ថ្នាំ​ជក់​ប៉ះពាល់​សុខភាព​របស់​កីឡាករ

អត្រា​មនុស្ស​ស្លាប់​ដោយ​សារ​ផ្សែង​បារី ត្រូវ​បាន​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក ឱ្យ​ដឹង​ថា ឋិត​នៅ​លំដាប់​ទី ២ បន្ទាប់​ពី​ជំងឺ​លើស​សម្ពាធ​ឈាម ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ នៅ​ទូទាំង​ពិភព​លោក។
ដោយ ឡេង ម៉ាលី
2012.07.15
no_smoking_305 ១៩-មិថុនា-២០១២៖ វេជ្ជ. មុំ គង់ ពិនិត្យ​រក​កម្រិត​ផ្សែង​បារី​ក្នុង​សួត​របស់​កីឡាករ មុន​ពេល​ប្រកួត​ជ្រើសរើស​កីឡាករ​ជើង​ឯក​ឧត្ដម​សិក្សា ឆ្នាំ ២០១២។
RFA/Leng Maly

មាន​មនុស្ស​ចំនួន ៦ លាន​នាក់ ស្លាប់​ដោយសារ​ផ្សែង​បារី ក្នុង​មួយ​ឆ្នាំៗ។

តើ​នៅ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​ដូច​ម្ដេច​ដែរ?

ផល​ប៉ះពាល់​ពី​ថ្នាំ​ជក់ ឬ​ការ​ជក់​បារី ត្រូវ​បាន​អ្នក​ជំនាញ​ខាង​សុខភាព​នៅ​ទូទាំង​ពិភព​លោក កំពុង​យក​ចិត្ត​ទុក​ខ្លាំង ក្នុង​ការ​ព្យាយាម​កាត់​បន្ថយ​អត្រា​ស្លាប់​ឱ្យ​នៅ​ទាប។

លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រី​ទទួល​បន្ទុក​ការងារ​ផ្ដួចផ្ដើម​គ្មាន​ថ្នាំ​ជក់ និង​លើក​កម្ពស់​សុខភាព​នៃ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា ថ្លែង​ឱ្យ​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន តួលេខ​អ្នក​ប្រើប្រាស់​ថ្នាំ​ជក់ នៅ​ប្រទេស​កម្ពុជា​មាន​ប្រមាណ ២ លាន​នាក់។

នៅ​ក្នុង​ពិធី "កីឡា​គ្មាន​ថ្នាំជក់" នា​ពហុ​កីឡាដ្ឋាន​ជាតិ អូឡាំពិក ភ្នំពេញ លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ ថ្លែង​ថា នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​មនុស្ស​ស្លាប់​ជិត ៣០ នាក់​ក្នុង​មួយ​ថ្ងៃ ដោយសារ​ផល​ប៉ះពាល់​នៃ​ថ្នាំ​ជក់។

លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ៖ «២០១១ វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ ធ្វើការ​ស្រាវ​ជ្រាវ​ឃើញ​ថា អ្នក​ជក់​បារី​បាន​ថយ​ចុះ​ពី ៤៨% បុរស មក ៤២.៥%។ ស្ត្រី​នៅ​ដដែល។ ចំនួន​អត្រា​ថយ​ចុះ​ពី ៤៨% មក ៤២.៥% យើង​ឃើញ​ថយ​ចុះ។ ប៉ុន្តែ ចំនួន​អ្នក​ជក់​ពិត​ប្រាកដ​រវាង ២០០៦ មក ២០១១ គឺ​ប្រហាក់ប្រហែល​គ្នា ២ លាន​ដដែល។ ហេតុផល គឺ​កំណើន​ប្រជាពលរដ្ឋ»។

ក្នុង​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​អត្រា​ស្លាប់​ឱ្យ​នៅ​ទាប អ្នក​ជំនាញ​ខាង​លើក​កម្ពស់​សុខភាព​នៅ​ប្រទេស​កម្ពុជា កំពុង​ព្យាយាម​បញ្ជ្រាប​ការ​អប់រំ និង​ផ្សព្វផ្សាយ​សារ​ស្ដី​អំពី​គ្រោះថ្នាក់​អំពី​ថ្នាំជក់ ទៅ​គ្រប់​ក្រុម​គោលដៅ​មនុស្ស ទាំង​នៅ​ស្ថាប័ន​រដ្ឋ និង​ឯកជន។

នៅ​ថ្ងៃ​ទី ២០ មិថុនា ឆ្នាំ ២០១២ ស្ថាប័ន​ក្រសួង​អប់រំ អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា និង​អង្គការ​សុខភាព​ពិភព​លោក បាន​សហការ​គ្នា​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​សារ​មួយ ស្ដីពី​គ្រោះថ្នាក់​នៃ​ថ្នាំជក់ ទៅ​ក្នុង​វិស័យ​កីឡា ក្រោម​ប្រធាន​បទ​ថា "កីឡា​គ្មាន​ថ្នាំ​ជក់"។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ ថ្លែង​បញ្ជាក់​អំពី​គោល​បំណង​ការ​ផ្សព្វផ្សាយ​នេះ​ថា ជា​ការ​លើក​កម្ពស់​សុខភាព​កីឡាករ។

អ្នក​ជំនាញ​បាន​ឱ្យ​ដឹង​ថា ថ្នាំ​ជក់​មាន​សារជាតិ​ញៀន​ម្យ៉ាង ដែល​ហៅ​ថា នីកូទីន (Nicotine)។ អ្នក​ជក់​បារី ឬ​អ្នក​ចុក​ថ្នាំ ពិបាក​នឹង​ឈប់​ដោយសារ​ជាប់​ញៀន​សារធាតុ​នេះ។

ក្នុង​សៀវភៅ​ផ្សព្វផ្សាយ​មួយ ដែល​រៀបចំ​ដោយ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា មាន​ចំណង​ជើង​ថា "កីឡា​គ្មាន​ថ្នាំជក់" បាន​សរសេរ​ថា បន្ទាប់​ពី​ពេល​ដែល​អ្នក​ជក់ ហឺត​ផ្សែង​បារី​ចូល​ទៅ​ក្នុង​សួត សារធាតុ នីកូទីន បាន​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ទៅ​ដល់​ខួរ​ក្បាល។

នៅ​ពេល​ទៅ​ដល់​ខួរ​ក្បាល​នោះ វា​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​គីមី​កើត​ឡើង។ ការ​ប្រតិកម្ម​នេះ ធ្វើ​ឱ្យ​អ្នក​ជក់​មាន​អារម្មណ៍​ល្អ។

ឯកសារ​សុខភាព​ឈ្មោះ មេឌីស៊ីន ណិត (MedicineNet) បាន​ពន្យល់​ថា សារធាតុ នីកូទីន ចូល​ទៅ​ដល់​ខួរ​ក្បាល តាម​រយៈ​ចរន្ត​ឈាម ក្នុង​រយៈ​ពេល ៨ វិនាទី។ សារធាតុ នីកូទីន ជា​គ្រឿង​ទៅ​ពញ្ញាក់​សរីរាង្គ​ក្នុង​ខ្លួន ដូច​ជា ធ្វើ​ឱ្យ​បេះដូង និង​សួត​ដើរ​ញាប់​ជាង​ធម្មតា ហើយ​ទៅ​ពញ្ញាក់​ថ្លើម​ឱ្យ​បញ្ចេញ​គ្លុយកូស ឬ​ស្ករ ទៅ​ក្នុង​ឈាម​ច្រើន។ កត្តា​ទាំង​នេះ​ហើយ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ជក់​បារី មាន​អារម្មណ៍​ភ្លឺ​ស្វាង បន្ទាប់​ពី​ជក់​បារី​ហើយ។

សារធាតុ នីកូទីន នឹង​សាប​អស់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៤០ នាទី​ក្រោយ​មក។ នៅ​ពេល​ណា​អស់​ជាតិ នីកូទីន ពី​កោសិកា​ខួរ​ក្បាល អ្នក​ជក់​មាន​អារម្មណ៍​រសេះរសោះ និង​តប់ប្រមល់​ក្នុង​ខ្លួន។ ពេល​នោះ អ្នក​ជក់​នឹក​ឃ្លាន​ចង់​ជក់​បារី​បន្ត​ទៀត ដើម្បី​ឱ្យ​មាន​អារម្មណ៍​ភ្លឺ​ស្វាង​ឡើង​វិញ។ ចំណង់​នេះ គឺ​ខ្លាំង​ជាង​ចំណង់​ស្រេក​ទឹក​កក​នៅ​ថ្ងៃ​ក្ដៅ​ទៀត។

ផ្សែង​បារី គឺ​ជា​សារធាតុ​ពុល ដែល​បង្ក​ការ​រលាក​ដល់​កោសិកា។

លោក​វេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់​ថា ក្នុង​ផ្សែង​បារី​មាន​ផ្ទុក​សារធាតុ​គីមី​ពុល​ជាង ៧០០០ ប្រភេទ។ ក្រៅ​ពី​សារធាតុ​ញៀន នីកូទីន មាន​សារធាតុ​គីមី គ្រោះថ្នាក់​ខ្លាំង​ជាង​គេ គឺ​សារធាតុ​ជ័រ ឈ្មោះ ថារ (Tar) និង​កាបូន ម៉ូណូស៊ីដ (Carbon Monoxide)។

លោក​វេជ្ជបណ្ឌិត មុំ គង់៖ «កាបូន ម៉ូណូស៊ីដ (Carbon Monoxide) នេះ នៅ​ពេល​យើង​បឺត​ផ្សែង​បារី វា​ចូល​ទៅ​ក្នុង​សួត វា​ធ្វើ​អេម៉ូក្លូប៊ីន (Hemoglobin)  ចាប់​កាបូន ម៉ូណូស៊ីដ (Carbon Monoxide) ជាជាង​ចាប់​យក​អុកស៊ីហ្សែន ដោយសារ​កាបូន ម៉ូណូស៊ីដ ហ្នឹង​មាន​កម្លាំង​ទាក់ទាញ​អេម៉ូក្លូប៊ីន ៧ ដង ច្រើន​ជាង​អុកស៊ីហ្សែន។ អ៊ីចឹង​បើ​មាន​វា មាន​ន័យ​ថា អេម៉ូក្លូប៊ីន ក្នុង​ឈាម​យើង​ហ្នឹង គឺ​ចាប់​យក​តែ​កាបូន ម៉ូណូស៊ីដ (Carbon Monoxide) ទេ។ ជា​ហេតុ​ធ្វើ​ឱ្យ​រាង​កាយ​កីឡាករ​ហ្នឹង​ខ្វះ​អុកស៊ីហ្សែន»។

ឯកសារ​សុខភាព​ឈ្មោះ មិដឡាញផ្ល័ស (MedlinePlus) នៃ​សហរដ្ឋ​អាមេរិក បាន​សរសេរ​ថា ក្នុង​ចំណោម​សារធាតុ​គីមី​ពុល​រាប់​ពាន់​ប្រភេទ មាន​សារធាតុ​ចំនួន ១៩ ប្រភេទ ដែល​គេ​ស្គាល់​ថា ជា "ជ័រថារ" ជា​សារធាតុ​នាំ​កើត​ជំងឺ​មហារីក។ ជ័រ​ថារ (Tar) ខ្មៅៗ ដែល​ដូច​កៅស៊ូ​ចាក់​ថ្នល់​នោះ បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក​សួត ជំងឺ​រលាក​ទង​សួត និង​ហើម​សួត។ សារធាតុ កាបូន ម៉ូណូស៊ីដ (Carbon Monoxide) បណ្ដាល​ឱ្យ​កើត​ជំងឺ​បេះដូង។ ដូច្នេះ អ្នក​ជក់​បារី ប្រឈម​មុខ​ខ្លាំង​នឹង​ជំងឺ​បេះដូង។

អ្នក​ជក់​បារី​មាន​ការ​ចុះ​ខ្សោយ​វិញ្ញាណ​ស្រង់​ក្លិន និង​រស​ជាតិ ហើយ​មិន​សូវ​ធន់​នឹង​ការ​ហាត់​ប្រាណ និង​លេង​កីឡា។

ទាក់ទង​នឹង​ការ​ប្រកួត​កីឡា លោក​វេជ្ជបណ្ឌិត មុំ គង់ ពន្យល់​ថា ការ​ជក់​បារី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កីឡាករ ពី​ព្រោះ​នៅ​រាល់​ពេល​ប្រកួត រាង​កាយ​កីឡាករ​ត្រូវ​ការ​អុកស៊ីហ្សែន​ច្រើន​សម្រាប់​កោសិកា ទាំង​កោសិកា​ខួរក្បាល កោសិកា​សាច់​ដុំ និង​កោសិកា​សរីរាង្គ​ក្នុង​ខ្លួន​ផ្សេងៗ ទៀត។

លោក​វេជ្ជបណ្ឌិត មុំ គង់៖ «ជា​អ្នក​ប្រកួត គឺ​យើង​ត្រូវ​ការ​អុកស៊ីហ្សែន​យ៉ាង​ច្រើន។ អ៊ីចឹង​កាល​ណា​ខ្វះ​អុកស៊ីហ្សែន ធ្វើ​ឱ្យ​គាត់​បាត់​បង់​ភាព​អត់​ធន់ ល្ហិតល្ហៃ ឆាប់​ហត់ ហើយ​ប្រសិន​បើ​ជក់​យូរ​អង្វែង វា​ធ្វើ​ឱ្យ​ប៉ះពាល់​សាច់ដុំ និង​សន្លាក់​របស់​គាត់។ មិន​មែន​តែ​អ្នក​ជក់​ទេ គឺ​ស្រូប​ផ្សែង​បារី​ពី​គេ ក៏​ប៉ះពាល់​ដល់​សមត្ថភាព​របស់​គាត់​ដែរ»។

ក្នុង​សៀវភៅ​ផ្សព្វផ្សាយ​មួយ ដែល​រៀបចំ​ដោយ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា មាន​ចំណង​ជើង​ថា "កីឡា​គ្មាន​ថ្នាំជក់" បាន​សរសេរ​បន្ថែម​ថា ផល​ប៉ះពាល់​ពី​ការ​ជក់​បារី​រយៈ​ពេល​យូរ​ គឺ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង រលាក​ឆ្អឹង ឬ​សន្លាក់ និង​ធ្វើ​ឱ្យ​សរសៃ​ពួរ​ដែល​ខូចខាត ក្រ​ជា​សះស្បើយ។ ផល​ប៉ះពាល់​ស្បែក គឺ​ផ្សែង​បារី​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ ត្បៀត​រួម​តូច ដែល​ធ្វើ​ឱ្យ​កោសិកា​ស្បែក​ខ្វះ​អុកស៊ីហ្សែន ជីវជាតិ​អាហារ។ ផ្សែង​បារី​ធ្វើ​ឱ្យ​មាត់ និង​ដង្ហើម​មាន​ក្លិន​មិន​ល្អ។

ការ​សិក្សា​បាន​រក​ឃើញ​ថា អ្នក​ជក់​បារី ងាយ​កើត​រោគ​ផ្ដាសាយ រលាក​ទង​សួត និង​រោគ​ហើម​សួត ជាង​អ្នក​មិន​ជក់​បារី។

មន្ត្រី​ទទួល​បន្ទុក​ការងារ​ផ្ដួចផ្ដើម​គ្មាន​ថ្នាំ​ជក់ និង​លើក​កម្ពស់​សុខភាព​នៃ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ជំងឺ​សួត​ភាគ​ច្រើន​នៅ​មន្ទីរពេទ្យ គឺ​បង្ក​ឡើង​ដោយ​ថ្នាំជក់។

វេជ្ជបណ្ឌិត៖ យ៉ិល «ភាគ​ច្រើន​អ្នក​ដែល​កើត​ជំងឺ បង្ក​ឡើង​គឺ​មហារីក​សួត ជំងឺ​បេះដូង​ដាច់​សរសៃ។ ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ យើង​បាន​រក​ឃើញ​ថា បើ​មាន​អ្នក​កើត​ជំងឺ​សួត ១០០ នាក់ គេង​នៅ​មន្ទីរពេទ្យ គឺ ៩០ នាក់ គឺ​បង្ក​ឡើង​ដោយ​ថ្នាំ​ជក់»។ ជាក់​ស្ដែង នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូវៀត មាន​អ្នក​កើត​ជំងឺ​មហារីក​ច្រើន ហើយ​អ្នក​ទាំង​អស់​នោះ កាល​ណា​ជំងឺ​មហារីក​ហើយ  ពិបាក​ព្យាបាល​ណាស់ ហើយ​ជា​ករណី​ចុង​ក្រោយ។ តែ​ដើម្បី​ពន្យារ​ជីវិត​គាត់ ករណី​ព្យាបាល​មួយ​ករណី គាត់​ចំណាយ​លុយ​ជិត ១០.០០០​ដុល្លារ ហើយ​អត់​គិត​លុយ​ពី​ក្រុម​គ្រួសារ​មក​កំដរ​អ្វី​ទេ។ អ៊ីចឹង​ច្រើន​ណាស់»។

ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​និស្សិត នៃ​ក្រសួង​អប់រំ​កម្ពុជា លោក ដួង មាស​ចំរើន ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួតជ្រើសរើស​កីឡាករ​ជើង​ឯក​ឧត្ដម​សិក្សា ឆ្នាំ ២០១២។ លោក​កត់​សម្គាល់​ថា​កីឡាករ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ផ្សែង​បារី មាន​គុណភាព​ទាប​ជាង​កីឡាករ​មិន​ជក់​បារី។

លោក ដួង មាស​ចំរើន៖ «យើង​ងាយ​ស្រួល​មើល​ណាស់ ប្រសិន​បើ​កីឡាករ​ហ្នឹង​គាត់​ពិសា​បារី គឺ​ពាក់វើម៉ង់ (Powerment=កម្លាំង) របស់​គាត់​អត់​ឡើង​ខ្ពស់​ទេ។ លេង​ទៅ​ឆាប់​ហត់ ហើយ​សុខភាព​របស់​គាត់​មិន​មាំមួន​ដូច​កីឡាករ​មិន​ជក់​បារី​ទេ»។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​ណែនាំ​ដល់​ថា ដើម្បី​សុខភាព កីឡាករ​មិន​ត្រូវ​ជក់ ឬ​ឈប់​ជក់​បារី។ ក្នុង​សៀវភៅ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នៃ​ថ្នាំ​ជក់ មាន​ចំណង​ជើង​ថា "កីឡា​គ្មាន​ថ្នាំជក់" បាន​សរសេរ​ថា ផល​ប្រយោជន៍​នៃ​ការ​មិន​ជក់​បារី គឺ​ដើម្បី​បង្កើន​ភាព​មាំមួន និង​នាំ​ឱ្យ​មាន​ភាព​រហ័សរហួន បង្កើន​សមត្ថភាព​ហាត់​ប្រាណ អាច​លេង​កីឡា​ដល់​កម្រិត​ខ្ពស់ បាន​យូរ និង​មិន​ឆាប់​ហត់។

ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​និស្សិត នៃ​ក្រសួង​អប់រំ​កម្ពុជា លោក ដួង មាស​ចំរើន មាន​ប្រសាសន៍​ថា យុទ្ធនាការ​កីឡា​គ្មាន​ថ្នាំ​ជក់​នេះ គឺ​មិន​ត្រឹម​តែ​ណែនាំ​ឱ្យ​កីឡាករ​មិន​ជក់​បារី ឬ​ឈប់​ជក់​បារី​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​ក្នុង​កីឡាដ្ឋាន ក្នុង​ការិយាល័យ​ធ្វើ​ការ​នៃ​កីឡាដ្ឋាន ក៏​មិន​ត្រូវ​ឱ្យ​មាន​ការ​ជក់​បារី​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។