តើ​មូល​ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ជប៉ុន មាន​អាយុ​វែង​ជាងគេ​ក្នុង​ពិភពលោក?

ដោយ ម៉ៅ សុធានី
2022.12.29
តើ​មូល​ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ជប៉ុន មាន​អាយុ​វែង​ជាងគេ​ក្នុង​ពិភពលោក? ពលរដ្ឋជប៉ុន​ដើរ​តាមផ្លូវ​នៅ​ក្នុង​ទីក្រុង​តូក្យូ (Tokyo) ប្រទេស​ជប៉ុន។
AP

ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ឆ្នាំ​២០២២ បង្ហាញ​ថា ពលរដ្ឋ​ជប៉ុន​មាន​អាយុ​វែង​ជាងគេ​ក្នុង​ពិភពលោក ជា​មធ្យម​អាយុ​ជាង​៨៤​ឆ្នាំ (៨៤.) ក្នុង​នោះ​ស្ត្រី​អាច​រស់​ដល់​អាយុ ៨៧​ឆ្នាំ ចំណែក​បុរស​វិញ​អាយុ ៨១ឆ្នាំ។

ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ ជា​មធ្យម​អាច​រស់​បាន​ដល់​អាយុ ៧០​ឆ្នាំ ក្នុង​នោះ​ស្ត្រី​អាយុ​វែង​ជាង​បុរស​គឺ​៧២​ឆ្នាំ រីឯ​បុរស​វិញ អាច​រស់​បាន​ដល់​អាយុ ៦៧ឆ្នាំ។

តើ​មូលហេតុ​អ្វីខ្លះ ដែល​នាំ​ឲ្យ​ប្រជាជន​ជប៉ុន មាន​សុខ​ភាពល្អ និង​អាយុ​វែង​?

ការស្រាវជ្រាវ​ជាច្រើន​បង្ហាញ​ថា ក្រៅពី​កត្តាបរិស្ថាន​រស់នៅ​ស្អាត​ល្អ ប្រជាជន​ជប៉ុន​ចូលចិត្ត​ធ្វើ​លំហាត់​ប្រាណ​ជាប្រចាំ បរិភោគ​ត្រី​ច្រើន ដើម្បី​កុំ​ឲ្យ​ធាត់​ខ្លាំង​លើស​ទម្ងន់ ដូចជា​ការ​បរិភោគ​សាច់​ផ្សេងៗ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​នោះ​ទេ​។ បន្ថែម​ពី​នេះ​ពលរដ្ឋ​ជប៉ុន ទោះបីជា​ចូល​និវត្ត​ហើយក៏​ដោយ ក៏​ពួកគេ​នៅតែ​សកម្ម​ការងារ​ស្ម័គ្រចិត្ត និង​តែងតែ​ធ្វើ​កិច្ចការ​ផ្សេងៗ​ជាប្រចាំ មិនមែន​ដើម្បី​លុយ​នោះ​ទេ ប៉ុន្តែ​ជា​ទម្លាប់​មួយ ដើម្បី​ជីវិត​ចុង​ក្រោយ​របស់​ពួកគេ​។ សំខាន់​ជាង​នេះ​ទៀត នៅ​ប្រទេស​ជប៉ុន​មានការ​ធានារ៉ាប់រង​សុខភាព​បាន​ល្អ ដោយ​ពលរដ្ឋ​ជប៉ុន​ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​បាន​ទៀងទាត់។

ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក លោក​វេជ្ជបណ្ឌិត តាន់ សុង ដែល​គ្រោង​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​នៅ​សហរដ្ឋអាមេរិក ចុះទៅ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ នៅ​ខេត្តបន្ទាយមានជ័យ នៅ​ចុងខែ​មករា ឆ្នាំ​២០២៣ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មាន​កត្តា​ច្រើនណាស់ ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​អាយុ​វែង​។ លោក​គូសបញ្ជាក់​ថា កត្តា​ទាំងនោះ​រួមមាន បញ្ហា​បរិស្ថាន គ្រោះថ្នាក់​ចរាចរណ៍ ការ​បរិភោគ​អាហារ និង​ការ​ផ្លាស់ប្ដូរ​របៀបរបប​រស់នៅ​ជាដើម។

វេជ្ជបណ្ឌិត តាន់ សុង«ប្រទេស​ជប៉ុន គេ​ជឿនលឿន គេ​មាន​វឌ្ឍនភាព​ជាង​ប្រទេស​យើង​។ ប៉ុន្តែ​មាន​កត្តា​ផ្សេងទៀត​ជាច្រើន ដូចជា កត្តា​ម្ហូបអាហារ បរិយាកាស បរិស្ថាន​។ យើង​កើត​នៅក្នុង​ប្រទេស​ល្អ ជឿនលឿន យើង​សង្ឃឹម​រស់​បាន​យូរ​។ នៅ​ស្រុក​យើង​គ្រោះថ្នាក់​ចរាចរណ៍ គេ​គិត​ដែរ ក្រៅពី​ហ្នឹង​ប្រព័ន្ធ​សុខាភិបាល​។ នៅ​ស្រុក​ខ្មែរ ជួនកាល​គ្នា​អត់ អត់​មាន​ពេទ្យ ឈឺ​អត់​លុយ​ដេក​ស្លាប់ ជួនកាល​ពិបាក​ក្នុង​គ្រួសារ ដូច្នេះ​ត្រូវ​ដោះស្រាយ​ច្រើនណាស់ រឿង​ផ្ទាល់ខ្លួន រឿង​សង្គម​ផង និង​រឿង​វឌ្ឍនភាព​សង្គម​ផង​...»

បន្ថែម​ទៅ​នឹង​ការ​លើក​ឡើង​នេះ គ្រូពេទ្យ​ជំនាញ​សុខភាព​ទូទៅ លោក​វេជ្ជបណ្ឌិត សៀង សេង ដែល​បាន​ចូលនិវត្តន៍ និង​កំពុង​ផ្សព្វផ្សាយ​អប់រំ​សុខភាព នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ពី​រដ្ឋ​កាលីហ្វរនីញ៉ា (California) ថា កត្តា​ពូជ​អាយុ​វែង ភាព​សកម្ម​រាងកាយ របប​អាហារ ហាម​ជក់បារី និង​កាត់បន្ថយ​ការ​សេព​សុរា ឬ​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ​ពេក ក៏​អាច​ជួយ​ឲ្យ​មាន​សុខ​ភាពល្អ​ផង​ដែរ​។ លោក​ផ្តល់​ដំបូន្មាន​ដល់​ពលរដ្ឋ​ខ្មែរ គួរ​បរិភោគ​ត្រី សាច់​មាន់ និង​បន្លែ​ផ្លែឈើ​គ្រប់មុខ និង​កាត់​បន្ថយ​សាច់​ក្រហម មាន​សាច់​គោ​ជាដើម

វេជ្ជបណ្ឌិត សៀង សេង៖ «តាម​ខ្ញុំ​យល់​អ្នក​ដែល​មាន​អាយុ​វែង​ឬ​អត់ ទៅតាម​ករណី​ទេ​។ បើ​យើង​មានពូជ​ជា​អ្នក​អាយុ​វែង វា​នាំ​ឲ្យ​កូនចៅ​យើង​អាយុ​វែង​ដែរ។ ទី​២ គឺ​បរិស្ថាន បើ​បរិស្ថាន​យើង​មិន​មាន​ជំងឺ បើសិន​កន្លែង​ខ្លះ មាន​អ្នក​គ្រុន​ចាញ់ ស្លាប់​ច្រើន​។ សំខាន់​មែនទែន ពេល​យើង​ពិសា​បាយ​ម្តងៗ យើង​គួរ​បរិភោគ​សាច់​ត្រី​និង​សាច់​មាន់ ល្អ​ជាង​សាច់​ក្រហម ឧទាហរណ៍​សាច់គោ​អាំង យើង​រកតែ​សាច់​ខ្លាញ់​បាន​ឆ្ងាញ់ ដែល​នាំ​ឲ្យ​កូលេស្តេរ៉ុល​ឡើង បណ្តាល​ឲ្យ​កើត​ឈាមកក ឈឺ​បេះដូង និង​នាំ​ឲ្យ​កើត​ស្ត្រូក (Stroke) ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ក៏​មាន​ដែរ​...»

ស្ថិតិ​អង្គការ​សុខភាព​ពិភពលោក (WHO) ចុះផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា ពលរដ្ឋ​ជប៉ុន​មាន​អាយុ​វែង​ជាងគេ​ក្នុង​ពិភពលោក ដែល​ជា​មធ្យម គឺ​អាច​រស់​ដល់​អាយុ​ជាង ៨៤​ឆ្នាំ បន្ទាប់មក​គឺ​ពលរដ្ឋ​នៅ​ប្រទេស​ស្វីស (Switzerland) ដែល​អាយុ​ជា​មធ្យម​ជាង​៨៣​ឆ្នាំ (៨៣.) ដែល​ខុសគ្នា​តែមួយ​ឆ្នាំ​ពី​ពលរដ្ឋ​ជប៉ុន​។ ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក​វិញ បើទោះបី​ជា​ប្រទេស​មហាអំណាច មាន​សេដ្ឋកិច្ច​ជឿនលឿន រួម​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​ពេទ្យ​ផង ក៏​ពលរដ្ឋ​អាមេរិកាំង ជា​មធ្យម រស់​ដល់​អាយុ​៧៦​ឆ្នាំ​កន្លះ (៧៦.) ហើយ​កត្តា​ចំបង​មួយ គឺ​បណ្តាល​មក​ពី​របប​អាហារ​ទទួល​ទាន​ប្រចាំថ្ងៃ។

អត្ថបទ​ចុះផ្សាយ​របស់​ទស្សនាវដី្ត​ជប៉ុន​បង្ហាញ​ថា កំណើន​នៃ​អាយុកាល​របស់​ពលរដ្ឋ​ជប៉ុន មក​ពី​កត្តា​ជាច្រើន​រួម​មាន កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ការគ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​មាន​ប្រសិទ្ធភាព របៀបរបប​ទទួលទាន​អាហារ កត្តា​ពូជ រចនាសម្ព័ន្ធ​សង្គម និង​ការបែងចែក​ប្រាក់​ចំណូល ជាដើម​។ អត្រា​ពលរដ្ឋ​ជប៉ុន​ស្លាប់​មាន​កម្រិត​ទាប ដោយសារ អត្រា​អ្នក​ធាត់​ខ្លាំង​មាន​កម្រិត​ទាប ក្រោម​៥% (​មនុស្ស​ប្រុស​៤.% និង​មនុស្ស​ស្រី ៣.%)​។ ពួកគេ​បរិភោគ​សាច់​ក្រហម ដូចជា សាច់គោ សាច់​ជ្រូក ជាដើម បរិមាណ​តិច ហើយ​ទទួលទាន​ត្រី​ច្រើន ចូលចិត្ត​ផឹក​តែ​ច្រើន និង​ទទួល​ទាន​ដំណេក​គ្រប់គ្រាន់ ចន្លោះ​ពី​៧​ម៉ោង ទៅ​៨​ម៉ោង​។ ចំណែក​ម្ហូប​អាហារ​វិញ ពលរដ្ឋ​ជប៉ុន មិន​ទទួលទាន​ច្រើន​ហួសហេតុ​រហូតដល់​ហល់​នោះ​ទេ គឺ​ទទួលទាន​ឲ្យ​ឆ្អែត ក្រពះ តែ​៨០%​ប៉ុណ្ណោះ​។ ភាគច្រើន​ពលរដ្ឋ​ជប៉ុន ចូលចិត្ត​ទទួល​បន្លែ​ច្រើន ដំឡូងជ្វា តៅហ៊ូ និង​សណ្តែកសៀង ដែល​អាហារ​ទាំងនោះ​មាន​ជីវជាតិ​ខ្ពស់ ប៉ុន្តែ​កាឡូរី​ទាប មាន​ជាតិ​ខ្លាញ់​និង​កូលេ​ស្តេរ៉ុល​តិច។

ទាក់ទង​នឹង​ការ​បរិភោគ​ឲ្យ​ឆ្អែត​ក្រពះ ត្រឹម​៨០% លោក​វេជ្ជបណ្ឌិត សៀង សេង ទទួលស្គាល់​ថា ការ​ញ៉ាំ​ច្រើន​នាំ​ឲ្យ​ក្រពះ​រីក​ខ្លាំង និង​ឧស្សាហ៍​ឃ្លាន​ច្រើន។ ការ​ញ៉ាំ​ច្រើន​ហួសហេតុ​នាំ​ឲ្យ​ធាត់​ខ្លាំង ដូចនេះ ជា​ការ​ល្អ គឺ​ញ៉ាំ​បរិមាណ​តិច តែ​ច្រើន​ដង ប្រសើរ​ជាង​ញ៉ាំ​ច្រើន​ហួសហេតុ តែមួយ​ដង។

វេជ្ជបណ្ឌិត សៀង សេង៖ «តាមពិត​បងប្អូន​យើង​ប្រហែល​យល់​ហើយ ភាគច្រើន​អ្នក​ញ៉ាំ​ច្រើន ពោះ​ឆ្អែត​តឹង​ហើយ នៅតែ​ចង់​ញ៉ាំ​ទៀត នៅ​ថែម​ទៀត ជំពូក​ហ្នឹងហើយ​ដែល​នាំ​ឲ្យ​ធាត់​។ ចំណែក​អ្នក​អាច​ទប់​ការ​ចង់​ញ៉ាំ​បាន ហ្នឹង​នាំ​ឲ្យ​មាន​សុខភាព​ល្អ​។ កាលណា​ក្រពះ​រីក​កាន់តែ​ខ្លាំង យើង​ពិសា​កាន់តែ​ច្រើន នាំ​ឲ្យ​ឃ្លាន​ឡើង ដូចនេះ​សង្កេតមើល​អ្នក​ហាត់ប្រាណ និង​អ្នក​ញ៉ាំ​តិច ក្រពះ​គេ​នៅ​តូច ដូចនេះ​គេ​ដាក់​បាន​ម្ហូប​តិច និង​មាន​សុខភាព​ល្អ​...»

អត្ថបទ​ចុះផ្សាយ​ដដែល​របស់​ទស្សនាវដី្ត​ជប៉ុន ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជប៉ុន ឧស្សាហ៍​ទៅ​ពិនិត្យ​សុខភាព​ទៀងទាត់​ណាស់ ដែល​អាច​ជួយ​ច្រើន​ប្រសិនបើ​គ្រូពេទ្យ​រក​ឃើញ​ជំងឺមហារីក និង​ជំងឺ​ដទៃទៀត ក្នុង​ដំណាក់កាល​ដំបូង គឺ​ពួកគេ​អាច​ព្យាបាល​ជំងឺ​ទាន់​ពេល​វេលា។ ប្រព័ន្ធ​សុខាភិបាល​ជប៉ុន​ក៏​ល្អ តម្លៃ​ថោក ដោយសារ​ប្រព័ន្ធ​ធានារ៉ាប់រង​សុខភាព​របស់​រដ្ឋ។ សំខាន់​ជាង​នេះ​ទៀត ពលរដ្ឋ​ជប៉ុន មាន​ប្រាក់ចំណូល​ខ្ពស់ ដោយសារ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

កត្តា​សំខាន់​មួយទៀត​ដែល​អាច​ជួយ​ឱ្យ​ពលរដ្ឋ​ជប៉ុន​មាន​អាយុ​វែង​នោះ គឺ​ពលរដ្ឋ​ជប៉ុន​វ័យ​ចំណាស់ៗ ចូលចិត្ត​ដាំ​បន្លែ ខាងក្រោយ​ផ្ទះ ដែល​នេះ​គឺជា​ភាព​សកម្ម​នៃ​រាងកាយ នាំ​ឲ្យ​មាន​សុខ​ភាពល្អ​។ ហើយ​ពួកគេ មិន​ចូលចិត្ត​នៅក្នុង​ផ្ទះ​ម្នាក់ឯង​ឯកោ​នោះ​ទេ គឺ​ចូលចិត្ត​ជួបជុំ​មិត្ត​ភ័ក្ត្រ​នៅក្នុង​សហគមន៍ ជជែក​លេង​ជាមួយគ្នា ផឹក​តែ ដែល​កត្តា​ទាំងនេះ​ហើយ ធ្វើ​ឲ្យ​ពួកគេ​មាន​សតិ​អារម្មណ៍​ល្អ មិន​កើត​ទុក្ខ និង​កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។