បញ្ហាឈឺក្រពះ និងពោះវៀន ត្រូវបានអ្នកភូមិនៅខេត្តកំពង់ធំ ត្អូញត្អែរថា ជាបញ្ហាសុខភាពមួយដែលពួកគាត់តែងកើតមានជាញឹកញាប់។
អ្នកភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺលោក ហឿន ហុន មានប្រសាសន៍ថា ក្នុងភូមិរបស់លោក បញ្ហាឈឺក្រពះពោះវៀនមានទាំងមនុស្សចាស់ និងកុមារ។
ទន្ទឹមគ្នានេះដែរ គ្រូពេទ្យនៅខេត្តកំពង់ធំ ឱ្យដឹងថា ក្នុងចំណោមជំងឺជាច្រើនមុខ ជំងឺនៅប្រព័ន្ធរំលាយអាហារ ជាពិសេស ជំងឺនៅក្រពះ និងពោះវៀន ជាជំងឺឧស្សាហ៍ជួបច្រើនជាងគេនៅក្នុងខេត្តនេះ។
ប្រធានផ្នែកបច្ចេកទេសនៃមន្ទីរពេទ្យខេត្តកំពង់ធំ លោកវេជ្ជបណ្ឌិត កេត វុត្ថា មានប្រសាសន៍ពន្យល់ថា បញ្ហាក្រពះពោះវៀនដែលអ្នកស្រុកលើកឡើងនេះ តាមពិតទៅ គឺជាជំងឺដែលលោកឧស្សាហ៍ជួប ហើយជាពិសេសគឺជាជំងឺគ្រុនពោះវៀន។
លោកថា ជំងឺក្រពះពោះវៀន គឺជាពាក្យដែលគ្រូពេទ្យប្រាប់អ្នកជំងឺដោយសង្ខេប បន្ទាប់ពីការធ្វើតែស្តបឋម ពីព្រោះការធ្វើតែស្ត ឬពិនិត្យរកមេរោគឱ្យល្អិតល្អន់ និងច្បាស់លាស់ គឺចំណាយពេលយូរ។
គ្រូពេទ្យឱ្យដឹងថា មេរោគបាក់តេរី ឈ្មោះ សាលម៉ូនិលឡា ទីហ៊្វី (Salmonella Typhi Bacteria) និងសាលម៉ូនិលឡា ប៉ារ៉ាទីហ៊្វី (Salmonella paratyphi Bacteria) ជាមេរោគបង្កឱ្យកើតជំងឺគ្រុនពោះវៀន។ មេរោគបាក់តេរីទាំងនេះ មាននៅក្នុងទឹក និងចំណីអាហារដែលខ្វះអនាម័យ។ ជំងឺគ្រុនពោះវៀន ច្រើនឆ្លងខ្លាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងតំបន់ដែលមនុស្សរស់នៅផ្តុំគ្នាច្រើន។ មានមេរោគមួយចំនួនផ្សេងទៀតដែរ ដែលបង្កបញ្ហានៅក្រពះ និងពោះវៀន។
លោកវេជ្ជបណ្ឌិត កេត វុត្ថា ថ្លែងថា ពេលណាអ្នកជំងឺមានអាការឈឺពោះ គ្រូពេទ្យពិនិត្យទាំងក្រពះ និងពោះវៀន។
អ្នកភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យល់ថា ជំងឺក្រពះពោះវៀន គឺបណ្ដាលមកពីចំណីអាហារមានជាតិគីមី។
លោកវេជ្ជបណ្ឌិត កេត វុត្ថា ពន្យល់ថា បញ្ហាដែលបណ្ដាលមកពីគីមី មានអាការៈផ្សេងគ្នាពីជំងឺគ្រុនពោះវៀន ដែលបង្កឡើងដោយមេរោគ។
តើជំងឺគ្រុនពោះវៀនឆ្លងដោយរបៀបណា?
ទាក់ទងនឹងការឆ្លងរបស់មេរោគបាក់តេរី បង្កជំងឺគ្រុនពោះវៀន ត្រូវបានលោកវេជ្ជបណ្ឌិត កេត វុត្ថា ពន្យល់ថា ផ្លូវឆ្លងសំខាន់តាមរយៈការទទួលទានទឹក និងចំណីអាហារមិនស្អាត ដែលមានមេរោគ។ លោកវាយតម្លៃថា ការឆ្លងមេរោគតាមទឹក ច្រើនជាងចំណីអាហារ។
ឯកសារពេទ្យបង្ហាញថា មេរោគ សាលម៉ូនិលឡា ទីហ៊្វី រស់នៅលូតលាស់បានតែក្នុងខ្លួនមនុស្សទេ។ នៅពេលដែលអ្នកជំងឺទទួលទានចំណីអាហារ ឬទឹកដែលមានមេរោគប៊ែគធើរា (Bacteria) គ្រុនពោះវៀនចូលទៅក្នុងខ្លួន មេរោគនោះនឹងចូលទៅក្នុងពោះវៀន ហើយចូលទៅក្នុងឈាម ដែលវាអាចធ្វើដំណើរទៅប្រព័ន្ធទឹករងៃ ថង់ប្រមាត់ ថ្លើម អណ្ដើក និងផ្នែកផ្សេងៗទៀតនៃរាងកាយ។ នៅពេលដែលរាងកាយប្រតិកម្មនឹងមេរោគគ្រុនពោះវៀន ដែលចូលទៅនោះ អ្នកជំងឺនឹងចាប់ផ្តើមក្តៅខ្លួន ហើយមានអាការៈ និងរោគសញ្ញាផ្សេងៗមួយចំនួនទៀត។
រោគសញ្ញា និងអាការៈរបស់ជំងឺគ្រុនពោះវៀន
គ្រូពេទ្យបានឱ្យដឹងថា អ្នកដែលកើតជំងឺគ្រុនពោះវៀន ច្រើនចាប់ផ្ដើមឡើងដោយគ្រុនក្តៅខ្លាំងជាប់ពី ៣៩ ទៅ ៤០ អង្សាសេ និងឈឺក្នុងពោះ។
លោកវេជ្ជបណ្ឌិត កេត វុត្ថា ថ្លែងថា ជាទូទៅកុមារមានរោគសញ្ញាច្រើនជាងមនុស្សចាស់៖ «ឈឺក្បាល គ្រុនក្តៅ ក្អួត មិនឃ្លាន គេងមិនលក់ ឈឺក្នុងពោះ ទល់លាមក ឬរាគ។ អ្នកជំងឺខ្លះទល់លាមក ខ្លះរាគ»។
ក៏ប៉ុន្តែរោគសញ្ញាទាំងនេះ ក៏អាចទាក់ទងនឹងមេរោគផ្សេងទៀតដែរ។
រីឯករណីធ្ងន់ធ្ងរ ក្រព្យាបាល ផលវិបាករបស់ជំងឺគ្រុនពោះវៀន អាចបង្ហាញរោគសញ្ញាដោយឡែកមួយចំនួនទាក់ទងនឹងផ្នែកណាមួយនៃសរីរាង្គកាយរបស់អ្នកជំងឺ។
ចំពោះការព្យាបាលគ្រុនពោះវៀន លោកវេជ្ជបណ្ឌិត កេត វុត្ថា ផ្ដោតទាំងថ្នាំ និងចំណីអាហារ។
គ្រូពេទ្យណែនាំថា អ្នកជំងឺត្រូវលេបថ្នាំឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួនថ្ងៃដែលគ្រូពេទ្យកំណត់ ដើម្បីបង្ការកុំឱ្យមេរោគស៊ាំនឹងថ្នាំ ហើយលាប់ឡើងវិញ។ ជាធម្មតា អ្នកជំងឺចាប់ផ្តើមធូរស្បើយឡើងវិញក្នុងរយៈពេល ២ ទៅ ៣ថ្ងៃបន្ទាប់ការលេបថ្នាំ។
លោកវេជ្ជបណ្ឌិតណែនាំថា អ្នកជំងឺដែលមានរោគសញ្ញាគ្រុនពោះវៀន គប្បីជួបគ្រូពេទ្យជំនាញ ដើម្បីព្យាបាល។
ចំពោះវិធីបង្ការជំងឺគ្រុនពោះវៀនវិញ លោកវេជ្ជបណ្ឌិត កេត វុត្ថា មានប្រសាសន៍ថា អ្នកភូមិត្រូវរក្សាអនាម័យរស់នៅឱ្យបានខ្ជាប់ខ្ជួន ដូចជា លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ទទួលទានតែទឹកដាំពុះ ឬទឹកច្រោះស្អាត ទទួលទានអាហារដែលឆ្អិនល្អ លាងសម្អាតបន្លែជាមួយទឹកស្អាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។