មូលហេតុ​និង​រោគ​សញ្ញា​សំខាន់ៗ​នៃ​ប្រស្តេត​រីក

មាន​ព័ត៌មាន​ថា នៅ​កម្ពុជា​មនុស្ស​ច្រើន​ណាស់​មិន​ដឹង មិន​ឮ ឬ​មិន​ស្គាល់​អំពី​សរីរាង្គ​សំខាន់​មួយ​របស់​បុរស គឺ​ប្រស្តេត​ឬ​ប្រស្តាត ដែល​គ្រូពេទ្យ​មាន​ប្រសាសន៍​ថា ក្នុង​មួយ​ជីវិត​ខ្លួន បុរស​សឹង​តែ​មិន​អាច​ចៀស​ផុត​ពី​ជំងឺ​ទាក់ទង​នឹង​ប្រស្តេត​នោះ​ឡើយ។

0:00 / 0:00

ឯកសារ​របស់​វ៉ឹបសាយថ៍ Medtronic.com បាន​លើក​ឡើង​ថា ករណី​ប្រូស្តេត​រីក​មិន​គំរាម​ដល់​ជីវិត​ទេ ក៏​ប៉ុន្តែ​ច្បាស់​ណាស់​ថា រោគ​សញ្ញា​របស់​វា​គឺ​អាច​រំខាន ឆាឆៅ​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប្រូស្តេត​រីក​គឺ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​បំពង់​បង្ហួរ​នោម​និង​ប្លោក​នោម ហើយ​គេ​អាច​ព្យាបាល​បាន​ជា​តាម​វិធី​ដូច​ជា​កាំរស្មីអ៊ិច ក្នុង​ចំណោម​វិធី​ព្យាបាល​នានា។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ នៅ​ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ប្រូស្តេត​រីក​គឺ​មិន​មែន​ជា​មហារីក​ប្រូស្តេត​នោះ​ទេ។ ប្រូស្តេត​រីក គឺ​វា​អាច​កម្រិត​បរិមាណ​ទឹក​នោម​ដែល​ហូរ​ចេញ​ពី​ប្លោក​នោម បង្ក​ឲ្យ​ការ​បត់​ជើង​តូច​មិន​បាន​ស្រួល។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រូស្តាត​ដែល​រីក​ធំ​ទៅ​ចោទ​ជា​បញ្ហា​២​សំខាន់​ធំៗ ទី​១ គឺ​ធ្វើ​ឲ្យ​ស្ទះ​នៅ​ពេល​ដែល​រីកៗ​ទៅ ពីព្រោះ​ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ ផ្នែក​ទី​១​នៃ​បង្ហួរ​ទឹក​នោម គឺ​ប្រូស្តាត​នៅ​កន្លែង​ហ្នឹង​ឯង ដល់​ពេល​វា​រីកៗ​ទៅ គឺ​វា​ចេះ​តែ​សង្កត់​រន្ធ​ហ្នឹង​ឯង រុញ​ប្រហោង​ឲ្យ​តូច​ទៅៗ ហ្នឹង​ឯង​ដែល​ជា​បញ្ហា ដូច​ស្ទះ​ចរាចរណ៍​អ៊ីចឹង គឺ​អត់​ខុស​គ្នា​ទេ។ បញ្ហា​ទី​២ គឺ​បញ្ហា​រលាក។ បញ្ហា​ទី​១ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង គឺ Obstruction ទី​២ គឺ Irritation។ សញ្ញា​មួយ​ចំនួន​ហ្នឹង​គឺ​ទាក់ទង​នឹង​បញ្ហា​២ ចម្បង​ហ្នឹង​ឯង។ ខ្ញុំ​ចង់​និយាយ​ទៀត ប្រូស្តាត​ដែល​រីក គឺ​បញ្ហា​ខុស​ពី​មហារីក (Cancer)។ បើ​យើង​ស្ទាប យើង​ប៉ះ គឺ​ខុស​គ្នា។ ប្រូស្តាត​ដែល​រីក គឺ​វា​ណែន (firm) វា​ដូច​ជា​កៅស៊ូ​កង់​ខាង​ក្នុង​ដែល​សប់​ឲ្យ​តឹង​ទៅ ចុច​ទៅ​វា​ណែន ឯ Cancer គឺ​វា​រឹង​តែម្តង រឹង​ដូច​ថ្ម គឺ​ខុស​គ្នា​លក្ខណៈ​ហ្នឹង​ឯង»

អំពី​មូលហេតុ:

ឯកសារ​ខាង​លើ​បន្ត​ថា ប្រូស្តេត​ចាប់​រីក​ដំបូង​ឡើង​គឺ​នៅ​ពេល​បុរស​ពេញ​វ័យ ហើយ​ម្តង​ទៀត​គឺ​នៅ​វ័យ​ប្រមាណ​២៥​ឆ្នាំ។

លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា បញ្ហា​ប្រូស្តេត​រីក​ជា​បញ្ហា​ដែល​មនុស្ស​ប្រុស​ពិបាក​នឹង​ចៀស​ផុត ៖ «រឿង​ប្រូស្តាត​ដែល​រីក​ធំ​ទៅៗ ខ្ញុំ​ថា មនុស្ស​ប្រុស​ទាំង​អស់​សឹង​តែ​គេច​មិន​រួច គឺ​បញ្ហា​របស់​មនុស្ស​ប្រុស។ ដែល​ខ្ញុំ​ធ្វើ​គ្រូពេទ្យ​សព្វថ្ងៃ គឺ​ខ្ញុំ​ព្យាបាល​ច្រើន​ណាស់ ម្ល៉ោះ​ហើយ​ប្រូស្តាត​ដែល​រីកៗៗ​ហ្នឹង គឺ​មក​ពី​អាយុ។ អាយុ​កាន់​តែ​ច្រើន​ទៅ គឺ​ប្រូស្តាត​ចាប់​រីក​ទៅៗ​ហើយ ជា​ពិសេស​មនុស្ស​ប្រុស​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ទៅ គឺ​ចាប់​រីក​បន្តិច​ម្តងៗ ហើយ​ទាំង​អស់​គ្នា ទាំង​ខ្ញុំ ទាំង​អ្នក​ដទៃ​ទៀត គឺ​ថា សឹង​តែ​គេច​មិន​រួច​ទេ​ដល់​ពេល​អាយុ​កាន់​តែ​ច្រើន​ទៅ ជា​ពិសេស​ចាប់​ពី​អាយុ​៩០​ឆ្នាំ​ ទៅ បញ្ហា​ដែល​ថា ប្រូស្តាត​ហ្នឹង​វា​រីក​ធំ​ទៅៗ​បង្កើត​ជា​បញ្ហា​ច្រើន​សម្រាប់​សុខភាព​មនុស្ស​ប្រុស»

ឃឹម សារ៉ង ៖ តើ​អាច​មាន​បញ្ហា​ទាក់ទង​នឹង​តំណ​ពូជ​ដែរ​ទេ?

ឆាយ ប៊ុនហ៊រ ៖ Risk factors កត្តា​ដែល​អាច​បង្កើត​ជា​បញ្ហា គឺ​សំខាន់​បំផុត​ប្រូស្តាត​ដែល​រីក​ហ្នឹង ទាក់​ទង​នឹង​ពូជ សំខាន់​ណាស់​ពូជ Genetic make up សំខាន់​ណាស់។ ដូច្នេះ​ហើយ​បើ​មាន​បង​ប្អូន​ណា​ដែល​មាន​បញ្ហា​ឪពុក​មាន​បញ្ហា​នោម​ពិបាក ឬ​ក៏​ដឹង​ថា មាន​បញ្ហា​ប្រូស្តាត​រីក​ហើយ គឺ​បើសិន​ជា​កូន​ចៅ​មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​ហ្នឹង ឆាប់​រក​គ្រូពេទ្យ​ភ្លាម ពី​ព្រោះ​ថា ទាក់ទង​នឹង​ពូជ​សំខាន់​ណាស់។ ២ ទាក់​ទង​នឹង​ជាតិ​សាសន៍​ដែរ។ ជន​ជាតិ​ខ្លះ​ក៏​ឈឺ​ច្រើន​ទៅ ជន​ជាតិ​ខ្លះ​ក៏​អត់​សូវ​មាន​បញ្ហា​ទៅ។ ហ្នឹង​កត្តា​មាន​២។

ឃឹម សារ៉ង ៖ ជនជាតិ​អាស៊ី​យើង​មិន​សូវ​មាន​បញ្ហា​ហ្នឹង​ច្រើន​ដូច​ជនជាតិ​អាហ្វ្រិក​ទេ​អ៊ីចឹង?

ឆាយ ប៊ុនហ៊រ ៖ រឿង​អី​បាន​ទាក់ទង​អ៊ីចឹង? ដូច​ពូជ រឿង​ពូជ​សាសន៍ ទាក់​ទង​កន្លែង​រស់​នៅ ទាក់ទង​ចំណី​អាហារ ទាក់​ទង​អីៗ​ច្រើន​ណាស់។

ចំពោះ​រោគ​សញ្ញា​វិញ អ្នក​មាន​បញ្ហា​ប្រូស្តេត​រីក​ម្នាក់​នៅ​ក្រុង​ភ្នំពេញ គឺ​លោក ស៊ឹម សារ៉ាក់ អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​ក្រសួង​វប្បធម៌​ទើប​ចូល​និវត្តន៍ អាយុ​៦១​ឆ្នាំ មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់​ថា ៖ «ឆ្នាំ​២០០១ ទៅ​តូក្យូ ដល់​វា​ឈឺ​នោម​ពេក​ទៅ ជិះ​ក្រ​បាន​ចូល​បត់​ជើង​តូច ដល់​ពេល​ចូល​បត់​ជើង​តូច ស្រាប់​តែ​ខ្ទង់​មួយ​ម៉ោង​តែម្តង លើក​ទី​១ បត់​អត់​ចេញ រួច​ទៅ​បាន​ចេញ។ ចេញ​មក​បាន​មក​ដល់​ផ្ទះ ទៅ​ឲ្យ​ពេទ្យ​មើល គេ​ធ្វើ​អេកូ​ទៅ គេ​ឃើញ​ថា អូ​មាន​អាហ្នឹង។ មិន​ដឹង​ជា​កើត​ពី​អង្កាល់​ទេ ប៉ុន្តែ​មាន​ហ្នឹង​ខ្ទង់​ប៉ុន្មាន​ទេ ខ្ទង់​៣០​មីលីម៉ែត្រ​អ៊ីចឹង​ហើយ​អា​សាច់​ហ្នឹង ហើយ​ក៏​ពេទ្យ​ខ្មែរ​គេ​សុំ​វះ សុំ​វះ​ទៅ ឯង​អត់​ហ៊ាន ខ្លាច ឮ​សូរ​តែ​វះ​ខ្លាច​ណាស់ ដល់​ក្រោយ​មក​ទៅ​បង្ហោះ​ខ្លែង​នៅ​ស្រុក​បារាំង​ហ្នឹង ក៏​ឆ្លៀត​ទៅ​មើល​ពេទ្យ​ស្រុក​បារាំង​ទៅ។ ពេទ្យ​បារាំង គេ​ឲ្យ​ថ្នាំ​ឲ្យ​អី​ទៅ គេ​ថា​កុំ​វះ។ ឲ្យ​ថ្នាំ​ទៅ យើង​លេប​ថ្នាំ​ទៅ បត់​ជើង​ស្រួល​បាន​រហូត​ដល់​១០​ឆ្នាំ​ដែរ ប៉ុន្តែ​ខាន​លេប​ទៅ​ពិបាក ខាន​លេប​ទៅ​ពិបាក ដល់​លេប​ទៅ​បាត់។ ថ្នាំ​អី​ទេ ឈ្មោះ Xatral ម៉េច​ទេ?»

ជុំវិញ​រោគ​សញ្ញា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ឆាយ ប៊ុនហ៊រ មាន​ប្រសាសន៍​ថា ៖ «សញ្ញា​ដែល​ទាក់ទង​នឹង​ស្ទះ​ចរាចរណ៍ ផ្លូវ​ដែល​ទឹក​ហូរ​តម្រង​នោម ហើយ​និង​ធ្វើ​ឲ្យ​រលាក​ហ្នឹង គឺ​មាន​ស្អី​ខ្លះ? ដោយ​ត្រួសៗ​ចុះ គឺ​ទី​១ បញ្ហា​ហ្នឹង​ដែល​យើង​សួរ​អ្នក​ជំងឺ​ទៅ អ្នក​ជំងឺ​រៀប​រាប់​ប្រាប់​យើង​ហើយ​ថា លោក​គ្រូពេទ្យ​ខ្ញុំ​ប្រឹង​នោម​ណាស់ ប្រឹង​ណាស់​បាន​ចេញ ហ្នឹង​គឺ​ទី​១។ ទី​២ នោម​ហើយ​ច្រើន​ទៀត នោម​ហើយ ប្រឹង​ហើយ​អត់​អស់​ទៀត នៅ​សល់ ចេះ​តែ​នៅ​សល់ ហើយ​ទឹក​នោម​ហ្នឹង​ចេញ​មក​ឆ្មារ អត់​មាន​ដូច​ក្មេង​ទេ។ កាល​យើង​នៅ​ក្មេង​ដូច​គ្នា​អាយុ​២០, ៣០, ៤០ អី ខមាទោស! គ្រាន់​តែ​ចូលប​ន្ទប់​ទឹក​គឺ​ឆ​តែម្តង នោម​អាហ្នឹង​ឯង អត់​អី​ទេ។ អា​នេះ​នោម​ហើយ ឆ្មារ​តិចៗ អាហ្នឹង​មក​ពី​រន្ធ​វា​តូច ហើយ​មួយ​ទៀត ឈរ​នោមៗ ចេញ​តិចៗ ឈប់ ឈរ​ប្រឹង​នោម ច្របាច់​ទៀត មក​នោម​ទៀត យូរ​ទម្រាំ​ចេញ ហើយ​រឿង​មួយ​ទៀត ជួនកាល​នោម​មិន​ទាន់​បាន​១​ម៉ោង​២​ម៉ោង ហើយ​ស្រាប់​តែ​ទៅ​នោម​ទៀត​ហើយ។ មួយ​ទៀត គឺ​នៅ​ពេល​យប់​គឺ​តិចៗ​នោម តិចៗ​ងើប ជួន​កាល​មុន​ចូល​ទៅ​ដេក​នោម​ហើយ រួច​ទៅ​នោម គិត​តែ​ពី​នោម នោម​ឡើង​ទន់​ខ្លួន ហើយ​ងើប​ឡើង​២០-៣០​ដង​១​យប់។ គឺ​សញ្ញា​អស់​ហ្នឹង​ឯង​ដែល​បង្ហាញ​ថា មនុស្ស​ហ្នឹង​ឯង​មាន​រីក ហើយ​អាយុ​យើង​ផង សំខាន់​ណាស់»

ចំពោះ​មាន​ករណី​អ្នក​ប្រូស្តេត​រីក​ហើយ តើ​មាន​ន័យ​ថា អ្នក​នោះ​មាន​កើត​មហារីក​ប្រូស្តេត​ឬ​ទេ?

លោក​វេជ្ជបណ្ឌិត រ៉ប៊ឺត នេដល័រ (Robert Nadler) ជំនាញ​ផ្នែក​ម៉ូត្រសាស្ត្រ​នៅ​មន្ទីរពេទ្យ Northwestern Memorial អាមេរិក មាន​ប្រសាសន៍​ថា ៖ "ជា​ទូទៅ ខណៈ​ដែល​ប្រូស្តេត​រីក បុរស​ចាប់​ផ្តើម​លេច​ចេញ​នូវ​រោគ​សញ្ញា ដូចជា​រាំង​ស្ទះ អាក់ៗ ក្រហាយៗ នៅ​ពេល​បត់​ជើង​តូច។ ថ្វី​បើ​មិន​មែន​គ្រប់​តែ​បុរស​ដែល​មាន​ប្រូស្តេត​រីក សុទ្ធ​តែ​មាន​បញ្ហា​រាំង​ស្ទះ អាក់ៗ និង​ក្រហាយៗ​នៅ​ពេល​បត់​ជើង​តូច​នោះ​ក្តី ក៏​ប៉ុន្តែ​ចំពោះ​បុរស​ភាគ​ច្រើន សញ្ញា​ទាំង​អស់​ខាង​លើ​នេះ​ហើយ គឺ​ជា​សញ្ញា​សំខាន់​នៃ​ប្រូស្តេត​រីក ហើយ​សញ្ញា​ទាំង​នោះ ក៏​អាច​បង្ក​ទៅ​ជា​មហារីក​ប្រូស្តេត ​ផង​ដែរ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា សញ្ញា​ទាំង​អស់​នោះ​ភាគ​ច្រើន​កើត​ឡើង​ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ប្រូស្តេត​រីក"

សូម​រំឭក​ថា ប្រូស្តេត​គឺ​ជា​ក្រពេញ​មួយ​ដែល​ស្ថិត​នៅ​ជុំវិញ​បំពង់​បង្ហួរ​នោម។ វា​ស្ថិត​នៅ​ខាង​ក្រោម​ប្លោក​នោម​ហើយ​និង​នៅ​ចំ​ពី​មុខ​ចុង​ពោះវៀន​ធំ​របស់​បុរស៕