តើក្រុមមនុស្សណាខ្លះដែលអាចងាយនឹងឆ្លងបាក់តេរីរបេង ហើយវិវត្តទៅកើតរបេង?
ឯកសារនានាផ្នែកសុខាភិបាលបានឲ្យដឹងថា មេរោគអេដស៍និងបាក់តេរីរបេងផ្សំគ្នា អាចនាំដល់ការគ្រោះថ្នាក់ស្លាប់បាន នោះគឺការឆាប់លូតលាស់របស់មេរោគណាមួយខាងលើនេះ វាធ្វើឲ្យមេរោគមួយទៀតក៏លូតលាស់រហ័សដែរ ហើយមេរោគអេដស៍ វាធ្វើឲ្យប្រព័ន្ធការពារជំងឺក្នុងខ្លួនមនុស្សចុះខ្សោយ។
ជាមួយនេះលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន ក្រសួងសុខាភិបាលមានប្រសាសន៍ថា អ្នកងាយឆ្លងរបេង គឺអ្នកផ្ទុកមេរោគអេដស៍ អ្នកមានប្រព័ន្ធការពារសព៌ាង្គកាយខ្សោយ កុមារ អ្នកបរិភោគអាហារមិនគ្រប់គ្រាន់។ល។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង មានប្រសាសន៍ដូច្នេះ ៖ «អ្នកដែលឆ្លងមេរោគរបេងចូលក្នុងខ្លួន អ្នកហ្នឹងសុទ្ធតែអាចកើតជំងឺរបេងទាំងអស់ ប៉ុន្តែយើងមានក្រុមមនុស្សមួយចំនួនដែលអាចងាយនឹងកើតជំងឺរបេងជាងគេ សំខាន់បំផុតគឺការចុះខ្សោយនូវប្រព័ន្ធការពាររាងកាយខ្លួន ពិសេសបំផុតការឆ្លងមេរោគអេដស៍ ព្រោះថា អ្នកជំងឺដែលឆ្លងមេរោគអេដស៍នេះ គឺថា ធ្វើឲ្យប្រព័ន្ធការពារខ្លួនគាត់ចុះខ្សោយ ដូច្នេះគាត់ងាយនឹងកើតជំងឺរបេងច្រើនជាងគេ។ ចំពោះអ្នកធម្មតា អ្នកមិនផ្ទុកមេរោគអេដស៍ អ្នកមិនកើតជំងឺអេដស៍ អត្រាដែលគាត់ឈានពីការផ្ទុកមេរោគរបេង គឺថា គាត់មានមេរោគរបេងក្នុងខ្លួន អត់មានរោគសញ្ញាទៅកាន់ការកើតជំងឺរបេងមានប្រមាណ៥ ទៅ១០%ប៉ុណ្ណោះ។ ដោយឡែកពាក់ព័ន្ធនឹងអ្នកដែលផ្ទុកមេរោគអេដស៍ គឺអត្រាដែលឲ្យកើតទៅជាជំងឺរបេង គឺច្រើនដងណាស់ ច្រើនលើសពីករណីធម្មតា។ លើសពីនេះទៀត ករណីមួយចំនួនទៀតក៏អាចកើតដែរ ដូចជាកុមារអាចគាត់ឆាប់កើតដែរបើឆ្លងហើយ ហើយអ្នកដែលមានសព៌ាង្គកាយទ្រុឌទ្រោម»។
ចំណែកករណីពាក់ព័ន្ធនឹងការឆ្លងពីម្តាយកំពុងមានគភ៌ទៅដល់ទារកក្នុងផ្ទៃនោះវិញ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា មិនឆ្លងទេ ហើយបើមានគឺតិចបំផុត ៖ «មិនទេ មិនឆ្លងទេ អត្រាដែលឆ្លងនោះគឺមានកម្រិតតិចបំផុត។ ខ្ញុំសុំអធ្យាស្រ័យ មិនចាំស្ថិតិទេ។ ភាគច្រើនបំផុតគឺមិនឆ្លងទៅទារកទេ ប៉ុន្តែការឆ្លងមានកម្រិតទាបណាស់។ មានឆ្លងតិចតួច តែមិនច្រើនទេ តិចបំផុត មិនដូចករណីជំងឺអេដស៍ទេ អេដស៍បើសិនមិនព្យាបាលគឺអាច តាមខ្ញុំចាំបានគឺថា ១ភាគ៣ បានឆ្លង បើមិនមានវិធានការ តែជំងឺបេងនេះមានតិចណាស់ មានតិចបំផុត»។
តើអ្នកណាខ្លះត្រូវទៅឲ្យធ្វើតេស្តរបេង ហើយធ្វើយ៉ាងម៉េចបានដឹងថាកើតរបេង?
ឯកសាររបស់CDC អាមេរិកឲ្យដឹងថា អ្នកត្រូវឲ្យវេជ្ជបណ្ឌិត ឬក៏មន្ត្រីសុខាភិបាលនៅមូលដ្ឋានពិនិត្យរកមើលរោគរបេងនោះគឺ អ្នកដែលនៅជិតមនុស្សដែលដឹងថា មានកើតរបេង ឬក៏អ្នកដែលសង្ស័យថា មានរោគរបេងសកម្ម អ្នកឆ្លងមេរោគអេដស៍ ឬក៏មានលក្ខខណ្ឌដទៃទៀត ដែលធ្វើឲ្យប្រព័ន្ធការពារជំងឺចុះខ្សោយ ហើយដែលអាចនាំដល់គ្រោះថ្នាក់ មានមេរោគរបេងសកម្ម ឬអ្នកដែលមកពីប្រទេសសំបូរអ្នកកើតរបេង អ្នកដែលអាចងាយឆ្លងរបេង ដូចជាជនគ្មានផ្ទះសម្បែង អ្នកជាប់ក្នុងមន្ទីរឃុំឃាំង ក្នុងពន្ធនាគារ ឬអ្នកដែលចាក់គ្រឿងញៀន។ល។
បន្ថែមលើក្រុមមនុស្សដូចបានរៀបរាប់ខាងលើ មន្ត្រីផ្នែកសុខាភិបាលបានឲ្យដឹងថា ជនដែលធ្លាប់ចាក់វ៉ាក់សាំងការពាររបេងពីតូចហើយនោះ ក៏អាចឆ្លងរបេងដែរ។
លោកវេជ្ជបណ្ឌិត ឡេង ឆេងឡាយ មន្ដ្រីវេជ្ជសាស្ដ្រនៃគម្រោងកម្ចាត់ជំងឺរបេងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន ឬអង្គការ JICAបានមានប្រសាសន៍ថា តាមរយៈការស្រាវជ្រាវកន្លងមក គេបានឃើញថា ទោះបីជាគេបានធ្វើការចាក់ថ្នាំវ៉ាក់សាំងបង្ការរបេងរួចហើយក្តី ក៏អាចឆ្លងមេរោគរបេងនោះ។
លោកវេជ្ជបណ្ឌិត ឡេង ឆេងឡាយ មានប្រសាសន៍ដូច្នេះ ៖ «វ៉ាក់សាំងមិនអាចការពារបានទាំងស្រុងទេ គ្រាន់តែជំងឺឆ្លងល្មមៗចូលមកគឺអាចការពារបាន ហើយបើឆ្លងចូលខ្លាំង ជួយកុំឲ្យឈឺធ្ងន់តែប៉ុណ្ណឹងទេ។ ប្រភពចម្លងសំខាន់ទៅកុមារ គឺចម្លងមកពីមនុស្សចាស់ក្នុងសង្គមគ្រួសារដែលមានអ្នកណាម្នាក់ឈឺរបេង។ អ៊ីចឹងបានជាយើងត្រូវស្រាវជ្រាវចំពោះកុមារណាដែលនៅក្នុងផ្ទះជាមួយនឹងអ្នកជំងឺរបេង»។
ឯកសាររបស់ CDC អាមេរិកបន្តថា ក្នុងការរកបាក់តេរីរបេង មានរបៀបធ្វើតេស្ត២យ៉ាងគឺ ចាក់ថ្នាំជាតិពិសនៃរោគរបេងលើស្បែកដៃ ផ្នែកខាងក្រោម (TB skin test) និងតេស្តឈាមពិសេសរករបេង (Special TB blood tests)។ ការធ្វើតេស្តឈាមពិសេសរករបេង ឬវិធីហៅថា Interferon-gamma release assays [IGAs] គឺវាស់មើលថា តើប្រព័ន្ធការពារជំងឺវាប្រតិកម្មនឹងបាក់តេរីរបេងយ៉ាងម៉េចខ្លះ។ ឯកសារបន្តថា ដោយសារវិធីចុងក្រោយនេះជាវិធីថ្មី មន្ទីរផ្នែកសុខភាព ប្រើវិធីនេះតិចតួចណាស់។
ឯកសារបានបន្ថែមថា ការដែលប្រតិកម្មវិជ្ជមាន៤៨ម៉ោងទៅ៧២ម៉ោង បន្ទាប់ពីចាក់ថ្នាំជាតិពិសនៃរោគរបេងលើស្បែក (Mantoux tuberculin skin test) ឬប្រតិកម្មវិជ្ជមានរបេងក្នុងតេស្តឈាម គឺគ្រាន់តែប្រាប់ថា អ្នកនោះមានឆ្លងបាក់តេរីរបេងប៉ុណ្ណោះ។ គឺមិនមែនប្រាប់ថា តើអ្នកនោះបានឈាន ឬមិនឈានដល់កើតជំងឺរបេងនោះឡើយ។
ការធ្វើតេស្តផ្សេងៗទៀត ដូចជាការឆ្លុះដោយកាំរស្មីអ៊ិចនៅទ្រូង (Chest X-Ray) និងការពិនិត្យកំហាក (sample of sputum) គឺជាវិធីដែលគេត្រូវការធ្វើបន្ថែមផងដែរ ដើម្បីអាចកំណត់ថា កើតរបេងឬមិនកើតរបេង។
លោក ប៉ុក សុគន្ធរដ្ឋ ប្រធានមណ្ឌលសុខភាពត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ មានប្រសាសន៍អំពីការធ្វើតេស្តរបេងនៅមណ្ឌលសុខភាពរបស់លោកដោយពិនិត្យកំហាកថា ៖ «កន្លែងខ្ញុំហ្នឹងមាន កន្លែងផ្សេងៗទៀតអត់មានអ្នកគេមើលកំហាក។ មើលកំហាកហ្នឹងយើងពាសនៅលើឡាម ដូចកញ្ចក់គ្រុនចាញ់អ៊ីចឹង ហើយពាសកំហាកហ្នឹង គេពាស៣ឡាម។ ៣ឡាមហ្នឹងមកបានគេបញ្ជូនមកមណ្ឌលសុខភាពខ្ញុំ។ មណ្ឌលសុខភាពខ្ញុំហ្នឹង មើលទៅ ឡាបូខ្ញុំហ្នឹងមាន បានខ្ញុំចេញលទ្ធផលឲ្យទៅមណ្ឌលផ្សេងៗវិញ។ អ៊ីចឹងទៅអ្នកជំងឺខ្លះមិនចាំយកលទ្ធផលឯនោះទេ គាត់មកមណ្ឌលខ្ញុំ ដល់មើលនៅហ្នឹងគាត់ដឹងលទ្ធផលភ្លាមៗ រយៈពេល៣ថ្ងៃ គាត់ដឹងបានភ្លាម។ មណ្ឌលផ្សេងៗវាច្រើនយូរ វា២-៣គន្លាក់»។
ឯកសាររបស់អាមេរិកបន្តទៀតថា ចំពោះអ្នកមានឆ្លងបាក់តេរីរបេងរួចហើយ ប៉ុន្តែមិនទាន់ដល់ដំណាក់កាលកើតរបេងនៅឡើយនោះ គឺអ្នកនោះមិនទាន់ឈឺអ្វីទេ ហើយក៏មិនទាន់មានចេញរោគសញ្ញាអ្វីដែរ ហើយថា អ្នកដែលបានឆ្លងបាក់តេរីរបេង តែមិនទាន់កើតរបេង គឺមិនអាចចម្លងរបេងទៅអ្នកដទៃបានទេ៕