តើ​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ មាន​ផលវិបាក​អ្វីខ្លះ​ដល់​សុខភាព អំឡុង​ពេល​បិទ​ខ្ទប់?

ដោយ ម៉ៅ សុធានី
2021.04.29
តើ​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ មាន​ផលវិបាក​អ្វីខ្លះ​ដល់​សុខភាព អំឡុង​ពេល​បិទ​ខ្ទប់? ទិដ្ឋភាពពលរដ្ឋរស់​ក្នុង​តំបន់​បិទខ្ទប់ នា​រាជធានី​ភ្នំពេញ ទទួល​បាន​អំណោយ​ពី​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​២០២១។១
រូប​ពី​​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម

ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ ប្រជាពលរដ្ឋ​ក្រីក្រ​ភាគច្រើន ជាពិសេស​កម្មករ​កម្ម​ការី​នី​និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ ដែល​រក​ប្រាក់​ចំណូល​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កំពុង​ជួប​បញ្ហា​ដាច់​ស្បៀងអាហារ​ជា​បណ្តើរៗ​ហើយ​។​

តើ​បញ្ហា​ខ្វះ​ស្បៀង​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ អាច​បង្ក​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ស្ត្រី​មានគភ៌​និង​កុមារ​តូចៗ ដែល​ខ្វះ​អាហារូបត្ថម្ភ?

វេជ្ជបណ្ឌិត​ជំនាញ​សុខភាព​នៅ​កម្ពុជា និង​នៅ​សហរដ្ឋអាមេរិក យល់ស្រប​ដូចគ្នា​ថា ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ​តូចៗ ដែល​ខ្វះ​អាហារូបត្ថម្ភ មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព ទាំង​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ និង​ក្រោយ​ពេល​ដែល​កុមារ​កើត​។ បញ្ហា​សុខភាព​ទាំងនេះ រួមមាន ស្ត្រី​អាច​សម្រាលកូន​មិន​គ្រប់​ខែ ឬ​ទារក​នោះ​កើតមក​ខ្សោយ​និង​តូច​ពេក ព្រមទាំង​មាន​បញ្ហា​លំបាក​នៅពេល​ម្តាយ​សម្រាលកូន​ទៀត​ផង​។ ចំណែក​កុមារ​វិញ ក៏​បណ្តាល​​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង ដល់​ការលូតលាស់​ផ្នែក​រាងកាយ អាកប្បកិរិយា និង​ខួរក្បាល នៅពេល​ពួកគេ​ធំ​ឡើង។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ស្ត្រី​មាន​ផ្ទៃពោះ ក្រៅតែ​ពី​ត្រូវការ​អាហារូបត្ថម្ភ ទ្រទ្រង់​សុខភាព​និង​ចិញ្ចឹម​ទារក​ក្នុង​ផ្ទៃ ស្ត្រី​ក៏​ត្រូវ​ការ​កិច្ច​គាំទ្រ​ផ្នែក​ផ្លូវចិត្ត ពី​ក្រុម​គ្រួសារ​ផង​ដែរ​។ លោក​បន្ត​ថា បញ្ហា​ខ្វះ​ស្បៀងអាហារ​ទទួលទាន​គ្រប់គ្រាន់​សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ ក្នុងអំឡុងពេល​បិទ​ខ្ទប់​នេះ គឺជា​រឿង​គួរ​​ឱ្យ​ព្រួយបារម្ភ​៖ «ហ្នឹង​ប៉ះពាល់​ខ្លាំង បើសិនជា​គាត់​ខ្វះ​អាហារ​បំប៉ន​ទាំង​ម្តាយ​និង​កូន អាច​ប៉ះពាល់​ដល់​រាងកាយ​ម្តាយ​និង​ទារក​។ ទី​១ អាច​ធ្វើ​​ឱ្យ​គាត់​ស្លេកស្លាំង​នៅពេល​សំរាល​កូន ទី​២ អាច​​ឱ្យ​ទារក​ស្លាប់ ដោយសារ​គាត់​ខ្វះ​ទឹកភ្លោះ អ៊ីចឹង​ទេ វា​ប៉ះពាល់​ច្រើនណាស់​។ គាត់​មាន​ផ្ទៃពោះ​ហើយ​ហូប​មិន​គ្រប់ គ្មាន​ក្រុម​គ្រួសារ​​ម៉ែ​ឪ​នៅ​ជិត ហ្នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​ពេល​ដែល​គាត់​សម្រាលកូន​...»

ជុំវិញ​ក្តីបារម្ភ​នេះ កម្មការិនី​ម្នាក់​នៅ​រោងចក្រ ឌីន ហាន (DINHAN) លោកស្រី ចាន់ សុភ័ណ្ឌ អាយុ​២៩​ឆ្នាំ ដែល​មាន​ផ្ទៃពោះ​៩​ខែ រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​២ ត្អូញត្អែរ​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​ដាច់​ស្បៀងអាហារ​ហើយ និង​កំពុង​រង់ចាំ​ការចែក​ស្បៀង​ពី​អាជ្ញាធរ​។ លោកស្រី​បារម្ភ​ខ្លាំង​ពី​ទារក​ក្នុង​ផ្ទៃ នៅពេល​កើតឡើង​ក្រែងលោ​មាន​បញ្ហា​សុខភាព ព្រោះ​គ្មាន​បន្លែ​ផ្លែឈើ​បរិភោគ​បាន ដូច​ពីមុន​នោះ​ឡើយ៖ «បើ​និយាយ​ពី​ស្បៀងអាហារ​វិញ​គឺ​ដាច់​តែ​ហ្មង គ្មានអ្វី​ហូប​ទេ គ្មាន​បន្លែ​ផ្លែឈើ​ទេ ព្រោះ​គេ​បិទផ្លូវ​អស់ហើយ​។ ដល់ពេល​ហូប​ត្រីខ មី​អ៊ីចឹង យើង​អត់​សូវ​មាន​អ្វី​ប៉ូវ កូន​ក្នុង​ផ្ទៃ​ឥឡូវ​មិនសូវ​កម្រើក​ទេ។ ពេល​យើង​ហូប​ក្រៀមក្រោះ រាល់ថ្ងៃ​នេះ ហូប​តែ​តែ​ពងមាន់​ប្រចាំថ្ងៃ ហើយ​គឺ​ស្ងោ​ចៀន​តែ​ប៉ុណ្ណឹង​...»

អាស៊ីសេរី​មិនអាច​ទាក់ទង​អភិបាលក្រុង​ភ្នំពេញ​លោក ឃួង ស្រេង និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សាកសួរ​ពី​គម្រោង​កម្មវិធី​ពិសេស​សំរាប់​ផ្តល់​ស្បៀងអាហារ ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ ដែល​កំពុង​ខ្វះ​អាហារូបត្ថម្ភ នៅ​ថ្ងៃទី​២៨ មេសា បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នកទទួល​។ អាស៊ីសេរី ក៏​នៅ​មិន​ទាន់​មាន​ស្ថិតិ​ច្បាស់លាស់​ពី​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កុមារ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ខ្វះ​ស្បៀងអាហារ ក្នុងអំឡុងពេល​រដ្ឋាភិបាល​បិទ​ខ្ទប់ រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ នោះ​ដែរ។

ចាប់តាំងពី​មានការ​ផ្ទុះ​ជំងឺ​កូវីដ១៩​ចូលក្នុង​សហគមន៍​ជា​លើក​ទី​៣ និង​ការ​បិទ​ខ្ទប់​ក្រុង​មក មានការ​បង្ហោះ​សារ​រិះគន់​ជាច្រើន​តាម​បណ្ដាញ​សង្គម ជុំវិញ​ការ​លំបាក​របស់​ពលរដ្ឋ​ក្នុង​ការ​ស្វែងរក​សេវា​សុខាភិបាល​សម្រាប់​ស្ត្រី​ឆ្លងទន្លេ និង​អ្នក​ជំងឺ​ផ្សេង​ទៀត។

ពាក់ព័ន្ធ​នឹង​បញ្ហា​ដាច់​ស្បៀងអាហារ​នេះ លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ក៏​អំពាវនាវ​សុំ​​ឱ្យ​សមត្ថកិច្ច ជំរុញ និង​ពន្លឿន​ចែក​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​​ឱ្យ​បាន​ឆាប់រហ័ស ជាពិសេស ផ្តោត​លើ​ស្ត្រី​មាន​ផ្ទៃពោះ កុមារ​និង​មនុស្ស​ចាស់ៗ​។ ជាង​នេះ​ទៅ​ទៀត លោក​វេជ្ជបណ្ឌិត ក៏​ផ្តល់​ដំបូន្មាន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ បើសិន​អាច​ធ្វើ​ទៅ​បាន គួរ​កុំ​នៅ​ស្ងៀម ព្យាយាម​ដើរ​បន្តិចបន្តួច​នៅក្នុង​ផ្ទះ ឬ​ជុំវិញ​បរិវេណ​ផ្ទះ ដើម្បី​សុខភាព​ទាំង​ម្តាយ​និង​ទារក​៖ «ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​លើកទឹកចិត្ត​ច្រើន ចំពោះ​គាត់ ដូចជា​គ្រូពេទ្យ​ខាង​ឆ្មប​ជំនាញៗ ត្រួតពិនិត្យ​អប់រំ​គាត់​ផ្នែក​ផ្លូវចិត្ត កុំ​​ឱ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ​ឱ្យ​គាត់​មាន​ការ​ហូប​គ្រប់គ្រាន់​និង​មាន​សេរីភាព​ត្រឹមត្រូវ​ដើម្បី​ដើរហើរ​ជុំវិញ​ផ្ទះ ព្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​គេ​តម្រូវ​​ឱ្យ​ដើរ​យ៉ាងតិច ១​ម៉ោង ដើម្បី​ពេល​សម្រាល​នោះ​នឹង​អាច​សម្រាលកូន​បាន​ស្រួល​...»

កម្មការិនី​លោកស្រី ចាន់ សុភ័ណ្ឌ ដែល​ធ្វើការ​នៅ​រោងចក្រ ឌីន ហាន ដែល​មាន​កម្មករ​ឆ្លង​ជំងឺ​កូវីដ​១៩​ច្រើន បាន​ប្រាប់​អាស៊ីសេរី​ថា លោកស្រី​ទៅ​ពិនិត្យ​គភ៌​ទៀងទាត់​រៀងរាល់​ខែ លើកលែងតែ​ក្នុង​ខែ​មេសា​នេះ ដោយសារ​គ្រូពេទ្យ​បដិសេធ នៅពេល​លោកស្រី​បង្ហាញ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ឬ​ហៅ​កាត់​ថា «​..ស​» និង​ពី​កន្លែងធ្វើការ​។ បន្ថែម​ពី​នេះ លោកស្រី​ក៏​ព្រួយបារម្ភ​ពី​សុខភាព​របស់​កូនស្រី​ច្បង អាយុ​ជិត​៤​ឆ្នាំ ដែល​មាន​រាងកាយ​ស្គមស្គាំង​ខ្លាំង ដោយសារ​គ្មានអ្វី​ហូបចុក​៖ «ពីមុន​រាង​មាន​សាច់ តែ​ឥឡូវ​តាំងពី​​ឱ្យ​នៅក្នុង​ផ្ទះ​មក នៅ​សល់​តែ​ស្បែក​និង​ឆ្អឹង​ដែរ ព្រោះ​វា​ហូប​អត់​គ្រប់គ្រាន់​។ ខ្ញុំ​ចាំ​គេ​ចែក​អំណោយ​រហូត តែ​ចែកៗ​នៅ​ជុំវិញ​កន្លែង​ខ្ញុំ​បាន ប៉ុន្តែ​នៅ​ជួរ​ផ្ទះ ខ្ញុំ​អត់​បាន​...»

ចំណែក​លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ម្ចាស់​គ្លីនិក នៅ​ក្រុង​លីន (Lynn) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) បាន​ពន្យល់​ប្រាប់​ថា បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ចំពោះ​កុមារ​តូចៗ ក្រៅតែ​ពី​បណ្តាល​​ឱ្យ​កុមារ មាន​រូបរាង​ស្គាំងស្គម ក្រិន និង​ឧស្សាហ៍​ឈឺ ពួកគេ​ក៏​មិនអាច​ផ្តោត​អារម្មណ៍​លើ​ការរៀនសូត្រ​បាន​ដែរ​។ លោក​បន្ត​ថា កុមារ​ទាំងនោះ​នឹង​មាន​បញ្ហា​អាកប្បកិរិយា​មិន​នឹងន និង​ផ្លូវចិត្ត​ធ្ងន់ធ្ងរ រហូតដល់​មាន​ករណី​ខ្លះ អាច​ក្លាយ​ខ្លួន​ទៅជា​អ្នក​ញៀន​សុរា និង​គ្រឿងញៀន ជាដើម នៅ​ពេល​ដែល​ពួកគេ​ធំ​ដឹងក្តី៖ «ក្មេង​នោះ​អត់​មាន​ម្ហូបអាហារ​ញ៉ាំ​យូរ​ខែ​និង​យូរ​ឆ្នាំ ហ្នឹង​វា​នឹង​មាន​បញ្ហា ដែល​បណ្តាល​​ឱ្យ​សុខភាព​ក្មេង​មិនល្អ មិនសូវ​លូតលាស់​។ ខ្លួន​យើង​ម្នាក់ៗ បើ​យើង​ញ៉ាំ​ខ្វះ​ជីវជាតិ ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ មេរោគ​អ្វី​អាច​ជ្រាប​ចូលក្នុង​ខ្លួន​បាន​...»

គេហទំព័រ​សុខភាព​វ៉ិប​អឹមឌី (WebMD) របស់​អាមេរិក ​ឱ្យ​ដឹង​ថា បញ្ហា​ខ្វះ​ស្បៀងអាហារ​បរិភោគ​រយៈពេល​យូរ វា​បង្ក​​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្តន៍​ទៅជា​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ដូចជា មាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​២ (Type-2 Diabetes) ជំងឺមហារីក ជំងឺ​បេះដូង​និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (Heart disease and Stroke) ជាដើម។

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ អង្គការ​យូនីសេហ្វ (UNICEF) បាន​ផ្តល់​ទឹកប្រាក់​ចំនួន​៧​លាន​ដុល្លារ ដល់​កម្ពុជា សំរាប់​គាំទ្រ​ដល់​សាលារៀន និង​សិស្សានុសិស្ស ដើម្បី​ការពារ​សុវត្ថិភាព និង​អាច​បន្ត​ការសិក្សា​តាម​អន​ឡាញ (Online) ក្នុង​អំឡុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ដែល​បណ្តាល​​ឱ្យ​កុមារ​ខ្មែរ ជាង​៣​លាន​នាក់ ខកខាន​មិនបាន​ទៅ​សាលារៀន។

បន្ថែម​ពី​នេះ អង្គការ​យូនីសេហ្វ (UNICEF) ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំងអស់​ក្នុង​ពិភពលោក ​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ជួយ​ដល់​កុមារ​ខ្វះ​អាហារូបត្ថម្ភ និង​ស្ត្រី​មាន​ផ្ទៃពោះ ចំនួន​ទឹកប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ (2.4 billion) ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។