ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសុខាភិបាល នៅប្រទេសជាច្រើន កំពុងស្វះស្វែងផលិតវ៉ាក់សាំងការពារនិងព្យាបាលជំងឺកូវិដ-១៩ (Covid-19) ដ៏កាចសាហាវមួយនេះ ខណៈដែលចំនួនអ្នកស្លាប់ដោយសារនៅទូទាំងពិភពលោក បានកើនឡើងដល់ទៅជាង ៨ពាន់នាក់ (៨,០១២) ក្នុងចំណោមអ្នកឆ្លងចំនួនជាង ២០ម៉ឺននាក់ (២០២,២៨៤)។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបច្ចេកទេសនិងវិទ្យាសាស្ត្រចិន អះអាងថា ឱសថដែលផលិតដោយក្រុមវេជ្ជសាស្ត្រជប៉ុន ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ (Covid-19)។
លោក ហ្សាង ស៊ីនមីន (Zhang Xinmin) បានប្រាប់កាសែតដឹហ្គាដៀនរបស់អង់គ្លេស (The Guardian) ផ្សាយកាលថ្ងៃទី១៨ ខែមីនា ថា ឱសថឈ្មោះ ហ្វាវីពីរ៉ាវៀ (Favipiravir) ដែលផលិតដោយក្រុមហ៊ុន ហ្វយហ្យីហ្វីម (Fujifilm) នៅប្រទេសជប៉ុន គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ចំពោះការព្យាបាលទៅលើអ្នកជំងឺកូវីដ-១៩ ចំនួន៣៤០នាក់ នៅក្នុងមន្ទីរពេទ្យវូហាន (Wuhan) និងសិនជិន (Shenzhen) នៅក្នុងប្រទេសចិន។
លោក ហ្សាង ស៊ីនមីន បញ្ជាក់ថា ក្រោយគ្រូពេទ្យផ្ដល់ថ្នាំព្យាបាលប្រភេទនេះ ទៅលើអ្នកជំងឺកូវីដ-១៩ (Covid-19) គឺ ៤ថ្ងៃក្រោយមកការធ្វើតេស្ត ពុំមានរកឃើញ មេរោគសារកូវី២ (SARS-CoV2) ទៀតទេ។ បន្ថែមពីនេះ សួត របស់អ្នកជំងឺ ក៏មានស្ថានភាពល្អប្រសើររហូតដល់ ៩១% បើប្រៀបធៀបការប្រើថ្នាំផ្សេងទៀត គឺមានប្រសិទ្ធភាពត្រឹមតែ៦២% ប៉ុណ្ណោះ។ ទោះជាមានការអះអាងយ៉ាងនេះក៏ដោយ អ្នកជំនាញសុខភាពជប៉ុនលើកឡើងថា ថ្នាំនេះ នឹងមិនមានប្រសិទ្ធភាពខ្ពស់ទេ ប្រសិនបើប្រើសម្រាប់ព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរ។
ចំណែកនៅសហរដ្ឋអាមេរិកនេះវិញ ក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវសាស្ត្រឈ្មោះ មូដឺណា (Moderna) ដែលមានមូលដ្ឋានក្នុងក្រុងខេមប្រីជ (Cambridge) ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) បានសហការជាមួយក្រុម វេជ្ជបណ្ឌិតស្រាវជ្រាវ នៃវិទ្យាស្ថានសុខាភិបាលជាតិ (NIH) ធ្វើតេស្តសាកល្បងចាក់វ៉ាក់សាំង ជាលើកដំបូង ដើម្បីការពារជំងឺរលាកផ្លូវដង្ហើមកូវិត-១៩ (Covid-19) ទៅលើមនុស្ស ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅវិទ្យាស្ថាន ស្រាវជ្រាវសុខភាព ខាយសឺ ភីមីនែន (Kaiser Permanente) ក្នុងក្រុង ស៊ីអាថល (Seattle) នៅរដ្ឋវ៉ាស៊ីនតុន (Washington) កាលពីថ្ងៃទី១៦ ខែមីនា។
ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (World Health Organization) មិនទាន់ប្រកាសទទួលស្គាល់ជាផ្លូវការ ពីវ៉ាក់សាំង ឬថ្នាំព្យាបាល ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19) នៅឡើយទេ។
ពាក់ព័ន្ធនឹងការសាកល្បងវ៉ាក់សាំងនៅសហរដ្ឋអាមេរិកនេះ ប្រធានក្រុមគ្រូពេទ្យនៃក្រុមហ៊ុនបច្ចេកវិទ្យាខាងជីវសាស្ត្រឈ្មោះ មូដឺណា (Moderna) លោកវេជ្ជបណ្ឌិត តាល់ ហ្សាក់ (Tal Zaks) មានប្រសាសន៍ថា គោលបំណងសំខាន់នៃការធ្វើតេស្តចាក់វ៉ាក់សាំងសាកល្បងជាលើកដំបូងនេះ គឺដើម្បីចង់ដឹង អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងឈ្មោះ mRNA-1273 នេះ ក្នុងការទប់ទល់ ប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងរាតត្បាតយ៉ាងខ្លាំងក្នុងពិភពលោក។ លោកបន្តថា ការចាក់វ៉ាក់សាំងសាកល្បងនេះធ្វើឡើង ទៅលើមនុស្សពេញវ័យចំនួន ៤៥នាក់ អាយុចន្លោះពី ១៨ឆ្នាំ ដល់៥៥ឆ្នាំ ដែលមានសុខភាពល្អ ហើយដែលស្ម័គ្រចិត្ត ចូលរួមក្នុងការពិសោធន៍លទ្ធផលវ៉ាក់សាំងនេះ។
លោកវេជ្ជបណ្ឌិត តាល់ ហ្សាក់ បន្តថា ក្រុមវេជ្ជបណ្ឌិតជំនាញ នឹងតាមដានពិនិត្យ ដោយយកចិត្តទុកដាក់ ពីសុវត្ថភាពរបស់ពួកគេ ជាពិសេស ពិនិត្យមើលថាតើវ៉ាក់សាំងនេះ អាចបង្កើនប្រព័ន្ធការពារខ្លួន ដើម្បីប្រឆាំង ទប់ទល់នឹងមេរោគសារកូវី២ (SARS-CoV2)នេះ បានកម្រិតត្រឹមណា?
អ្នកស្រាវជ្រាវគោលនយោបាយសាធារណៈនិងកម្មវិធីបង្ការជំងឺទឹកនោមផ្អែម នៃសកលវិទ្យាល័យ កូនិតទីខាត់ (Connecticut) បណ្ឌិត គង់ សេងលី មានប្រសាសន៍ថា ទោះបី ជាការបង្កើតវ៉ាក់សាំងនេះ ធ្វើឡើងជាបន្ទាន់ក្តី ដោយមិនបានធ្វើតេស្តពិសោធន៍ ទៅលើសត្វកណ្ដុរនៅឡើយក្តី ក៏ប៉ុន្តែលោកមានជំនឿថា នឹងមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់មនុស្សឡើយ៖
«ករណីនេះគេធ្វើ ដូចជាបន្ទាន់ ដោយសារជំងឺនេះ រាតត្បាតលឿនពេក។ គេពិសោធន៍ផ្ទាល់ជាមួយមនុស្សតែម្ដងចំនួន ៤៥នាក់។ គេមាន៣ដំណាក់កាល គឺគេពិនិត្យកម្រិតនៃការចាក់ថ្នាំ (Dose) ។ ក្នុងដំណាក់កាលទី១ គឺចាក់ ២ដង គឺ២ដូស (Dose) ម្តងនៅថ្ងៃទី១ ហើយម្តងទៀត គឺ២៨ថ្ងៃក្រោយមក។ បន្ទាប់មកវេជ្ជបណ្ឌិតស្រាវជ្រាវ គេនឹងពិនិត្យមើលពីសុវត្ថភាព និងប្រសិទ្ធភាព ថាតើក្នុងខ្លួនយើងផលិតប្រព័ន្ធការពារខ្លួនប្រឆាំងមេរោគ»។
បណ្ឌិត គង់ សេងលី មានប្រសាសន៍អំពីដំណើរការធ្វើតេស្តសាកល្បងនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ (Covid-19) ថ្មី ដែលត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល មុននឹងសម្រេចជាផ្លូវការ ដាក់ឱ្យប្រើប្រាស់ជាសាធារណៈ៖ «វ៉ាក់សាំងនេះ មុនអាចចេញប្រើប្រាស់បាន ត្រូវឆ្លងកាត់២ដំណាក់កាល។ ទីមួយ សាកល្បងជាមួយមនុស្ស៤៥នាក់ ហើយលើកទី២ បន្ទាប់ពីទទួលបានលទ្ធផលពីការសាកល្បងលើកទី១ អ្នកស្រាវជ្រាវគេ នឹងវាយតម្លៃ ថា តើដំណាក់កាលទី២ នឹងធ្វើនៅពេលណា ? ។ ឥឡូវនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងវិទ្យាស្ថានស្រាវជ្រាវ ដើម្បីផលិតវ៉ាក់សាំង បានទាក់ទងនឹងក្រសួងដែលអនុញ្ញាតការប្រើប្រាស់ថ្នាំ ហៅថា FDA ដើម្បីពិសោធន៍វគ្គទី២ទៀត ដែលនឹងមានមនុស្សច្រើនជាងនេះ ដើម្បីលទ្ធផលចេញមកគឺមានប្រសិទ្ធភាពនិងសុវត្ថភាព»។
តាមគោលការណ៍និងបទដ្ឋានច្បាប់នៅសហរដ្ឋអាមេរិក វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (Covid-19) ថ្មីនេះ យ៉ាងហោចណាស់ គេត្រូវការពេលវេលាពី ១ឆ្នាំ ទៅមួយឆ្នាំកន្លះ ដើម្បីផលិតវ៉ាក់សាំងសម្រាប់ប្រើប្រាស់ជាផ្លូវការ។
ក្រុមអ្នកជំនាញសុខភាព ផ្ដល់យោបល់ថា ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) នេះ វិធីដ៏ល្អបំផុត អនុវត្តអនាម័យល្អ លាងដៃនឹងសាប៊ូឱ្យបានញឹកញាប់ ផ្តាច់ទំនាក់ទំនងជាមួយអ្នកដទៃ ដោយតម្រូវឱ្យនៅក្នុងផ្ទះ ហើយប្រសិនបើមានរោគសញ្ញាណាមួយ ដូចជាគ្រុនក្តៅលើសពី៣៨ អង្សាសេ ក្អកនិងមានបញ្ហាផ្លូវដង្ហើម គឹត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល។
អង្គការសុខភាពពិភពលោក (WHO) និងរដ្ឋាភិបាលនៅប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផង បានចាត់វិធានការជាបន្តបន្ទាប់ ដូចជាបិទព្រំដែន ហាមការធ្វើដំណើរកម្សាន្ត បិទសាលារៀន ភោជនីយដ្ឋាន អាហារដ្ឋាន រង្គសាល និងហាមជួបជុំគ្នាលើសពី១០នាក់។ បន្ថែមពីនេះ ក្រុមហ៊ុន និយោជក និងស្ថាប័នរដ្ឋ ក៏បានលើកទឹកចិត្តឱ្យនិយោជកធ្វើការពីផ្ទះដើម្បីកាត់បន្ថយការប្រាស្រ័យទាក់ទងគ្នា ពីព្រោះការចម្លងជំងឺកូវិដ-១៩ (Covid-19) នេះ មានករណីខ្លះអ្នកជំងឺ មិនបានបង្ហាញរោគសញ្ញាអ្វីទេ។
គិតមកទល់ល្ងាចថ្ងៃទី១៨ ខែមីនា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវិត-១៩ (Covid-19) នៅទូទាំងពិភពលោក បានកើនឡើងដល់ទៅជាង ៨ពាន់នាក់ (៨,០១២) ក្នុងចំណោមអ្នកឆ្លងចំនួនជាង ២០ម៉ឺននាក់ (២០២,២៨៤)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។