បញ្ហាជំងឺផ្លូវចិត្ត
2012.12.20
ក្រុមអ្នកជំនាញខាងសុខភាពផ្លូវចិត្ត នៅតែអះអាងថា បញ្ហាលំបាកធ្ងន់ធ្ងរ និងអំពើហិង្សា ភាពរន្ធត់ ដែលពលរដ្ឋខ្មែរធ្លាប់ជួបប្រទះនៅក្នុងរបបខ្មែរក្រហម នៅតែបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយធ្វើឱ្យប៉ះពាល់មនុស្សជំនាន់ក្រោយ។
បញ្ហានេះ ត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្នាក់ជាតិលើកទីមួយ ស្ដីអំពីស្ថានភាពសុខភាពផ្លូវចិត្តនៅកម្ពុជា បច្ចុប្បន្ន ដែលធ្វើឡើងដោយសកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌ (ធី.ភី.អូ = TPO = Transcultural Psychosocial Organization)។
លទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា មានប្រជាពលរដ្ឋខ្មែរភាគច្រើន កំពុងតែកើតជំងឺផ្លូវចិត្ត ឬមានសុខភាពផ្លូវចិត្តមិនល្អ។ អ្នកមានបញ្ហាផ្លូវចិត្តភាគច្រើនបំផុត គឺស្ត្រី យុវជន និងមនុស្សវ័យចំណាស់មួយចំនួន ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់អំពើហិង្សាក្នុងរបបខ្មែរក្រហម និងសង្គ្រាម។
ការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា អ្នកកើតជំងឺផ្លូវចិត្តភាគច្រើន មានអាការធុញថប់ និងភាពអស់សង្ឃឹម រហូតដល់ធ្វើឱ្យអ្នកទាំងនោះមាននិន្នាការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ សេពគ្រឿងញៀន និងប៉ុនប៉ងធ្វើអត្តឃាតជាដើម។
នាយកផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកស្រី សេក ស៊ីសុខុម មានប្រសាសន៍ថា ស្ថានភាពសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់មនុស្សយើង ត្រូវតែដើរទន្ទឹមគ្នា សម្រាប់ការរស់នៅជាធម្មតាប្រចាំថ្ងៃ។ អ្នកស្រី សេក ស៊ីសុខុម បញ្ជាក់ថា ការដែលមនុស្សណាម្នាក់មានសុខភាពផ្លូវកាយល្អ គេមិនទាន់ចាត់ទុកថាបុគ្គលនោះមានសុខភាពល្អនោះទេ គឺលុះត្រាតែបុគ្គលនោះមានសុខភាពផ្លូវចិត្តល្អផង។
អ្នកស្រី សេក ស៊ីសុខុម៖ «បញ្ហាសុខភាពផ្លូវចិត្ត ក៏ជះឥទ្ធិពលដល់ការអភិវឌ្ឍ មិនត្រឹមតែបុគ្គល និងគ្រួសារតែប៉ុណ្ណោះទេ វាជះឥទ្ធិពលដល់សហគមន៍ ក៏ដូចជា សង្គមជាតិទាំងមូលផងដែរ។ ជាក់ស្ដែង នៅពេលបុគ្គលមានបញ្ហាផ្លូវចិត្ត ពួកគេមិនអាចបំពេញការងារទំនាក់ទំនង និងពុំអាចថែទាំខ្លួនឲ្យបានល្អនោះឡើយ។ ជួនកាល បុគ្គលនោះមានបញ្ហាផ្លូវចិត្ត អាចឈានដល់ការប្រព្រឹត្តបទឧក្រិដ្ឋនានា និងករណីខ្លះអាចឈានដល់ការធ្វើអត្តឃាតខ្លួនផងដែរ»។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា នៅឆ្នាំ២០១១ នៅក្នុងចំណោមប្រជាពលរដ្ឋជាង ១សែននាក់ ប្រជាពលរដ្ឋចំនួន ៤២នាក់ មាននិន្នាការចង់ធ្វើអត្តឃាត។
ទាក់ទងនឹងជំងឺផ្លូវចិត្តដែលឈានទៅដល់ការធ្វើអត្តឃាត ត្រូវបានអ្នកសម្របសម្រួលកម្មវិធីសុខភាពផ្លូវចិត្ត នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ វេជ្ជបណ្ឌិត អាំង សូឌី មានប្រសាសន៍ថា មានស្ថានភាព ២យ៉ាង គឺជួនកាលដោយទាំងចេតនា និងជួនកាលទៀតដោយអចេតនា។
អ្នកឯកទេសខាងសុខភាពផ្លូវចិត្ត មកពីអង្គការសុខភាពពិភពលោក គឺលោក ស្ទីវវិន អ៊ីឌីង (Steven Iddings) មានប្រសាសន៍ថា ពលរដ្ឋខ្មែរ រងគ្រោះដោយសារតែជំងឺផ្លូវចិត្ត ដោយសារតែអំពើហិង្សា៖ «ប្រជាពលរដ្ឋខ្មែរ បានរងគ្រោះខ្លាំងនៃជំងឺផ្លូវចិត្ត ដោយសារតែសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គ្រាមរយៈពេលជាង ២ទសវត្សកន្លងមក រាប់ទាំងភាពក្រីក្រនៅប្រទេសកម្ពុជា នៅឡើយ»។
អ្នកសម្របសម្រួលកម្មវិធីសុខភាពផ្លូវចិត្ត នៃអង្គការចិត្តសង្គម អន្តរវប្បធម៌ វេជ្ជបណ្ឌិត អាំង សូឌី មានប្រសាសន៍ពន្យល់ថា ជំងឺផ្លូវចិត្តមានស្ថានភាពធ្ងន់ស្រាលខុសៗគ្នា ហើយមានលក្ខណៈរ៉ាំរ៉ៃ និងមានរយៈពេលខ្លី។ ជំងឺផ្លូវចិត្តដែលមានរយៈពេលខ្លី ត្រូវបានគ្រូពេទ្យឱ្យឈ្មោះថា ជំងឺធ្លាក់ទឹកចិត្ត ឬថប់អារម្មណ៍។ រីឯជំងឺផ្លូវចិត្តដែលអូសបន្លាយយូរ ហើយបណ្ដាលមកពីការប៉ះទង្គិច ឬអំពើហិង្សាធ្ងន់ធ្ងរ ត្រូវបានគ្រូពេទ្យហៅថា ជំងឺបាក់ស្បាត។
វេជ្ជបណ្ឌិត អាំង សូឌី ថ្លែងថា បញ្ហាជំងឺផ្លូវចិត្តដែលធ្ងន់ធ្ងរមួយបន្សល់ទុកពីរបបខ្មែរក្រហម គឺជំងឺបាក់ស្បាត ដែលធ្វើឱ្យអ្នកជំងឺចេះតែភ័យខ្លាច និងព្រួយច្រើន។
ឆ្លើយតបនឹងចំណោទមួយដែលលើកឡើងថា ស្ថានភាពជំងឺផ្លូវចិត្តរបស់អ្នកធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រហម គួរតែបានធូរស្បើយ ព្រោះតែពេលវេលាបានកន្លងផុតទៅជាង ៣០ឆ្នាំហើយនោះ វេជ្ជបណ្ឌិត អាំង សូឌី ពន្យល់ថា គឺអាស្រ័យដោយស្ថានភាពបរិយាកាសរស់នៅរបស់អ្នកទាំងនោះ។
ក្រុមអ្នកជំនាញខាងសុខភាពផ្លូវចិត្តនៅប្រទេសកម្ពុជា លើកឡើងថា បើទោះជាយុវជនជំនាន់ក្រោយមិនបានឆ្លងកាត់អំពើហិង្សាក្នុងរបបខ្មែរក្រហមក្ដី ក៏មរតកនៃបញ្ហាផ្លូវចិត្តបានបន្តមកដល់យុវជនទាំងនោះ តាមរយៈអាកប្បកិរិយា និងការប្រព្រឹត្តរបស់ឪពុកម្ដាយពួកគេ។ វេជ្ជបណ្ឌិត អាំង សូឌី ថ្លែងថា អ្នកជំនាន់ក្រោយមិនមានជំងឺបាក់ស្បាតទេ ក៏ប៉ុន្តែ គេមានបញ្ហាផ្លូវចិត្ត។
ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយផ្នែកចិត្តវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា នៅក្នុងចំណោមយុវជនខ្មែរចំនួន ២.៦៩០នាក់ ដែលត្រូវបានសម្ភាសនៅក្នុងខេត្តចំនួន៩ កន្លងមក គឺពួកគេមានអាកប្បកិរិយា ឬឥរិយាបថទាក់ទងនឹងជំងឺផ្លូវចិត្ត ដោយនិយមប្រើអំពើហិង្សា ប្រើប្រាស់គ្រឿងញៀន មាននិន្នាការចង់ធ្វើអត្តឃាត និងប៉ះពាល់ផ្លូវចិត្តជាដើម។
ការសិក្សាស្រាវជ្រាវ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរនៅតាមជនបទដាច់ស្រយាល មានជំងឺផ្លូវចិត្តខ្ពស់ជាងគេ ជាពិសេស ស្ត្រីភេទ។ ការសិក្សាស្រាវជ្រាវបានបង្ហាញតួលេខថា ជំងឺផ្លូវចិត្ត ដោយសារតែការអប់រំទាប គឺមានចន្លោះពី ៣៥ ទៅ ៥០នាក់ ក្នុងចំណោម ១០០នាក់។ ក្នុងចំណោម ១០០នាក់ដូចគ្នា មានជំងឺផ្លូវចិត្តចន្លោះពី ៧០ ទៅ ៨០នាក់ ដោយសារតែភាពក្រីក្រ។ ក្រៅពីបញ្ហាក្នុងរបបខ្មែរក្រហម មានមូលហេតុមួយចំនួនទៀតដែរ ដែលអាចបណ្ដាលឱ្យកើតជំងឺផ្លូវចិត្ត ដូចជា ភាពក្រីក្រ និងអ្នកមានការអប់រំបានតិចតួច។
អ្នកឯកទេសខាងសុខភាពផ្លូវចិត្ត មកពីអង្គការសុខភាពពិភពលោក លោក ស្ទីវវិន អ៊ីឌីង ថ្លែងថា នៅលើពិភពលោកនេះ មានមនុស្សចំនួនជាង ៤៥០លាននាក់ រងគ្រោះដោយសារតែជំងឺផ្លូវចិត្ត ព្រោះតែភាពក្រីក្រ និងអំពើហិង្សា។ លោកថាប្រទេសកម្ពុជា ក៏មានស្ថានភាពដូចគ្នាដែរ៖ «អង្គការសុខភាពពិភពលោក បានរកឃើញថា វាមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង រវាងជំងឺផ្លូវចិត្ត ជាមួយនឹងភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានចំណូលទាប»។
ក្រុមអ្នកជំនាញខាងសុខភាពផ្លូវចិត្ត បានទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើការបង្ការ និងព្យាបាលជំងឺផ្លូវចិត្តចំពោះកុមារ និងស្ត្រី ដើម្បីបង្ការកុំឲ្យបញ្ហាទាំងនោះឈានដល់ជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរ និងបាក់ស្បាត ដែលបង្កជាឧបសគ្គដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គម។ វិធានការបង្ការមួយទៀត វេជ្ជបណ្ឌិត អាំង សូឌី ណែនាំថា អ្នកមានបញ្ហាថប់អារម្មណ៍ ឬតានតឹងផ្លូវចិត្ត គប្បីស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្នែកសុខភាពផ្លូវចិត្ត មានទីតាំង នៅក្រុងភ្នំពេញ កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ ដែលនៅទីនោះមានផ្ដល់សេវាពិគ្រោះ និងផ្ដល់ថ្នាំព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។