អ្នក​ជំងឺ​របេង​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់

ជំងឺ​របេង ត្រូវ​បាន​អ្នក​ជំនាញ​ឱ្យ​ដឹង​ថា នៅ​តែ​ជា​បញ្ហា​ធំ និង​ពិបាក​ដោះស្រាយ​នៅ​ឡើយ​នៅ​លើ​ពិភពលោក​យើង​សព្វថ្ងៃ​នេះ។ រីឯ​ប្រទេស​កម្ពុជា វិញ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ផ្នែក​ជំងឺ​របេង បញ្ជាក់​ថា ក៏​នៅ​តែ​មាន​ច្រើន​ករណី​ដែរ។
ដោយ ឡេង ម៉ាលី
2013.03.21
អ្នក​ជំងឺ​របេង ៣០៥ អ្នក​ជំងឺ​របេង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​របេង និង​ហង់សិន នា​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០១១។
RFA/Sok Serey

មន្ត្រី​សុខាភិបាល​វាយ​តម្លៃ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ចំណោម​មនុស្ស ២​នាក់ គឺ​មាន ១​នាក់​មាន​មេរោគ​របេង​ក្នុង​ខ្លួន។ តួលេខ​នេះ ត្រូវ​បាន​ទីប្រឹក្សា​ក្រសួង​សុខាភិបាល និង​ជា​នាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគ​របេង និង​ហង់សិន គឺ​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ចាត់​ទុក​ថា ជា​តួលេខ​ខ្ពស់​នៅ​ឡើយ។ ក៏ប៉ុន្តែ លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង បញ្ជាក់​ថា ទោះ​ជា​មាន​មេរោគ​របេង​ក្នុង​ខ្លួន​ដូច្នេះ​ក្ដី ក៏​មិន​ទាន់​បង្ក​ទៅ​ជា​ជំងឺ​ដែរ។ ជំងឺ​របេង​ចាប់​ផ្ដើម​កើត​នៅ​ពេល​ណា​ប្រព័ន្ធ​រាងកាយ​យើង​ចុះ​ទ្រុឌទ្រោម និង​មាន​វ័យ​ជរា។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​កន្លង​មក​នេះ កម្មវិធី​កម្ចាត់​ជំងឺ​របេង​ថ្នាក់​ជាតិ​របស់​កម្ពុជា ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​ថា បាន​ជោគជ័យ​ក្នុង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​របេង​បាន​យ៉ាង​ច្រើន។

បើ​ទោះ​ជា​តួលេខ​ទូទៅ​របស់​ថ្នាក់​ជាតិ​បង្ហាញ​ការ​ធ្លាក់​ចុះ​ក្ដី នាយិកា​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម រាជធានី​ភ្នំពេញ គឺ​អ្នកស្រី​វេជ្ជបណ្ឌិត ថៃ សុភ័គ ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា នៅ​មាន​អ្នក​ជំងឺ​របេង​ប្រមាណ ៤​ម៉ឺន​នាក់។

ដោយឡែក​ក្នុង​ឆ្នាំ​២០១២ កន្លង​ទៅ អ្នក​ជំនាញ​ស្រាវជ្រាវ​នៃ​មន្ទីរ​ពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម បាន​រក​ឃើញ​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ចំនួន​ច្រើន​ដែរ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​អំពី​លទ្ធផល​ស្រាវជ្រាវ​របេង​សកម្ម តាម​គម្រោង​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា ធីប៊ី អៅរីច (TB Outreach) ឆ្នាំ​ទី១ ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣ អ្នកស្រី​វេជ្ជបណ្ឌិត ថៃ សុភ័គ បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​សម្ភាស​ចំនួន​ប្រមាណ ៣​សែន​នាក់ នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​កើត​ជំងឺ​របេង​គ្រប់​សណ្ឋាន​ចំនួន ៧៣៣​នាក់ ហើយ​ក្នុង​ចំណោម​តួលេខ​នេះ ចំនួន ៦៨៧​នាក់​មាន​របេង​សួត។

ប្រធាន​កម្មវិធី លោក​វេជ្ជបណ្ឌិត ជួន គឹមចេង ឱ្យ​ដឹង​ថា ករណី​ជំងឺ​របេង​ភាគ​ច្រើន​ត្រូវ​បាន​រក​ឃើញ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ភាគ​ខាង​លិច និង​ខាង​ត្បូង ដែល​សម្បូរណ៍​មនុស្ស​រស់នៅ​ប្រមូល​ផ្ដុំ និង​សហគមន៍​អ្នក​ក្រីក្រ។

អ្នក​ជំនាញ​បញ្ជាក់​ថា ជំងឺ​របេង ជា​ជំងឺ​សួត​ដែល​ឆ្លង​មេរោគ​នៅ​ក្នុង​ខ្យល់​ដក​ដង្ហើម តាម​រយៈ​ការ​ក្អក ឬ​កណ្ដាស់​របស់​អ្នក​ជំងឺ​របេង ដែល​មិន​បាន​ខ្ទប់​មាត់ និង​ច្រមុះ។ រោគ​សញ្ញា​សង្ស័យ​នៃ​របេង មាន​ដូច​ក្អក​រ៉ាំរ៉ៃ​លើស​ពី ២​អាទិត្យ គ្រុន និង​បែក​ញើស​ពេល​យប់ ធំ​បាយ និង​ស្រក​ទម្ងន់​ជាដើម។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ណែនាំ​ឱ្យ​អ្នក​មាន​រោគ​សញ្ញា​ទាំង​នេះ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា ដែល​សេវា​ព្យាបាល​ជំងឺ​នេះ​រដ្ឋ​ផ្ដល់​ដោយ​ឥត​គិត​ថ្លៃ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ការ​ព្យាបាល​ជំងឺ​របេង​មាន​តម្លៃ​ថោក។ ក៏ប៉ុន្តែ នៅ​ពេល​ណា​អ្នក​ជំងឺ​លេប​ថ្នាំ​មិន​បាន​ត្រឹមត្រូវ អាច​បណ្ដាល​ឱ្យ​រោគ​ស៊ាំ​នឹង​ថ្នាំ ហើយ​ការ​ព្យាបាល​អ្នក​ជំងឺ​ស៊ាំ​ថ្នាំ​នេះ នឹង​ត្រូវ​ចំណាយ​រាប់​រយ​ដង​លើស​ធម្មតា។

នាយិកា​ផ្នែក​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម​រាជធានី​ភ្នំពេញ គឺ​អ្នកស្រី​វេជ្ជបណ្ឌិត ថៃ សុភ័គ បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១១ ពិភពលោក​មាន​ករណី​របេង​ថ្មី​ជិត ៩​លាន​នាក់។ ក្នុង​នោះ កុមារ ៥០​ម៉ឺន​នាក់។ ករណី​ស្លាប់​ដោយសារ​ជំងឺ​របេង​មាន​មនុស្ស​ចាស់ ១​លាន ៤​សែន​នាក់ និង​កុមារ ៦​ម៉ឺន ៤​ពាន់​នាក់។ អ្នក​ស្លាប់​ដោយសារ​របេង​ទាំង​នេះ គឺ​ចំនួន ៩៥% នៅ​ក្នុង​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍន៍។ សហគមន៍​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ ជា​ក្រុម​អាច​ឆ្លង​ជំងឺ និង​ស្លាប់​ខ្ពស់។ អ្នក​ជំងឺ​របេង​ដែល​ស៊ាំ​នឹង​ថ្នាំ​ច្រើន​មុខ ចំនួន ៦​ម៉ឺន​នាក់ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ព្យាបាល នៅ​ចុង​ឆ្នាំ​២០១១។

អ្នកស្រី​វេជ្ជបណ្ឌិត ថៃ សុភ័គ បង្ហាញ​ថា ការ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​រយៈពេល ១​ឆ្នាំ​កន្លង​មក​នេះ មាន​អ្នក​ជំងឺ​របេង​ចំនួន ៨​នាក់ ដែល​ស៊ាំ​នឹង​ថ្នាំ​ព្យាបាល​ឈ្មោះ រីហ្វាមពីស៊ីន (Rifampicin)។ អ្នកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នេះ មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ មាន​ម៉ាស៊ីន​ពិនិត្យ​កាន់​តែ​ទំនើប ដែល​អាច​រក​មេរោគ​របេង​បាន​ប្រសើរ​ជាង​មុន។ ក្រុម​អ្នក​ស្រាវជ្រាវ​កំពុង​ប្រឹងប្រែង​ស្វែង​រក​ករណី​របេង​ឱ្យ​បាន​ច្រើន ដើម្បី​ព្យាបាល​ទាន់​ពេល មុន​ពេល​ដែល​សួត​ខូច និង​កាត់​បន្ថយ​ការ​ចម្លង​នៅ​ក្នុង​សហគមន៍។

លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ណែនាំ​ថា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​របេង និង​មេរោគ​ផ្សេងៗ​មួយ​ចំនួន មនុស្ស​គ្រប់​រូប​គប្បី​ខ្ទប់​មាត់ និង​ច្រមុះ​នៅ​ពេល​ណា​ក្អក ឬ​កណ្ដាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។