អង្គការសុខភាពពិភពលោកបារម្ភពីភាពស៊ាំនៃការប្រើថ្នាំអង់ទីប៊ីយូទីកសម្លាប់មេរោគឬបាក់តេរី
2022.04.07
អង្គការសុខភាពពិភពលោក (WHO) បារម្ភពីភាពស៊ាំនៃថ្នាំអង់ទីប៊ីយូទីក (Antibiotic Resistance) ឬថ្នាំផ្សះ ដែលប្រើសម្រាប់សម្លាប់មេរោគ ឬបាក់តេរី។ ភាពស៊ាំនៃថ្នាំទាំងនោះបណ្តាលឲ្យមនុស្សរាប់សែននាក់ស្លាប់ ក្នុងមួយឆ្នាំៗ នៅទូទាំងពិភពលោក។
តើគេអាចមានវិធីណាខ្លះ ដើម្បីការពារភាពស៊ាំនៃការប្រើថ្នាំអង់ទីប៊ីយូទីកនេះ?
វេជ្ជបណ្ឌិតជំនាញរបស់អង្គការសុខភាពពិភពលោកបារម្ភពីភាពស៊ាំនៃការប្រើប្រាស់ថ្នាំផ្សះអង់ទីប៊ីយូទីក (Antibiotic Resistance) សម្រាប់សម្លាប់បាក់តេរី នឹងអាចបណ្តាលឲ្យពិភពលោក ជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសារការរាតត្បាតយ៉ាងខ្លាំង នៃមេរោគឬបាក់តេរី ដែលមិនអាចគ្រប់គ្រងបាន។
អង្គការសុខភាពពិភពលោក (WHO) ព្រមានថា បញ្ហាភាពស៊ាំនៃថ្នាំផ្សះនេះ គឺជាបញ្ហាសកល ដែលពិភពលោកកំពុងជួបបញ្ហាខ្វះថ្នាំផ្សះ ឬថ្នាំអង់ទីប៊ីយូទីកប្រភេទថ្មី សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃបាក់តេរីកំណាចៗ ដែលស៊ាំទៅនឹងថ្នាំ។ បច្ចុប្បន្ននេះ បាក់តេរីដែលស៊ាំនឹងថ្នាំផ្សះ បានសម្លាប់ជីវិតមនុស្សនៅទូទាំងពិភពលោក យ៉ាងហោចណាស់ ៧០ម៉ឺននាក់ (៧០០.០០០) ក្នុងមួយឆ្នាំៗ។
លោកឱសថការី លឹម សួរ នៅប្រទេសអូស្ត្រាលី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរភាគច្រើនយល់ច្រឡំពីការប្រើប្រាស់ថ្នាំផ្សះអង់ទីប៊ីយូទីក។ លោកថា ការប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯង មិនត្រឹមត្រូវតាមវេជ្ជបញ្ជា ឬការប្រើថ្នាំព្យាបាលមិនចំជំងឺ ឬលេបមិនគ្រប់ដូស ដែលយូរៗទៅធ្វើឲ្យថ្នាំនោះ វាស៊ាំនឹងមេរោគ ឬនិយាយម្យ៉ាងទៀត គឺថ្នាំដែលធ្លាប់លេបនោះលែងមានប្រសិទ្ធភាព ដែលបញ្ហានេះបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកជំងឺ ទៅថ្ងៃអនាគត៖ «ថ្នាំផ្សះជាអាវុធមុខ២ កាំបិតនេះប្រើសម្លាប់គេ (មេរោគ) តែបើប្រើមិនប្រយ័ត្ន គឺសម្លាប់ខ្លួនយើងទៅវិញ។ យើងសម្លាប់មេរោគឲ្យវាស្លាប់ មិនមែនគ្រាន់តែវ៉ៃវាឲ្យសន្លប់នោះទេ ទៅឱសថដ្ឋាន វេជ្ជបណ្ឌិតគេឲ្យមក។ ថ្នាំផ្សះសព្វថ្ងៃនេះ ពិបាកដោយសារវេជ្ជបណ្ឌិត គាត់ចេះតែចេញជូនឲ្យ ហើយមិនបានប្រុងប្រយ័ត្ន ក៏ជាបញ្ហាដល់ពិភពលោកដែរ។ ហើយថ្នាំផ្សះខ្លះទៀត យើងចេះតែញ៉ាំច្រើន វានាំឲ្យស៊ាំ ដល់ពេលយើងឈឺមែនទែន ដាក់ថ្នាំអត់ត្រូវទេ...»។
របាយការណ៍ស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បង្ហាញក្តីបារម្ភថា មេរោគជាច្រើន រួមមានជំងឺរលាកផ្លូវដង្ហើម ជំងឺឆ្លងកាមរោគផ្សេងៗ និងជំងឺឆ្លងនានាជាដើម អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត ដោយសារមិនអាចព្យាបាលឲ្យអ្នកជំងឺជាសះស្បើយបានឡើយ ដោយសារភាពស៊ាំនៃថ្នាំផ្សះអង់ទីប៊ីយូទីកទាំងនោះ។
ពាក់ព័ន្ធភាពស៊ាំនៃការប្រើថ្នាំអង់ទីប៊ីយូទីកនេះ លោក វេជ្ជបណ្ឌិត ម៉ៃ សុខារិទ្ធ ម្ចាស់គ្លីនីក នៅក្រុងលីន (Lynn) រដ្ឋម៉ាស្សាឈូសេត (Massachusetts) មានប្រសាសន៍ថា ពលរដ្ឋខ្មែរ ចូលចិត្តប្រើថ្នាំផ្សះឬអង់ទីប៊ីយូទីក ដែលមិនចាំបាច់ ដូចជាកើតជំងឺគ្រុនផ្តាសាយធម្មតា ឈឺបំពង់ក ជាដើម។ លោកថា ការប្រើប្រាស់ថ្នាំផ្សះច្រើនពេក និងរយៈពេលយូរ បណ្តាលឲ្យប្រព័ន្ធការពារខ្លួនស៊ាំទៅនឹងថ្នាំផ្សះ៖ «ខ្មែរយើងគាត់ចូលចិត្តប្រើថ្នាំអង់ទីប៊ីយូទីក ដែលមិនចាំបាច់ ដូចជាគ្រុនផ្តាសាយធម្មតា គាត់លេបថ្នាំប្រភេទអាម៉ុកស៊ីគ្លីន។ ហើយគាត់ក្តៅខ្លួនកាន់តែខ្លាំង គាត់ទៅជួបពេទ្យទៀត មួយខែ២ដង គាត់លេបច្រើនដង ដល់ពេលគាត់ឆ្លងមេរោគ (Infection) មែនទែន គាត់លេបថ្នាំលែងត្រូវ។ ឧទាហរណ៍ ដូចជាគាត់មកសុំ ថ្នាំព្យាបាលឈឺក្បាលជង្គង់ ឈឺឆ្អឹងឆ្អែង មិនចាំបាច់មានវេជ្ជបញ្ជា ប្រសិនបើអ្នកជំងឺនោះ មានជំងឺតម្រងនោម អាចធ្វើឲ្យមានបញ្ហាច្រើនទៀត។ បន្ថែមពីនេះ ប្រសិនបើគាត់មានជំងឺក្រពះ ឬដំបៅក្រពះ វាអាចឲ្យឈាមក្រពះ ដូចនេះថ្នាំផ្សះ មិនមែនចេះតែលេបផ្តេសផ្តាសនោះទេ...»។
លោកវេជ្ជបណ្ឌិតខ្មែរ-អាមេរិកាំងរូបនេះ ពន្យល់អំពីភាពខុសគ្នានៃជំងឺជាច្រើនដែលអាច បណ្តាលមកពីមេរោគវីរុស (Virus) និងមេរោគបាក់តេរី។ លោកថា អ្នកជំងឺខ្មែរភាគច្រើន ពេលមកជួបលោក តែងតែចង់បានថ្នាំផ្សះខ្លះ យកទៅផ្ញើបងប្អូនឬក្រុមគ្រួសារនៅប្រទេសកម្ពុជា ហើយដែលទង្វើនេះមិនត្រឹមត្រូវនោះឡើយ៖ «Infection មានពីរយ៉ាង ទី១ មេរោគដោយសារវីរុស និងមួយទៀតមកពីបាក់តេរី។ ប្រសិនបើបណ្តាលមកពីវីរុសទេ ដូចជាផ្ដាសាយធម្មតា ក្តៅខ្លួន យើងអត់ចាំបាច់ប្រើថ្នាំទេ។ បើសិនបណ្តាលមកពីបាក់តេរី នោះយើងត្រូវការថ្នាំព្យាបាលអង់ទីប៊ីយូទីក ឩទាហរណ៍ កើតជំងឺរលាកសួត។ ខ្មែរយើងភាគច្រើន ចូលចិត្តមកសុំថ្នាំឲ្យត្រជាក់ខ្លួន ឬទិញថ្នាំផ្តេសផ្តាសមកលេប ឬមួយទៅជួបគ្រូពេទ្យខ្លះ គាត់ចេះតែឲ្យថ្នាំផ្សះ ដើម្បីឲ្យអ្នកជំងឺស្ងប់ចិត្ត...»។
របាយការណ៍របស់អង្គការសុខភាពពិភពលោកដដែលបន្តថា ចាប់ពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន គ្មានការផលិតថ្នាំផ្សះ អង់ទីប៊ីយូទីកថ្មីៗនោះឡើយ ខណៈថ្នាំផ្សះ អង់ទីប៊ីយូទីកដែលផលិតពីមុន មានប្រសិទ្ធភាពទាបៗទៅ ដោយសារភាពស៊ាំនៃបាក់តេរី ដែលមានអត្រាកើនឡើងជាលំដាប់។
ជុំវិញបញ្ហានេះ លោកឱសថការី លឹម សួរ អះអាងថា ប្រសិនបើក្រុមអ្នកវេជ្ជសាស្ត្រ មិនបានយកចិត្តទុកដាក់ខ្លាំងនៃបញ្ហាស៊ាំនៃថ្នាំផ្សះអង់ទីប៊ីយូទីក (Antibiotic Resistance) នោះទេ ប្រជាពលរដ្ឋក្នុងពិភពលោក រាប់លាននាក់ នឹងបាត់បង់ជីវិត ក្នុងមួយឆ្នាំៗ ពីព្រោះថ្នាំចាស់អស់ប្រសិទ្ធភាព ក្នុងគ្រាដែលអ្នកវិទ្យាសាស្ត្ររកថ្នាំថ្មីមិនទាន់ឃើញ ឬផលិតមិនទាន់៖ «ពិភពលោកព្រួយបារម្ភណាស់ ប្រសិនបើចេះតែប្រើប្រាស់មិនដឹងអី ប្រសិនបើវារាតត្បាតដូចកូវីដ១៩ គឺពិភពលោកយើងចប់ហើយ ព្រោះអត់មានថ្នាំទប់វា។ កូវីដ១៩ យ៉ាងហោចណាស់ វាជាមេរោគយើងមានវ៉ាក់សាំង ប៉ុន្តែបាក់តេរី វាអត់មានវ៉ាក់សាំង។ ការប្រើប្រាស់ផ្តេសផ្តាសនេះ គឺវានាំឲ្យគ្រោះថ្នាក់ មិនត្រឹមតែនៅកម្ពុជាទេ គឺគ្រោះថ្នាក់ពិភពលោកតែម្តង។ សព្វថ្ងៃនេះ ក្រុមហ៊ុនថ្នាំធំៗ ដែលមានលុយរាប់កោដ្ឋដុល្លារ គេមិនចំណាយប្រាក់ស្រាវជ្រាវរកថ្នាំផ្សះទៀតទេ គឺមានតែចាស់ៗ...»។
អង្គការសុខភាពពិភពលោកផ្តល់ដំបូន្មានថា ដើម្បីការពារនិងទប់ស្កាត់ភាពស៊ាំនៃការប្រើថ្នាំអង់ទីប៊ីយូទីក (Antibiotic Resistance) សំខាន់បំផុត គឺត្រូវថែទាំសុខភាពល្អមាំមួន ចាក់ថ្នាំបង្ការជំងឺផ្សេងៗ ដូចជាវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយធំ រៀបចំម្ហូបអាហារឲ្យមានអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពេលក្អកវិញត្រូវខ្ទប់មាត់ច្រមុះ នៅពេលឈឺមិនស្រួលខ្លួន សំរាកនៅផ្ទះ ជាដើម។ បន្ថែមពីនេះ ប្រទេសនានាក្នុងពិភពលោក ត្រូវរៀបចំគំរោងផែនការសកម្មភាពជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីផ្សព្វផ្សាយពីគ្រោះថ្នាក់អំពីភាពស៊ាំនៃការប្រើថ្នាំផ្សះអង់ទីប៊ីយូទីក ទៅលើមនុស្ស សុខភាពសត្វ និងរុក្ខជាតិ។ ហើយបើធ្លាក់ខ្លួនឈឺ ត្រូវជួបគ្រូពេទ្យ ហើយលេបថ្នាំឱ្យបានត្រឹមត្រូវតាមគ្រូពេទ្យណែនាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។