ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​​ A(H1N1) ​និង​គ្រុន​ផ្ដាសាយ​ធម្មតា

ក្នុង​ពេល​ដែល​នៅ​កម្ពុជា ពុំ​ទាន់​មាន​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នៅ​ឡើយ​នោះ តើ​ជំងឺ​ថ្មី​នេះ​ធ្ងន់ធ្ងរ​យ៉ាង​ណា បើ​ប្រៀប​ទៅ​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ធម្មតា​ប្រចាំ​រដូវ។

0:00 / 0:00

ជំងឺ​គ្រុន​ផ្តាសាយ A(H1N1) ដែល​ទើប​កើត​មាន​កាល​ពី​ខែ​មេសា កន្លង​ទៅ​នោះ គឺ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​ដែល​មាន​មេ​រោគ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាម​របៀប​ប្រហាក់​ប្រហែល​នឹង​របៀប​ឆ្លង​នៃ​គ្រុន​ផ្តាសាយ​ធម្មតា ឬ គ្រុន​ផ្តាសាយ​តាម​រដូវ​នោះ​ដែរ។

មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC) បាន​កំណត់​អំពី​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ថា មាន​គ្រុន​ក្តៅ ក្អក ឈឺ​បំពង់​ក ហៀរ​សម្បោរ ឈឺ​ចាប់​ខ្លួន​ប្រាណ ឈឺ​ក្បាល និង​ រងា​អស់​កម្លាំង។

ចំណែក​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា ៖ «ចាប់​ផ្តើម​ដោយ​រោគ​សញ្ញា​ដូច​ជា គ្រុន​ក្តៅ​លើស​ពី ៣៨​អង្សា គួប​ផ្សំ​នឹង​សញ្ញា​ដទៃ​ទៀត​ដូច​ជា ឈឺ​ក្បាល អស់​កម្លាំង​ល្ហិតល្ហៃ ក្អក ឈឺ​ក ហើយ​និង​មាន​ហៀរ​សម្បោរ ជួន​កាល​អាច​មាន​ចង្អោរ ឬ​មួយ​ក៏​ក្អួត​និង​អាច​គួប​ផ្សំ​នឹង​រាក​ទៀត»

ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កើត​មាន​ជំងឺ​គ្រុន​ផ្តាសាយ​តាម​រដូវ អ្នក​ជំងឺ​ផ្តាសាយ​ខ្លះ​អាច​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​ហក់​ឡើង។ ក្នុង​នេះ​មាន​មនុស្ស​អាយុ ៦៥​ឆ្នាំ ឬ​ចាស់​ជាង​នេះ កុមារ​អាយុ​ក្រោម ៥​ឆ្នាំ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​អ្នក​ដែល​មាន​លក្ខខណ្ឌ​ឱសថ​ជា​ប្រចាំ។ មាន​ការ​បង្ហាញ​ដំបូងៗ​ថា ស្ត្រី​មាន​គភ៌​ហើយ​និង​អ្នក​ប្រើ​ឱសថ​ជា​ប្រចាំ អាច​នឹង​មាន​ការ​កើន​ឡើង​នូវ​ការ​ហក់​ឡើង​នៃ​គ្រុន​ផ្តាសាយ ដូច​ជា​អ្នក​កើត​ជំងឺ​ហឺត អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជាដើម​ក៏​ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​ការ​កើន​ឡើង​នៃ​ការ​ស្មុគ​ស្មាញ​ចេញ​ពី​មេរោគ​គ្រុន​ផ្តាសាយ​ថ្មី​នោះ​ដែរ។

បញ្ហា​មួយ​ទៀត​ដែល​ហាក់​ដូច​ជា​ខុស​ពី​គ្រុន​ផ្តាសាយ​ធម្មតា​តាម​រដូវ​នោះ គឺ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក (CDC) បន្ត​ថា តាំង​ពី​កើត​មាន​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី​រហូត​មក​ដល់​បច្ចុប្បន្ន មនុស្ស​អាយុ​លើស​ពី ៦៤​ឆ្នាំ ហាក់​ដូច​ជា​មិន​ទាន់​មាន​កើន​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) នេះ​នៅ​ឡើយ​ទេ។

មជ្ឈមណ្ឌល CDC កំពុង​ដឹកនាំ​ការ​សិក្សា​នៅ​មន្ទីរ​ពិសោធន៍ ដើម្បី​រក​មើល​ថា​តើ​មាន​មនុស្ស​ណា​ទេ​ដែល​មាន​ភាព​ស៊ាំ​រោគ​នេះ​ពី​កំណើត​ស្រាប់​នោះ។

របាយការណ៍​ដំបូងៗ បញ្ជាក់​ថា គ្មាន​កុមារ​ណា ហើយ​និង​គ្មាន​មនុស្ស​អាយុ​ច្រើន​ជាង ៦០​ឆ្នាំ មាន​អង្គ​បដិបក្ខ ឬ antibody មេរោគ​គ្រុន​ផ្តាសាយ​ថ្មី AH1N1 នោះ​ឡើយ។ ក៏​ប៉ុន្តែ​ប្រហែល​ជា ១ ភាគ ៣ នៃ​មនុស្ស​អាយុ​លើ ៦០​ឆ្នាំ អាច​មាន​អង្គ​បដិបក្ខ ឬ antibody ប្រឆាំង​នឹង​រោគ​នោះ។ ប្រសិន​ជា​មាន​អង្គ​បដិបក្ខ​ក្នុង​ខ្លួន​ហើយ គេ​មិន​ដឹង​ថា តើ​មាន​ការ​ការពារ​កម្រិត​ណា​ប្រឆាំង​នឹង​មេរោគ A(H1N1) នោះ​ទេ។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា គ្រុន​ផ្តាសាយ A(H1N1) កំពុង​តែ​ឆ្លង​លើ​មនុស្ស​មាន​វ័យ​ពេញ​កម្លាំង ៖ «អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា ជំងឺ​នេះ​គឺ​ច្រើន​កើត​ទៅ​លើ​អ្នក​ដែល​កំពុង​វ័យ​ពេញ​កម្លាំង មាន​ន័យ​ថា ចាប់​ពី ១៦​ឆ្នាំ​ដល់​ក្រោម ៤០​ឆ្នាំ កំពុង​ពេញ​កម្លាំង គឺ​ថា​អ្នក​នោះ​ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់ តាម​ទិន្នន័យ​ដំបូង»

ប្រៀប​ធៀប​នឹង​គ្រុន​ផ្តាសាយ​ថ្មី និង​គ្រុន​ផ្តាសាយ​តាម​រដូវ តើ​ភាព​ធ្ងន់​ធ្ងរ​ហើយ​និង​អត្រា​បង្ក​ឆ្លង​រោគ​នៃ​ជំងឺ​នេះ​ខុស​គ្នា​បែប​ណា?

មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋ​អាមេរិក (CDC) កំពុង​តែ​ធ្វើ​ការ​សិក្សា​នៅ​ឡើយ​អំពី​ភាព​ធ្ងន់​ធ្ងរ​នៃ​រោគ​គ្រុន​ផ្តាសាយ​ថ្មី។ ទាក់​ទង​នឹង​ការ​មាន​ជំងឺ​និង​ការ​ស្លាប់​បណ្តាល​មក​ពី​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) និង​ផ្តាសាយ​ធម្មតា​តាម​រដូវ​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ដើម្បី​ទស្សន៍ទាយ​អំពី​ទំហំ​ដល់​កម្រិត​ណា​នោះ​នៅ​ឡើយ​ទេ។

ចំពោះ​គ្រុន​ផ្តាសាយ​តាម​រដូវ​គេ​បាន​ដឹង​ថា ពេល​ថិរវេលា​និង​ភាព​ធ្ងន់​ធ្ងរ​នៃ​រដូវ​គឺ​មាន​ការ​ប្រែ​ប្រួល។ រៀង​រាល់​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក ជា​មធ្យម​មាន ៣៦.០០០​នាក់​ស្លាប់​ដោយ​សារ​ភាព​ស្មុគស្មាញ​នៃ​គ្រុន​ផ្តាសាយ​តាម​រដូវ ហើយ​ជាង ២០​ម៉ឹន​នាក់​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ក្នុង​ចំណោម​អ្នក​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​នោះ មាន ២​ម៉ឺន​នាក់​ជា​កុមារ​អាយុ​ក្រោម ៥​ឆ្នាំ។ ហើយ​ជាង ៩០% នៃ​អ្នក​ស្លាប់​និង​ប្រមាណ ៦០% នៃ​អ្នក​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ គឺ​ជា​មនុស្ស​អាយុ​ជាង ៦៥​ឆ្នាំ។

ចំណែក​នៅ​ស្រុក​ខ្មែរ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​អំពី​ជំងឺ​ផ្តាសាយ​ធម្មតា​ថា ៖ «មេរោគ​ដែល​បង្ក គឺ​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​គ្រាន់​តែ​ថា​យើង​បែង​ចែក​ថា មួយ​គឺ​ជា​តាម​ពាក្យ​បច្ចុប្បន្ន ហៅ​ថា ជំងឺ​ផ្តាសាយ​ប្រចាំ​រដូវ ហ្នឹង​គឺ​ជា​ជំងឺ​ផ្តាសាយ​គឺ​ជា​រឿង​ធម្មតា គឺ​ថា​មាន​ប្រជាជន​ខ្លះ​ក៏​គាត់​ផ្តាសាយ​ប្រចាំ​រដូវ មាន​ជា​ប្រចាំ។ ហើយ​ចំពោះ​ជំងឺ​ផ្តាសាយ​នេះ គឺ​ថា​យើង​អាច​ព្យាបាល​ដោយ​ឱសថ​សាមញ្ញ ដូច​ជា​ការ​ប្រើ​ឱសថ​បញ្ចុះ​កម្ដៅ»

ឯកសារ​ខាង​លើ​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1) តាំង​ពី​កកើត​មក​ទល់​ពេល​នេះ ចំនួន​ធំ​បំផុត​នៃ​អ្នក​ដែល​បាន​ត្រូវ​បញ្ជាក់​ថា​ឆ្លង​មេ​រោគ​ថ្មី​នេះ គឺ​កើត​លើ​មនុស្ស​អាយុ​រវាង ៥​ឆ្នាំ និង ២៤​ឆ្នាំ។ ហើយ​មក​ដល់​ពេល​នេះ មាន​ករណី​មនុស្ស​អាយុ​ជាង ៦៤​ឆ្នាំ ឆ្លង​គ្រុន​ផ្តាសាយ​ថ្មី គឺ​មាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ប្រភេទ​នេះ​ស្លាប់​ក៏​តិច​តួច​ដែរ គឺ​ខុស​ចម្លែក បើ​ប្រៀប​ធៀប​នឹង​គ្រុន​ផ្តាសាយ​តាម​រដូវ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ចំពោះ​អ្នក​ដែល​ប្រើ​ឱសថ​ជា​ប្រចាំ ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​កំណើន​គ្រោះ​ថ្នាក់ ហើយ​មុន​នេះ​គេ​ទទួល​ស្គាល់​ថា មាន​គ្រោះ​ថ្នាក់​ខ្ពស់​ដោយសារ​គ្រុន​ផ្ដាសាយ​តាម​រដូវ​នោះ ហាក់​ដូច​ជា​ពាក់​ព័ន្ធ​នឹង​កំណើន​គ្រោះ​ថ្នាក់​នៃ​ការ​ស្មុគស្មាញ​នៃ​គ្រុន​ផ្តាសាយ​ថ្មី A(H1N1)។

តើ​គ្រុន​ផ្តាសាយ​ថ្មី​ឆ្លង​តាម​របៀប​ណា? យោង​តាម​ឯកសារ​របស់ CDC អាមេរិក គេ​គិត​ថា ការ​ឆ្លង​មេរោគ​ថ្មី​នេះ គឺ​ដូច​នឹង​ការ​ឆ្លង​គ្រុន​ផ្តាសាយ​តាម​រដូវ​ដែរ។ ជា​សំខាន់ មេ​រោគ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស តាម​ការ​ក្អក ឬ កណ្តាស់​របស់​អ្នក​ជំងឺ។ ជួន​កាល​ក៏​អាច​ឆ្លង​ដោយសារ​ការ​ប៉ះ​ពាល់​អ្វី​ដែល​មាន​មេ​រោគ​ផ្តាសាយ ហើយ​បន្ទាប់​មក​ក៏​យក​ដៃ​មក​ប៉ះ​មាត់ ឬ ច្រមុះ។ យ៉ាង​នេះ​ហើយ​លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​ថា អនាម័យ​ជា​បញ្ហា​សំខាន់៕