បញ្ហាតានតឹងក្នុងអារម្មណ៍ ដែលភាសាអង់គ្លេសហៅថា STRESS ជាបញ្ហាមួយដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើង។ បញ្ហាតានតឹងក្នុងអារម្មណ៍ កើតមានចំពោះមនុស្សគ្រប់វ័យ និងមានកម្រិត និងទម្រង់ខុសៗ គ្នា។ភាពតានតឹងក្នុងអារម្មណ៍ ឬSTRESS ក្នុងកម្រិតតិចតួច និងក្នុងរយៈពេលខ្លី ជារឿងធម្មតា ដែលយើងអាចជម្នះបាន។
មនុស្សដែលមានសុខភាពល្អ អាចជម្នះលើបញ្ហាជាច្រើនក្នុងមួយថ្ងៃៗ។ ក៏ប៉ុន្តែ បញ្ហាតានតឹងក្នុងអារម្មណ៍ ឬ STRESS ដែលមានរយៈពេលយូរ ត្រូវបានគ្រូពេទ្យផ្នែកចិត្តសាស្ត្រចាត់ទុកថា ជាជំងឺមួយប្រភេទ។
គ្រូពេទ្យពិគ្រោះផ្នែកជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យព្រះកុសុមៈ ក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា មានប្រសាសន៍បញ្ជាក់អំពីបញ្ហាតានតឹងក្នុងអារម្មណ៍ ឬ STRESS នេះដូច្នេះថា «STRESS ហ្នឹងគ្រាន់តែជាប្រភេទមួយនៃជំងឺផ្លូវចិត្តទេ។ យើងអាចនិយាយជាសាមញ្ញជំងឺផ្លូវចិត្តហ្នឹងចែកចេញជាប្រាំយ៉ាងធំៗ។ បើគិតតាមអង្គការសុខភាពពិភពលោកផ្សព្វផ្សាយតាមមូលដ្ឋានគេសង្ខេបឱ្យងាយយល់ទៅជាជំងឺខាងអារម្មណ៍ ជំងឺខាងទឹកចិត្ត និងជំងឺខាងវិញ្ញាណ គឺវិកលវិញ្ញាណ ដែលយើងហៅថាវិកលចរិត គឺធំៗ ៣ ហ្នឹង។ ឯជំងឺខាងអារម្មណ៍ ស្ត្រេស (Stress)ហ្នឹង គឺជាជំងឺខាងអារម្មណ៍ហើយ។ កាលណាយើងមាន ស្ត្រេស គឺមានតានតឹងក្នុងអារម្មណ៍ហើយ»។
កត្តាដែលនាំឱ្យមានបញ្ហាតានតឹងផ្លូវអារម្មណ៍ ឬជួនកាលហៅថាបញ្ហាថប់អារម្មណ៍ គឺជាឋាមពលធម្មជាតិពិតមួយ ចេញពីខាងក្នុងខ្លួន ឬពីខាងក្រៅ ដែលធ្វើឱ្យប៉ះពាល់រូបយើង។ នៅពេលណាមានភាពតានតឹងកើតឡើង រូបយើងនឹងប្រតិកម្មឆ្លើយតបទៅនឹងភាពតានតឹងនោះ និងបរិយាកាសជុំវិញភាពតានតឹងនោះ។
ឯកសារពេទ្យឈ្មោះ មេឌិក ត្រេនីង មែនញួល (Medic Training Manual) នៃគណៈកម្មការជនភៀសខ្លួនអាមេរិកាំង ឬ American Refugee Committee) បានសរសេរថា នៅពេលណាយើងខ្វះខាតអ្វីមួយ ដែលជាសេចក្ដីត្រូវការជាមូលដ្ឋានរបស់យើង នោះក៏ជាកត្តាធ្វើឱ្យមានបញ្ហាតានតឹងក្នុងអារម្មណ៍កើតឡើងដែរ។
សេចក្ដីត្រូវការមូលដ្ឋានមួយ ដែលអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តបានទាញការចាប់អារម្មណ៍នោះ គឺថាក្រៅពីតម្រូវការផ្នែកចំណីអាហារសម្រាប់ទ្រទ្រង់ និងការលូតលាស់រាងកាយ និងតម្រូវការខាងសម្ភារៈ ចិត្តសាស្ត្រ ក៏ជាផ្នែកមួយនៃតម្រូវការមូលដ្ឋានសម្រាប់មនុស្សដែរ។
ប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាលកម្ពុជា និងជាព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ និងសុខាភិបាល លោកវេជ្ជបណ្ឌិត ការស៊ុន បូណាត មានប្រសាសន៍ថា ចិត្តសាស្ត្រ នៅប្រទេសកម្ពុជា ជាបញ្ហាមួយ ដែលគេមិនសូវយកចិត្តទុកដាក់ «ចិត្តសាស្ត្រក្នុងការបង្រៀន ចិត្តសាស្ត្រក្នុងការប្រឡង ចិត្តសាស្ត្រក្នុងការស្ដីបន្ទោស ចិត្តសាស្ត្រក្នុងការសរសើរ ចិត្តសាស្ត្រក្នុងការរំលែកទុក្ខ គឺត្រូវប្រើឱ្យបានច្រើន។ ប៉ុន្តែ វិស័យចិត្តសាស្ត្រនៅស្រុកខ្មែរសឹងតែសូន្យ ព្រោះថាយើងអត់យល់ពីតម្រូវការរបស់មនុស្សទេ។ យើងយល់តែអំពីអ្វីដែលជាសម្ភារៈ បាយទឹក លុយកាក់ ទ្រព្យសម្បត្តិ។ តែទឹកចិត្តមនុស្សត្រូវការអីខ្លះ យើងអត់បានគិតគូរទេ»។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា ការខ្វះខាតផ្នែកចិត្តសាស្ត្រនេះហើយ ដែលនាំឱ្យមានការប៉ះទង្គិចផ្លូវចិត្ត។ ស្ថានភាពបែបនេះ ធ្វើឱ្យមានភាពតានតឹងក្នុងអារម្មណ៍។ នៅពេលណាស្ថានភាពតានតឹងក្នុងអារម្មណ៍នេះច្រើនហូរហៀរពេកទៅ វាធ្វើឱ្យយើងមានអារម្មណ៍គិតទៅរកផ្លូវមិនល្អ។
ការពិត តាមទស្សនៈជីវសាស្ត្រ ភាពតានតឹងក្នុងអារម្មណ៍ វាអាចនៅជាផ្លូវកណ្ដាល អាចនៅខាងផ្លូវល្អ ឬងាកទៅខាងរៀងមិនល្អ ដែលជាហេតុធ្វើឱ្យខូចសុខភាព ឬហៅថាជំងឺ។
លោកវេជ្ជបណ្ឌិត ការស៊ុន បូណាត មានប្រសាសន៍ដូច្នេះ ៖ «សភាពការណ៍ជុំវិញហ្នឹង ដែលធ្វើឱ្យប៉ះទង្គិចផ្លូវចិត្ត ដែលគាត់ខំទ្រាំយូរទៅ ជំហរដែលគាត់សម្រាប់ទ្រាំហ្នឹងវាជ្រាយទៅៗ ធ្វើឱ្យសភាពការណ៍នោះ ម្ចាស់ការលើគាត់វិញ គឺគាត់លែងម្ចាស់ការជាមួយសភាពការណ៍ហើយ។ អ៊ីចឹងស្អីបន្តិចគាត់ទន់ជ្រាយ។ ទៅជាមានអាការៈមិនប្រក្រតី មានប្រតិកម្មមិនប្រក្រតី ចេះតែយល់ខុស។ អាហ្នឹងវាក្លាយទៅជាជំងឺហើយ ដែលសភាពការណ៍វាម្ចាស់ការលើជំហរ ឬទឹកចិត្តយើង»។
ឯកសារពេទ្យពន្យល់ថា ជាទូទៅ ភាពតានតឹងផ្លូវចិត្ត និងអារម្មណ៍ គឺទាក់ទងទាំងកត្តាក្រៅខ្លួន និងកត្តាក្នុងខ្លួន។ កត្តាក្រៅខ្លួន មានជាអាទិដូចជា កត្តាការងាររបស់យើង កត្តាទំនាក់ទំនងរវាងយើង និងអ្នកដទៃ បញ្ហាផ្ទះសម្បែង បញ្ហាឧបសគ្គ និងការលំបាកគ្រប់យ៉ាង ដែលយើងត្រូវប្រឈមមុខរាល់ថ្ងៃ។ ចំពោះកត្តាក្នុងខ្លួនវិញ គឺទាក់ទងទៅនឹងលទ្ធភាពរាងកាយរបស់យើង ដែលត្រូវប្រតិកម្មតបចំពោះកត្តាពីខាងក្រៅទាំងនោះ។
កត្តាក្នុងខ្លួន ដែលមានឥទ្ធិពលលើលទ្ធភាពរាងកាយរបស់យើង ក្នុងការឆ្លើយតបចំពោះកត្តាពីខាងក្រៅខ្លួនទាំងនោះ គឺរួមមានការទាក់ទងទៅនឹងស្ថានភាពចំណីអាហារ សុខភាពទូទៅ និងភាពរីកចម្រើនខាងរាងកាយ សុខុមាលភាពខាងផ្លូវចិត្ត ឬអារម្មណ៍ ការទទួលទាន និងការសម្រាករបស់យើង។
លោកវេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា មានប្រសាសន៍ពន្យល់បន្ថែមថា កត្តាទាំងនេះដូច្នេះ ៖ «មិនមានមូលហេតុណាមួយទោលដាច់តែឯងទេ។ មូលហតុគឺមានជីវសាស្ត្រ ចិត្តសាស្ត្រ និងសង្គមសាស្ត្រ។ មូលហេតុជីវសាស្ត្រ ដូចជាយើងកើតមកមានហ្សែន (Gene) ពីនាយមកធ្វើឱ្យយើងមានជំងឺប្រកាច់ ឬអ្នកជំងឺវិកលចរិតខ្លះ ដែលច្រើនតែថាសួរពូជ ឬតំណពូជ នេះគឺសុទ្ធតែដោយសារកត្តាជីវសាស្ត្រហើយ ដែលធ្វើឱ្យមនុស្សឈឺអ៊ីចឹង។ ប៉ុន្តែ អ្នកខ្លះកើតមកជានាល្អសោះ ស្រាប់តែធំឡើងម្ដេចក៏ឈឺ គឺវាមានកត្តាសង្គមសាស្ត្រមួយទៀត ដូចយើងមានការទំនាក់ទំនងសង្គមល្អ ឬមិនល្អជាដើម។ ទំនាក់ទំនងល្អ ឬមិនល្អ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់យើង»។
អាការៈ និងសញ្ញា នៃភាពតានតឹងផ្លូវចិត្ត និងការថប់អារម្មណ៍
អាការៈ និងសញ្ញានៃភាពតានតឹងផ្លូវចិត្តជាក់ស្ដែងវាបង្កប់នៅក្នុងអារម្មណ៍ និងកាយវិការសកម្មរបស់យើងប្លែកៗ គ្នារវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដូចជា បញ្ហាសម្រាន្តមិនលក់ រឹងសាច់ដុំ ឈឺសាច់ដុំ ឈឺក្បាល មានបញ្ហាក្រពះពោះវៀន និងអស់កម្លាំង។
ស្ត្រីអ្នកជំងឺមួយរូបឈ្មោះ សួន យ៉ែម ដែលបានព្យាបាលជំងឺថប់អារម្មណ៍របស់គាត់ជាច្រើនឆ្នាំមកហើយ ថ្លែងឱ្យដឹងអំពីអាការៈជំងឺ ដែលគាត់មានថា ៖ «ឈឺក្បាលពេក ចុកដៃចុកជើង ហូបបាយមិនបានសម្រាន្តមិនលក់ ចេះតែគិតនេះមួយចុបនោះមួយចុប អត់ដេកលក់។ ចេះតែគិតឃើញ មិនដឹងគិតបានការអីទេ។ មុនមកសម្រាន្តអត់លក់ទើសៗ ភ្លឺ»។
អាការៈថប់អារម្មណ៍ ផ្នែករាងកាយ គឺមានអាកប្បកិរិយាច្រាសច្រាល ថប់បារម្ភ ប្រែប្រួលទម្លាប់ទទួលទាន រួមមានការមិនសូវទទួលទានអាហារ ឬទទួលទានច្រើន បាត់បង់ភាពរីករាយ អារម្មណ៍ផ្លាស់ប្ដូរ ឆាប់ច្រឡោត ឆាប់ខឹង និងធ្លាក់ទឹកចិត្ត។
លោកវេជ្ជបណ្ឌិត កាស៊ុន បូណាត មានប្រសាសន៍ដូច្នេះ «ឧទាហរណ៍ខ្ញុំមានជំងឺធ្លាក់ទឹកចិត្ត ខ្ញុំឆាប់ទទួលអារម្មណ៍ណាស់ ឆាប់ខឹង ឆាប់ប្រកាន់ណាស់ ហើយឆាប់ច្រឡោត។ បើខ្ញុំមានជំងឺថប់អារម្មណ៍ឆាប់ភ័យណាស់។ គេឱ្យធ្វើភ័យ ធ្វើនោះភ័យ។ ដល់ពេលភ័យពេកទៅៗ ជាខឹងនឹងគេវិញ ថាគេចង់ឱ្យយើងទៅប្រឈមនឹងការភ័យខ្លាចនោះ»។
អំពីការព្យាបាល៖
ទាក់ទងនឹងការព្យាបាលជំងឺតានតឹង ឬថប់អារម្មណ៍ ត្រូវបានលោកវេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា ពន្យល់ថា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ការព្យាបាលដោយថ្នាំ និងដោយផ្នែកចិត្តសាស្ត្រត្រូវធ្វើស្របគ្នា ៖ «ការព្យាបាលដោយថ្នាំហ្នឹងមិនអាចចោលបានទេ ក្នុងករណីធ្ងន់ធ្ងរដូចជា ជំងឺវិកលវិញ្ញាណ ឬអ្នកជំងឺធ្លាក់ទឹកចិត្តខ្លាំងក្លា យើងព្យាបាលដោយនិយាយមិនឈ្នះទេ។ អ្នកដែលកំពុងវិកលហើយ យើងព្យាបាលដោយនិយាយអត់បានទេ ត្រូវតែព្យាបាលដោយថ្នាំហើយ។ អ៊ីចឹងយើងមិនអាចបោះបង់មធ្យោបាយណាមួយបានទេ។ ការព្យាបាលត្រូវគួបផ្សំទាំងពីរ។ ជួនកាលព្យាបាលដោយថ្នាំផង ជួនកាលព្យាបាលដោយមិនប្រើថ្នាំផងទើបលទ្ធផលបានខ្ពស់»។
ការកាត់បន្ថយកត្តានាំឱ្យថប់អារម្មណ៍ជាការព្យាបាលដ៏ប្រសើរមួយ។ គេកត់សម្គាល់ដែរថា អ្នកដែលមានបញ្ហាតានតឹងផ្លូវចិត្ត និងថប់អារម្មណ៍ច្រើនមានការគ្រប់គ្រងខ្លួនឯងមិនបានល្អ ហើយមានទំនោរទៅរកអាកប្បកិរិយា ដែលនាំឱ្យប៉ះពាល់សុខភាព ដូចជា ទទួលទានស្រាច្រើន ប្រើថ្នាំ មិនសូវហាត់ប្រាណ។ អាកប្បកិរិយា ដែលនាំឱ្យខូចសុខភាពទាំងនេះ អាចធ្វើឱ្យអាការៈតានតឹងក្នុងអារម្មណ៍រឹតតែធ្ងន់ធ្ងរឡើង ហើយភាពធ្ងន់ធ្ងរនោះនឹងធ្វើឱ្យខូចសុខភាព គឺវិលចុះវិលឡើង។
ការហាត់ប្រាណ និងលេងកីឡា ស្ដាប់ចម្រៀង ឬច្រៀងកម្សាន្ត មើលទូរទស្សន៍ ឬភាពយន្តរឿងដែលចូលចិត្ត ភាពយន្តតុក្កតា ជាវិធីកាត់បន្ថយកត្តានាំឱ្យថប់អារម្មណ៍មិនប៉ះពាល់សុខភាព។ លោកវេជ្ជបណ្ឌិត មុន្នី សុត្ថារ៉ា ណែនាំថា អ្នកមានបញ្ហាថប់អារម្មណ៍មិនគួរទទួលទានកាហ្វេទេ ព្រោះវាអាចធ្វើរំខានដល់ដំណេក៕