ការរំលូតកូន ឬយកកូនចេញ អាចបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងការធ្លុះស្បូន រលាកដៃស្បូន និងអាចបណ្ដាលឲ្យស្ត្រីជួបគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រូពេទ្យជំនាញរោគស្ត្រី និងសម្ភព មានវេជ្ជបញ្ជាថា ស្ត្រីគ្រប់រូបបើចង់រំលូតកូន ត្រូវជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភពឲ្យបានត្រឹមត្រូវ។
គ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភព ពន្យល់ថា ការរំលូតកូនដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ ឬដោយឆ្មបបុរាណដែលមិនបានឆ្លងកាត់វគ្គសិក្សាត្រឹមត្រូវ អាចបណ្ដាលឲ្យស្ត្រីធ្លុះស្បូន ហើយអាចបណ្ដាលឲ្យស្ត្រីជាម្តាយគ្រោះថ្នាក់ដល់អាយុជីវិត មានកូនក្រៅស្បូន និងប្រឈមមុខនឹងការលំបាកមានកូន។
តើហេតុអ្វីបានជាការយកកូនចេញ អាចបណ្ដាលឲ្យធ្លុះធ្លាយស្បូន?
គ្រូពេទ្យជំនាញរោគស្ត្រី និងសម្ភពនៃគ្លីនិកអរុណរះ និងជាអនុប្រធានផ្នែករោគស្ត្រី និងសម្ភពនៃមន្ទីរពេទ្យព្រះកុសុមៈ ដោយបញ្ចប់ការសិក្សាមកពីប្រទេសបារាំង លោកវេជ្ជបណ្ឌិត លាភ សុវណ្ណ មានប្រសាសន៍ថា ការយកកូនចេញមានពីរប្រភេទ គឺការរំលូតកូនប្រើឧបករណ៍បូម និងការលេបថ្នាំ។
ជាទូទៅ ការប្រឈមនឹងការធ្លុះធ្លាយស្បូននេះ គឺកើតឡើងចំពោះស្ត្រីរូបណា ដែលសម្រេចរំលូតកូនតាមរយៈការបូម ឬកាយសម្អាតកូនក្នុងស្បូន ដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មធ្យោបាយពីរដែលគ្រូពេទ្យប្រើសម្រាប់សម្អាតស្បូន គឺការប្រើបំពង់បឺត និងការប្រើក្រវ៉ាកាយ។ ប្រដាប់ទាំងពីរប្រភេទនេះ អាចធ្វើឲ្យធ្លុះស្បូនដូចគ្នា គឺអាស្រ័យនឹងស្ថានភាពស្បូន ស្ថានភាពមាត់ស្បូន និងបទពិសោធន៍របស់គ្រូពេទ្យ។ ការបូម និងការប្រើក្រវ៉ាកាយយកកូននេះ គ្រូពេទ្យអាចធ្វើបានចំពោះស្ត្រីដែលមានកូនអាយុក្រោម ១២សប្ដាហ៍៖ «ប៉ុន្តែបើយើងប្រើសម្ភារៈមានបញ្ហាដូចជា មិនស្អាតជាដើម វាធ្វើឲ្យខូចស្រទាប់ស្បូន ហើយអាចបង្កការលំបាកក្នុងការបង្កកំណើតនៅពេលក្រោយ»។
លោកវេជ្ជបណ្ឌិតបន្ថែមថា ប្រសិនបើអ្នកជំងឺឈឺខ្លាំង មានស្ថានភាពឡេះឡះ មានឈាមហូរចេញមកក្រៅតាមប្រដាប់ភេទកាន់តែច្រើនខុសធម្មតា សម្ពាធឈាមរបស់អ្នកជំងឺកាន់តែទាប និងចង្វាក់បេះដូងដើរញាប់ ព្រោះតែបំពង់បឺត ឬក្រវ៉ាកាយរុលចូលកាន់តែជ្រៅទៅក្នុងស្បូន ទាំងនេះអាចជារោគសញ្ញាបង្ហាញថា ស្ត្រីដែលរំលូតកូនប្រឈមមុខនឹងការធ្លុះធ្លាយស្បូន។ ប្រការនេះ ដើម្បីភាពច្បាស់លាស់ គ្រូពេទ្យត្រូវពិនិត្យស្ត្រីនោះដោយប្រើអេកូសាស្ត្រ ដើម្បីធ្វើរោគវិនិច្ឆ័យ។
ចំពោះការប្រើថ្នាំលេបវិញ គឺប្រើថ្នាំលេប និងថ្នាំសម្រាប់សុលតាមប្រដាប់ភេទ ដើម្បីឲ្យស្បូនបើក និងទងសុកធ្លាក់មក។ ការប្រើប្រាស់ថ្នាំគ្រាប់នេះ គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពនោះទេ ប្រសិនបើស្ត្រីអ្នកជំងឺអនុវត្តត្រឹមត្រូវតាមវេជ្ជបញ្ជាគ្រូពេទ្យជំនាញផ្នែករោគស្ត្រី និងសម្ភព។
លោកវេជ្ជបណ្ឌិត លាភ សុវណ្ណ ពន្យល់ថា ថ្នាំនេះមានប្រសិទ្ធភាព ៩០% ចំពោះកូនដែលមានអាយុក្រោម ៩សបា្ដហ៍។ ការប្រើថ្នាំលេប ស្ត្រីនឹងប្រឈមមុខនឹងការធ្លាក់ឈាមលើសពីធម្មតា៖ «រយៈពេលធ្លាក់ឈាមថ្ងៃទីមួយប្រហែលកន្លះថ្ងៃមានការធ្លាក់ឈាមច្រើន ប៉ុន្តែវាមិនមែនរហូតនោះទេ។ វាធ្លាក់ឈុលក្រោយពេល ៣ម៉ោងនៃការលេបថ្នាំ ហើយវាមានកម្ទេចសុកកម្ទេចសាច់កូនមកជាមួយ។ នៅពេលហ្នឹង អ្នកដែលប្រើថ្នាំហ្នឹងអាចមានអារម្មណ៍ថា ឈឺចាប់ជាងការធ្លាក់រដូវធម្មតា ប៉ុន្តែក្រោយមកធ្លាក់ឈាមតិចទេ។ ថ្នាំហ្នឹងយើងប្រើមិនយូរទេ គឺក្នុងរយៈពេលខ្លីទេ វាមិនបណ្ដាលឲ្យមានបញ្ហាវែងឆ្ងាយទេ លើកលែងតែការទម្លាក់មិនអស់ ទើបប្រើមធ្យោបាយផ្សេង»។
លោកវេជ្ជបណ្ឌិតអះអាងបន្តថា ស្ត្រីគ្រប់រូបបើចង់រំលូតកូនចេញ មិនត្រូវទិញថ្នាំលេបពីឱសថស្ថាន និងមិនត្រូវប្រើវិធីសាស្ត្របុរាណ ដើម្បីរំលូតកូនចេញជាដាច់ខាត។
ច្បាប់ស្ដីពីការរំលូតកូនមាត្រា៥ ចែងថា មានតែវេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬឆ្មបមធ្យម ដែលបានទទួលការអនុញ្ញាតពីក្រសួងសុខាភិបាល ទើបអាចធ្វើការរំលូតបាន។ រីឯមាត្រា៨ ចែងថា ការរំលូតកូន អាចធ្វើទៅបាន ចំពោះតែគភ៌ណាដែលមានអាយុតិចជាង ១២សប្ដាហ៍។
តើការយកកូនចេញ អាចនឹងមានផលប៉ះពាល់អ្វីទៀតចំពោះសុខភាពស្ត្រី?
ប្រធានមន្ទីរសម្រាកព្យាបាលកម្ពុជា បញ្ចប់ការសិក្សាពីប្រទេសបារាំង អ្នកស្រីវេជ្ជបណ្ឌិត សៀន សុខទៀង មានប្រសាសន៍ថា ការរំលូតកូនអាចបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងការរលាកមាត់ស្បូន រលាកដៃស្បូន អាចបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងការមានកូនក្រៅស្បូន និងប្រឈមមុខការលំបាកមានកូន៖ «ទម្លាក់កូនច្រើនដង វាអាចបណ្ដាលឲ្យស្បូនគាត់ហ្នឹងខ្សោយ ប្រសិនបើទម្លាក់ហ្នឹងធ្លាក់ឈាមមិនអស់។ ការធ្លាក់ឈាមមិនអស់ ការធ្លាក់ឈាមរ៉ាំរ៉ៃ វាអាចបណ្ដាលឲ្យស្រទាប់ស្បូនស្អិត និងលែងមានកូននៅថ្ងៃអនាគត»។
អនុប្រធានផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យព្រះកុសុមៈ លោកវេជ្ជបណ្ឌិត លាភ សុវណ្ណ ពន្យល់ថា ការយកចេញច្រើនដងមិនត្រឹមតែជាប្រការមិនល្អចំពោះសុខភាពទូទៅរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបណ្ដាលឲ្យស្ត្រីមានបញ្ហាផ្លូវចិត្ត ដែលជាហេតុផលមួយបណ្ដាលឲ្យស្ត្រី ប្រឈមមុខនឹងការកើតជំងឺផ្លូវចិត្ត និងជំងឺរ៉ាំរ៉ៃដទៃមួយចំនួនទៀត៖ «»។
ជាជម្រើសដ៏ល្អសម្រាប់ស្ត្រីគ្រប់រូប ដើម្បីអាចការពារការរំលូតកូនចេញ ត្រូវការពារកុំឲ្យមានកូនដោយចៃដន្យ ដោយការប្រើមធ្យោបាយពន្យារកំណើត។ មធ្យោបាយពន្យារកំណើតទាំងនោះមានដូចជា ការពន្យារកំណើតដោយប្រើថ្នាំលេប ប្រើថ្នាំចាក់ ប្រើកង់ ប្រើប្រាស់ស្រោមអនាម័យ និងការពន្យារកំណើតតាមបែបធម្មជាតិ ជាអាទិ៍ការរួមភេទតាមវដ្ដនៃរដូវរបស់ស្ត្រី និងការដកចេញនៅពេលរួមភេទ ឬការចាក់ទឹកក្រៅពាង។ ប៉ុន្តែបើស្ត្រីចង់យកកូនចេញ ត្រូវទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញរោគស្ត្រី និងសម្ភព គ្រូពេទ្យមធ្យម ឬឆ្មបមធ្យម ដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាក់លាក់៖ «គឺត្រូវទៅជួបជាមួយអ្នកជំនាញ គឺជាការប្រសើរ ជាពិសេសគ្រូពេទ្យផ្នែករោគស្ត្រី និងសម្ភព»។
ស្ត្រីមិនត្រូវទិញថ្នាំពីឱសថស្ថាន និងមិនត្រូវប្រើមធ្យោបាយបុរាណ ដើម្បីរំលូតកូននោះទេ ព្រោះអាចបណ្ដាលឲ្យស្ត្រីប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃ និងអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។