ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់

គ្រូពេទ្យ​បាន​ណែនាំ​ថា បើ​សិន​ជា​សង្ស័យ​ថា​មាន​កើត​គ្រុនចាញ់​ហើយ នោះ​តោងតែ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដោយ​កុំ​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រថុយ​ប្រថាន​ គ្មាន​ធ្វើ​តេស្ត​ឈាម​រក​មើល​ប្រភេទ​គ្រុនចាញ់​ឲ្យ​សោះ។

0:00 / 0:00

វេជ្ជបណ្ឌិត​ជំនាញ​មាន​ប្រសាសន៍​ថា គេ​អាច​ព្យាបាល​និង​ការពារ​ជំងឺ​គ្រុនចាញ់​បាន។ ចំពោះ​ការ​ព្យាបាល លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម អនុ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​​ មាន​ប្រសាសន៍​ថា មុន​នឹង​សម្រេច​ថា​យក​ថ្នាំ​ណា​មក​ព្យាបាល​នោះ ជា​ចាំបាច់​គឺ​ត្រូវ​ធ្វើ​តេស្ត​ឈាម​អ្នក​ជំងឺ​ជា​មុន​សិន។

លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាក់ទង​ទៅ​នឹង​ការ​ព្យាបាល គឺ​ថា យើង​មាន​ថ្នាំ​ជម្រើស​ដែល​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ បាន​ជ្រើស​រើស​យក​មក​ធ្វើការ​ព្យាបាល គឺ​យើង​យក​ថ្នាំ​ដែល​មាន​ជាតិ​ថ្នាំ ២​មុខ​រួម​ផ្សំ ផឹក​រួម​ផ្សំ​គ្នា ដើម្បី​ធ្វើ​ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់។ ហើយ​មុន​នឹង​យើង​ធ្វើការ​ព្យាបាល ចាំបាច់​ត្រូវ​តែ​ធ្វើ​តេស្ត​ឈាម​រក​មើល​ប្រភេទ​មេរោគ​គ្រុនចាញ់​សិន​មុន​នឹង​យើង​ជ្រើសរើស​យក​ថ្នាំ​មក​ព្យាបាល ដើម្បី​ឲ្យ​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល»

លោក ប៉ុក សុគន្ធរដ្ឋ ប្រធាន​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង ខេត្ត​កំពង់ស្ពឺ មាន​ប្រសាសន៍​អំពី​ការ​ធ្វើ​តេស្ត​ឈាម​រក​គ្រុនចាញ់​នោះ​ថា ៖ «តេស្ត​មួយ យើង​ដាក់​កញ្ចក់​ដែល​មើល​តាម​កញ្ចក់​ហ្នឹង​មួយ មួយ​ទៀត​គេ​ហៅ​តេស្ត Dipstick រួច​ហើយ​វា​មាន​របស់​វា​បឺត​យក​ហ្នឹង​បណ្តោយ ១៥​នាទី​មក​ វា​ឲ្យ​លទ្ធផល​ដែរ មាន​តែ​២ ធឺ​ហ្នឹង​ទេ។ Dipstick ហ្នឹង វា​លឿន​ជាង ១៥​នាទី យើង​ដឹង​លទ្ធផល ១៥​នាទី ទៅ ២០​នាទី លើ ១៥​នាទី ដឹង​ហើយ ដល់​ពេល​អា​កញ្ចក់​ហ្នឹង កន្លះ​ម៉ោង កញ្ចក់​យូរ​ជាង»

បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ម៉ី ប៊ុតដេនីស នៃ​អង្គការ​សុខភាព​ពិភពលោក គឺ​កាល​ក្នុង​ទសវត្សរ៍ ១៩៥០ គេ​ព្យាបាល​គ្រុនចាញ់​នៅ​កម្ពុជា ដោយ​ប្រើ​ថ្នាំ គីនីន តែ​មួយ​មុខ​ប៉ុណ្ណោះ។បន្ទាប់​មក​ទៀត មាន​ការ​ប្រែប្រួល​ក្នុង​ការ​ព្យាបាល ហើយ​ក៏​យោល​ទៅ​តាម​ប្រភេទ​ប៉ារ៉ា់ស៊ីត គ្រុនចាញ់​នោះ​ផង​ដែរ។

លោកស្រី​វេជ្ជបណ្ឌិត ខេង ស៊ីម មាន​ប្រសាសន៍​អំពី​ថ្នាំ​សម្រាប់​ព្យាបាល​ថា ៖ «ថ្នាំ​ដែល​សព្វថ្ងៃ​យើង​កំពុង​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​ហ្នឹង គឺ​មាន​ថ្នាំ​អាកតេសូណាត និង​ថ្នាំ​មេហ្វ្លូគីន គឺ​មាន​ថ្នាំ​២ មុខ ដែល​យើង​ត្រូវ​លេប ស្រប​ពេល​ជាមួយ​គ្នា គឺ​អាកតេសូណាត គ្រាប់ ហើយ​និង មេហ្វ្លូគីន​គ្រាប់»

តើ​អ្នក​ជំងឺ​ត្រូវ​បង់​ប្រាក់​ប៉ុន្មាន​ក្នុង​ការ​ព្យាបាល​គ្រុនចាញ់?

លោក ប៉ុក សុគន្ធរដ្ឋ មាន​ប្រសាសន៍​ថា ចំពោះ​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង​របស់​លោក គឺ​បង់​ហិរញ្ញប្បទាន ១.០០០​រៀល ៖ «Plasmodium ហ្នឹង ស្រុក​ខ្មែរ​យើង​ហ្នឹង​មាន​តែ ២​ធឺ​ទេ មាន​តែ Plasmodium Falciparum និង Plasmodium Vivax។ ប៉ុន្តែ​ភាគ​ច្រើន​ទៅ​ទៀត នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​មាន Plasmodium Falciparum ហើយ Plasmodium Vivax មិន​សូវ​មាន​ទេ មាន​មួយៗ មាន​តិច​ណាស់។ ថ្លៃ​ព្យាបាល​ហ្នឹង​អាហ្នឹង​បង់​តែ​ហិរញ្ញប្បទាន​តែ ១.០០០​រៀល​ហ្នឹង។ ជូន​ថ្នាំ​គាត់ ១​បន្ទះ​ទៅ។ ថ្នាំ ១​បន្ទះ​ហ្នឹង លេប​រយៈពេល ៣​ថ្ងៃ។ ២​មុខ​ចូល​គ្នា តែ​គេ​ធ្វើ​តែ ១​បន្ទះ​ទេ ហើយ​ព្យាបាល​រយៈ​ពេល ៣​ថ្ងៃ»

ទោះ​ជា​យ៉ាង​ណា​ក្តី លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ដើម្បី​ផ្តល់​ការ​ព្យាបាល ត្រូវ​តែ​ធ្វើ​តេស្ត​ឈាម​រក​មើល​ប្រភេទ​គ្រុនចាញ់។ ហើយ​ក្រោយ​ពី​ការ​ព្យាបាល​រួច គឺ​អ្នក​ជំងឺ​គ្មាន​ទទួល​ផល​វិបាក​អ្វី​ទេ ៖ «ប្រសិន​ណា​អ្នក​ជំងឺ​ម្នាក់​ដែល​យើង​រក​តេស្ត​ឈាម​ហើយ ឃើញ​ប្រភេទ​មេរោគ​គ្រុនចាញ់ ហើយ​សន្និដ្ឋាន​ថា គាត់​ឈឺ​ជំងឺ​គ្រុនចាញ់​ប្រភេទ​ណា​មួយ​នោះ​ពិត​ប្រាកដ នៅ​ពេល​ដែល​យើង​ផ្តល់​ថ្នាំ​ព្យាបាល​ទៅ​ជូន​គាត់ គឺ​មិន​មាន​ការ​ប៉ះ​ទង្គិច ឬ​ក៏​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ ឬ​ក៏​បង្ក​ឲ្យ​មាន​ផល​លំបាក​អ្វី​ផ្សេងៗ ក្រោយ​ពី​ការ​ព្យាបាល​ទេ»

ផ្ទុយ​ទៅ​វិញ បញ្ហា​លេប​ថ្នាំ​របស់​អ្នក​ជំងឺ ឬ​ការ​ព្យាបាល​ដោយ​មិន​ច្បាស់​លាស់ អាច​នឹង​នាំ​ឈាន​ដល់​ផល​វិបាក​អាក្រក់​នានា ៖ «បើ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឯកជន ដែល​ប្រជាពលរដ្ឋ​ទៅ​រក​ការ​ព្យាបាល​ពុំ​បាន​ធ្វើ​តេស្ត​ឈាម​រក​មើល​ប្រភេទ​មេរោគ​គ្រុនចាញ់ ហើយ​ផ្តល់​ការ​ព្យាបាល​មួយ​ដែល​មិន​ច្បាស់​លាស់ ប្រើ​ថ្នាំ​ច្រើន​មុខ​រួម​បញ្ចូល​គ្នា​ដោយ​មិន​មាន​ភាព​ច្បាស់លាស់​នៅ​ក្នុង​ការ​វិនិច្ឆ័យ​រក​រោគ​គ្រុន​ចាញ់​នេះ វា​អាច​ឲ្យ​មាន​ផលវិបាក​ច្រើន​ណាស់។ ទី​១ អាច​ឲ្យ​ថ្នាំ​ព្យាបាល​ហ្នឹង​ខុស​ទិស​ដៅ ដោយ​គាត់​ពុំ​បាន​ឈឺ​ជំងឺ​គ្រុនចាញ់​ទេ តែ​ឲ្យ​ថ្នាំ​ព្យាបាល​គ្រុន​ចាញ់។ ទី​២ គាត់​ឈឺ​ជំងឺ​ផ្សេង​សោះ តែ​យើង​មិន​បាន​ព្យាបាល​ចំ​ជំងឺ​គាត់ អាច​ឲ្យ​ជំងឺ​គាត់​ដែល​ឈឺ​ពិត​ប្រាកដ​នោះ​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ។ ទី​៣ គឺ​ធ្វើការ​ព្យាបាល​មួយ​ដែល​មិន​មាន​ការ​វិនិច្ឆ័យ​រោគ​ពិត​ប្រាកដ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ខ្ជះខ្ជាយ​ថវិកា។ គាត់​ចំណាយ​ថវិកា​អស់​ច្រើន ហើយ​ពុំ​បាន​ជា​សះ​ស្បើយ ហើយ​បង្ក​នូវ​ផល​វិបាក​បន្ត​បន្ទាប់​ទៅ​ទៀត ក្រោយ​ពី​ការ​ព្យាបាល​ប្រថុយ​ប្រថាន​នេះ»

ហើយ​ក្នុង​ករណី​ខ្លះ ការ​ព្យាបាល​ដោយ​មិន​ច្បាស់​លាស់ ក៏​អាច​ឲ្យ​ឈាន​ដល់​ការ​ស្លាប់​ផង​ដែរ ៖ «ក្នុង​ករណី​បើ​គាត់​ឈឺ​គ្រុនចាញ់​ពិត​ប្រាកដ​ហើយ ទោះ​បី​យើង​ឲ្យ​ថ្នាំ​ព្យាបាល​គ្រុន​ចាញ់​ហើយ តែ​គាត់​មិន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដោយ​គាត់​លេប​ថ្នាំ​មិន​គ្រប់​ចំនួន ក៏​អាច​ឲ្យ​កាត់​វិវឌ្ឍន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​ដែរ។ ហើយ​ភាពធ្ងន់ធ្ងរ​បើ​កើត​ហើយ ហើយ​គាត់​មាន​ការ​យឺតយ៉ាវ ក្នុង​ការ​មក​ដល់​សេវា​ពេទ្យ​ដែល​មាន​ជំនាញ​ពិត​ប្រាកដ នោះ​អាច​ឲ្យ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន​ គឺ​មេរោគ​គ្រុនចាញ់​នៅ​ក្នុង​ឈាម​មនុស្ស​យើង គឺ​ថា​ធ្វើការ​វិវឌ្ឍន៍​លឿន​ណាស់ ក្នុង​តែ​រយៈ​ពេល ២ ឬ ៣ ថ្ងៃ​អាច​បំបែក​ខ្លួន​នៅ​ក្នុង​ឈាម ហើយ​យើង​បែក​គ្រាប់​ឈាម​ច្រើន ហើយ​ធ្វើ​ឲ្យ​មេរោគ​ទាំងអស់​នោះ អាច​ស្ទះ​សរសៃ​ឈាម​ណា​មួយ រហូត​ដល់​អាច​ឲ្យ​សន្លប់​បាត់​ស្មារតី ហើយ​អាច​នាំ​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​តម្រង​នោម ដូច​ជា​នោម​តិច នោម​មក​មាន​ឈាម​ជា​ដើម ដែល​វា​ជា​រោគ​សញ្ញា​មួយ នៃ​កម្រិត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនចាញ់»

ចំពោះ​បញ្ហា​ដែល​ថា​អ្នក​ដែល​ធ្លាប់​កើត​គ្រុនចាញ់​ម្តង​ហើយ តើ​អាច​កើត​ម្តង​ទៀត ឬ​ទេ បើ​សិន​ជា​មាន​មូស​គ្រុនចាញ់​ខាំ​ម្តង​ទៀត​នោះ?

លោក ប៉ុក សុគន្ធរដ្ឋ ប្រធាន​មណ្ឌល​សុខភាព​ត្រពាំង​ក្រឡឹង​មាន​ប្រសាសន៍ថា ៖ «បើ​សិន​ណា​ជា​ពួក Vivax ទោះ​ជា​យើងអត់​ចូល​ព្រៃ មូស​អត់​ខាំ​ក៏ដោយ ដល់​ពេល​យើង​ព្យាបាល​ទៅ ក្រោយ​ព្យាបាល​ទៅ ច្រើន​ណាស់​ក្បួន​វា យើង​ព្យាបាល​ទៅ​វា​ទៅ​សម្ងំ​នៅ​ក្នុង​ថ្លើម ហ្នឹង​ចំពោះ Vivax សម្ងំ​នៅ​ក្នុង​ថ្លើម ៣​អាទិត្យ ទៅ ៤​អាទិត្យ​ទៅ វា​អាច​ឡើង​គ្រុន​ម្តង​ទៀត​ហើយ។ ដល់​ពេល​យើង​គ្រុន​អ៊ីចឹង​ទៅ យើង​ព្យាបាល​បន្ត បាន ២-​៣​​សា បន្ត​បន្ទាប់​គ្នា​ទៅ អាហ្នឹង​បាន​ជា​ដាច់។ ហ្នឹង​ចំពោះ Vivax។ ប៉ុន្តែ​ចំពោះ Falciparum វិញ យើង​ព្យាបាល​ទៅ​ដាច់​ហើយ វា​ជា​ហើយ។ ព្យាបាល​តែម្តង​វា​ជា។ ហ្នឹង​បើ​សិន​ជា​អ្នក​ជំងឺ​ទៅ​ព្រៃ​ម្តង​ទៀត ឆ្លង​មេរោគ​ថ្មី​ម្តង​ទៀត អាហ្នឹង​ព្យាបាល​ម្តង​ទៀត​ទៅ។ ចំពោះ Vivaxវិញ អ្នក​ជំងឺ​ហ្នឹង​អត់​ទៅ​ព្រៃ​ទេ នៅ​ផ្ទះ​ក៏ដោយ ៣​អាទិត្យ​ក្រោយ​មក​ ក៏​វា​នៅ​ឈឺ​ទៀត​ដែរ»