វិធីថែទាំកុមារអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩
2021.12.09
ការការពារ និងការថែទាំកុមារអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ គឺជាវិធីសាស្ត្រសំខាន់បំផុត សម្រាប់សហគមន៍ ឬទីកន្លែងផ្សេងទៀត ដើម្បីយល់ដឹងអំពីស្ថានភាពអ្នកជំងឺ វិធីការពារ និងការព្យាបាលខ្លួនឯងនៅផ្ទះឱ្យជាសះស្បើយ និងកាត់បន្ថយការរាតត្បាតបន្តទៅកាន់មនុស្សជុំវិញខ្លួន។ តើវិធីសាស្ត្រអ្វីដែលអាចការពារកុមារ អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩? ហើយបើសិនកុមារឆ្លងមេរោគជំងឺនេះមិនអាចញែកឱ្យនៅក្នុងបន្ទប់តែម្នាក់វិញ តើអ្នកត្រូវមើលថែពួកគេដោយរបៀបណា?
ការអនុវត្តន៍វិធីសាស្រ្តការពារ និងថែទាំសុខភាពអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ អាចពិបាកសម្រាប់កុមារ ប៉ុន្តែឪពុកម្តាយ ឬអាណាព្យាបាលគួរអត់ធ្មត់ និងធ្វើជាគំរូល្អ ហើយកូនរបស់អ្នកនឹងធ្វើតាមអ្នក។ អង្គការយូនីសេហ្វ (UNICEF) បានណែនាំឱ្យអ្នកទាំងអស់គ្នាគួរអនុវត្ត និងពន្យល់ដល់កុមារ ដោយប្រើវិធីដែលស្របតាមវ័យ ដើម្បីឱ្យកូនៗរបស់អ្នកស្វែងយល់អំពីស្ថានភាព បញ្ហាកំពុងកើតឡើងនាពេលបច្ចុប្បន្ន និងចេះការពារខ្លួន ដោយរួមទាំងការកាត់បន្ថយការខ្វល់ខ្វាយរបស់ពួកគេផងដែរ។
តើវិធីសាស្ត្រអ្វីអាចការពារកុមារអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩?
អង្គការយូនីសេហ្វ (UNICEF) បានណែនាំពីវិធីការពារកុមារមួយចំនួនដូចជា ពេលអ្នកចូលមកដល់ផ្ទះភ្លាមសូមកុំប្រញាប់ឱបកូន ហើយគួរតែប្រញាប់ងូតទឹកភ្លាមៗ និងបង្រៀនកូនឱ្យចេះលាងដៃមុនពេលទទួលទានអាហារ ឬក្រោយពេលចូលបន្ទប់ទឹក ឬក្រោយពេលប៉ះពាល់សម្ភារៈផ្សេងៗ។ អង្គការដដែលបានបញ្ជាក់ថា បាយម្ហូបគួរដួសដាក់ចាន និងប្រើស្លាបព្រាផ្សេងគ្នា ដើម្បីការពារការឆ្លងរាលដាលមេរោគកូវីដ-១៩។ ជាមួយគ្នានេះឪពុកម្ដាយត្រូវឧស្សាហ៍សម្អាតរបស់លេងកូនៗឱ្យបានត្រឹមត្រូវ ដោយកុំឱ្យកុមារប្រើប្រាស់សម្ភារៈជាមួយអ្នកផ្សេងៗ និងជៀសវាងការនាំកូនទៅកាន់ទី សាធារណៈជាដើម។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ស្ថានភាពនៅពេលនេះកុមារអាចរងគ្រោះ បើសិនជាមាតាបិតាមិនបានយកចិត្តទុកដាក់ថែទាំ និងអប់រំកូនឱ្យបានត្រឹមត្រូវ។ លោកណែនាំថា វិធីសាស្រ្តការពារកុមារ គឺត្រូវតែអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនទាំងនៅផ្ទះ សាលារៀន និងនៅទីសាធារណៈ ហើយត្រូវរៀបចំសម្ភារៈការពាររួមមានម៉ាស អាល់កុលលាងដៃឱ្យកូនរបស់អ្នកជាប្រចាំផងដែរ ដើម្បីជៀសវាងការឆ្លងជំងឺកូវី-១៩៖ «ដើម្បីកុំឱ្យជំងឺនេះឆ្លងមកគាត់ គឺអប់រំគាត់ជារៀងរាល់ថ្ងៃឱ្យចេះការពារខ្លួន ពេលគាត់ទៅប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិ ឬមួយគាត់ទៅសាលារៀន មុនទៅសាលារៀនយើងត្រូវសួរកូនយកម៉ាសទៅនៅ បានបាញ់អាល់កុលលាងដៃហើយឬនៅ ពេលកូនមកពីសាលារៀនវិញមានបានលាងដៃជាមួយសាប៊ូ មុនពេលចូលហូបបាយជាមួយឪពុកម្តាយ បងប្អូនហើយឬនៅ កន្លែងហ្នឹងហើយវាគួបផ្សំនឹងឪពុកម្តាយក្នុងការអប់រំ ព្រោះការអប់រំកូនក្នុងជីវភាពគ្រួសារវាសំខាន់ណាស់»។
បើសិនកុមារដែលឆ្លងវីរុសមិនអាចញែកឱ្យនៅក្នុងបន្ទប់តែម្នាក់វិញ តើអ្នកត្រូវមើលថែពួកគេឱ្យបានដិតដល់ដោយរបៀបណា?
អង្គការយូនីសេហ្វ (UNICEF) ក៏បានណែនាំឱ្យឪពុកម្តាយ ឬអាណាព្យាបាលទាំងអស់គួរឱ្យសមាជិកក្នុងផ្ទះណាម្នាក់ដែលមានសុខភាពមាំមួនម្នាក់មកមើលថែអ្នកជំងឺ ដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដទៅកាន់បុគ្គលដទៃទៀត។ អ្នកថែទាំត្រូវអនុវត្តតាមការណែនាំ និងវិធីបង្ការពេលចេញរោគសញ្ញាដូចជាត្រូវមានទែម៉ូម៉ែត្រ ឬឧបករណ៍វាស់កម្តៅ ថ្នាំបន្ថយកំដៅ ថ្នាំក្អក សេរ៉ូមអំបិល(ORS) កន្សែងសម្រាប់ទុកជូតខ្លួនបន្ថយកំដៅ។ ទន្ទឹងនឹងនេះការពិនិត្យ និងកំណត់នូវរោគសញ្ញារបស់កុមារត្រូវធ្វើឡើងជារៀង ២ទៅ៣ដងក្នុងមួយថ្ងៃ ដោយកំណត់ចំណាំនូវសីតុណ្ហភាពដែលបានវាស់រួច ដើម្បីតាមដានតើក្មេងញាំបាយបានឬអត់ ឬមានអាការៈវិលៗផងដែរ។
លើសពីនេះអ្នកថែទាំត្រូវតាមដានរោគសញ្ញាដែលរកឃើញលើកុមារ ដែលឆ្លងជំងឺមានដូចជា គ្រុនក្តៅ រាករូស អស់កម្លាំង ហៀរសំបោរ តឹងច្រមុះ និងឈឺក្បាលជាដើម។ ប៉ុន្តែអ្នកថែទាំអាចកាត់បន្ថយអាការៈទាំងនោះ បើកុមារដែលក្តៅខ្លួន ឬគ្រុន អ្នកត្រូវជូនខ្លួននឹងទឹកក្តៅអ៊ុនៗដើម្បីកាត់បន្ថយកំដៅ ហើយបើកំដៅខ្ពស់ជាង៣៨អង្សារ ត្រូវឱ្យលេបថ្នាំបន្ថយកំដៅសម្រាប់ក្មេង តែបើរាករូសចេញមកដូចទឹកវិញ គួរផឹកទឹកលាយនឹងសេរ៉ូមអំបិល (ORS) ដើម្បីជៀសវាងការបាត់បង់ជាតិទឹក។
លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ពន្យល់ថាកុមារធ្លាក់ខ្លួនឈឺដោយសារជំងឺកូវីដ-១៩ ប៉ុន្តែពួកគេភាគច្រើនដែលឆ្លងមេរោគជំងឺនេះ ជាសះស្បើយធម្មតាវិញ ដោយមិនដូចមនុស្សពេញវ័យនោះទេ ពីព្រោះពួកគេភាគច្រើនមានប្រព័ន្ធការពាររឹងមាំ ហើយខ្លះទៀតមិនបង្ហាញរោគសញ្ញាទាំងអស់។
ទោះជាយ៉ាងណាលោកណែនាំឱ្យឪពុកម្ដាយ ឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់ថែទាំ និងតាមដានរោគសញ្ញាក្មេងឱ្យបានត្រឹមត្រូវ ព្រោះវាអាចប៉ះពាល់ដល់ស្មារតី និងការលូតលាស់របស់កុមារនាពេលអនាគត។ លោកបញ្ជាក់ថា បើករណីកុមារមានអាការៈដុនដាបខ្លាំងអ្នកត្រូវតែប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ៖ «វិធានការសុខាភិបាល របស់ពេទ្យគឺថាកុមារងាយស្រួលក្នុងការព្យាបាលជាងមនុស្សចាស់ បើសិនជាគាត់បានឈ្នះនឹងជំងឺហ្នឹង គាត់នឹងមានអង់ទីគ័រធម្មជាតិ សម្រាប់ការពារខ្លួនគាត់ ចំពោះកុមារអត់មានហានិភ័យខ្លាំងទេ យើងត្រូវការញែកឱ្យគាត់សម្រាកឱ្យបានត្រឹមត្រូវ មានកន្លែងហាត់រៀន កន្លែងឆ្លើយឆ្លងតាមប្រព័ន្ធអនឡាញជាមួយមិត្តភក្តិ និងគ្រូនៅសាលារៀនរបស់គាត់ មានអាហារបីពេលគ្រប់គ្រាន់ គេងឱ្យបានគ្រប់គ្រាន់ តាមដានពួកគេក្នុងផ្ទះ ព្រោះកុមារយើងមិនអាចយកពួកគាត់ទៅមន្ទីរពេទ្យ ឬមណ្ឌលអ្វីផ្សេងបានទេ ដោយសារកុមារត្រូវការលើកទឹកចិត្តខ្ពស់ពីឪពុកម្ដាយ បងប្អូន ជាពិសេសអ្នកនៅជុំវិញខ្លួន»។
ប្រការគួរកាត់សម្គាល់សម្រាប់ឪពុកម្ដាយ ឬអាណាព្យាបាលអាចភ្លេចថាកុមារអាចនឹងទទួលផលប៉ះពាល់ដល់សតិអារម្មណ៍ក្នុងកម្រិតណាមួយពីស្ថានភាពដែលកំពុងកើតឡើងចំពោះក្មេងដែលត្រូវញែកចេញពីគេ ឬត្រូវទទួលការព្យាបាល។ ក្មេងៗនឹងមានការព្រួយបារម្ភថា ខ្លួនឯងនឹងធ្លាក់ខ្លួនឈឺដែលមានអាការៈធ្ងន់ធ្ងរឡើងៗ ដោយសារពួកគេបានឃើញ ឮតាមការផ្សាយព័ត៌មាន ឬដឹងពីមនុស្សក្នុងសហគមន៍ជុំវិញខ្លួន។ ដូច្នេះក្រៅពីការថែទាំអ្នកជំងឺដែលជាកុមារហើយនោះ ឪពុកម្តាយ ឬអាណាព្យាបាល ត្រូវថែទាំសុខភាពផ្លូវចិត្តកូនៗដូចជាបង្ហាញភាពកក់ក្តៅ និងនិយាយលួងលោម តែត្រូវជៀសវាងការប៉ះពាល់ផ្ទៃមុខ ភ្នែក ច្រមុះ មាត់ ដោយគ្មានការចាំបាច់។ លើសពីនេះគួរអធិប្បាយអំពីស្ថានភាពទាំងនោះឱ្យកូនៗបានយល់ ដើម្បីកាត់បន្ថយភាពតានតឹងអារម្មណ៍ និងអំឡុងពេលញែកចេញគួរតែឱ្យកុមារធ្វើសកម្មភាពផ្សេងៗ ដើម្បីរំសាយអារម្មណ៍ដូចជា ការផាត់ពណ៌ គូររូប សរសេរកំណត់ហេតុ ឬអានរឿងនិទានជាដើម។
ចាប់តាំងពីការផ្ទុះរាតត្បាតជំងឺកូវីដ-១៩មក ក្រសួងសុខាភិបាលពុំធ្លាប់បង្ហាញតួលេខ ឬអត្រាកុមារឆ្លងជំងឺកូវីដ-១៩នោះទេ។
គិតមកត្រឹមថ្ងៃទី៧ ខែធ្នូ ក្រសួងបានចាក់វ៉ាក់សាំងដល់កុមារអាយុពី៦ ទៅ១២ឆ្នាំមានចំនួនជាង១លាន៩សែននាក់ (១.៩៨៦.៥៧៦) ដោយលើសផែនការ កំណត់ក្នុងចំណោមកុមារចំនួនជាង១លាន៨សែននាក់ (១.៨៩៧.៣៨២) និងកុមារអាយុ ៥ឆ្នាំមានចំនួនជាង ២សែន ៨ម៉ឺននាក់ (២៨០.៩៩០) ស្មើនឹង៩២,៣៤% ក្នុងចំណោមកុមារជាង ៣សែននាក់ (៣០៤.៣១៧)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។