ចំពោះជំងឺសរសៃប្រសាទ លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី គ្រូពេទ្យឯកទេសវិកលវិទ្យា និងជាអ្នកអភិបាលកិច្ចផ្នែកគ្លីនិចនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ បានមានប្រសាសន៍ថា ជំងឺនេះគឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ។
លោកស្រីវេជ្ជបណ្ឌិត អាំង សូភី មានប្រសាសន៍ដូច្នេះ ៖ «ជំងឺសរសៃប្រសាទជាជំងឺនៃប្រព័ន្ធសរសៃប្រសាទកណ្តាល និងផ្នែកផ្ទៃខាងក្រៅដែលអង់គ្លេសហៅថាប្រព័ន្ធCentral and periphery ។ ជំងឺនេះចែកចេញជាពីរប្រភេទ គឺខាងឆ្កួតជ្រូក (Epilepsy) ជំងឺភ្លេចភ្លាំង ជំងឺដាច់សរសៃបន្ទាប់ពីមានការឡើងនៃកម្រិតឈាមខ្ពស់ (Stroke) ជំងឺនៅខួរក្បាលមានមូលហេតុផ្សេងៗដូចជា ការដុះដុំក្នុងខួរក្បាល (Brain tumor) ការប៉ះទង្គិចក្បាលខ្លាំង និងជំងឺសរសៃប្រសាទផ្សេងទៀតដែលបណ្តាលមកអំពីកង្វះចំណីអាហារ។ ប្រភេទទី២ គឺជាជំងឺដែលកើតឡើងជាបឋម (Primary) ដូចជាមានការគិតអារម្មណ៍ និងអាកប្បកិរិយាមិនធម្មតា ដែលបណ្តាលឲ្យមានការថយចុះនៃដំណើរការរបស់ខួរក្បាល នេះគេហៅថាជាជំងឺផ្លូវចិត្ត (Mental disorders) នេះទៅវិញ»។
ឯកសារអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺភ្លេចភ្លាំង ច្រើនតែមានចំពោះមនុស្សវ័យចាស់ គឺមានតែករណី ២% ប៉ុណ្ណោះ ដែលកើតមានលើមនុស្សមិនទាន់ដល់ ៦៥ឆ្នាំ ហើយជំងឺភ្លេចភ្លាំងនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃភាពពិការនៅជីវិតចុងក្រោយរបស់មនុស្ស។ តើមូលហេតុអ្វីខ្លះដែលបណ្តាលឲ្យកើតជំងឺនេះ ? តើត្រូវព្យាបាលនៅទីណាក្នុងប្រទេសកម្ពុជា?
លោកស្រីវេជ្ជបណ្ឌិត អាំង សូភី មានប្រសាសន៍ប្រាប់ដូច្នេះ «ក្នុងជំពូកជំងឺប្រភេទទី១នេះ គឺបណ្តាលមកពីការប៉ះទង្គិចក្បាលខ្លាំង ចំណែកឯប្រភេទទី២ បុព្វហេតុដែលឲ្យមានជំងឺផ្លូវចិត្តដើម្បីកុំឲ្យច្រឡំមានកត្តា ៤យ៉ាង។ ដូច្នេះខ្ញុំសូមបកស្រាយអំពីកត្តាទី១ គឺកត្តាមជ្ឈដ្ឋានសង្គម និងហេតុការណ៍ជីវិត នៅពេលនោះហើយមនុស្សយើងមានការព្រួយបារម្ភភ័យខ្លាច ទុក្ខសោក ដូចជាមានសមាជិកគ្រួសារត្រូវបាត់បង់ជីវិត ឫមានជំងឺធ្ងន់ធ្ងរ ឫក៏មានការឆ្លងនូវមេរោគអេដស៍ បាត់បង់ការងារ ធ្លាក់ខ្លួនពិការ សង្គ្រាម ទឹកជំនន់ ចោរកម្ម ។ល។ ចំណែកឯកត្តាទី២ គឺសមត្ថភាពក្នុងការដោះស្រាយបញ្ហា ឫស្ថានភាពលំបាក គឺអ្នកហ្នឹងឯងគាត់ធ្លាប់មានបទពិសោធន៍ពីអតីតកាលមកចំណេះដឹងនិងជំនាញ និងការស្វែងយល់អំពីស្ថានភាពនោះ។ ចំណែកឯកត្តាទី៣ គឺកត្តាតំណពូជ គឺគាត់ធ្លាប់មានឪពុកម្តាយ ឫក៏បងប្អូនបង្កើតធ្លាប់មានជំងឺផ្លូវចិត្តពីមុនមក។ ចំណែកឯកត្តាទី៤ គឺកត្តាជីវសាស្ត្រ គឺមកពីមានការប្រែប្រួលនៃសារធាតុគីមីនៅក្នុងខួរក្បាល។ ដូច្នេះកត្តាទាំងនេះហើយដែលជំរុញឲ្យមានជំងឺផ្លូវចិត្ត»។
លោកស្រីវេជ្ជបណ្ឌិត អាំង សូឌី បញ្ជាក់ថាក្នុងប្រទេសកម្ពុជា កន្លែងដែលអាចព្យាបាលជំងឺនេះបាន គឺមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួន ដូចជានៅក្នុងខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ស្វាយរៀង កំពង់ចាម តាកែវ កំពត ។ល។
តើវិធីព្យាបាលដោយខ្លួនឯងត្រូវធ្វើយ៉ាងណា? ដូចជាការរស់នៅរបៀបណា? របបហូបចុករបៀបណាដែលជួយដល់ការព្យាបាលដោយពេទ្យឲ្យឆាប់មានប្រសិទ្ធភាព?
លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា ៖ «សំណួរនេះវាពាក់ព័ន្ធទៅនឹងការព្យាបាលហ្នឹង គឺថាមិនមែនយើងរំពឹងតែគ្រូពេទ្យតែមួយមុខទេ គឺយើងត្រូវមានការជួយដោយខ្លួនឯងទី១ និងទី២ ជួយដោយអ្នកដែលរស់នៅជុំវិញខ្លួនយើង។ ដូច្នេះវិធីព្យាបាលដោយខ្លួនឯងហ្នឹងមាន គឺអ្នកដែលមានជំងឺហ្នឹងត្រូវទទួលការគាំទ្រយ៉ាងច្រើនពីមជ្ឈដ្ឋានអ្នកដែលនៅជុំវិញ ជាពិសេសគឺក្រុមគ្រួសាររបស់គាត់ហ្នឹងតែម្តង ហើយគាត់ត្រូវធ្វើម៉េចកុំឲ្យមានការរើសអើងពីអ្នកដទៃ។ ហ្នឹងជាកត្តាមួយដែលសំខាន់ណាស់ដែលអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គាត់។ ចំណែកឯបញ្ហារាងកាយ គឺត្រូវឲ្យគាត់សម្រាកឲ្យបានច្រើន ធ្វើការងារណាដែលអាចធ្វើទៅបាន ជាពិសេសត្រូវធ្វើការហាត់ប្រាណឲ្យបានទៀងទាត់។ ចំណែកឯបញ្ហារបបហូបចុក គឺសូមធ្វើយ៉ាងដូចម្តេច ហូបឲ្យបានគ្រប់គ្រាន់ ប៉ុន្តែហាមសូមកុំឲ្យពិសាសុរា ស្រាបៀរ ឫក៏ថ្នាំដែលជាសារធាតុញៀន និងកាហ្វេជាដើម»។
បើមានមនុស្សកើតជំងឺនេះហើយ តើអាចព្យាបាលបានជាឫទេ? ប្រើពេលវេលាយូរប៉ុណ្ណា?
លោកស្រីវេជ្ជបណ្ឌិត អាំង សូភី មានប្រសាសន៍ដូច្នេះ ៖ «ជំងឺនេះវាផ្តោតលើការវិវត្តន៍នៃជំងឺ។ ដូច្នេះសូមជម្រាបជូនថា រាល់អ្នកដែលកើតជំងឺនេះហើយ ហើយជំងឺនេះ ដោយសារផ្នែកវេជ្ជសាស្ត្ររបស់យើងហ្នឹងកាន់តែមានការចម្រើនទៅមុខហើយ ដូច្នេះជំងឺនេះគឺអាចព្យាបាលបាន ប៉ុន្តែត្រូវប្រើរយៈពេលយូរ ទៅតាមកម្រិតនៃជំងឺ។ បើប្រសិនណាជាជំងឺនេះមានកម្រិតខ្សោយ រយៈពេលនៃការព្យាបាលគឺពី ៣ខែទៅ ៦ខែ ចំណែកឯដែលមានកម្រិតធ្ងន់ធ្ងរនោះវិញ រយៈពេលនៃការព្យាបាលគឺអាច ៦ខែដល់ ១ឆ្នាំ ឫក៏អាចរហូតដល់មួយជីវិតក៏អាចមានដែរ»។
បើបញ្ចប់ការព្យាបាលហើយតើមនុស្សនោះត្រឡប់មករកភាពដើម ១០០ % វិញដែរឫទេ?
លោកស្រីវេជ្ជបណ្ឌិត អាំង សូភី មានប្រសាសន៍ដូច្នេះ ៖ «តើមូលហេតុអ្វីបានជាលាប់? ការដែលលាប់មកវិញនេះ ពីព្រោះជំងឺនេះមានការពាក់ព័ន្ធទៅនឹងមជ្ឈដ្ឋាន ឫក៏កត្តា ៣យ៉ាង។ គឺទី១ កត្តាជីវសាស្ត្រ (Bio) និងកត្តាផ្លូវចិត្ត (Psycho) និងកត្តាសង្គម (Socio) ដូច្នេះហើយនៅពេលដែលគាត់ជួបនឹងកត្តាណាមួយដែលគាត់ពុំអាចដោះស្រាយបាននោះ ជំងឺនេះនឹងអាចកើតមានសាឡើងវិញ។ ដូច្នេះនៅក្នុងករណីនេះ ទាមទារឲ្យការព្យាបាលនោះមានលក្ខណៈ២យ៉ាងគឺ ទី១នៅពេលដែលគាត់ចាប់ផ្តើមធ្វើការព្យាបាល។ យើងធ្វើការព្យាបាលដោយថ្នាំមែនពិត ប៉ុន្តែការព្យាបាលមួយទៀតដែលទាមទារឲ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង គឺការរៀននូវវិធីសាស្ត្រខ្លះៗ សម្រាប់ខ្លួនគាត់ដើម្បីនឹងដោះស្រាយនូវរាល់បញ្ហាទាំងឡាយដែលគាត់បានជួប។ ដូច្នេះក្រោយពេលដែលបញ្ឈប់ការព្យាបាលនៅពេលដែលគាត់មានបញ្ហាហ្នឹងឡើងមកវិញទៀតនោះ គាត់អាចនឹងប្រឈមមុខដោះស្រាយដោយខ្លួនឯង ដូច្នេះរោគសញ្ញាដែលធ្លាប់មានពីមុនមកនោះ វាមិនអាចត្រឡប់មកវិញបានទេ។ បើសិនណាជាធ្វើការព្យាបាលបានត្រឹមត្រូវ គឺវាមិនលាប់មកវិញ ១០០% បានទេ»៕