កត្តា​អន្តរាគមន៍​សម្រាប់​គ្រប់គ្រង​ជំងឺ​គ្រុន​ចាញ់

ក្នុង​ពេល​ដែល​កម្ពុជា​មាន​ករណី​ឆ្លង​គ្រុន​ចាញ់​កើន​ឡើង និង​មាន​ករណី​ប៉ារ៉ាស៊ីត​ស៊ាំ​ថ្នាំ​គ្រុនចាញ់​ផង​នោះ តើ​កត្តា​អន្តរាគមន៍​សម្រាប់​គ្រប់គ្រង​ជំងឺ​នេះ​មាន​អ្វី​ខ្លះ?

0:00 / 0:00

អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា កត្តា​អន្តរាគមន៍​ជា​គន្លឹះ​ដើម្បី​គ្រប់គ្រង​ជំងឺ​គ្រុន​ចាញ់​នោះ​គឺ ការ​ព្យាបាល​ជា​បន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ប្រើ​ឱសថ អាតេមីស៊ីនីន រួម​និង​ឱសថ​មួយ​មុខ​ទៀត​ក្នុង​ពេល​ជាមួយ​គ្នា។ ចំពោះ​អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ ត្រូវ​សម្រាក​ក្នុង​មុង​ជ្រលក់​ថ្នាំ ហើយ​និង​ត្រូវ​មាន​ការ​បាញ់​ថ្នាំ​នៅ​ជញ្ជាំង​ក្នុង​ផ្ទះ​ដើម្បី​សម្លាប់​សត្វ​មូស។

នៅ​កម្ពុជា ដោយសារ​មាន​ករណី​ឆ្លង​គ្រុនចាញ់​ច្រើន និង​មាន​បញ្ហា​ប៉ារ៉ាស៊ីត​ស៊ាំ​នឹង​ថ្នាំ​គ្រុន​ចាញ់​ផង​នោះ លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​មាន​ប្រសាសន៍​ថា ចំពោះ​វិធានការ​ការពារ​គ្រុន​ចាញ់​គឺ ៖ «វិធានការ​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​ឲ្យ​ចៀស​ផុត​ពី​ជំងឺ​គ្រុនចាញ់​នោះ​គឺ​ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​ប្រឈម​មុខ​នឹង​ជំងឺ​គ្រុន​ចាញ់ ឬ​ក៏​តំបន់​ចម្លង​ជំងឺ​គ្រុន​ចាញ់​នោះ គឺ​គេង​សម្រាក​ក្នុង​មុង​ជ្រលក់​ថ្នាំ យក​ល្អ​គឺ​ចាប់​ពី​ពេល​ព្រលប់​ទល់​នឹង​ពេល​ភ្លឺ វិធានការ​ល្អ​តែ​មួយ គឺ​មុង​ជ្រលក់​ថ្នាំ​នេះ​ហើយ។ ប៉ុន្តែ​បណ្តា​ប្រទេស​ខ្លះ គេ​ក៏​បាន​ប្រើប្រាស់​ថ្នាំ​បាញ់​តាម​ផ្ទះ ដោយ​បាញ់​ជញ្ជាំង​ផ្ទះ​ខាង​ក្នុង​ហ្នឹង ក៏​ប៉ុន្តែ​ប្រទេស​យើង​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ គឺ​យើង​យក​តែ​វិធានការ​ការពារ​ដោយ​គេង​សម្រាក​នៅ​ក្នុង​មុង​ជ្រលក់​ថ្នាំ​តែ​ប៉ុណ្ណោះ។ ប្រហែល​ជា​នៅ​ពេល​អនាគត កម្មវិធី​មាន​គម្រោង​ជ្រើសរើស​យក​ភូមិ​ដែល​ប្រឈម​មុខ​រង​គ្រោះ​នឹង​ជំងឺ​គ្រុន​ចាញ់ នឹង​ធ្វើ​ការ​បាញ់​ថ្នាំ​មួយ​ចំនួន​នៅ​ពេល​អនាគត»

លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ស្ត្រី​មាន​គភ៌ និង​កុមារ​ដែល​ងាយ​រងគ្រោះ​បណ្តាល​ពី​មូស​ដែក​គោល​ខាំ​ដែរ​នោះ គឺ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

តើ​មូស​ដែកគោល​ ឬ​មូស​គ្រុន​ចាញ់​ច្រើន​ខាំ​នៅ​ពេល​ណា ហើយ​នៅ​កន្លែង​ណា? លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​ថា ៖ «ប្រភេទ​មូស​ដែល​ចម្លង​ជំងឺ​គ្រុនចាញ់​នេះ មាន​អាកប្បកិរិយា​ហើយ​និង​ទម្លាប់​ខុស​ពី​មូស​ផ្សេងៗ។ ទី​១ មូស​គ្រុនចាញ់​ជា​ប្រភេទ​មូស​ដែល​រស់​នៅ​តំបន់​ព្រៃភ្នំ ឬ​ក៏​វាល​ទំនាប​តាម​វាល​ស្រែ​មួយ​ចំនួន ហើយ​និង​មួយ​ចំនួន​ទៀត​អាច​រស់​នៅ​តាម​ចំនៀរ​សមុទ្រ ហើយ​ទម្លាប់​នៃ​ការ​ខាំ​របស់​មូស​គ្រុនចាញ់​នេះ គឺ​ខាំ​ពី​ពេល​ព្រលប់​ទល់​នឹង​ពេល​ភ្លឺ»

មូស​ខ្លះ​ខាំ​ហើយ​បណ្តាល​ឲ្យ​ឈឺ ខ្លះ​ឲ្យ​ឈឺ​និង​រមាស់​ផង ។ល។ ប៉ុន្តែ​ចំពោះ​មូស​ខាំ​នាំ​ឲ្យ​កើត​គ្រុន​ចាញ់ និង​មូស​ខាំ​ហើយ​បណ្តាល​ឲ្យ​កើត​គ្រុន​ឈាម គឺ​មិន​មាន​លក្ខណៈ​ដូច​គ្នា​ទេ ៖ «មូស​ខាំ​ចម្លង​ជំងឺ​គ្រុន​ឈាម​គឺ​ជា​ប្រភេទ​មូស​ដែល​រស់​នៅ​ទីក្រុង ជនបទ តែ​វា​មិន​សូវ​ជា​មាន​នៅ​តាម​បណ្តា​ព្រៃ​ភ្នំ​វិញ​ទេ​ផ្ទុយ​ទៅ​វិញ ហើយ​មូស​គ្រុន​ឈាម​វា​ខាំ​ពេល​ថ្ងៃ​ក៏​ខាំ​ដែរ»

តើ​មូស​គ្រប់​ប្រភេទ​សុទ្ធ​តែ​ជា​ភ្នាក់ងារ​ចម្លង​គ្រុន​ចាញ់​ឬ​ទេ?

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា មាន​តែ​មូស​ប្រភេទ​ខ្លះ​ប៉ុណ្ណោះ​ដែល​ជា​ភ្នាក់ងារ​ចម្លង គឺ​មូស​ដែក​គោល មូស​ញី​នាំ​ប៉ារ៉ាស៊ីត​ពី​អ្នក​ជំងឺ​គ្រុនចាញ់​ពេល​ដែល​វា​ខាំ​បឺត​យក​ឈាម​សម្រាប់​ចិញ្ចឹម​ពង​វា។ នៅ​ក្នុង​ខ្លួន​មូស ប៉ារ៉ាស៊ីត​ចាប់​ផ្តើម​បង្កើន​ចំនួន។ ពេល​មូស​ខាំ​អ្នក​ណា​ផ្សេង​ទៀត គឺ​ប៉ារ៉ាស៊ីត​លាយ​នឹង​ទឹក​មាត់​ផង ក៏​ចូល​ទៅ​ក្នុង​ឈាម​មនុស្ស​ដែល​វា​ខាំ។

ប៉ារ៉ាស៊ីត​គ្រុនចាញ់​វា​បង្កើន​បរិមាណ​លឿន​ណាស់​នៅ​ក្នុង​ថ្លើម រួច​ហើយ​នៅ​ក្នុង​កោសិការ​ឈាម​ក្រហម។ ក្នុង​រវាង​ពី ១​សប្តាហ៍ ទៅ ២​សប្តាហ៍ បន្ទាប់​ពី​មនុស្ស​ឆ្លង​រួច​ហើយ រោគ​សញ្ញា​ដំបូង​នៃ​គ្រុន​ចាញ់​ក៏​លេច​ចេញ​ឡើង គឺ​ធម្មតា​មាន​គ្រុន​ឈឺ​ក្បាល រងា​ញាក់ និង​ក្អួត​ចង្អោរ។ ប្រសិន​បើ​មិន​ព្យាបាល​ភ្លាមៗ​ដោយ​ប្រើ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ទេ​នោះ គ្រុន​ចាញ់​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​នោះ​ស្លាប់​បាន ដោយ​វា​ធ្វើ​ឲ្យ​កោសិការ​ឈាម​ក្រហម​មាន​បញ្ហា កោសិការ​ឈាម​ក្រហម​នោះ​ខូច ហើយ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​សរសៃ​ឈាម​ឆ្មារៗ ដែល​នាំ​ឈាម​ទៅ​ខួរ​ក្បាល​និង​ទៅ​សរីរាង្គ​សំខាន់ៗ​ដទៃ​ទៀត។

លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​មាន​ប្រសាសន៍​ថា ៖ «មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​គ្រុនចាញ់​នោះ ជា​និយម​ន័យ ​ជំងឺ​គ្រុនចាញ់​ជា​ប្រភេទ​ជំងឺ​មួយ​ដែល​សត្វ​មូស​ខាំ​ចម្លង​មក​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដោយ​សត្វ​មូស ហើយ​ប្រភេទ​សត្វមូស​នោះ នៅ​ប្រទស​កម្ពុជា​យើង យើង​ឲ្យ​ឈ្មោះ​ជា​ភាសា​ខ្មែរ​ហ្នឹង គឺ​មូស​ដែក​គោល។ ដូច្នេះ​បើ​សិន​ជា​មូស​ដែក​គោល​នោះ​បាន​ខាំ​អ្នក​ជំងឺ​ម្នាក់​ដែល​មាន​មេរោគ​គ្រុន​ចាញ់​នៅ​ក្នុង​ឈាម ហើយ​មូស​ដែក​គោល​នោះ​ខាំ​ហើយ បាន​បឺត​យក​ឈាម​អ្នក​ជំងឺ​គ្រុន​ចាញ់ ដែល​មាន​ផ្ទុក​មេរោគ​គ្រុនចាញ់​ហ្នឹង ទៅ​ធ្វើ​ការ​វិវត្ត​នៅ​ក្នុង​សត្វមូស។ បន្ទាប់​មក​មូស​ដែល​មាន​ផ្ទុក​មេរោគ​គ្រុន​ចាញ់​នោះ​ទៅ​ខាំ​មនុស្ស​ម្នាក់​ទៀត​ដោយ​បាន​បញ្ចូល​មេរោគ​គ្រុនចាញ់​នោះ​ទៅ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ ដែល​ជា​ហេតុ​នាំ​ឲ្យ​ជំងឺ​គ្រុនចាញ់​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​សត្វ​មូស​នេះ​ឯង»

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី ផ្សាយ​ថ្ងៃ ២៩ ខែ​កក្កដា ឆ្នាំ​២០០៩ អ្នក​ដែល​ធ្លាប់​ឈឺ​គ្រុន​ចាញ់ គឺ​ឈឺ​ហើយ​ជា ជា​ហើយ​ឈឺ​ច្រើន​ដង អ្នក​នោះ​ហាក់​អាច​កើត​មាន​ប្រព័ន្ធ​ការពារ​រោគ​ក្នុង​ខ្លួន។ ក៏ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​នៅ​អឺរ៉ុប​កំពុង​តែ​ធ្វើ​ការ​ពិសោធ​បញ្ហា​នេះ។ គេ​នឹង​ត្រូវ​ធ្វើ​តេស្ត​ច្រើន​លើក​ច្រើន​សា​ថែម​ទៀត ឯ​លទ្ធផល​ពិតប្រាកដ​គឺ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្តី​គ្រប់ៗ​គ្នា​គប្បី​ចៀស​វាង​កុំ​ឲ្យ​មូស​ខាំ ទោះ​ជា​នៅ​ទី​កន្លែង​ណា​ក៏ដោយ។

នៅ​កម្ពុជា លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម បាន​បញ្ជាក់​ដែរ​ថា ក្រុង​ខេត្ត​ចំនួន ២០ គឺ​ជា​កន្លែង​ដែល​មាន​គ្រុនចាញ់ ៖ «ក្នុង​ចំណោម ២០​ខេត្ត ដែល​រង​ប៉ះពាល់​ជំងឺ​គ្រុនចាញ់​ហ្នឹង ខេត្ត​ដែល​រង​ការ​ប៉ះពាល់​ច្រើន​ជាង​គេ គឺ​ខេត្ត​នៅ​តាម​ទល់​ដែន​ជាប់​ជាមួយ​នឹង​ប្រទេស​លាវ ប្រទេស​វៀតណាម និង​ជាពិសេស​បណ្តា​ខេត្ត​ជាប់​ទល់​ដែន​ជាមួយ​នឹង​ប្រទេស​ថៃ។ ហើយ​បណ្តា​ខេត្ត​ដែល​ជាប់​នឹង​ទល់​ដែន​ប្រទេស​ជិត​ខាង​ទាំង ៣​នេះ គឺ​ភាគ​ច្រើន​បណ្តា​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ព្រៃ​ហើយ​និង​ភ្នំ»

ហេតុ​នេះ​មាន​តែ​រាជធានី និង​ខេត្ត​ចំនួន ៤ មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រៃវែង នោះ​ទេ ដែល​មិន​មែន​ជា​ចំណុច​មាន​ជំងឺ​គ្រុនចាញ់។ តែ​ថា​គ្រប់ៗ​រូប​គប្បី​តែ​ការពារ​ចៀសវាង​កុំ​ឲ្យ​មូស​ខាំ ទោះ​នៅ​ទីណា​ក៏​ដោយ៕