តើ​​បុរស​និង​ស្ត្រី មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ ច្រើន​មាន​បញ្ហា​សុខភាព​អ្វីខ្លះ?

ដោយ ម៉ៅ សុធានី
2020.10.02
សុខភាព តើ​​បុរស​និង​ស្ត្រី មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ ច្រើន​មាន​បញ្ហា​សុខភាព​អ្វីខ្លះ?
RFA

គ្រូពេទ្យ​ជំនាញ​សុខភាព​ផ្ដល់​យោបល់​ថា ទាំង​បុរស​និង​ស្ត្រី នៅ​ពេល​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ នឹង​អាច​មាន​បញ្ហា​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ តើ​បញ្ហា​សុខភាព​ទាំងនោះ​មាន​អ្វីខ្លះ​និង វិធី​ណាខ្លះ ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ​?

អ្នក​ជំនាញ​សុខភាព​លើកឡើង​ថា មនុស្ស​មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង​ទៅ អាច​មាន​ជំងឺ​មហារីក​ពោះវៀនធំ ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​ផ្លូវចិត្ត ជាដើម​។ ក្រុម​គ្រូពេទ្យ​លើកឡើង​ថា វិធី​ដ៏​ល្អ​បំផុត​គឺ​ត្រូវ​ប្រកាន់​យក​របៀប​រស់​នៅ​ដែល​មាន​សុខភាព​ល្អ និង​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់។

លោក​វេជ្ជបណ្ឌិត​ជំនាញ​ខ្មែរ​អាមេរិកាំង ផេង សុធីរ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា បញ្ហា​ធំៗ​បី ដែល​ជា​មូលហេតុ​ចម្បង បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង ក្រោយ​អាយុ​៥០ ឆ្នាំ រួម​មាន ការ​ទទួល​ទាន​ប្រៃ​ពេក ដែល​នាំ​ឲ្យ​កើត​ជំងឺលើសឈាម ពិសា​ជាតិ​ស្ករ​ច្រើនពេក​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ហើយ​នឹង​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើនពេក នាំ​ឲ្យ​កើត​កូលេស្តេរ៉ូ ដែល​នាំ​ឲ្យ​ស្ទះ និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ បន្ថែម​ពី​នេះ លោក​ថា ទាំង​បុរស​និង​ស្ត្រី ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​យ៉ាងតិច មួយ​ឆ្នាំ​ម្តង៖ «លើស​ពី​៥០​ឆ្នាំ ទី​១ ឆ្លុះ​ពិនិត្យ​ពោះវៀនធំ ខ្លះ​ចាប់​ផ្តើម​ពី​អាយុ​៤៥​ឆ្នាំ​។ ទី​២ ទាំង​ប្រុស​ទាំង​ស្រី គឺ​ជំងឺ​បេះដូង (Heart Attack) អា​ហ្នឹង​មិនមែន​កើត​ភ្លាមៗ​ទេ គឺ​លើស​ពី​៥០​ឆ្នាំទៅ យើង​ត្រូវ​ពិនិត្យមើល​អ្វី​ដែល​យើង​ញ៉ាំ កុំ​ឲ្យ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនពេក ជាតិ​ស្ករ​ច្រើនពេក កុំ​ឲ្យ​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើនពេក​។ បី​ហ្នឹង​វា​ធ្វើ​ឲ្យ​សរសៃឈាម​ដើរ​អត់​ស្រួល បើ​ស្ទះ​នៅ​ខួរក្បាល កើត (Stroke) ស្ទះ​បេះដូង កើត Heart Attack និង​ស្ទះ​នៅ​កន្លែង​ផ្សេងទៀត»

បន្ថែម​ពី​នេះ​លោក​វេជ្ជបណ្ឌិត​ថា បញ្ហា​ប្រែប្រួល​អារម្មណ៍ ឆាប់​ខឹង មួរ​ម៉ៅ និង​ភាព​តានតឹង​ក្នុង​ចិត្ត ក៏​កើតឡើង​ច្រើន​ដែរ​ចំពោះ​អ្នកមាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ​។ លោក​វេជ្ជបណ្ឌិត ផេង សុធីរ មាន​ប្រសាសន៍​ថា ភាគច្រើន មិន​ថា​ពលរដ្ឋ​ខ្មែរ ឬ​ជនជាតិ​អាមេរិកាំង​ទេ គឺ​ច្រើន​តែ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ជីវិត និង​បញ្ហា​រកាំរកូស​ក្នុង​គ្រួសារ ឬ​អាច​និយាយ​បាន​ថា វិបត្តិ​មជ្ឈិម​វ័យ ឬ​ភាសា​អង់គ្លេស​ហៅថា Midlife Crisis​។ លោក​ថា បញ្ហា​នេះ ភាគច្រើន​បណ្ដាល​ឲ្យ​លែងលះ​គ្នា ហើយ​ករណី​ខ្លះ ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ជួប​បញ្ហា​លំបាក​ខ្លាំង​ឡើង៖ «ទី​៣ គឺ​បញ្ហា​ផ្លូវចិត្ត​។ ធម្មតា​លើស​ពី​៥០​ឆ្នាំទៅ សំខាន់​ណាស់​ជាពិសេស​បុរស ជួនកាល​ទៅ​ប្ដី​ប្រពន្ធ​មិន​ត្រូវ​គ្នា លែងលះ​គ្នា កូន​ធំ​។ អ្នកខ្លះ​រៀបការ​យូរ​ទៅ ចេះតែ​មើល​ឃើញ​អញ្ចេះ​អញ្ចុះ​ទៅ អ្នកនេះ​គ្រាន់បើ​ជាង​ប្តី​យើង ឬ​ប្រពន្ធ​យើង ប៉ុន្តែ​បោះចោល​របស់​ចាស់ ទៅ​យក​របស់​ថ្មី ជួនកាល​មិន​អ៊ីចឹង​ទេ ធ្វើ​ឲ្យ​ឈឺក្បាល លើស​ដើម​...»

លោក​វេជ្ជបណ្ឌិត ផេង សុធីរ បន្ត​ថា ការស្រាវជ្រាវ​ក៏បាន​បង្ហាញ​ផង​ដែរ​ថា បុរស​ភាគច្រើន ប្រសិនបើ​មិន​បាន​រៀបការ​ម្តង​ទៀត ឬ​មានគូស្រករ​ថ្មី ច្រើន​តែ​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រហូតដល់​ខ្លះ ប្រើប្រាស់​គ្រឿងញៀន និង​ញៀន​ស្រា ជាដើម​។ អាស្រ័យ​ហេតុនេះ លោក​ណែនាំ​ថា មុន​សម្រេច​ធ្វើ​អ្វីមួយ ត្រូវ​គិតពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​៖ «ម្យ៉ាងទៀត​ជាពិសេស ដូច​ខ្ញុំ​និយាយ​អ៊ីចឹង មនុស្ស​ប្រុស​ត្រូវការ​ដៃគូ​ស្នេហា ត្រូវការ​មិត្តភ័ក្ដិ​និយាយ​ជាមួយ​។ អ្នកខ្លះ​MidLife Crisis ដល់ពេល​លែងលះ​គ្នា​ទៅ គឺ​តែលតោល​ម្នាក់ឯង មនុស្ស​ប្រុស​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ សម្លាប់​ខ្លួន​ច្រើន មកពី​រឿង​ហ្នឹង​។ ប៉ុន្តែ​ជួនកាល ខ្លះ​ទៅប្​រើ​គ្រឿងញៀន ផឹក​ស្រា​ច្រើន​អី​អ៊ីចឹង​ទៅ​...»

គេហទំព័រ​សុខភាព​ក្រុម​គ្រូពេទ្យ​ជំនាញ WebMD និង​គេហទំព័រ​សុខភាព​ជាច្រើន​ទៀត ឲ្យ​ដឹង​ថា កាលណា​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ រាងកាយ​របស់​មនុស្ស​មានការ​ប្រែប្រួល ដូចជា​ឡើង​ទម្ងន់ សក់​ជ្រុះ ឬ​សក់​ប្រែ​ពណ៌​ស មុខមាត់​ឡើង​ជ្រីវជ្រួញ ថ្លង់ ឬ​ត្រចៀក មិនសូវ​ស្តាប់​ឮ និង​គ្មាន​មាន​ថាមពល​ជាដើម​។ ក៏ប៉ុន្តែ​នេះ មិនមែន​មានន័យថា យើង​បញ្ឈប់​នូវ​សកម្មភាព​នានា​ដែល​យើង​អាច​ធ្វើ​បាន ឬក៏​លែង​គិតគូរ​ពី​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​របស់​យើង​នោះ​ដែរ។

ក្រុម​វេជ្ជបណ្ឌិត​លើកឡើង​ថា អ្នកមាន​អាយុ​លើស​ពី ៥០​ឆ្នាំ ក្រៅ​តែ​ពី​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ជា​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នោះ ពួកគេ​ក៏​អាច​ជួប​បញ្ហា​ជំងឺ​ផ្សេងទៀត​ជាច្រើន​ដែរ​ដូចជា មហារីក​សុដន់ មហារីក​ក្រពេញ​ប្រូស្តាត មហារីក​ពោះវៀនធំ គ្រួស​ក្នុង​ប្រមាត់ គ្រួស​ក្នុង​តម្រងនោម ការ​រលាក​សួត ការ​រលាក​សន្លាក់​ដៃជើង ជំងឺ​ពុក​ឆ្អឹង វិលមុខ ជំងឺ​ភ្នែក ឈឺ​ចុកចាប់​ក្នុង​ពោះ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត ជាដើម​។​

ទំព័រ​សុខភាព​ដដែល​បន្ត​ថា ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ប្រកបដោយ​ផាសុកភាព ទាំង​បុរស​និង​ស្ត្រី​ត្រូវ​ទទួលទាន​របប​អាហារ​ទ្រទ្រង់​សុខភាព ដូចជា បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន សាច់​ត្រី​និង​សាច់​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ និង​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​។ បន្ថែម​ពី​នេះ ត្រូវ​ដើរ​ហាត់ប្រាណ​យ៉ាងតិច​ឲ្យ​បាន ៣០​នាទី​ក្នុង​មួយថ្ងៃ រក្សា​ទម្ងន់​កុំ​ឲ្យ​ធាត់​ខ្លាំង​ពេក ពីព្រោះ​កាលណា​វ័យ​ចាស់ គឺ​ងាយ​នឹង​ឡើង​ទម្ងន់ ប្រសិនបើ​មិន​ប្រុងប្រយ័ត្ន​។ បញ្ឈប់​ការ​ជក់បារី ការប្រើប្រាស់​គ្រឿងញៀន កាត់បន្ថយ​ការ​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ពេក និង​ត្រូវ​គេង សម្រាក​ពេលយប់​ឲ្យ​បាន​គ្រប់គ្រាន់ គឺ​ចន្លោះ​ពី ៧​ទៅ​៨​ម៉ោង​។ សំខាន់​ជាង​នេះ​ទៀត គឺ​កាត់បន្ថយ​ភាព​តានតឹង និង​ស្មុគស្មាញ​ក្នុង​ចិត្ត ហើយ​ប្រសិនបើ​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត ដែល​នាំ​ឲ្យ​កើតទុក្ខ និង​ពិបាកចិត្ត​រហូត គឺ​ត្រូវ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​សេវា​ព្យាបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។