តើ​បញ្ហា​ឈឺ​ក្បាល​ជា​ការ​គ្រោះ​ថ្នាក់​ឬ​ទេ? (ភាគ​២)

0:00 / 0:00

អាការៈ​ឈឺ​ក្បាល គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ជួប​ប្រទះ​រាល់​ថ្ងៃ។ កាល​ពី​សប្ដាហ៍​មុន គ្រូពេទ្យ​ជំនាញ​ខាង​សរសៃ​ប្រសាទ​ឲ្យ​ដឹង​ថា បញ្ហា​ឈឺ​ក្បាល​មាន​ច្រើន​សណ្ឋាន ហើយ​ក៏​មាន​កត្តា​មូលហេតុ​ផ្សេងៗ​គ្នា​ដែរ។

ក្នុង​នាទី​សុខភាព​សប្ដាហ៍​នេះ លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយការណ៍​បន្ត អំពី​ស្ថានភាព​នៃ​ប្រភេទ​បញ្ហា​ឈឺ​ក្បាល​មួយ​ចំនួន​ទៀត និង​ថា តើ​អាការៈ​ឈឺ​ក្បាល​នោះ​ជា​ការ​គ្រោះថ្នាក់ ឬ​ទេ?

គ្រូពេទ្យ​ឯកទេស​ខាង​វះ​កាត់​សរសៃ​ប្រសាទ​នៃ​មន្ទីរពេទ្យ​ជប៉ុន ឈ្មោះ សាន់រ៉ាយ (Sunrise) លោក​វេជ្ជបណ្ឌិត យ៉ូហ្ស៊ីហ៊្វូមី ហាយ៉ាហ៊្សី (Yoshifumi Hayashi) ឲ្យ​ដឹង​បន្ថែម​ថា បញ្ហា​ឈឺ​ក្បាល​ប្រភេទ​មួយ​ចំនួន​ទៀត​ដែល​អាច​ជា​អាការៈ​ឈឺ​ក្បាល​គ្រោះថ្នាក់​ដែរ​នោះ គឺ​ការ​ឈឺ​ដែល​កើត​ឡើង​ភ្លាមៗ​ដោយ​ឯកឯង៖ «អត់​មាន​អី​បុក​ខួរក្បាល ហើយ​ក៏​មិន​មាន​ក្ដៅ​ខ្លួន​ដែរ ប៉ុន្តែ​ស្រាប់​តែ​ឈឺ​តែ​ម្ដង។ ពេល​ខ្លះ​មិន​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​សំខាន់​វា​អាច​ជា​សញ្ញា​មួយ​ដ៏​ធ្ងន់ធ្ងរ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ទៀត​ថា ការ​ហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល​នេះ មាន​ពីរ​ប្រភេទ​ធំៗ​ខុស​គ្នា៖ «ពីរ​ចំណុច​ដែល​សំខាន់​ដែល​ធ្វើ​ឲ្យ​ហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល។ ទី​មួយ គឺ​ហូរ​ឈាម​នៅ​ក្រោម​ស្រទាប់​ទន់​នៃ​ខួរ​ក្បាល។ ទី​ពីរ គឺ​ហូរ​ឈាម​ក្នុង​ខួរក្បាល​តែ​ម្ដង។ មួយ​ហូរ​នៅ​ស្រោម​ខួរ មួយ​ហូរ​ឈាម​នៅ​ខួរក្បាល។ មូលហេតុ​សំខាន់​ដែល​អាច​ប្រឈម​មុខ​ក្នុង​ការ​ហូរ​ឈាម​បែប​នេះ ជាពិសេស គឺ​អ្នក​ជក់​បារី។ បន្ទាប់​មក​ទៀត គឺ​អ្នក​ឡើង​សម្ពាធ​ឈាម និង​អ្នក​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម»

លោក​វេជ្ជបណ្ឌិត ហាយ៉ាហ្ស៊ី បញ្ជាក់​ថា ប្រសិន​បើ​មាន​អាការៈ​ឈឺ​ក្បាល​ដូច​បាន​រៀបរាប់​មក​នេះ គឺ​វា​អាច​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ ហើយ​ជា​ករណី​ដែល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​បង្ការ​បញ្ហា​ហូរ​ឈាម​ក្នុង​ខួរក្បាល​នេះ?

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា វិធី​ដែល​សំខាន់​បំផុត គឺ​ការ​រក្សា​របៀប​រស់​នៅ​ដោយ​សុខភាព​ល្អ៖ «ទី​មួយ គឺ​ឈប់​ជក់​បារី។ ទី​ពីរ​នោះ ហូប​អាហារ​ដែល​មាន​តុល្យភាព គឺ​អាហារ​ដែល​មាន​ជាតិ​ផ្លែ​ឈើ​ច្រើន និង​បន្លែ​ច្រើន។ ទី​បី ការ​ហាត់​កីឡា​ក៏​ជា​ចំណុច​ល្អ​មួយ​ដែរ ដើម្បី​ទទួល​បាន​សុខភាព​ល្អ។ ប្រសិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​លើ វា​ជា​សញ្ញា​មួយ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន»

លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា នៅ​ប្រទេស​ជប៉ុន បច្ចុប្បន្ន​នេះ ការ​ពិនិត្យ​វាយ​តម្លៃ​ខួរក្បាល គឺ​ជា​ការ​ពេញ​និយម​មួយ។ ការ​ពិនិត្យ​ខួរក្បាល ធ្វើ​ឲ្យ​គ្រូពេទ្យ​អាច​វាយ​តម្លៃ​បាន​ថា មាន​សរសៃ​ក្នុង​ខួរក្បាល​ណា​មួយ​ដាច់​ហូរ​ឈាម ឬ​ក៏​ស្ទះ។

ក្រៅ​ពី​អាការៈ​ឈឺ​ក្បាល​ដែល​កើត​ឡើង​ភ្លាមៗ ក៏​មាន​អាការៈ​ឈឺ​ក្បាល​លក្ខណៈ​រ៉ាំរ៉ៃ​ដែរ។ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា អាការៈ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​នេះ គឺ​និយាយ​សំដៅ​អាការៈ​ឈឺ​ក្បាល​ដែល​កើត​ឡើង​ជា​ទៀងទាត់ និង​រាល់​ថ្ងៃ។ ឧទាហរណ៍​ស្ត្រី​វ័យ ១៦​ឆ្នាំ ដែល​មាន​អាការៈ​ឈឺ​ក្បាល​ទៀងទាត់ ៣​ដង​ក្នុង​មួយ​ខែ។ ការ​ឈឺ​ក្បាល​នេះ តែង​កើត​ឡើង​បន្ទាប់​ពី​ការ​ទទួល​ទាន​អាហារ ឬ​ការ​ហាត់​ប្រាណ ឬ​ក្នុង​អំឡុង​ពេល​មាន​រដូវ។ ការ​ឈឺ​ក្បាល​នេះ ជួន​កាល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​រហូត​ដល់​ធ្វើ​ឲ្យ​ក្អួត។ ការ​ឈឺ​ក្បាល​នេះ អាច​ឈឺ​ពេល​ចូល​គេង ហើយ​បាត់​ទៅ​វិញ​ពេល​ភ្ញាក់​ពី​ដំណេក។ លោក​វេជ្ជបណ្ឌិត ហាយ៉ាហ្ស៊ី ហៅ​ឈ្មោះ​អាការៈ​ឈឺ​ក្បាល​បែប​នេះ ថា​ជា​ជំងឺ​ប្រកាំង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ម៉ៃក្រេន (Migraine)៖ «ជំងឺ​ម៉ៃក្រេន​ហ្នឹង គឺ​ជាទូទៅ​វា​ចាប់​ផ្ដើម​ឡើង​ក្នុង​អាយុ​ពី ១០ ទៅ ៣០​ឆ្នាំ ហើយ ៨០% គឺ​ជា​ស្ត្រី។ វា​ទាក់ទង​ទៅ​នឹង​បញ្ហា​អ័រម៉ូន (Hormone)»

លោក​បញ្ជាក់​ថា មូលហេតុ​ខ្លះ​បណ្ដាល​មក​ពី​បញ្ហា​ភ្នែក។ បញ្ហា​ភ្នែក កើត​ឡើង​មុន​ពេល​ដែល​អាការៈ​ឈឺ​ក្បាល​ចាប់​ផ្ដើម​ឡើង។

ទាក់ទង​នឹង​ការ​ព្យាបាល​វិញ ប្រសិន​បើ​អាការៈ​ឈឺ​ក្បាល​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ទេ លោក​វេជ្ជបណ្ឌិត​គ្រាន់​តែ​ឲ្យ​សម្រាក​មួយ​រយៈពេល​ខ្លី ការ​ឈឺ​ក្បាល​នេះ​នឹង​បាត់​ទៅ​វិញ។ ប៉ុន្តែ​បើ​សិន​ជា​លោក​អ្នក​មាន​អាការៈ​ឈឺ​ក្បាល​ប្រកាំង​ធ្ងន់ធ្ងរ លោក​អ្នក​អាច​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ។ លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ថ្នាំ​មួយ​ប្រភេទ​សម្រាប់​ជំងឺ​ប្រកាំង​មាន​ឈ្មោះ​ថា ហ្សូមិគ (Zomig)៖ «នេះ​ជា​ថ្នាំ​ប្រើប្រាស់​សម្រាប់​ព្យាបាល ដែល​យើង​អាច​ប្រើ​ថ្នាំ​ហ្នឹង​ដើម្បី​លេប​ក៏​មាន ហើយ​ថ្នាំ​ដែល​បាញ់​ចូល​ច្រមុះ​ក៏​មាន។ បើ​មាន​ជំងឺ​ដូច​ម៉ៃក្រេន ទៅ​ជួប​លោក​គ្រូពេទ្យ ឬ​អាច​ជួប​គ្រូពេទ្យ​នៅ​គ្លីនិក​គីតាហារ៉ា»

លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ការ​ឈឺ​ក្បាល​ប្រកាំង​អាច​កើត​ឡើង​ពី ៣ ទៅ ៦​ដង​ក្នុង​មួយ​ខែ ដែល​មាន​លក្ខណៈ​ខុស​គ្នា​ពី​អាការៈ​ឈឺ​ក្បាល​តឹង​សាច់​ដុំ និង​អាការៈ​កញ្ចុំ ឬ​ភាសា​អង់គ្លេស​ហៅ​ថា Cluster Headache៖ «Cluster Headache ឬ​ជំងឺ​ឈឺ​ក្បាល​ជា​កញ្ចុំ​ហ្នឹង ភាគ​ច្រើន​កើត​ឡើង​នៅ​ខាង​ក្រោយ​ភ្នែក។ ឈឺ​នៅ​ម្ដុំ​កញ្ចុំ​ក្រោយ​ភ្នែក​ហ្នឹង​តែ​ម្ដង ហើយ​ឈឺ​ក្បាល​ជា​កញ្ចុំ Cluster Headache គឺ​វា​ឈឺ​ក្បាល​នៅ​តែ​ភ្នែក​ហ្នឹង ហើយ​បើ​គិត​ពី​ពេលវេលា​វិញ គឺ​ទៀង​ទាត់។ បើ​ថា​ថ្ងៃ​ហ្នឹង​ម៉ោង ៨ ឈឺ ស្អែក​ឡើង​ម៉ោង ៨ ឈឺ​ទៀត​ហើយ។ បើ​រដូវ​ត្រជាក់​ឈឺ ដល់​រដូវ​ត្រជាក់​ឈឺ​ទៀត។ វា​ទៀងទាត់​អ៊ីចឹង តែ​មួយ​កន្លែង ហើយ​អត់​ផ្លាស់​ប្ដូរ​ទី​កន្លែង​ទេ»

រីឯ​អាការៈ​ឈឺ​ក្បាល​ដែល​បង្ក​ដោយ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​វិញ ត្រូវ​បាន​វេជ្ជបណ្ឌិត ហាយ៉ាហ្ស៊ី ពន្យល់​ថា មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អាការៈ​ឈឺ​ក្បាល​ប្រភេទ​ដទៃ​ទៀត​ដែរ ក៏ប៉ុន្តែ​លក្ខណៈ​សម្គាល់​ពិសេស​មួយ​នៃ​ការ​ឈឺ​ក្បាល ដែល​បង្ក​ដោយ​ដុំ​សាច់​ក្នុង​ខួរក្បាល គឺ​អាការៈ​ឈឺ​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ម្ដង​បន្តិចៗ​រយៈពេល​យូរ ហើយ​ឥត​ស្រាកស្រាន្ត។

លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា ប្រសិន​បើ​មាន​រោគ​សញ្ញា​បែប​នេះ ហើយ​សង្ស័យ​ថា​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល អ្នក​ជំងឺ​គប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ឆ្លុះ​មើល​ខួរក្បាល​ដោយ​ម៉ាស៊ីន​ទំនើប។

ជា​រួម អាការៈ​ឈឺ​ក្បាល​ទាំង​ឡាយ​ណា​ដែល​កើត​ឡើង​ភ្លាមៗ ហើយ​មិន​ស្រាកស្រាន្ត​បន្ទាប់​ពី​ការ​សម្រាក ឬ​ហាត់​ប្រាណ ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​ជា​ករណី​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។