រោគសញ្ញា​និង​មូលហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូស្តាត

ដោយ ម៉ៅ សុធានី
2024.08.15

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​នៅ​សហរដ្ឋអាមេរិក (CDC) ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ អ្នក​ស្លាប់​ដោយសារ​មហារីក​ក្រពេញ​ប្រូស្តាត (Prostate Cancer) មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​។

ក៏​ប៉ុន្តែ​ប្រសិនបើ​ទទួល​សេវា​ព្យាបាល​ទាន់ពេល​នៅ​តំណាក់​ការ​ដំបូងៗ អត្រា​អ្នក​រស់រាន​ជីវិត​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​គឺ​មាន​ជាង​៩៩% ។​

តើ​ជំងឺមហារីក​ប្រូ​ស្តា​ត​មាន​រោគសញ្ញា​អ្វីខ្លះ​? ហើយ​គេ​អា​ចមាន​វិធី​ណាខ្លះ ដើម្បី​បង្ការ​ជំងឺ​មួយ​នេះ​?

វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​ឲ្យ​ដឹង​ថា មហារីក​ក្រពេញ​ប្រូ​ស្តា​ត នៅពេល​កើត​ដំបូងៗ មិន​បង្ហាញ​រោគសញ្ញា​អ្វី​ទេ ប៉ុន្តែ​ជាទូទៅ​រោគសញ្ញា​របស់​វា​រួមមាន ពិបាក​បត់ជើងតូច បត់ជើងតូច​ខ្សោយ អាក់ៗ រំហូរ​ទឹកនោម​ថយ​ចុះ បត់ជើង​ញឹកញាប់ ជាពិសេស​នៅពេល​យប់ និង​មាន​ឈាម​ក្នុង​ទឹកនោម​និង​ទឹកកាម​។ បន្ថែម​ពី​រោគសញ្ញា​ទាំងនេះ អ្នក​កើត​មហារីក​ក្រពេញ​ប្រូស្តា​ត ដែល​វិវត្ត​ដល់​ដំណាក់​ការ​ធ្ងន់ធ្ងរ រមែង​ឈឺ​ឆ្អឹងត្រគាក ឈឺ​ឆ្អឹងខ្នង ឆ្អឹងជំនីរ ខ្សោយ​អស់កម្លាំង ស្ពឹក​ជើង​ឬ​ម្រាមជើង និង​ស្រក​ទំងន់​ដោយ​គ្មាន​មូលហេតុ​ជាដើម។

ស្ថាបនិក​នៃ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រសិនបើ​កត់​សំគាល់​ថា នៅ​ពេល​បត់ជើងតូច​ម្តងៗ ហាក់បីដូចជា​ពិបាក​និង​បត់​ចេញ​តិចៗ ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យមើល​ក្រពេញ​ប្រូស្ត្រាត ដោយ​មិន​ត្រូវ​បង្អែបង្អង់​ទុក​យូរ​ឡើយ ព្រោះ​វា​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត។

វេជ្ជបណ្ឌិត គួច ម៉េងលី៖ «ចាប់ផ្តើម​ពី​អាយុ​៤០​ឡើង​ទៅ យើង​ចាប់ផ្តើម​មាន​អារម្មណ៍​បទ​ជើង​តូច​អត់​អស់ ពី​ក្មេង​បត់ជើង​ហើយ គឺ​អស់​តែម្តង តែ​ដល់​អាយុ​ប៉ុន​ហ្នឹង ចាប់ផ្តើម​បទ​ជើង​ច្រេច​ច្រូច​។ អ៊ីចឹង​យើង​អាច​ដឹង​ថា ប្រូស្ដាត​ចាប់ផ្តើម​មាន​បញ្ហា​ហើយ មុខសញ្ញា​ហ្នឹង​គឺ​ចាប់ផ្តើម​ហើម ពេល​ហើម​ប្រូស្តាត គេ​មាន​ថ្នាំ​ឲ្យ​យើង​ញ៉ាំ​។ បើ​ទុក​យូរ ហើម​ខ្លាំង​ពេក ត្រូវការ​វះកាត់ ហើយ​វះកាត់​ធ្វើ​ឲ្យ​យើង​ពិបាក​ម្យ៉ាងដែរ គឺ​ក្រហាយ​និង​ឈឺចាប់​...»។

គេហទំព័រ​សមាគម​ហា​រីក​អាមេរិក (American Cancer Society) ឲ្យ​ដឹង​ថា នៅ​ពេល​ណា​អ្នកជំងឺ​ពុំ​មាន​បង្ហាញ​រោគសញ្ញា គេ​អាច​ធ្វើ​តេស្ដ​ឈាម ដើម្បី​ពិនិត្យមើល​ពី​កម្រិត​អង់ទីហ្សែន​នៃ​ក្រពេញ​ប្រូស្តាត ឬ​ហៅ​កាត់​ថា (PSA-Prostate-specific antigen)​។ វេជ្ជបណ្ឌិត អាច​នឹង​ប្រើ​វិធី​ពិនិត្យ​រន្ធ​គូថ (Digital Rectal Exam (DRE) ដើម្បី​ពិនិត្យ​រកមើល​ក្រែង​មាន​ដុំ​ពក ឬ​ដុំ​រឹង​ដែល​ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ប្រសិនបើ​សង្ស័យ​ថា អាចមាន​មហារីក​ក្រពេញ​ប្រូ​ស្តា​ត គ្រូពេទ្យ​ជំនាញ​នឹង​ធ្វើ​រោគវិនិច្ឆ័យ​បន្ត​ទៀត ដូចជា​ថត MRI ឬ Ultrasound ដើម្បី​ពិនិត្យមើល​ក្រពេញ​ប្រូ​ស្តា​ត ហើយ​ករណី​ចាំបាច់​ផ្សេងទៀត គឺ​កាត់​យក​ដុំ​សាច់​តូច​មួយ​ចេញពី​ក្រពេញ​ប្រូស្តាត (Prostate biopsy) ដើម្បី​ពិនិត្យ​កោសិកា​មហារីក មុន ផ្តល់​សេវា​ព្យាបាល។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មាន​ប្រសាសន៍​ថា កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត រួមមាន​កត្តា​អាយុ តំណពូជ និង​ចំណីអាហារ ជាដើម​។ លោក​វេជ្ជបណ្ឌិត​ថា ការ​ទទួលទាន​ម្ហូបអាហារ​ចំអិន​ថ្មីៗ មាន​បន្លែស្រស់​គ្រប់មុខ និង​ត្រី ក៏​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ជំងឺ​នានា ក្នុង​នោះ​ក៏​មាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ផង​ដែរ។

វេជ្ជបណ្ឌិត គួច ម៉េងលី៖ «និយាយ​រួម​ទៅ​នៅ​លើ​លោក​នេះ ភាគច្រើន​មាន​អ្នក​កើត​មហារីក​ប្រូស្តាត​ច្រើន លើ​គ្រប់​ជនជាតិ​ទាំងអស់ ហើយ​ខ្មែរ​យើង​ក៏​កើត​ច្រើន​ដែរ​។ ជំងឺ​មហារីក កត្តា​មក​ពី​ទី​១ បរិស្ថាន​រស់នៅ​ជុំវិញ ទី​២ ការ​ញ៉ាំ​ចុក​របស់​យើង​និង​ហ្យែន​របស់​យើង គឺ​កត្តា​ធំៗ​បី​ហ្នឹង​។ ការ​ញ៉ាំ​របស់​យើង​ជាពិសេស គឺ​ម្ហូប​ផ្អាប់ ម្ហូបអាហារ​មាន​ជាតិគីមី របស់​ច្រើន​អស់ហ្នឹង វា​ធ្វើ​ឲ្យ​យើង​មានការ​ប្រែប្រួល​កោសិកា ហើយ​កោសិកា​ដែល​ប្រែប្រួល​ហ្នឹង គឺ​នៅ​ម្តុំ​សុដន់​របស់​ស្ត្រី និង​ប្រូស្តាត​របស់​បុរស​ហ្នឹងឯង​...»។

គេហទំព័រ​សមាគ​មហារីក​អាមេរិក ឲ្យ​ដឹង​បន្ថែម​ថា បុរស​ដែល​ជក់បារី ធាត់​ខ្លាំងពេក មាន​ជំងឺ​កាមរោគ និង​អ្នក​ដែល​ចូលចិត្ត ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន គឺ​ប្រថុយប្រថាន​ខ្ពស់​នៃ​ការ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ មហារីក​ក្រពេញ​ប្រូ​ស្តា​ត កើតឡើង​ទៅលើ​បុរស ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ​។ ចំណែក​ស្ត្រី​វិញ គឺ​ច្រើន​កើត​មហារីក​សុដន់។ បុរស​អាយុ​លើស​៦៥​ឆ្នាំ ចំនួន​៦០% កើត​មហារីក​ក្រពេញ​ប្រូស្តាត។ បុរស​គ្រប់ៗ​គ្នា គួរ​ចាប់ផ្តើម​ធ្វើតេស្ត​រកមើល​កម្រិត​អង់ទីហ្សែន នៃ​ក្រពេញ​ប្រូ​ស្តា​ត ឬ PSA ចាប់ពី​អាយុ​៤០​ឆ្នាំទៅ​។ ប្រសិនបើ​លទ្ធផល PSA កម្រិត​ទាប គឺ​អាច​ធ្វើតេស្ត ២​ឆ្នាំ​ម្តង ឬក៏​៥​ឆ្នាំ​ម្តង​។ ក៏ប៉ុន្តែ​បើ​អត្រា PSA កើនឡើង​ច្រើន​នោះ គឺ​ត្រូវ​ធ្វើ​តេស្ដ​រៀងរាល់​ឆ្នាំ។ ការ​ធ្វើ​តេស្ដ​ពិនិត្យ​រក​កោសិកា​មហារីក​ប្រូស្តា​ត​ដំបូងៗ អាច​បង្ការ​មិន​ឲ្យ​រីក​រាលដាល​ទៅ​សរីរាង្គ​ផ្សេងទៀត និង​កាត់បន្ថយ​ការ​ស្លាប់​ដោយ​ជំងឺមហារីក​មួយ​នេះ។

ចំពោះ​វិធី​ព្យាបាល​វិញ គឺ​អាស្រ័យ​ទៅ​មាន​លក្ខខណ្ឌ​នៃ​មហារីក​ក្រពេញ​ប្រូស្តាត។ វេជ្ជបណ្ឌិត​ជំនាញ​នឹង​ពិភាក្សា​ជាមួយ​អ្នកជំងឺ អំពី​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​ព្យាបាល រួមមាន​វិធី​ព្យាបាល​ដោយ​បច្ចេកទេស ថ្មី​ហៅថា UROLIFT សំរាប់​ក្រពេញ​ប្រូ​ស្តា​ត​ហើម​រីក​ធំ ដែល​ជា​វិធី​ព្យាបាល​ប៉ះពាល់​តិចតួច​បំផុត ដើម្បី​ពង្រីក​បង្ហូរ​នោម​។ វិធី​ព្យាបាល​ប្រើ Hormone Therapy គឺ​ប្រើ​ថ្នាំលេប​ប្រឆាំង​អរម៉ូន ថេសថឺរ៉ូន (Testosterone) ដែល​ជា​មូលហេតុ​ចំបង​នាំ​ឲ្យ​កោសិកា​រីក​រាលដាល​។ បន្ថែម​ពី​នេះ ក៏​មាន​វិធី​ផ្សេងៗ​ទៀត រួមមាន ការ​ព្យាបាល​ដោយ​ប្រើ Immunotherapy ដោយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន វិធី​ព្យាបាល​ប្រើ​កាំរស្មី (Radiation) និង​វិធី​ព្យាបាល​ប្រើ​ថ្នាំ​គីមី (Chemotherapy)​។ ហើយ​ចុងក្រោយ​គឺ​កាត់​យកចេញ​ក្រពេញ​ប្រូ​ស្តា​ត​មហារីក​តែម្តង។

ចំពោះ​ការវះកាត់​យកចេញ​ក្រពេញ​ប្រូស្តាត​នេះ គ្រូពេទ្យ​ឯកទេស​ដាក់​ថ្នាំ​សន្លប់ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ទីក្រុង​ប៉ារីស លោក​វេជ្ជបណ្ឌិត សុក សូផាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​ដែល​ត្រូវការ​វះកាត់​នោះ មានការ​ពិបាក​បត់ជើង​តូច​ខ្លាំង​ណាស់ ដោយ​ត្រូវ​ស្ពាយ​ថង់​តាម​ជាប់​ជានិច្ច ទោះបី​នៅក្នុង​ផ្ទះ​ឬ​ចេញ​ទៅ​ក្រៅ។

វេជ្ជបណ្ឌិត សុក សូផាត៖ «ខ្ញុំ​ឃើញ​ពួកម៉ាក​ខ្ញុំ​មួយ​វះ​ទៅ​នៅ​ក្មេង​ពេក ដល់​អ៊ីចឹង​ទៅ​វា​អត់​អី​ទេវា​ជា​ហើយ ប៉ុន្តែ​គ្នា​ទៅណា​មក​ណា​ត្រូវ​មាន​ថង់​សំរាប់​បត់ជើងតូច ថង់​ដាក់​ជាប់​រហូត កាលណា​ដក​ថង់​ចេញ​ទៅ វា​ស្ទះ​នោម​អត់​ចេញ​។ ទាល់តែ​ដាក់​ថង់ គឺ​ជីវិត​រស់នៅ​ជាមួយ​ថង់​ហ្នឹង​ទៅ​រហូត​។ ស្រុក​បារាំង​ឥឡូវ គេ​អត់​សូវ​វះ​ទេ គេ​ដាក់​ខេម៉ូ (Chemo) ឲ្យ​ថ្នាំ​ទៅ កុំ​ឲ្យ​តែ​នោម​មិនកើត ហ្នឹង​ពិបាក​វិញ ត្រូវតែ​កុំ​ឲ្យ​ស្ទះ​នោម ភាគច្រើន​គេ​ធ្វើ​អ៊ីចឹង គេ​មិន​វះ​ដូច​ពីមុន​ទេ​ឥឡូវ​ហ្នឹង​...»។

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់​ដំបូន្មាន​ថា វិធី​បង្ការ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត វា​ប្រសើរ​ជាង​ការ​ព្យាបាល អាស្រ័យ​ហេតុនេះ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ កុំ​ទទួល​ទាន​ម្ហូប​កំប៉ុង សាច់​កែច្នៃ​ធ្វើ​ទុក​បាន​យូរ និង​កាត់បន្ថយ​ការ​បរិភោគ​សាច់​ក្រហម អាហារ​ខ្លោច ឬ​ខ្លាញ់​ច្រើន ព្រោះ​អាហារ​ទាំងនោះ នាំ​ឲ្យ​កោសិកា​ប្រែប្រួល បណ្តាល​ឲ្យ​កើត​ជំងឺមហារីក។

វេជ្ជបណ្ឌិត គួច ម៉េងលី៖ «ញ៉ាំ​មាន​បន្លែ ផ្លែឈើ​ឲ្យ​មាន​តុល្យភាព​។ មាន​ម្ហូប​៤​មុខ​ត្រឹមត្រូវ មាន​បាយ នំប៉័ង ច្រើន​ជាងគេ​សំរាប់​តម្រូវការ ទី​២ មាន​បន្លែ​ផ្លែឈើ ទី​៣ មាន​សាច់ និង​ទី​៤ គឺ​ទឹកដោះគោ យូហ្គឺត។ ទទួលទាន​បន្លែ​ផ្លែឈើ​ច្រើន វា​មាន​ជាតិ​អង់​ទីអក់ស៊ីដែន ដែល​ជា​សារធាតុ​ការពារ​មហារីក​ហ្នឹង​...»។

ទាំង​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី និង​លោក វេជ្ជបណ្ឌិត សុក សូផាត ផ្តល់​ដំបូន្មាន​ដូចគ្នា​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ឧស្សាហ៍​ដាំ​បន្លែ​ផ្លែឈើ ចិញ្ចឹម​មាន់​ទា​នៅ​ជុំវិញ​ផ្ទះ ទទួលទាន​របប​អាហារ​ល្អ​ត្រឹមត្រូវ មាន​ជីវជាតិ​ទ្រទ្រង់​សុខភាព រក្សា​ទំងន់​កុំ​ឲ្យ​ធាត់​ខ្លាំងពេក ឈប់​ជក់​បារី ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ការ​ហូប​សុរា​ច្រើន​។ ការស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញថា អ្នក​ដែល​ឧស្សាហ៍​ទទួលទាន​បន្លែ​និង​ផ្លែឈើ​ច្រើន មាន​អត្រា​កើត​ជំងឺមហារីក​ក្រពេញ​ប្រូស្តាត​ទាប​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។