ជំងឺ​ឈឺ​សរសៃ​ប្រសាទ និង​ឈឺ​សន្លាក់

0:00 / 0:00

ការ​ឈឺ​សរសៃ​ប្រសាទ និង​ឈឺ​សន្លាក់ គឺ​ជា​ជំងឺ​ឧស្សាហ៍​ជួប​មួយ​ដែរ​ក្នុង​ចំណោម​ជំងឺ​ដទៃ​ទៀត។ គ្រូពេទ្យ​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កើត​មាន​បញ្ហា​ឈឺ​សរសៃ និង​ឈឺ​សន្លាក់។

ក្នុង​នាទី​សុខភាព​សប្ដាហ៍​នេះ លោក ឡេង ម៉ាលី មាន​សេចក្ដី​រាយការណ៍​អំពី​ស្ថានភាព​ជំងឺ​ឈឺ​សរសៃ និង​ឈឺ​សន្លាក់ និង​ការ​ព្យាបាល​ដូច​ត​ទៅ៖

ការ​ឈឺ​សរសៃ​នៅ​ពេល​នេះ គឺ​គ្រូពេទ្យ​និយាយ​សំដៅ​ទៅ​រក​សរសៃ​ប្រសាទ ដែល​នៅ​ពាស​ពេញ​រាង​កាយ​យើង។ គ្រូពេទ្យ​ឱ្យ​ដឹង​ថា ការ​ឈឺ​សរសៃ​ប្រសាទ គឺ​នៅ​ពេល​ណា​សរសៃ​ប្រសាទ​នោះ​មាន​បញ្ហា​រលាក ឬ​ប៉ះ​ទង្គិច​កើត​ឡើង។

គ្រូពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ គឺ​វេជ្ជបណ្ឌិត ខែក យ៉ាដែន ជំនាញ​ឯកទេស​ខាង​ព្យាបាល​ជំងឺ​សន្លាក់ និង​សរសៃ​ប្រសាទ ថ្លែង​ថា ជំងឺ​សរសៃ​ភាគ​ច្រើន​ដែល​លោក​បាន​ទទួល​ព្យាបាល គឺ​នៅ​សរសៃ​ត្រង់​សន្លាក់​ស្មា៖ «ការ​ឈឺ​សរសៃ និង​ឈឺ​សន្លាក់ វា​សម្បូរ​នៅ​ស្រុក​ខ្មែរ​យើង។ ដែល​ញឹកញាប់​ជាង​គេ ភាគ​ច្រើន​នៅ​សន្លាក់​ស្មា។ ស្មា​ហ្នឹង​ច្រើន​ជាង​គេ​បំផុត ហើយ​និង​គន្លាក់​អាចម៍ ជង្គង់​អង្គុយ​បត់​ជើង​អត់​កើត ក្រោក​ឡើង​ពិបាក​លេប​អី​ហ្នឹង ឬ​មួយ​សន្លាក់​ស្មា​លើក​ដៃ​អត់​រួច ភាគ​ច្រើន គឺ​កើត​ចេញ​ពី​អ៊ីចឹង ហើយ​ឈឺ​តាម​ក ឈឺ​តាម​ជង្គង់ ឈឺ​តាម​ក​ដៃ​ក​ជើង​អី​ហ្នឹង អត់​សូវ​មាន​ប៉ុន្មាន​ទេ»

មូលហេតុ៖

វេជ្ជបណ្ឌិត ខែក យ៉ាដែន ពន្យល់​ថា មាន​កត្តា និង​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កើត​ជំងឺ​សន្លាក់ និង​សរសៃ គឺ​ទី​មួយ បណ្ដាល​មក​ពី​ការ​ប៉ះ​ទង្គិច ដូចជា ដួល ឬ​គ្រោះថ្នាក់​ផ្សេងៗ។ ការ​គ្រោះថ្នាក់​នេះ អាច​វិវឌ្ឍ​យូរៗ​ទៅ​វា​ទៅ​ជា​ឈឺ។ កត្តា​ទី​ពីរ គឺ​បណ្ដាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ឈាម​របស់​យើង៖ «ឧទាហរណ៍​ថា ឈាម​យើង​មាន​ជាតិ​អាស៊ីដ​អ៊ុយរិច​ឡើង​ខ្លាំង ក៏​ធ្វើ​ឱ្យ​ឈឺ​សរសៃ ឬ​ក៏​ឈឺ​សន្លាក់​ដែរ ដែល​ចុង​ក្រោយ​បំផុត វា​វិវឌ្ឍ​ទៅ​ជា​ជំងឺ ហ្កៅថ៍ (Gout) គឺ​ជំងឺ​ក្រម៉េង​ក្រម៉ោង​តាម​ដៃ​ហ្នឹង។ មួយ​ទៀត​ទាក់ទង​នឹង​បញ្ហា​ឈាម​ដែរ គឺ​ការ​ឡើង​ជាតិ​ខ្លាញ់​ខុស​ពី​ធម្មតា។ ការ​ឡើង​ជាតិ​ខ្លាញ់​ខុស​ធម្មតា​ហ្នឹង គឺ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ឬ​ក្នុង​សរសៃ​ឈាម​បេះដូង។ អា​ហ្នឹង​កាល​ណា​វា​ឡើង​ច្រើន ក៏​អាច​ធ្វើ​ឱ្យ​ឈឺ​សរសៃ​ដែរ»

លោក​បន្ត​ថា ជួន​កាល​ទៀត គឺ​បណ្ដាល​មក​ពី​មេរោគ​ដែល​នៅ​ក្នុង​ឈាម​យូរ​មក​ហើយ ជាពិសេស គឺ​មេរោគ​សន្លាក់៖ «ឬ​មួយ​ក៏​មេរោគ​ត្រាំត្រែង​នៅ​ក្នុង​ឈាម​យើង​ហ្នឹង ដែល​តាម​លក្ខណៈ​ឡាបូរ៉ាទ័រ (Laboratory = មន្ទីរ​ពិសោធន៍) គេ​ហៅ​ថា ស៊ីភីអ័រ។ ស៊ីភីអ័រ ហ្នឹង​ឡើង​ខ្លាំង ក៏​ធ្វើ​ឱ្យ​បញ្ហា​ឈឺ​សន្លាក់​យើង​ហ្នឹង​ជា​រឿយៗ តែង​តែ​កើត​ឡើង​ដែរ។ មួយ​ទៀត កត្តា​បន្ទាប់​បន្សំ ឧទាហរណ៍​ថា យើង​ញ៉ាំ​ស្រា ឬ​បារី​ច្រើន ក៏​ធ្វើ​ឱ្យ​ការ​ឈឺ​សន្លាក់​ហ្នឹង​កើត​ឡើង​ច្រើន​ដែរ។ សំខាន់​បំផុត​ដែល​យើង​គេច​មិន​រួច គឺ​កត្តា​ចំណី​អាហារ។ ចំណី​អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ​ហ្នឹង ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​សារធាតុ​គីមី​ច្រើន។ អា​ហ្នឹង​ក៏​ជា​ភ្នាក់​មួយ​ធ្វើ​ឈឺ​សន្លាក់​ដែរ ហើយ​មិន​ត្រឹម​តែ​ឈឺ​សន្លាក់​ទេ វា​អាច​ធ្វើ​ឱ្យ​មាន​ជំងឺ​ផ្សេងៗ​ទៀត​ជា​ច្រើន ដែល​យើង​មិន​អាច​រៀបរាប់​អស់»

រោគ​សញ្ញា៖

រីឯ​រោគ​សញ្ញា​ដែល​បង្ហាញ​ថា​មាន​ជំងឺ​សន្លាក់ និង​សរសៃ គឺ​ចាប់​ផ្ដើម​ជា​ចម្បង​ដោយ​ឈឺ​នៅ​សន្លាក់​ណា​មួយ៖ «កាល​ណា​មាន​ជំងឺ​សរសៃ ដូច​ជា ហើម រួញ ឬ​ក៏​រលាក​សរសៃ​ហ្នឹង​ឯង គឺ​កន្លែង​ដែល​រលាក រួញ ហើម​ហ្នឹង ហើយ​ទន្ទឹម​ហ្នឹង បើ​សិន​ជា​គាត់​រលាក​ខ្លាំង ដូច​ជា រលាក​សរសៃ​ដែល​មាន​អាស៊ីដ​អ៊ុយរិច​ឡើង គឺ​កន្លែង​ហ្នឹង​ក្ដៅ វា​ក្ដៅ ហើយ​ឡើង​ក្រហម ហើម​ទៀត ពីព្រោះ​ដែល​យើង​និយាយ​ក្នុង​ហ្នឹង គឺ​ជា​សរសៃ​វិញ្ញាណ ឬ​ក៏​គេ​ហៅ​ថា​សរសៃ​ប្រសាទ​ហ្នឹង​ណ៎ា។ ប្រព័ន្ធ​សរសៃ​វិញ្ញាណ​ហ្នឹង​មាន​តួនាទី​សម្រាប់​ផ្ដល់​ព័ត៌មាន ឬ​ក៏​សម្រាប់​បញ្ជូន​ព័ត៌មាន​មក​ឱ្យ​ខួរ​ក្បាល​យើង​ដឹង​ថា​វា​ឈឺ។ អ៊ីចឹង​នៅ​ពេល​មាន​កន្លែង​ណា​ឈឺ គឺ​ពាក់ព័ន្ធ​នឹង​សរសៃ​ហ្នឹង​ឯង។ បើ​សិន​ជា​នៅ​ក្នុង​ខ្លួន​យើង បើ​ជា​យើង​ឆ្កឹះ​សាច់​មួយ​ដុំ​មក​ក្រៅ ហើយ​សាច់​ហ្នឹង​អត់​មាន​សរសៃ​វិញ្ញាណ​ហ្នឹង​ទេ ក៏​យើង​អត់​ដឹង​ថា​ឈឺ​ដែរ»

អំពី​ការ​ព្យាបាល៖

លោក​វេជ្ជបណ្ឌិត ខែក យ៉ាដែន មាន​ប្រសាសន៍​ថា ការ​ព្យាបាល​បញ្ហា​ឈឺ​សរសៃ និង​ការ​ឈឺ​សន្លាក់ គឺ​មាន​ទិសដៅ និង​ដំណាក់​កាល​ផ្សេង​គ្នា​ទៅ​តាម​ស្ថានភាព​ជំងឺ៖ «តាម​លក្ខណៈ​វិទ្យាសាស្ត្រ ការ​ព្យាបាល​ឈឺ​សរសៃ ឈឺ​សន្លាក់​ហ្នឹង វា​ជា​មែក​ធាង​មួយ​នៅ​ក្នុង​ចង្កោម​របស់​ផ្នែក Anesthesia local regional មាន​ន័យ​ជា​ផ្នែក​នៃ​ចាក់​ឱ្យ​ស្ពឹក​នៅ​តាម​តំបន់។ គោល​បំណង​នៃ​ផ្នែក​ហ្នឹង គេ​ហៅ​ថា Pain Clinic ហើយ​គោល​បំណង​របស់ Pain Clinic ហ្នឹង វា​មាន​បួន​រឿង​សំខាន់ៗ។ រឿង​ទី​មួយ គឺ​ធ្វើ​ឱ្យ​បំបាត់​ការ​ឈឺ​ចាប់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​បាត់​ឈឺ។ រឿង​ទី​ពីរ ធ្វើ​ឱ្យ​សរសៃ​ដែល​ហើម​ហ្នឹង គឺ​វា​បាត់​ហើម និង​រឿង​ទី​បី ធ្វើ​ឱ្យ​សរសៃ​ដែល​រលាក​ហ្នឹង​បាត់​រលាក និង​រឿង​ទី​បួន កើត​ឡើង​ដោយសារ​ការ​រួញ​សរសៃ​វិញ្ញាណ​ហ្នឹង គឺ​ធ្វើ​ឱ្យ​សរសៃ​ហ្នឹង​វា​រលា​ឡើង​វិញ។ កាល​ណា​សរសៃ​រលា​ឡើង​វិញ បាត់​ហើម​បាត់​រលាក ចរន្ត​ហូរ​ទៅ​មក​របស់​សរសៃ​វិញ្ញាណ​ហ្នឹង​ត្រឡប់​មក​ប្រក្រតី​ឡើង​វិញ គឺ​អ្នក​ជំងឺ​បាត់​ឈឺ»

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ព្យាបាល​មិន​បាន​ត្រឹមត្រូវ អាច​នាំ​ឱ្យ​មាន​ផល​វិបាក​ដល់​សុខភាព​ធ្ងន់ធ្ងរ ជាពិសេស​ការ​ព្យាបាល​ដែល​អ្នក​ជំងឺ​ទៅ​ឱ្យ​អ្នក​លក់​ថ្នាំ ផ្សំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ឱ្យ​គាត់​លេប​ម្ដង​ម្កាល៖ «អ្នក​លក់​ថ្នាំ​ឥឡូវ​គាត់​ឆ្លាត​ដែរ។ អ្វី​ដែល​ធ្វើ​ទៅ​បាត់​ឈឺ​ភ្លាម គាត់​អាច​លាយ​ជាមួយ គ័រទីកូអ៊ីដ (Corticosteroid) ឱ្យ​លេប។ គាត់​លេប​ហើយ​ប្រហែល​ជា​កន្លះ​ម៉ោង ឬ​ក៏​មួយ​ម៉ោង​ក្រោយ​មក​គាត់​បាត់​ឈឺ។ តែ​អស់​ជាតិ​ថ្នាំ​វា​ឈឺ​ឡើង​វិញ។ អ៊ីចឹង វា​មិន​មែន​ជា​កត្តា​ល្អ​ទេ ដែល​យើង​នៅ​តែ​ប្រព្រឹត្ត​ការ​លេប​ថ្នាំ​តាម​រយៈ​ការ​ផ្សំ​ថ្នាំ​ម្ដង​ម្កាល​ពី​អ្នក​ដែល​អត់​មាន​ជំនាញ។ ចុង​ក្រោយ​បំផុត គឺ​គាត់​នឹង​អាច​មាន​ផល​វិបាក​ទៅ​ជា​ជំងឺ​ក្រពះ អាច​ធ្លាយ​ក្រពះ ជំងឺ​ខ្សោយ​តម្រង​នោម ហើម​មុខ​ហើម​មាត់ និង​ចុង​ក្រោយ​បំផុត ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​យើង​ចុះ​ខ្សោយ។ ពេល​ហ្នឹង គឺ​ពិបាក​ព្យាបាល។ អ៊ីចឹង​គួរ​តែ​មក​រក​អ្នក​ជំនាញ ប្រសិន​បើ​មាន​បញ្ហា​ហ្នឹង​កើត​ឡើង ហើយ​ការ​ព្យាបាល​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ចេញ​ពី​សាលា​ច្បាស់​លាស់»

លោក​វេជ្ជបណ្ឌិត​ពន្យល់​ទៀត​ថា សរសៃ​ប្រសាទ ឬ​សរសៃ​វិញ្ញាណ គឺ​មាន​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​តូចៗ ហើយ​តិចតួច។ ដូច្នេះ ការ​ប្រើ​ថ្នាំ​លេប គឺ​មិន​ងាយ​នឹង​ជ្រាប​ដល់​សរសៃ​ដែល​រលាក​នោះ​ណាស់។ ការ​ប្រើ​ថ្នាំ​លេប ត្រូវ​ប្រើ​រយៈពេល​យូរ ហើយ​មិន​ប្រសើរ​ដូច​ការ​ព្យាបាល​ដោយ​ថ្នាំ​ចាក់​ទេ៖ «ដូច្នេះ ថ្នាំ​ដែល​យើង​លេប​ទៅ មិន​នឹង​ទៅ​ដល់​កន្លែង​រលាក​ហ្នឹង សឹង​តែ​ថា​អស់ ឬ​មួយ​ក៏​គ្មាន​តែ​ម្ដង។ អ៊ីចឹង យើង​លេប​ថ្នាំ​រហូត​ទៅ​ដល់​មួយ​ខែ គ្រាន់​តែ​បាត់​ឈឺ​បណ្ដោះអាសន្ន ហើយ​ឈឺ​មក​វិញ។ អ៊ីចឹង ឈឺ​បាត់ៗ​រហូត​តែ​អត់​ជា​ទេ។ តែ​ដោយ​ឡែក​សម្រាប់​ការ​ព្យាបាល​របស់​ខ្ញុំ គឺ​ខ្ញុំ​ចាក់​ថ្នាំ​ចំ​កន្លែង​ដែល​ឈឺ។ អ៊ីចឹង​អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ​វា​ចំ​គោលដៅ​ច្បាស់​លាស់ ហើយ​ថ្នាំ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កន្លែង​ដែល​ឈឺ​ហ្នឹង សឹង​ថា​មួយ​រយ​ភាគ​រយ។ ដូច្នេះ ការ​ដែល​យើង​ចាក់​ថ្នាំ​មួយ​ម្ជុល​ហ្នឹង សឹង​ថា​លេប​ថ្នាំ​មួយ​ខែ​ក៏​អត់​ស្មើ​នឹង​ចាក់​ថ្នាំ​មួយ​ម្ជុល​ហ្នឹង​ដែរ។ ទន្ទឹម​នឹង​ហ្នឹង ការ​ដែល​យើង​ចាក់​ទៅ គឺ​ផល​វិបាក​មាន​តិចតួច ឬ​ក៏​សឹង​ថា​គ្មាន។ ទាក់ទង​នឹង​គុណភាព​ល្អ បើ​សិន​ការ​រលាក​សរសៃ​ហ្នឹង​កើត​ឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច ហើយ​នៅ​ក្នុង​ខ្លួន​យើង ឈាម​យើង វា​អត់​មាន​កត្តា​មួយ​ចំនួន​ធំ ដែល​យើង​និយាយ​មក​ហ្នឹង​ទេ ចាក់​ម្ដង​ហ្នឹង គឺ​អ្នក​ជំងឺ​អាច​ពី​ដប់​ទៅ​ម្ភៃ​ឆ្នាំ។ ជួន​កាល​អាច​បាត់​រហូត»

ផល​វិបាក៖

ទាក់ទង​នឹង​ផល​វិបាក​នៃ​ជំងឺ​សន្លាក់ និង​រលាក​សរសៃ​ដែល​មិន​បាន​ព្យាបាល អាច​មាន​ករណី​ចំនួន​ពាក់​កណ្ដាល​បាន​ជា​សះ​ស្បើយ​ឡើង​វិញ និង​ពាក់​កណ្ដាល​ទៀត វិវឌ្ឍ​ទៅ​ជា​ធ្ងន់ធ្ងរ។ មាន​កត្តា​មួយ​ចំនួន​តូច​អាច​នាំ​ឱ្យ​ស្វិត​ដៃ​ជើង​ដែរ។

លោក​វេជ្ជបណ្ឌិត ខែក យ៉ាដែន ណែនាំ​ថា អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ឈឺ​សន្លាក់ ឬ​ឈឺ​សរសៃ គប្បី​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ផល​វិបាក​ផ្សេងៗ ត្រូវ​ចៀសវាង​ការ​ប្រើ​ថ្នាំ​លេប​បំបាត់​ការ​ឈឺ​ចាប់ ដែល​ផ្សំ​ដោយ​គ្មាន​បញ្ជា​ពី​គ្រូពេទ្យ​ជំនាញ​ជាក់​លាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។