ផលវិបាក​ដល់​សុខភាព ដោយសារ​បរិភោគ​ចំណីអាហារ​មាន​ជាតិគីមី​និង​គ្មាន​អនាម័យ

ដោយ ម៉ៅ សុធានី
2024.08.07
ផលវិបាក​ដល់​សុខភាព ដោយសារ​បរិភោគ​ចំណីអាហារ​មាន​ជាតិគីមី​និង​គ្មាន​អនាម័យ
RFA

អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ប្រមាណ​ថា មនុស្ស​ប្រមាណ​៦​រយ​លាន​នាក់ ឬ​ម្នាក់​ក្នុងចំណោម​១០​នាក់ នៅ​លើ​ពិភពលោក បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ការ​បរិភោគ​អាហារ​គ្មាន​អនាម័យ​និង​មាន​ជាតិគីមី ដែល​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៤២​ម៉ឺន​នាក់ ស្លាប់​ក្នុង​មួយឆ្នាំៗ​។ បន្ថែម​ពី​នេះ បណ្តា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​និង​មធ្យម ត្រូវ​ខាតបង់​ប្រាក់​ប្រមាណ​១​រយ​១០​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ក្នុង​​ការ​ចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​ដោយសារតែ​អាហារ​មាន​ជាតិគីមី និង​គ្មាន​សុវត្ថិភាព។

តើ​ការ​ទទួលទាន​ចំណីអាហារ​គ្មាន​សុវត្ថិភាព ផ្តល់​ផលវិបាក​អ្វីខ្លះ​ដល់​សុខភាព?

សុវត្ថិភាព​ចំណីអាហារ​និង​អាហារូបត្ថម្ភ មាន​សារៈសំខាន់​ណាស់ សំរាប់​ការរស់នៅ​របស់​ពលរដ្ឋ មិន​ថា​ក្មេង​ឬ​ចាស់​។ ការ​យល់​ដឹង​ពី​គុណភាព​ចំណីអាហារ ជួយ​ច្រើន​ណាស់ ដើម្បី​កាត់បន្ថយ​បញ្ហា​សុខភាព បណ្តាល​មក​ពី​ការ​ទទួល​ទាន​អាហារ​មាន​ជាតិគីមី ម្ហូបអាហារ​កំប៉ុង ឬ​អាហារ​ក្រៀម ជាដើម​។ ជាតិគីមី​ទាំងនោះ រួមមាន ថ្នាំ​សម្លាប់​សត្វល្អិត ជីរ​កសិកម្ម និង​ជាតិគីមី​សំរាប់​ដាក់​ម្ហូប​ទុក​បាន​យូរ​ជាដើម។

គ្រូពេទ្យ​ឯកទេស​ដាក់​ថ្នាំ​សន្លប់​ធ្វើការ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ទីក្រុង​ប៉ារីស លោក វេជ្ជបណ្ឌិត សុក សូផាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ទទួល​ទាន​ចំណីអាហារ ដែល​ដាក់បញ្ចូល​ជាតិគីមី​ច្រើន វា​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​ដល់​អ្នក​បរិភោគ ដែល​កើត​ជំងឺ​រាប់មិនអស់ តាំងពី​ជំងឺមហារីក ជំងឺ​ខូច​ថ្លើម ដំបៅ​ក្រពះ ធ្លាយ​ពោះវៀន និង​រាករូស​ទៀត​ផង ហើយ​ករណី ខ្លះ​អាច បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក៏​មាន ដោយសារ​ពុល​ចំណីអាហារ។

វេជ្ជបណ្ឌិត សុក សូផាត៖ «កាលណា​ជាតិគីមី​ច្រើន វា​ស៊ីសង​នឹង​ប្រភេទ​គីមី វា​ធ្វើ​ឲ្យ​ញ៉ាំ​ទៅ​វា​ខូច​ក្រពះ​។ ញ៉ាំ​យូរៗ​ទៅ វា​ធ្វើ​ឲ្យ​រលាក​ក្រពះ រលាក​យូរៗ​ទៅ នាំ​ឲ្យ​កើត​មហារីក​ក្រពះ​។ គីមី​ផ្សេងទៀត ដូចជា​ថ្នាំ​សម្លាប់​សត្វល្អិត ហើយ​ដល់​សត្វល្អិត​នោះ​វា​ងាប់​ទៅ ស្ពៃ​អីហ្នឹង​វា​ល្អ តែ​វា​ធ្វើ​ឲ្យ​ខូច​សុខភាព ហ្នឹង​វា​ទៅតាម​គីមី​ដែល​គេ​ប្រើ​ច្រើន​ប្រភេទ​...»

ទោះបីជា​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​ឆែកឆេរ​នៅ​តាម​ទីផ្សារ​ក្នុង​ប្រទេស​ក៏ដោយ ក៏​ទំនិញ​ខូចគុណភាព​និង​ដាក់​ជាតិគីមី​ច្រើន​ទាំងនោះ នៅតែ​អាច​ដឹក​ចូល​មក​កម្ពុជា​រាប់សិប​តោន ដោយសារតែ​អំពើពុករលួយ​។ ទំនិញ​ខូចគុណភាព​និង​ដាក់​ជាតិគីមី​ទាំងនោះ រួមមាន ជ្រូក​បង្កក សត្វ​មាន់​ទា​បង្កក គ្រឿងក្នុង​សត្វ គ្រឿង​សមុទ្រ និង​ឡេ​លាប​ស្បែក ជាដើម​។ អាជ្ញាធរ​រក​ឃើញ​ទំនិញ​ខូចគុណភាព​ទាំងនេះ ភាគច្រើន​នៅ​ជាប់​ព្រំដែន​វៀតណាម ដូចជា ខេត្តតាកែវ កំពត និង​ខេត្តស្វាយរៀង។

ប្រជាពលរដ្ឋ​រមែង​ព្រួយបារម្ភ​ជានិច្ច​អំពី​ចំណីអាហារ​ដែល​មាន​ជាតិគីមី និង​កំពុង​ដាក់​លក់​នៅ​តាម​ទីផ្សារ ដោយសារ​ពួកគេ​មិនអាច​មើល​ដឹង​ថា ម្ហូបអាហារ​ប្រភេទ​ណា​មាន​ជាតិគីមី ឬ​គ្មាន​។ ប៉ុន្តែ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី លោក​ហ៊ុន សែន វិញ នៅ​ពេល​ដែល​ពលរដ្ឋ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ ដែល​នាំចូល​ពី​ប្រទេសជិតខាង លោក​ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃទី ៤ ខែមករា ឆ្នាំ​២០១៨ បែរជា​ស្តី​បន្ទោស​ពលរដ្ឋ ថា​មិន​ចេះ​មើល​ខ្លួនឯង ចាំតែ​ជេរ ឬ​ស្តី​បន្ទោស ដល់​រដ្ឋាភិបាល​ទៅវិញ។

លោក ហ៊ុន សែន៖ «យើង​នាំគ្នា​ធ្វើ​ពហិការ​កុំ​ទិញ​បន្លែបង្ការ ឬ​សាច់​ដាក់​ជាតិគីមី គឺ​វា​ចប់​រឿង​ហើយ ចាំបាច់​មក​ជេរ​រដ្ឋាភិបាល​ទៅវិញ​។ តែ​ខ្លួនឯង​ទិញ​មក​ស៊ី ស៊ី​ហើយ​ឈឺ មក​ជេរ​រដ្ឋាភិបាល ស៊ី​ខ្លួនឯង​សោះ បែរជា​ជេរ​រដ្ឋាភិបាល​ទៅវិញ​។ ដាំ​ស៊ី​ខ្លួនឯង ទៅ​ទិញ​ខ្លួនឯង ម៉េច​ក៏​មិន​រើស​ផង​ទៅ​...»

ចំពោះ​ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​បែបនេះ លោក​វេជ្ជបណ្ឌិត សុក សូផាត មានប្រសាសន៍​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុ​ជា​មាន​កាតព្វកិច្ច​ចាំបាច់​ក្នុង​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់ ដើម្បី​បង្ក្រាប​ការ​នាំចូល​ទំនិញ​ខូចគុណភាព​ទាំងនោះ​។ លោក​បន្ត​ថា មានតែ​មន្ត្រី​ជំនាញ​ទេ ដែល​អាច​ដឹង​ពី​ចំណីអាហារ​មាន​សារ​ធាតុគីមី តាមរយៈ​ឧបករណ៍​វាស់​ស្ទង់។

វេជ្ជបណ្ឌិត សុក សូផាត៖ «ការពារ​មែនទែន​គឺ​រដ្ឋ​ទេ​។ អ្នកដឹកនាំ​ប្រទេស យើង​ដឹង​ថា របស់​ហ្នឹង​នាំ​ចូល​មក យើង​មាន​ក្រសួង​អនាម័យ​គេ​ពិនិត្យ គឺ​មិន​ឲ្យ​នាំចូល​ទេ តែបើ​រដ្ឋ​ខ្សោយ​ហ្នឹង យើង​ពិបាក​បន្តិច​ហើយ រដ្ឋ​ដូច​ថា អត់​មានការ​ទទួលខុសត្រូវ និយាយ​ទៅ​ថា​ដឹង​មាន​គីមី​កុំ​ទិញ​ទៅ ណា​គេ​និយាយ​អ៊ីចឹង ហើយ​ប្រជាជន​គ្នា​មិនដឹង​ទេ មិន​ថា​គេ​ឬ​យើង​...»

បន្ថែម​ពី​នេះ​ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក លោក​វេជ្ជបណ្ឌិត តាន់ សុង ក៏​បាន​ផ្តល់​ដំបូន្មាន​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​បង្កើន​ការ​ដាំ​ដំណាំ​គួបផ្សំ​បន្តិចបន្តួច នៅ​ជុំវិញ​គេហដ្ឋាន ចាំ​ថ្ងៃ រួមមាន​ការ​ចិញ្ចឹម​សត្វ​មាន់​ទា ជ្រូក​ជាដើម ដើម្បី​កាត់បន្ថយ​បញ្ហា​ផល​ប៉ះពាល់​ដល់​សុខភាព និង​ការ​ចំណាយ​ទៅ​លើ​ម្ហូបអាហារ​ទាំងនោះ។

វេជ្ជបណ្ឌិត តាន់ សុង៖ «សព្វថ្ងៃ​ការ​ចិញ្ចឹម​សត្វ​ប្រើ​ជាតិគីមី​ច្រើន​ឬ​គេ​ប្រើ​ថ្នាំ​ផ្សះ ដើម្បី​កុំ​ឱ្យ​សត្វ​ទាំងនោះ​ឈឺ​ងាប់ និង​ឲ្យ​សាច់​ធំធាត់ លក់ បាន​ឆាប់​។ ដូចនេះ​ប៉ះពាល់​ដល់​សុខភាព ហើយ​បើ​មានលទ្ធភាព​គឺ​ដាំ​ខ្លួនឯង ចិញ្ចឹម​ខ្លួនឯង ម្ហូបអាហារ​គ្មាន​ជាតិ គីមី គឺ​វា​ថ្លៃ​។ ដូចនេះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​សុខភាព​ទាំងនោះ គឺ​ជម្រើស​ខ្លួនឯង​...»

ប្រការ​ដែល​បន្លែ​ផ្លែឈើ​សរីរាង្គ​មានតម្លៃ​ខ្ពស់​នេះ​ហើយ គឺជា​មូលហេតុ​ចំបង​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ មិនអាច​ទិញ​យក​មក​បរិភោគ​បាន​ឡើយ​។ កន្លងមក​ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម​ជាច្រើន​ប្រភេទ ធ្លាប់​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​កាសែត និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដូចជា​នំ​កញ្ចប់ មីកញ្ចប់ ជ្រូក​ឈឺ មក​លក់​នៅ​ស្រុក​ខ្មែរ ក្នុង​នោះ​ក៏​មាន មឹក បង្កង និង​បង្គា​ដែល​មាន​ចាក់​សារធាតុ​ម្យ៉ាង ឱ្យ​នៅ​ស្រស់​បាន​យូរ ព្រមទាំង​ប្រភេទ​បន្លែ ផ្លែឈើ ដែល​បាញ់ថ្នាំ​គីមី ឱ្យ​នៅ​ស្រស់​បាន​យូរ​ជាដើម។

ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ នាយករង​នៃ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក លោក ហ្យុង ហ្យិន គឹម (Jong-Jin Kim) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២៤​ថា ពលរដ្ឋ​ប្រមាណ​២២​ម៉ឺន ៥​ពាន់​នាក់ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក បាន​ស្លាប់​ក្នុង​មួយឆ្នាំៗ ក្នុង​នោះ ៣០% ជា​កុមារ ដោយសារ​ទទួលទាន​ម្ហូបអាហារ​សម្បូណ៌​ជាតិគីមី ខ្វះ​សុវត្ថិភាព និង​រៀបចំ​ទុកដាក់​គ្មាន​អនាម័យ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ គ្មាន​សិ្ថតិ​ណាមួយ​ដែល​បញ្ជាក់​ពី​ចំនួន​ប្រជាពលរដ្ឋ ក្នុង​នោះ​ក៏​មាន​កុមារ​ផង​ដែរ ដែល​បាន​ស្លាប់​ដោយសារ​ការ​បរិភោគ​អាហារ​គ្មាន​សុវត្ថិភាព​ទាំងនោះ។

លោក​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​ត្រួតពិនិត្យ​ម្ហូបអាហារ​ជាប្រចាំ ជាមួយ​ក្រុមហ៊ុន​អាជីវកម្ម​ម្ហូបអាហារ ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​នាំ​ចូល​សាច់​បង្កក ឬ​ការ​ស្តុក​ទុក​ម្ហូបអាហារ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អនាម័យ​និង​មាន​សុវត្ថិភាព​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។