លោក ប៊្រែដ អាដាម ថាទង្វើរបស់លោក ហុង សុខហួរ មិនមែនជាបទល្មើសព្រហ្មទណ្ឌ
2015.08.18
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យដឹងថា ការចាប់ខ្លួន ចោទប្រកាន់ និងដាក់ពន្ធនាគារសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីច្បាប់អន្តរជាតិ ដែលកម្ពុជា ទទួលស្គាល់ជាច្បាប់ជាតិ។
លោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ទទួលបន្ទុកតំបន់អាស៊ី បញ្ជាក់ថា បើទោះជាលោកទទួលស្គាល់ថា ទង្វើរបស់សមាជិកព្រឹទ្ធសភារូបនេះខ្វះការទទួលខុសត្រូវ ដោយការបង្ហោះឯកសារមិនពិតស្ដីពីសន្ធិសញ្ញាមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ត្រង់ចំណុចប្រការ៤ ក៏ដោយ ក៏ទង្វើនេះមិនមែនជាបទល្មើសឧក្រិដ្ឋ ដូចការចោទប្រកាន់នោះឡើយ។
លោក ជីវិតា៖ ជម្រាបសួរ លោក ប៊្រែដ អាដាម! ដូចលោកជ្រាបហើយថា កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០១៥ នេះ តុលាការក្រុងភ្នំពេញ បានចោទប្រកាន់សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ពីគណបក្ស សម រង្ស៊ី ៣បទល្មើស គឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម និងបទញុះញង់ ហើយបានបញ្ជូនទៅឃុំក្នុងពន្ធនាគារ។ តើលោកមានប្រតិកម្មអ្វីចំពោះរឿងនេះ?
លោក ប្រ៊ែដ អាដាម៖ ជាគោលការណ៍គ្មានហេតុផលណាមួយ ដើម្បីចោទប្រកាន់នរណាម្នាក់ពីបទឧក្រិដ្ឋ ដោយសារតែបានសម្ដែងមតិដោយសន្តិវិធីនោះទេ។ វាគួរឲ្យអស់សំណើចណាស់ ដែល លោក ហ៊ុន សែន ប្រកាសថា លោក ហុង សុខហួរ បានប្រព្រឹត្តអំពើក្បត់ជាតិ ហើយបញ្ជាប៉ូលិសឲ្យចាប់ខ្លួនគាត់។ ក្រោមច្បាប់អន្តរជាតិដែលកម្ពុជា ទទួលស្គាល់ការសម្ដែងមតិអំពីអ្វីមួយដោយសន្តិវិធី មិនមែនជាបទឧក្រិដ្ឋទេ។ ប៉ុន្តែអកុសល រដ្ឋាភិបាលកម្ពុជា ជាញឹកញយតែងប្រើវិធីគំរាមកំហែង និងចាប់ខ្លួនជនទាំងឡាយណាដែលបញ្ចេញមតិ ជាមតិដែលរដ្ឋាភិបាលមិនពេញចិត្ត។
ទោះជាយ៉ាងណាក៏ដោយ ឯកសារសន្ធិសញ្ញាត្រង់ប្រការ៤ ដែលសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) នោះបង្ហាញថា វាជាឯកសារក្លែងក្លាយ ប៉ុន្តែមិនមានភស្តុតាងបញ្ជាក់ថា សមាជិកព្រឹទ្ធសភារូបនេះជាអ្នកដែលសរសេរក្លែងឯកសារនោះទេ។ អ្វីដែលគួរឲ្យបារម្ភនោះ គឺថាឥឡូវ លោក ហ៊ុន សែន និយាយថា ការបង្ហោះឯកសារមិនពិតនៅលើប្រព័ន្ធអ៊ីនធឺណិត (Internet) ឬហ្វេសប៊ុក គឺជាបទឧក្រិដ្ឋ។ បើការបង្ហោះនោះជាបទល្មើសឧក្រិដ្ឋដូច្នេះ ពលរដ្ឋកម្ពុជា ច្រើនណាស់នឹងជាប់ចោទពីបទឧក្រិដ្ឋ។ ប្រសិនបើការបង្ហោះព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវចាប់ខ្លួននោះ លោក ហ៊ុន សែន ខ្លួនឯងនឹងត្រូវចាប់ខ្លួនដែរ ពីព្រោះ លោក ហ៊ុន សែន និយាយខុសច្រើនណាស់ ហើយសម្ដីខុសទាំងនោះរបស់គាត់ ត្រូវបានគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល យកទៅបង្ហោះនៅលើប្រព័ន្ធអ៊ីនធឺណិត ឬបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះ វាជាការមិនល្អទេដែលធ្វើការលាបពណ៌ចោទថា ការជជែកបញ្ចេញមតិ និងកិច្ចសន្ទនានយោបាយ ជាបទឧក្រិដ្ឋនោះ។ ការធ្វើបែបនេះ វាកាន់តែរុញច្រានកម្ពុជា ឲ្យឃ្លាតឆ្ងាយទៅៗចេញពីគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតែប៉ុណ្ណោះ ហើយពេលនោះ ប្រទេសកម្ពុជា នឹងធ្លាក់ចូលក្នុងស្ថានភាពមួយដែលរាល់ពាក្យសម្ដីរបស់ លោក ហ៊ុន សែន គឺជាច្បាប់។
លោក ជីវិតា៖ ការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាធ្វើឡើងដោយមិនបានដកអភ័យឯកសិទ្ធិ ដែលធានាដោយរដ្ឋធម្មនុញ្ញជាមុនឡើយ។ តើលោកមានយោបល់អ្វីដែរ?
លោក ប្រ៊ែដ អាដាម៖ រដ្ឋធម្មនុញ្ញកម្ពុជា ផ្តល់អភ័យឯកសិទ្ធិដល់សមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីការពារពួកគេពីការចោទប្រកាន់មិនសមរម្យនានា ប៉ុន្តែបើសមាជិករដ្ឋសភា និងព្រឹទ្ធសភា ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ឧទាហរណ៍ថា គាត់កាន់កាំភ្លើងទៅប្លន់ហាងអ្វីមួយ បទល្មើសជាក់ស្តែងបែបនោះ អភ័យឯកសិទ្ធិរបស់គាត់មិនអាចការពារគាត់បានទេ ហើយសមត្ថកិច្ចត្រូវតែចាប់ខ្លួនគាត់។ ប៉ុន្តែបើមិនមានបទល្មើសព្រហ្មទណ្ឌជាក់ស្តែងទេ ដំណើរការតាមនីតិវិធី ដើម្បីដកអភ័យឯកសិទ្ធិ ត្រូវតែធ្វើឡើងមុននឹងចាប់ខ្លួនសមាជិករដ្ឋសភា ឬព្រឹទ្ធសភាណាម្នាក់។ ប៉ុន្តែយើងឃើញថា ករណី លោក ហុង សុខហួរ នេះ ព្រឹទ្ធសភាកម្ពុជា មិនបានគោរពតាមនីតិវិធីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។ ពួកគេគួរតែបានកោះប្រជុំវិសាមញ្ញមួយ ហើយដកអភ័យឯកសិទ្ធិគាត់ជាមុន មុននឹងចាប់ខ្លួន ប៉ុន្តែមើលទៅប្រហែលជារដ្ឋាភិបាល ឬលោក ហ៊ុន សែន មិនចង់ឲ្យខាតពេល ដូច្នេះការចាប់ខ្លួនដោយមិនបានដកអភ័យឯកសិទ្ធិ វាជាការរំលោភរដ្ឋធម្មនុញ្ញ។
លោក ជីវិតា៖ រដ្ឋាភិបាលចោទថា លោក ហុង សុខហួរ បង្ហោះឯកសារនោះបានបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ហើយព្រះរាជអាជ្ញាចោទពីបទញុះញង់។ តើលោកថាយ៉ាងម៉េច?
លោក ប្រ៊ែដ អាដាម៖ ការសម្ដែងចេញនូវអ្វីមួយដោយសន្តិវិធី មិនមែនបទល្មើសព្រហ្មទណ្ឌទេ ប៉ុន្តែការញុះញង់ឲ្យប្រព្រឹត្តហិង្សា គឺជាបទល្មើសព្រហ្មទណ្ឌ។ ចំពោះករណី លោក ហុង សុខហួរ មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ សមាជិកព្រឹទ្ធសភាម្នាក់នេះ មិនបានបង្ហោះពាក្យសម្ដីញុះញង់ ឬអំពាវនាវនរណាម្នាក់ឲ្យប្រព្រឹត្តអំពើហិង្សាឯណា។ ខ្ញុំនិយាយនេះមិនមែនកាន់ជើងគាត់ទេ ខ្ញុំទទួលស្គាល់ដែលគាត់បង្ហោះឯកសារក្លែងក្លាយ ហើយមិនគួរនរណាម្នាក់បង្ហោះព័ត៌មានដែលខ្វះការពិតនៅលើប្រព័ន្ធអ៊ីនធឺណិតដូច្នេះឡើយ។ ប្រសិនបើគាត់ប្រឹងប្រែងរកប្រភពបញ្ជាក់អំពីភាពត្រឹមត្រូវនៃឯកសារនោះ គាត់ប្រហែលជាអាចដឹងថា ឯកសារនោះជាឯកសារក្លែងក្លាយ។ ប៉ុន្តែមើលទៅ ប្រហែលជាគាត់ចង់វាយប្រហារទៅលើគណបក្សប្រជាជនកម្ពុជា ច្រើនជាង។ ការធ្វើបែបនេះ គឺជាទង្វើខ្វះការទទួលខុសត្រូវមួយរបស់គាត់។ ហើយដោយសារតែគាត់ជាអ្នកនយោបាយដែលមានសម្ព័ន្ធភាពជាមួយគណបក្សសង្គ្រោះជាតិ ផង ខ្ញុំគិតថា ធ្វើឲ្យសាធារណជនវាយតម្លៃមិនល្អដល់គណបក្សសង្គ្រោះជាតិ ដែរ។ ប៉ុន្តែនេះមិនមែនជាអំពើឧក្រិដ្ឋទេ។ កន្លងមក ទាំងមន្ត្រីគណបក្សប្រជាជនកម្ពុជា ទាំង លោក ហ៊ុន សែន និយាយខុស ធ្វើខុស បែបខ្វះការទទួលខុសត្រូវ ផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានច្រើនណាស់។ ប្រសិនបើទង្វើខ្វះការទទួលខុសត្រូវនេះ ត្រូវចាត់ទុកថាជាបទឧក្រិដ្ឋនោះ ទាំង លោក ហ៊ុន សែន និងមន្ត្រីគណបក្សកាន់អំណាចទាំងនោះ ទៅនៅក្នុងពន្ធនាគារយូរហើយ។
លោក ជីវិតា៖ សមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ បានឲ្យអ្នកសារព័ត៌មានដឹងមុនការចាប់ខ្លួនថា គាត់ជាជនរងគ្រោះនៃប្រព័ន្ធអ៊ីនធឺណិត ហើយលោកប្រកាសថា នឹងកែតម្រូវអំពើខុសឆ្គងនោះ។ តើការប្រកាសទទួលស្គាល់កំហុសរបស់ខ្លួននោះ អាចល្មមសមរម្យឲ្យរដ្ឋាភិបាលឈប់ចាប់ទោសអូសដំណើរគាត់ទេ?
លោក ប្រ៊ែដ អាដាម៖ ប្រសិនបើគាត់ប្រព្រឹត្តបទឧក្រិដ្ឋមែន ការសារភាពទទួលកំហុសមិនអាចឲ្យគាត់រួចផុតពីទោសឧក្រិដ្ឋបានទេ។ ចំពោះបទឧក្រិដ្ឋ ការសារភាពទទួលកំហុសគ្រាន់តែជួយបន្ថយស្ថានសម្រាលទោសតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំសូមបញ្ជាក់ម្តងទៀត ទង្វើរបស់សមាជិកព្រឹទ្ធសភាពីគណបក្ស សម រង្ស៊ី រូបនេះ មិនមែនជាបទឧក្រិដ្ឋទេ។ ទង្វើរបស់គាត់នេះ ប្រសិនបើគាត់រស់នៅក្នុងប្រទេសមួយគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមានការទទួលខុសត្រូវប្រកបដោយសតិសម្បជញ្ញៈនោះ ទីមួយគាត់មិនត្រូវបានចាប់ខ្លួនឡើយ។ ទី២ ប្រការដែលគាត់បានប្រកាសទទួលស្គាល់កំហុសរបស់ខ្លួនហើយនោះ រដ្ឋាភិបាលឈប់រករឿងគាត់បាត់ទៅហើយ។ នៅសហរដ្ឋអាមេរិក ទីដែលខ្ញុំរស់នៅនេះ មួយថ្ងៃៗមនុស្សម្នាបង្ហោះព័ត៌មានរឿងរ៉ាវឆ្កួតៗ ដែលខ្វះការទទួលខុសត្រូវច្រើនណាស់នៅលើប្រព័ន្ធអ៊ីនធឺណិត ដូចជាមានអ្នកចោទលោកប្រធានាធិបតី អូបាម៉ា (Obama) ថាមិនបានកើតនៅក្នុងសហរដ្ឋអាមេរិក ទេ ជាអ្នកកាន់សាសនាឥស្លាម និងចោទគាត់ថាជាជនសង្គមនិយម មានបំណងក្ដោបក្ដាប់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញចោលនូវរបបមូលធននិយមជាដើម។ មនុស្សសរសេរផ្សព្វផ្សាយរឿងអ៊ីចឹងៗច្រើនណាស់ក្នុងមួយថ្ងៃៗ វាមិនមែនជាបទឧក្រិដ្ឋទេ ហើយរដ្ឋាភិបាលក៏មិនអើពើចាប់អារម្មណ៍យកទោសអូសដំណើររឿងអ៊ីចឹងៗឡើយ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលទទួលខុសត្រូវ ប្រកាន់យកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ប្រាកដជាបំភ្លេចចោលការបង្ហោះឯកសារនេះហើយ។
លោក ជីវិតា៖ ការចាប់ខ្លួននេះ ស្របពេលដែលមានចលនាតវ៉ាច្រើនអំពីបញ្ហាព្រំដែនជាមួយវៀតណាម ហើយផ្ទៃក្នុងកម្ពុជា ពោល គឺអ្នកនយោបាយនៃគណបក្សធំទាំងពីរ មានការខ្វែងយោបល់គ្នាអំពីផែនទីព្រំដែនជាមួយវៀតណាម។ ដូច្នេះ ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ចំពេលនេះ ចំពោះលោកមានអ្វីចម្លែកទេ?
លោក ប្រ៊ែដ អាដាម៖ នេះជាការចាប់ខ្លួនដែលមានចរិតនយោបាយ។ វាជាឱកាសរបស់ លោក ហ៊ុន សែន ក្នុងការព្យាយាមបំបិទមាត់គណបក្សសង្គ្រោះជាតិ ឲ្យនៅស្ងៀមស្ងាត់អំពីបញ្ហាព្រំដែន។ សូមបញ្ជាក់ថា ខ្ញុំ និងអង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ មិនមានជំហរអំពីបញ្ហាព្រំដែនកម្ពុជា ថាគួរត្រូវនៅពីណាទៅដល់ណានោះទេ? នោះមិនមែនជាបញ្ហារបស់អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ឡើយ លុះត្រាតែបញ្ហានេះមានការប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស។ ជាច្រើនលើកច្រើនសាហើយ ដែលយើងបានអំពាវនាវដល់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើនស្មារតីទទួលខុសត្រូវក្នុងបញ្ហានេះ បើមិនប្រយ័ត្នទេ ថ្ងៃណាមួយអាចនឹងមានអំពើហិង្សាវាយប្រហារទៅលើជនជាតិភាគតិចវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា។ ចំណែក លោក ហ៊ុន សែន គាត់ពូកែណាស់ក្នុងការវាយប្រហារ គំរាមកំហែងទៅលើគូបដិបក្ខរបស់គាត់។ ចំណែកគណបក្សសង្គ្រោះជាតិ វិញជាអ្នកផ្តល់ឱកាសឲ្យគាត់វាយបក។ អ្នកដឹងទេ លោក ហ៊ុន សែន គាត់ចាញ់ប្រៀបគេនៅពេលណាបើកឲ្យមានការជជែកដេញដោលគ្នាជាសាធារណៈ អំពីបញ្ហាព្រំដែនជាមួយវៀតណាម គឺដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់គណបក្សប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាលវៀតណាម។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋកម្ពុជា នៅតែមានផ្នត់គំនិតថា អ្វីៗដែលមកពីវៀតណាម គឺមិនល្អ។ ដូច្នេះ បើជជែកគ្នាពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម លោក ហ៊ុន សែន មិនអាចយកឈ្នះគូប្រកួតជាមួយគាត់បានទេ ប៉ុន្តែការបង្ហោះឯកសារក្លែងក្លាយដោយ លោក ហុង សុខហួរ នេះ គឺជាជំនូនមួយជូនទៅ លោក ហ៊ុន សែន ធ្វើឲ្យគាត់ឆក់ឱកាសនេះវាយបកមកវិញ ដូច្នេះគណបក្សប្រឆាំងខ្លួនឯងទេដែលជាអ្នកផ្តល់ឱកាសដ៏កម្រនេះ ឲ្យទៅ លោក ហ៊ុន សែន។
ទោះជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភាដែលកំពុងជាប់ឃុំនេះ គួរតែត្រូវដោះលែងជាបន្ទាន់ ហើយត្រូវលើកលែងបទចោទប្រកាន់ទាំងអស់ ពីព្រោះអំពើខ្វះការទទួលខុសត្រូវរបស់គាត់នេះ មិនមែនជាបទព្រហ្មទណ្ឌនោះទេ។ បញ្ហាព្រំដែនជាមួយវៀតណាម គួរត្រឡប់ទៅជជែកគ្នារកវិធីដោះស្រាយដោយសន្តិវិធី ហើយការចាប់ខ្លួនបុគ្គលណាម្នាក់ ដែលគ្រាន់តែបង្ហោះឯកសារខុស ឬខ្វះការទទួលខុសត្រូវនោះ មិនគួរកើតមានឡើយ ពីព្រោះវាមិនមែនជាបទឧក្រិដ្ឋទេ។ ដូច្នេះ គួរត្រូវដោះលែងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ជាបន្ទាន់។ ការចាប់ចងមនុស្សដាក់ពន្ធនាគារនោះ វាគ្រាន់តែធ្វើឲ្យប្រទេសកម្ពុជា និងលោក ហ៊ុន សែន មានឈ្មោះអាក្រក់ប៉ុណ្ណោះ៕