ការប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ គឺមានផលប៉ះពាល់យ៉ាងច្រើនចំពោះសុខភាព និងបណ្ដាលឱ្យជំងឺមានភាពស៊ាំនឹងថ្នាំផ្សះ។ មន្ត្រីសុខភាពជាន់ខ្ពស់នៃក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ មុនទិញថ្នាំពេទ្យយកមកលេប។
តើការប្រើថ្នាំពេទ្យ និងថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាព?
ការប្រើថ្នាំផ្សះ ឬពួកថ្នាំអង់ទីប៊ីយ៉ូទីក (Antibiotic) មានជាដូចជា អាម៉ុកស៊ិកស៊ីលលីន (Amoxicilline) ប៉េនីស៊ីលលីន (Penicillin) មេត្រូនីតាស៊ូល (Metronidazole) និងអំពីនីស៊ីលលីន (Ampinicillin) ជាដើម ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ គឺអាចបណ្ដាលឱ្យអ្នកជំងឺប្រឈមមុខនឹងការកើតជំងឺផ្សេងៗ ហើយអាចបណ្ដាលឱ្យប្រឈមមុខនឹងការបាត់បង់អាយុជីវិត។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អេង ហួត មានប្រសាសន៍ថា ពលរដ្ឋដែលមានទម្លាប់ប្រើថ្នាំពេទ្យ ឬថ្នាំផ្សះមិនត្រូវតាមក្បួនពេទ្យ និងមិនគ្រប់ថ្ងៃដែលគ្រូពេទ្យបានកំណត់ឱ្យលេបនោះទេ ថ្នាំអាចនឹងបណ្ដាលឱ្យមេរោគផ្ទុកក្នុងខ្លួន មានភាពស៊ាំនឹងថ្នាំពេទ្យ។ នៅពេលមេរោគ ឬជំងឺមានភាពស៊ាំនឹងថ្នាំពេទ្យហើយ អ្នកជំងឺឈឺលើកក្រោយ គឺពិបាកព្យាបាល ហើយអាចព្យាបាលជំងឺមិនជា។
លោកវេជ្ជបណ្ឌិត អេង ហួត៖ «បើសិនយើងនៅតែប្រកាន់បែបនេះទៀត ទៅថ្ងៃមុខយើងនឹងអត់មានឱសថអង់ទីប៊ីយ៉ូទីក សម្រាប់ព្យាបាលជំងឺ»។
គេសង្កេតឃើញថា អ្នកជំងឺជាច្រើនមិនមានចំណេះដឹងមូលដ្ឋានស្ដីពីសុខភាព ខ្វះព័ត៌មានស្ដីពីការថែទាំសុខភាព និងមិនដឹងពីផលប៉ះពាល់របស់ថ្នាំពេទ្យចំពោះសុខភាព ម្ល៉ោះហើយនៅពេលពួកគាត់មានជំងឺតែងតែទៅរកទិញថ្នាំពេទ្យ ឬថ្នាំផ្សះយកមកលេបដោយខ្លួនឯង ដោយមិនបានធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញ។ ការទិញថ្នាំពេទ្យមួយលេប ពីរលេប ឬបីលេប យកមកលេបដើម្បីឱ្យជាជំងឺនោះ គឺមានគ្រោះថ្នាក់ណាស់ចំពោះសុខភាព។
ត្រង់ចំណុចនេះ លោកវេជ្ជបណ្ឌិត អេង ហួត ពន្យល់ថា ថ្នាំពេទ្យមិនមែនជារនាំងអាចជួយការពារជំងឺបាននោះឡើយ។ ការប្រើថ្នាំពេទ្យគឺដើម្បីសម្លាប់មេរោគ ឬបាក់តេរីទាំងឡាយណាដែលបង្កឱ្យមានជំងឺ ប៉ុន្តែជំងឺខ្លះមិនចាំបាច់ប្រើថ្នាំពេទ្យនោះឡើយ៖ «គឺទម្លាប់នៃការប្រើប្រាស់មិនសមស្រប។ ឧទាហរណ៍ពេទ្យឱ្យប្រើ ១ថ្ងៃ ១ក្រាម ឬ២ក្រាមទៅតាមសភាពនៃជំងឺ ប៉ុន្តែគាត់ប្រើអត់ត្រូវ អត់តាមគ្រូពេទ្យប្រាប់ អ៊ីចឹងគឺខុស ហើយវាធ្វើឱ្យថ្នាំមានភាពស៊ាំនឹងជំងឺ»។
ឱសថស្ថាន ឬកន្លែងលក់ថ្នាំពេទ្យនានានៅទូទាំងប្រទេស ជាកន្លែងដែលអ្នកជំងឺអាចទិញថ្នាំពេទ្យសម្រាប់លេបព្យាបាលជំងឺបាន។ ប៉ុន្តែការទិញថ្នាំនេះ មិនអាចតាមចិត្តចង់ដោយខ្វះមូលដ្ឋាននៃការធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញផ្នែកសុខភាពនោះឡើយ។
សម្រាប់សហគមន៍តំបន់ជនបទវិញ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់បែបនេះថា អ្នកជំងឺមិនត្រូវប្រើថ្នាំពេទ្យផ្សំ ឬទិញថ្នាំយកមកលេបតាមចិត្តនឹកឃើញ និងមិនត្រូវប្រើថ្នាំដែលផ្សំដោយគ្រូពេទ្យតាមភូមិ ដែលគ្មានជំនាញច្បាស់លាស់នោះទេ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់៖ «ថ្នាំផ្សះមិនមែនជាអាហារបំប៉នសុខភាពទេ ថ្នាំផ្សះគឺជាជាតិគីមី នៅពេលដែលវាចូលទៅក្នុងខ្លួនរបស់យើង វាប៉ះពាល់ចំពោះសុខភាពយើង។ វាប៉ះពាល់ដល់មុខងារថ្លើមរបស់យើង មុខងារកម្រងនោមរបស់យើង មុខងារនៃខួរឆ្អឹងរបស់យើង ករណីខ្លះអាចប៉ះដល់ការផលិតគ្រាប់ឈាមរបស់យើង»។
ចុះនៅពេលដែលលោកអ្នកមានជំងឺផ្ដាសាយ គ្រុនក្ដៅ ក្អក តិចតួចជាដើម តើត្រូវធ្វើដូចម្ដេច?
ថ្នាំពេទ្យមិនមែនជាផ្លែឈើដែលដុះពីធម្មជាតិឡើយ ម្ល៉ោះហើយការទទួលទានថ្នាំពេទ្យច្រើន និងគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ គឺជាហេតុបណ្ដាលឲ្យមានភាពស៊ាំនឹងថ្នាំ សុខភាពចុះខ្សោយ និងប្រព័ន្ធភាពស៊ាំនៃរាងកាយងាយប្រឈមមុខនឹងជំងឺឆ្លង។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បន្តថា បើប្រជាពលរដ្ឋណាមានជំងឺផ្ដាសាយ ឬគ្រុនក្ដៅលើសពី១សប្ដាហ៍ គឺត្រូវទៅជួបពិភាក្សាជាមួយគ្រូនៅមណ្ឌលសុខភាព៖ «ពីព្រោះថា គ្រូពេទ្យគាត់ដឹងពីចំនួនឱសថដែលអាចព្យាបាលជំងឺហ្នឹងច្បាស់លាស់ និងរយៈពេលនៃការព្យាបាលជំងឺណាមួយហ្នឹង ពីព្រោះជួលកាលដូចការសម្លាប់សត្វ មិនអាចសម្លាប់តែកាំបិតស្លាប់ទេ។ សម្រាប់ការព្យាបាលឱសថខ្លះត្រូវចំណាយពេលព្យាបាលជំងឺ ៥ថ្ងៃ ឬត្រូវចំណាយពេល១ខែក៏មាន ដូច្នេះតែមានវេជ្ជបញ្ជាទេ ទើបអាចដឹងថា ត្រូវព្យាបាលរយៈពេលប៉ុន្មានឱ្យពិតប្រាកដ ទើបមានប្រសិទ្ធភាព។ មានបងប្អូនខ្លះគាត់យកវេជ្ជបញ្ជាចាស់ទៅទិញថ្នាំពេទ្យ ការធ្វើបែបនេះ គឺមិនត្រូវទេ»។
នៅស្របពេលមន្ត្រីជំនាញផ្នែកសុខភាពហាមមិនឱ្យប្រើថ្នាំផ្សះនោះ បុរសម្នាក់ដែលមានសម្បុរខ្មៅស្រអែម មាឌធំដំបងខ្ពស់ និងមានការងារជាសន្តិសុខនៃក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ បាននិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនថា នៅពេលលោកមានជំងឺផ្ដាសាយ ក្អក ឈឺបំពងក និងមានជំងឺគ្រុនក្ដៅម្ដងម្កាល លោកតែងតែទៅទិញថ្នាំពេទ្យនៅឱសថស្ថាន ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យនោះទេ៖ «វាគ្រាន់តែឭប្រយោៗ ប៉ុន្តែអត់មាននរណាគេប្រាប់ឱ្យបានពិតប្រាកដពីផលប៉ះពាល់នៃថ្នាំផ្សះ ថាលេបទៅធ្វើឱ្យមានវិបត្តិទៅថ្ងៃអនាគតផង។ រាល់ថ្ងៃចេះតែលេបៗទៅ»។
ប្រការនេះដែរ លោកសម្រេចចិត្តមិនពិគ្រោះយោបល់ជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ មុនទិញថ្នាំពេទ្យមកប្រើដោយហេតុថា លោកត្រូវចំណាយលុយច្រើន។ ការចំណាយលុយច្រើនលើសុខភាព ប៉ុន្តែចំណូលតិច ក្លាយជារនាំងបាំងមិនឱ្យអ្នកជំងឺពិចារណាវែងឆ្ងាយពីផលប៉ះពាល់ចំពោះសុខភាពនៅពេលអនាគត។
ការរកលុយបានត្រឹមកម្រិតមធ្យម ឬក្រោមមធ្យម ប៉ុន្តែមានខ្ទង់ចំណាយលុយច្រើនជាងចំណូល និងការខ្វះចំណេះដឹងសុខភាពជាមូលដ្ឋាននៃការរស់នៅ គឺអាចជាហេតុផលចម្បងដែលបណ្តាលឱ្យប្រជាជនប្រថុយប្រថាននឹងការព្យាបាលជំងឺជាមួយគ្រូខ្មែរបុរាណ ឬសម្រេចចិត្តទិញថ្នាំពេទ្យផ្សំយកមកលេបដោយខ្លួនឯង។
ការសម្រេចរបស់អ្នកជំងឺបែបនេះ ប្រធានគ្លីនិកសើស្បែកភ្នំពេញ និងជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកវេជ្ជបណ្ឌិត ថៃ គា បញ្ជាក់ថា បើលោកអ្នកគ្រាន់តែផ្ដាសាយ ក្អក ឈឺកតិចតួច និងគ្រុនក្ដៅតិចតួចទេ សូមហូបទឹកក្ដៅជាមួយតែក្រូចឆ្មារ និងហាត់ប្រាណឱ្យបានទៀងទាត់ នោះជំងឺនេះនឹងជាសះស្បើយ។
លោកវេជ្ជបណ្ឌិត ថៃ គា៖ «ដូចជាជំងឺផ្ដាសាយ គេមិនត្រូវថ្នាំផ្សះនោះទេ។ បើសិនមានគ្រុនក្ដៅឈឺក្បាល គេប្រើតែថ្នាំបំបាត់គ្រុនក្ដៅហ្នឹងឯង។ ឧទាហរណ៍ជាក់ស្ដែង ថ្នាំប៉ារ៉ាសេតាមុល មួយមុខហ្នឹងលេបពីរបីដងក្នុងមួយថ្ងៃទៅគឺបាត់ហើយ។ បើយើងប្រើច្រើនមុខ មានទាំងថ្នាំផ្សះផង ប្រាកដជាមានផលអាក្រក់ជាក់ជាមិនខាន»។
ដើម្បីអាចគេចផុតការចំណាយលុយច្រើនចំពោះសុខភាព លោកអ្នកត្រូវតែចេះការពារសុខភាពតាមរយៈការហាត់ប្រាណឱ្យបានទៀងទាត់ ទទួលទានទឹកស្អាត ឬទឹកដាំឱ្យបានពុះកម្រិត ១០០អង្សាសេ។ ដោយសារប្រទេសកម្ពុជា មានបរិស្ថានមិនល្អស្អាត មានដីហុយច្រើន មានផ្សែងដែលចេញពីម៉ូតូឡានចាស់ៗ និងការខាកស្ដោះទឹកមាត់តាមដងផ្លូវ ផ្ដេសផ្ដាស គឺសុទ្ធតែជាកត្តារួមផ្សំបណ្ដាលឱ្យលោកអ្នកប្រឈមនឹងការឆ្លងមេរោគផ្សេងៗ មានជាអាទិ៍ ផ្ដាសាយ ជំងឺរបេង ក្អក គ្រុនក្ដៅ រលាកច្រមុះ និងរលាកបំពងកជាដើម។
លោកវេជ្ជបណ្ឌិត ថៃ គា៖ «បរិស្ថានមិនស្អាត ធូលីដី មេរោគនៅគ្រប់ទីកន្លែងទាំងអស់។ មេរោគចូលតាមច្រមុះ ចូលតាមមាត់ ដូច្នេះប្រជាជនគាត់ខ្វះការយល់ដឹង ពួកគាត់ខាកស្ដោះគ្រប់ទីកន្លែង។ ជួលកាលបើកកញ្ចក់ឡាន ស្ដោះតាមផ្លូវ ហើយប៉ើងមកប៉ះអ្នកខាងក្រោយ។ ដូច្នេះយើងត្រូវចេះបង្ការ បើមិនបង្ការទេ យើងចាប់ទទួលរងមេរោគហ្នឹង មេរោគចូលតាមមាត់ ច្រមុះ ភ្នែក ហើយប៉ះពាល់នឹងស្បែកហ្នឹងតែម្ដង នៅតោងនឹងស្បែកតែម្ដង ពេលអេះទៅ ក្លាយជាបូស ដំបៅ ខ្ទុះ។ ចូលតាមច្រមុះរលាកច្រមុះ រលាកបំពងក នឹងអាចរលាកដល់ទងសួត»។
ការបង្រៀនសិស្សស្ដីពីសុខភាពតាំងពីថ្នាក់បឋមសិក្សារហូតដល់មហាវិទ្យាល័យ ការផ្សព្វផ្សាយតាមរយៈវិទ្យុ ទូរទស្សន៍ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) និងការបើកវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបថែទាំសុខភាពជាមូលដ្ឋានជូនប្រជាពលរដ្ឋនៅតាមសហគមន៍ គឺជាយន្តការមួយដ៏មានប្រយោជន៍ និងអាចជាមធ្យោបាយល្អ ដើម្បីបណ្ដុះស្មារតីប្រជាជនឱ្យចេះទទួលខុសត្រូវចំពោះសុខភាពខ្លួនឯង និងសុខុមាលភាពសង្គម។
ចុះនៅពេលលោកមានជំងឺ ហើយត្រូវការថ្នាំផ្សះសម្រាប់ព្យាបាលជំងឺ តើលោកអ្នកត្រូវធ្វើដូចម្ដេច?
លោកវេជ្ជបណ្ឌិត ថៃ គា៖ «បើយើងចង់ប្រើថ្នាំផ្សះ មានន័យថា ថ្នាំហ្នឹងអាចសម្លាប់មេរោគបាន ប៉ុន្តែមិនមែនថ្នាំមួយអាចសម្លាប់មេរោគបានទាំងអស់នោះទេ។ ថ្នាំពេទ្យមួយមុខៗមានប្រសិទ្ធភាពខុសគ្នា។ មានន័យថា ថ្នាំនីមួយៗមានតួនាទី និងប្រសិទ្ធភាព និងអាចត្រូវរាយរងទៅលើប្រភេទមេរោគផ្សេងទៀត ដូច្នេះប្រការចាំបាច់គាត់ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុននឹងប្រើឱសថ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។