តើកំណើនជំងឺគ្រុនចាញ់មានទាក់ទងនឹងទីតាំងបរិស្ថានដែលនាំឲ្យមានកើតសត្វមូសដែរ ឬទេ?
យោងតាមទីភ្នាក់ងារព័ត៌មាន អេភី ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០០៩ ក្នុងសកលលោកនេះ ១ឆ្នាំៗជំងឺគ្រុនចាញ់បានបណ្តាលឲ្យមានមនុស្សស្លាប់ជិត១លាននាក់ ភាគច្រើនគឺកុមារអាយុក្រោម ៥ឆ្នាំ ហើយជាពិសេសគឺនៅប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។ ចំណែកនៅប្រទេសកម្ពុជា ក៏មានកើតគ្រុនចាញ់ច្រើនករណីដែរ។
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺគ្រុនចាញ់នេះបង្កឡើងដោយក្រុមប៉ារ៉ាស៊ីត ឈ្មោះហៅថា Plasmodium។ ប៉ារ៉ាស៊ីតនេះ ឆ្លងទៅមនុស្សតាមរយៈសត្វមូសដែលឆ្លងប៉ារ៉ាស៊ីតនេះខាំ។
ឯកសារបន្តថា មានគ្រុនចាញ់ដែលកើតលើមនុស្សចំនួន ៤ប្រភេទ គឺ ៖ Plasmodium falciparum, Plasmodium vivax, Plasmodium malariae និង Plasmodium ovale។ ក្នុងចំណោម ៤ប្រភេទនេះ ប្រភេទ Plasmodium falciparumនិង Plasmodium vivax កើតមានច្រើនជាងគេ។ ក្នុងនេះអ្នកដែលស្លាប់ គឺច្រើនតែកើតគ្រុនចាញ់ Plasmodium falciparum។
អំពីរបៀបឆ្លងវិញ គឺឆ្លងមកមនុស្សតាមរយៈសត្វមូសចម្លងប៉ារ៉ាស៊ីត មកខាំស្បែកមនុស្ស។ ហើយពេលដែលនៅក្នុងខ្លួនមនុស្ស ប៉ារ៉ាស៊ីតនេះ វាបង្កើនចំនួនកាន់តែច្រើនឡើងនៅក្នុងថ្លើម រួចបន្ទាប់ពីនោះ វានាំឲ្យឆ្លងចូលដល់គ្រាប់ឈាមក្រហម គឺក្នុងដំណាក់កាលនេះហើយ ដែលធ្វើឲ្យមនុស្សចាប់ផ្តើមឈឺគ្រុនចាញ់។
អង្គការសុខភាពពិភពលោក បានឲ្យដឹងដែរថា ក្នុងឆ្នាំ២០០៦ ទូទាំងសកលលោក មានកើតជំងឺគ្រុនចាញ់ ២៤៧លានករណី បណ្តាលឲ្យមនុស្សស្លាប់ជិត ១លាននាក់ ហើយភាគច្រើនគឺក្នុងចំណោមកុមារជាអ្នកជំងឺនៅអាហ្វ្រិក។ ហើយថា ក្នុងរៀងរាល់ ៣០វិនាទី មានកុមារម្នាក់ស្លាប់ដោយសារជំងឺគ្រុនចាញ់។ ឯកសារបន្តថា គេអាចបង្ការជំងឺគ្រុនចាញ់ និងអាចព្យាបាលជំងឺនេះឲ្យជាបាន។
បើចំពោះអ្នកដែលកើតគ្រុនចាញ់ ប្រសិនមិនព្យាបាលភ្លាមៗទេ គ្រុនចាញ់អាចបង្អាក់ ឬក៏អាចផ្តាច់ការផ្តល់ឈាមទៅសរីរាង្គសំខាន់ៗក្នុងខ្លួនមនុស្ស ហើយធ្វើឲ្យឈានទៅដល់គ្រោះថ្នាក់ដល់ជីវិតមនុស្សថែមទៀតផង។
នៅប្រទេសកម្ពុជា អនុប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត នង សៅគ្រី បានមានប្រសាសន៍ថា ឆ្នាំនេះករណីឆ្លងជំងឺគ្រុនចាញ់មានការកើនឡើង។ កំណើននេះ គឺអាចដោយសារឆ្នាំនេះឆាប់មានភ្លៀងពីដើមឆ្នាំពេក ដែលបង្កឲ្យសត្វមូសកើតច្រើន និងខាំមនុស្សដែលពុំមានការប្រុងប្រយ័ត្នការពារដោយហ្មត់ចត់។ ហើយក្នុងចំណោមសត្វមូសនោះ មានមូសខ្លះជាភ្នាក់ងារចម្លងប៉ារ៉ាស៊ីត គ្រុនចាញ់ ជាពិសេសគឺមូសខាំនៅពេលយប់ជ្រៅបន្តិចនាពេលដែលមនុស្សកំពុងតែសម្រាន្តលក់ បាត់បង់ការប្រុងប្រយ័ត្ន រើបម្រះខ្លួនចេញក្រៅមុង។
លោកវេជ្ជបណ្ឌិត នង សៅគ្រី បានថ្លែងថា ៖ «មូសដែលនៅក្នុងពាងហ្នឹង វាខាំតាំងពីក្បាលល្ងាច ម៉ោង ៦អីវាចាប់ខាំបន្តិចៗ ហើយវាខាំច្រើនជាងគេហ្នឹង ម៉ោង១០-១១(យប់) អាហ្នឹងដែលវាខាំខ្លាំង។ អ៊ីចឹងយើងគិតថា ប្រជាជនមួយចំនួនម៉ោង៦ ម៉ោង៧ គាត់មិនទាន់ចូលមុងទេ អ៊ីចឹងវាអាចថា ការការពារដោយសារប្រើមុងហ្នឹង វាមិនមែនមានន័យថា យើងការពារបាន ១០០% ទេ ទាល់តែប្រជាជនហ្នឹងស្វែងយល់ខ្លួនឯងទៀត ឆាប់ចូលគេងអីអ៊ីចឹងទៅ»។
លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ប្រធានផ្នែកមុងជ្រលក់ថ្នាំ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺគ្រុនចាញ់ មានប្រសាសន៍ថា ដើម្បីជួយកាត់បន្ថយនូវជំងឹនេះ ក្រៅពីការធ្វើការចែកចាយឱសថថ្មីដើម្បីព្យាបាលនោះ ក៏មានការចែកមុងជ្រលក់ថ្នាំជូនដល់ប្រជាពលរដ្ឋនៅតំបន់គ្រុនចាញ់ទាំងអស់នោះដែរ ដើម្បីការពារកុំឲ្យមូសខាំចម្លងប៉ារ៉ាស៊ីតនេះ។ គឺមានចែកមុងធម្មតាជ្រលក់ថ្នាំ និងចែកមុងជ្រលក់ថ្នាំសម្រាប់អ្នកដែលសម្រាន្តក្នុងអង្រឹងនីឡុង ឬសម្រាន្តក្នុងអង្រឹងក្រណាត់សំពត់។
លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន មានប្រសាសន៍ដូច្នេះ ៖ «ធ្វើការទប់ស្កាត់វាជាបន្ទាន់ ដោយបំបាត់ជំងឺគ្រុនចាញ់កន្លែងហ្នឹងឲ្យបាន ១០០%។ បានន័យថា ធ្វើការចែកមុង មនុស្ស ២នាក់មុង១ ព្យាយាមគ្របមុងឲ្យបានទាំងអស់គ្នា ដើម្បីកុំឲ្យមេរោគដែលមានភាពស៊ាំហ្នឹង វាអាចឆ្លងរាលដាលទៅតំបន់ដទៃទៀត»។
មានព័ត៌មានថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់មានព្រៃក្រាស់នៅតំបន់ព្រៃភ្នំ មានការបារម្ភចំពោះជំងឺគ្រុនចាញ់។ អ្នកទាំងនោះ ជាទូទៅជាអ្នកក្រីក្រ។
ការសិក្សាពីជំងឺគ្រុនចាញ់របស់អង្គការក្រៅរដ្ឋាភិបាលនានា បានបង្ហាញថា ប្រជាជនក្រីក្រកម្ពុជា ដែលឈឺនៅជនបទទាំងនោះមានចំនួនច្រើនដែរ ដែលយឺតយ៉ាវក្នុងការទៅរកការព្យាបាលពីសំណាក់គ្រូពេទ្យជំនាញ នោះគឺអាចដោយសារបញ្ហាខ្វះលុយកាក់ផង ដោយសារផ្ទះសម្បែងនៅឆ្ងាយពីមណ្ឌលសុខភាពផង បញ្ហាខ្វះមធ្យោបាយធ្វើដំណើរផង បញ្ហាខ្វះផ្លូវគមនាគមន៍ផង ។ល។
ក៏ប៉ុន្តែអាជ្ញាធរផ្នែកសុខាភិបាលបានឲ្យដឹងថា មានការបញ្ជូនភ្នាក់ងារសុខាភិបាលជាច្រើននាក់ឲ្យទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាដែរ ដើម្បីឲ្យប្រចាំការនៅទីនោះសំដៅជួយព្យាបាលប្រជាពលរដ្ឋដែលកើតជំងឺគ្រុនចាញ់។
មន្ត្រីសុខាភិបាលក៏បានឲ្យដឹងដែរថា សព្វថ្ងៃនេះនៅតំបន់ខ្លះៗ ដូចជានៅតាមតំបន់ព្រំដែនខ្មែរ-ថៃ មានកើតគ្រុនចាញ់ច្រើនករណី។ ហើយទន្ទឹមនឹងនេះ មេបញ្ជាការវរៈ៤៣១ ចំណុះកងពលថ្មើរជើងលេខ៤៣ ដែលគ្រប់គ្រងទាហាននៅព្រំដែនកម្ពុជា-ថៃ លើជួរភ្នំដងរែក ត្រង់ចំណុចវាលឥន្ទ្រី ជើងភ្នំទ្រព្យ លោក នូ សារ៉ាត់ បានមានប្រសាសន៍ថា ទាហានរបស់លោកមួយចំនួនបានកើតជំងឺគ្រុនចាញ់ផង និងផ្ដាសាយផង ដោយសារតែកំពុងបោះជំរំនៅក្នុងព្រៃនៃតំបន់ភ្នំ។
លោក នូ សារ៉ាត់ បានបញ្ជាក់ដូច្នេះ ៖ «តំបន់ភ្នំនេះ តែខែរងាក៏វាគ្រុនចាញ់ខ្លះ ផ្ដាសាយខ្លះ វារួមផ្សំគ្នាអ៊ីចឹង។ ទើបតែមានថ្មីៗហ្នឹងដែរ»។
មន្ត្រីក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា ចំពោះបញ្ហាជំងឺគ្រុនចាញ់បច្ចុប្បន្ន គឺកំពុងតែមានករណីប៉ារ៉ាស៊ីតស៊ាំនឹងថ្នាំ។ ហើយក្រសួងសុខាភិបាលក៏មានការចែកចាយឱសថថ្មី ដែលអ្នកជំនាញអះអាងថា ឱសថថ្មីនោះនឹងអាចជួយកាត់ផ្ដាច់ជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ករណីឆ្លងគ្រុនចាញ់ អាចមានការខុសគ្នា យោលទៅតាមតំបន់ ទៅតាមបរិស្ថាននៅតំបន់នីមួយៗ ទៅតាមកម្រិតសំណើម បរិមាណភ្លៀងធ្លាក់តិច ឬច្រើន។ តំបន់ដែលមានសំណើមមានទឹកដក់ក្បែរទីតាំងមនុស្សរស់នៅ គឺអាចផ្តល់លទ្ធភាពដល់សត្វមូសពង ញាស់ជាកូន ហើយអាចមានឆ្លងគ្រុនចាញ់ពេញ ១ឆ្នាំៗផង។ ចំណែកនៅតំបន់ខ្លះទៀត គ្រុនចាញ់ច្រើនកើតតែនៅរដូវភ្លៀង៕