្មានស្លាកសញ្ញាត្រឹមត្រូវ បានបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព៖«ផលិតផលនោះអាជ្ញាធរអត់ មានបាន ត្រួតពិនិត្យ ហើយកាលណាមានអីត្រួតពិនិត្យ យើងមានយោងស្អីសម្រាប់វាស់កម្រិតគុណភាពវា គឺមានស្តង់ដារ មានបាក់តេរី មានមេរោគ មានសារធាតុលោហៈនៅក្នុងហ្នឹង បើយើងអត់បានត្រួតពិនិត្យ អត់បានវាយតម្លៃវាថាត្រូវស្តង់ដារ ឬអត់ ? ដូច្នេះកម្រិតជាតិពុលនៅក្នុងផលិតផល យើងអត់ដឹងទេ ហើយអ្នកយកទៅប្រើប្រាស់កើតជាជំងឺចេញទៅដោយសារសារធាតុក្នុងផលិតផលមានច្រើនមុខ ខ្លះពុលភ្លាមៗ ខ្លះនៅក្នុងហ្នឹងយើងអត់ដឹងទេ ខ្លះទៅជាកើតមហារីក ទៅជាជំងឺអីគ្រប់សព្វទាំងអស់»។
ទន្ទឹមនឹងការយល់ដឹងនេះ សូមលោកអ្នកប្រុងប្រយ័ត្ន និងជៀសវាងនូវការជ្រើសរើសផលិតផលមួយចំនួនដូចជា ចំណីអាហារ ការដាក់តាំងលក់គ្មានអនាម័យ ដោយមានរុយរោម ហុយធូលីដី និងកាកសំណល់ផ្សេងៗ ចំណីអាហារដែលមានសត្វល្អិតចម្លងមេរោគ ដូចជារបស់ផ្អាប់ ការដាក់តាំងលក់ក្បែរផលិតផលគីមី សាប៊ូ ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត ការដាក់តាំងលក់ផ្ទាល់ដី ទីតាំងជិតលូទឹកស្អុយ កន្លែងដែលមានភក់ជ្រាំ។ល។ ស្របគ្នានេះ សូមលោកអ្នកប្រុងប្រយ័ត្នចំពោះផលិតផលការប្រើប្រាស់ជាតិគីមីហាមឃាត់សម្រាប់ធ្វើឲ្យមានពណ៌ស ស្រស់ ការប្រើប្រាស់ជាតិគីមីធ្វើឲ្យស្វិតស្រស់ទុកបានយូរ ទាក់ភ្នែក និងអំបិលដែលគ្មានជាតិអ៊ីយ៉ូដបណ្ដាលឲ្យមានជំងឺផ្សេងៗ។ ចំណែកអ្នកលក់ដូរវិញ គួរតែមានអនាម័យ និងកុំឲ្យមានជំងឺប្រចាំកាយផងដែរ។
ដោយក្ដីព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញក៏កំពុងចុះត្រួតពិនិត្យផលិតផលដែលកំពុងចរាចរណ៍នៅលើទីផ្សារ ដោយប្រើមន្ទីរពិសោធន៍ចល័តពីអគ្គនាយកដ្ឋានកាំកុងត្រូល ទៅពិសោធគ្រឿងសមុទ្រ ឬម្ហូបសមុទ្រស្រស់ៗ ដោយបានរកឃើញថា បង្គា និងមឹកស្រស់ ព្រមទាំងស្ពៃជ្រក់មួយចំនួន រកឃើញមានផ្ទុកសារធាតុគីមីដែលត្រូវហាមឃាត់មិនឲ្យប្រើប្រាស់ទៅលើចំណីអាហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។