លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ EBA និង​នីតិវិធី​ព្យួរ​

ដោយ មួង ណារ៉េត
2019.05.06
Federica_Mogherini អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ផ្នែកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប ជួបជាមួយលោក ហ៊ុន សែន (រូបឃើញតែខ្នង) នៅទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
Photo Courtesy of the EU Audio Visual Services

ថ្ងៃ​ឱសានវាទ នៃ​​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ របប​លោក ហ៊ុន សែន កាន់​តែ​បង្កើន​សន្ទុះ ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង។ កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ មាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​នីមួយៗ ត្រូវ​គោរព។ ដោយ​ហេតុ​ថា កម្ពុជា​ខក​ខាន​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​ទាំង​នោះ​ទេ សហភាព​អឺរ៉ុប ត្រូវ​ចាប់​ផ្ដើម​នីតិវិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

តើ​អ្វីខ្លះ ជា​លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ EBA និង​នីតិវិធី​ដក ឬ​ព្យួរ​វា?

កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​ «ទំនិញ​គ្រប់​មុខ លើក​លែង​តែ​គ្រឿង​សព្វាវុធ» Everything But Arms ឬ​ហៅ​កាត់​ថា EBA នេះ​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ឲ្យ​តែ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ។ គោល​បំណង​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ចង់​ឲ្យ​ប្រទេស​ក្រីក្រ​ទាំង​នោះ មានឱកាស​កាត់​បន្ថយ​ភាព​ក្រីក្រ តាម​រយៈ​ការ​រីក​លូត​លាស់ ​ផ្នែក​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព។

ស្ថាប័ន​ដែល​កំណត់​ថា​ ប្រទេស​ណា​មួយ ជា​ប្រទេស​ក្រីក្រ គឺ​គណៈកម្មាធិការ​គោល​នយោបាយ​អភិវឌ្ឍ របស់​អង្គការ​សហប្រជាជាតិ។ បច្ចុប្បន្ន​នេះ មាន​ប្រទេស​ក្រីក្រ​ចំនួន ៤៨ នៅ​ទូទាំង​ពិភពលោក​ រួម​ទាំង កម្ពុជា​ផង ដែល​កំពុង​ទទួល​បាន​ផលប្រយោជន៍​ ពី​ការ​អនុគ្រោះ​ពន្ធ​នេះ។

នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ មាន​ប្រទេស​តែ​បី​ប៉ុណ្ណោះ ដែល​ចាត់​ទុក​ថា ជា​ប្រទេស​ក្រីក្រ រួម​មាន ប្រទេស​កម្ពុជា ឡាវ និង​ភូមា (ឬ​មីយ៉ាន់ម៉ា) ដែល​សុទ្ធ​តែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ។

ប្រទេស​ដែល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ អាច​នាំ​ចេញ​ផលិតផល​គ្រប់​មុខ លើក​លែង​តែ​គ្រឿង​សព្វាវុធ ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​មាន ២៨ប្រទេស ដោយ​មិន​ចាំបាច់​បង់​ពន្ធ និង ដោយ​គ្មាន​កូតា​កំណត់។ តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ ប្រទេស​ដែល​នាំ​ទំនិញ​ចេញ ចំណេញ​ពន្ធ​រហូត​ដល់ ២០% លើ​មុខ​ទំនិញ​នីមួយៗ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ មួយ​ចំនួន​ ដែល​ប្រទេស​នីមួយៗ ​ត្រូវ​បំពេញ​ឲ្យ​បាន​ជាដាច់ខាត។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ការងារ​ ដែល​មាន​ចែង នៅ​ក្នុង​គោល​ការណ៍​ជា​មូលដ្ឋាន នៃ​អនុសញ្ញា​ទាំង​ឡាយ ស្ដីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ។

បើ​ប្រទេស​ណា​មួយ បំពាន​ធ្ងន់ធ្ងរ​ទៅលើ​លក្ខខណ្ឌ​មួយ ឬ​ច្រើន តាម​មាត្រា ១៩ នៃ​បទប្បញ្ញត្តិ ស្ដីពី​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សហភាព​អឺរ៉ុប នឹង​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។ ប៉ុន្តែ មុននឹង​ឈាន​ដល់​ដំណាក់​ការ​ដក ឬ​ព្យួរ​នេះ សហភាព​អឺរ៉ុប ជូនដំណឹង​ទៅ​ប្រទេស​សាមី ឲ្យ​ដឹងខ្លួន​ជា​មុន​សិន។

ដូច​ក្នុង​ករណី​ប្រទេស​កម្ពុជា ក្រោយ​របប​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​សហជីព​កម្មករ ចាប់​សកម្មជន​ដី​ធ្លី សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ផាត់​ចោល​គណបក្ស​ប្រឆាំង​ សហភាព​អឺរ៉ុប​បាន​ថ្កោលទោស និង​ព្រមាន​របប​នេះ​ជា​ច្រើន​សារ ឲ្យ​ស្ដារ​ស្ថានភាព​នេះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន​ ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ថា ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ ដែល​កម្ពុជា​ត្រូវតែ​​គោរព ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

ជា​លទ្ធផល​ កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ សហភាព​អឺរ៉ុប ​បាន​ប្រកាស​ចាប់​ផ្តើម​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។ នីតិវិធី​នេះ ចាប់​ផ្ដើម​ក្រោយ​សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ​ស្វែង​រក​ការ​ពិត​មួយ​ក្រុម​ ទៅ​កម្ពុជា កាល​ពី​ដើមខែ កក្កដា ឆ្នាំ ២០១៨។ សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​របប​លោក ហ៊ុន សែន កាល​ពី​ដើម​ខែ តុលា ឆ្នាំ ២០១៨ ដែរ​ថា បើ​របប​នេះ នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​ទេ យ៉ាង​យូរ​ប្រាំ​មួយ​ខែ​ក្រោយ​ សហភាព​អឺរ៉ុប នឹង​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ក្រោម​សម្ពាធ​នេះ របប​លោក ហ៊ុន សែន បាន​បន្ធូរ​បន្ថយ​ស្ថានការណ៍​ខ្លះ​ដែរ ដូចជា ដោះ​លែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​ដីធ្លី និង​អ្នក​សារព័ត៌មាន ជា​ទ្រង់ទ្រាយ​ធំ ចាប់​ផ្ដើម​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨។ ក្រោយ​មក​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ពន្លឿន​នីតិវិធី​តុលាការ​ លើ​រឿង​ក្ដី​មេ​សហជីព​កម្មករ និង​ផ្ទេរ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​គុក​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​គាត់ នៅ​ភ្នំពេញ​វិញ។

នាយករង​ទទួល​បន្ទុក ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថា របប​ភ្នំពេញ​ដឹង​ខ្លួន ថា​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ចាប់​ផ្ដើម​ចរចា ជាមួយ​សហភាព​អឺរ៉ុប ជិត​មួយ​ឆ្នាំ​មក​ហើយ​​ ពោល​គឺ តាំង​ពី​មុន​សហភាព​អឺរ៉ុប ចាប់​ផ្ដើម​នីតិវិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មក​ម្ល៉េះ <<ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ មិន​ត្រឹមតែ​អាក្រក់​ទេ គឺ​វា​កំពុងតែ​យ៉ាប់យ៉ឺន​ជា​លំដាប់​។ ស្ថានភាព​នេះ​នឹង​ប្រសើរ​ឡើង គឺ​អាស្រ័យ​លើ​សហភាព​អឺរ៉ុប ដែល​ចាប់​ផ្ដើម​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ យើង​ដឹង​ហើយ​ថា ការ​អនុគ្រោះ​ពន្ធ​នេះ ចងភ្ជាប់​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ កម្ពុជា​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​នេះ​ទេ។ ឥឡូវនេះ យើង​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប។ យើង​សង្ឃឹម​ថា នឹង​មាន​ការកែទម្រង់ ដើម្បី​ស្ដារ​សិទ្ធិ​មនុស្ស​ឡើង​វិញ»

ប៉ុន្តែ សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់​ការ​ប៉ុណ្ណេះ នៅ​តិចតួច មិន​គ្រប់គ្រាន់​ ថា​បាន​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ ដែល​រង​ការ​រំលោភ​ធ្ងន់ធ្ងរ ក្នុង​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​កន្លង​មកនេះ ​នោះ​ទេ។ សហភាព​អឺរ៉ុប ទាមទារ​ឲ្យ​ទម្លាក់​ចោល រាល់​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា ផ្ដល់​នីតិសម្បទា​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ដែល​របប​នេះ​ហាម​ឃាត់​សិទ្ធិ​នយោបាយ ទាំង​អស់​វិញ អនុញ្ញាត​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ បើក​ដំណើរ​ការ​ឡើងវិញ និង​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ ដោយសេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​ជា​ដើម។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) មិន​ភ្ញាក់​ផ្អើល​នឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ទេ ព្រោះ​អ្វី​ដែល​របប​លោក ហ៊ុន សែន ធ្វើ​នោះ​គឺ​អេះ​មិន​ទាន់​ចំ​រមាស់៖ «ប៉ុន្តែ ជា​អកុសល រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​​តិច​តួច ដែល​មិន​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ប្ដូរ​ចិត្ត​ទេ។ អ្វី​ដែល​សហភាព​អឺរ៉ុប មិន​អាច​ប្ដូរ​ចិត្តបាន​នេះ គឺ​ដោយសារតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​កំណត់​ច្បាស់ ថា​កម្ពុជា​ត្រូវតែ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទើប​អាច​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ។ ប៉ុន្តែ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​របប​លោក ហ៊ុន សែន មិនបាន​បំពេញ​តាម។ ទាំងអស់​នេះ គឺជា​កំហុស​របស់​លោក ហ៊ុន សែន។ សហភាព​អឺរ៉ុប សម្រេច​ផ្អែកលើ​តថភាព​ជាក់ស្ដែង មិនមែន​ដោយសារ​រឿង​នយោបាយ​ទេ»

ឥឡូវនេះ ដោយសារ​តែ​សហភាព​អឺរ៉ុប បាន​ចាប់​ផ្ដើម​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ របប​លោក ហ៊ុន សែន តាម​ពិត​ មាន​ពេល​តែ ១២ខែ​ប៉ុណ្ណោះ គិត​ចាប់​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​ឆ្នាំ​នេះ ដើម្បី​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឲ្យ​ទាន់។ នីតិវិធី​ក្នុង​រយៈ​ពេល ១២ខែ​នេះ ចែក​ចេញ​ជា​បី​ដំណាក់​កាល។

· ដំណាក់​កាល​ទី​មួយ គឺ​ប្រាំ​មួយ​ខែ​ដំបូង ពី​ខែ​កុម្ភៈ ដល់​ខែ កក្កដា គឺ​ដំណាក់កាល​ពិនិត្យ​តាម​ដាន និង​វាយ​តម្លៃ​ស៊ី​ជម្រៅ​ថា តើ​កម្ពុជា​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​បច្ចុប្បន្ន។ សហភាព​អឺរ៉ុប ផ្ដល់​ឱកាស​ឲ្យ​កម្ពុជា​ ក្នុង​ការ​ចរចា និង​ចូលរួម​សហការ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់។

· ដំណាក់កាល​ទី​ពីរ គឺ​បី​ខែ​បន្ទាប់ រាប់​ពី​ខែ​សីហា ដល់​ខែ​តុលា គឺ​ជា​ពេល​សរសេរ​របាយការណ៍​ សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាម​ដាន ៦ខែ​ដំបូង​នោះ។

· ដំណាក់​កាល​ទី​បី គឺ​បី​ខែ​បន្ទាប់​មក​ទៀត គិត​ចាប់​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដល់​ខែ​មករា ឆ្នាំ ២០២០ គណៈកម្មការ​អឺរ៉ុប នឹង​បិទ​បញ្ចប់​នីតិវិធី ១២ខែ​នេះ ដោយ​ចេញ​សេចក្ដី​សម្រេច​ស្ថាពរ​មួយ​ថា តើ​ត្រូវ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ ដែរ​ឬ​យ៉ាង​ណា។

បើ​គណៈកម្មការ​នេះ សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ថ្ងៃ​ខែ​មករា ឆ្នាំ២០២០ នោះ​មែន​ ប្រសិទ្ធិ​នៃ​ការ​អនុវត្ត ត្រូវ​រង់ចាំ​ប្រាំ​មួយ​ខែ​បន្ទាប់​ទៀត មាន​ន័យ​ថា ការ​ដក​ការ​អនុគ្រោះ​ពន្ធ នឹង​ចាប់​ផ្ដើម​ នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០។

ជាង​មួយ​ខែ​ក្រោយ​ដាក់​ចេញ​នូវ​រយៈ​ពេល​កំណត់ ជុំវិញ​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA តំណាង​សហភាព​អឺរ៉ុប ​ដឹក​នាំ​ដោយ​នាយក​រង ​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​សហភាព​អឺរ៉ុប លោកស្រី ផៅឡា ផែមផាឡូនី (Paola Pampaloni) បាន​ចុះ​ទៅ​ស្រុក​ខ្មែរ​ពីរ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី ១៩ និង ២០ ខែ​មីនា​កន្លង​ទៅ ដើម្បី​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​​នៅកម្ពុជា មុននឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស គ្មាន​ភាព​ប្រសើរ​ឡើង តុលាការ​របប​លោក ហ៊ុន សែន ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង ៨រូប​បន្ថែម​ទៀត រួម​មាន លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ អ្នកស្រី មូរ​ សុខហួរ  លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​នេះ លោក ហូ វ៉ាន់ លោក ឡុង រី លោក អ៊ូ​ ច័ន្ទរិទ្ធិ និង​ លោក តុ វ៉ាន់ចាន់ ដែល​ជា​តំណាង​រាស្ត្រ។ ដីកា​នេះ​ចេញ មួយ​សប្ដាហ៍​ប៉ុណ្ណោះ មុន​ដំណើរ​ទស្សនកិច្ច​លើក​ទីពីរ ​របស់​គណបក្ស​ប្រតិភូ​សហភាព​អឺរ៉ុប​នេះ។

ជាង​នេះ​ទៅទៀត​ បី​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ច​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ទៅ​កម្ពុជា​នោះ តុលាការ​នៃ​របប​លោក ហ៊ុន សែន បាន​ចេញ​ដីកា​កោះ​ជា​ទ្រង់ទ្រាយ​ធំ ដើម្បី​កោះ​ហៅ​មន្ត្រី​ជាប់​ឆ្នោត​ឃុំ-សង្កាត់​ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​គណបក្ស សង្គ្រោះ​ជាតិ​ ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ ជុំវិញ​សកម្មភាព​នយោបាយ​របស់​ខ្លួន។ គិត​មក​ត្រឹម​ថ្ងៃ​ទី៤ ខែ​ឧសភា តុលាការ​ខេត្ត​បាត់ដំបង​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១៩រូប ឲ្យ​ចូល​ទៅ​បំភ្លឺ ក្នុង​នោះ​ក៏​មាន​ដីកា​សម្រាប់​កញ្ញា​ ស៊ិន ចាន់ពៅ​រ៉ូហ្សេត មេ​ឃុំ​ជាប់​ឆ្នោត​នៅ​សង្កាត់​អូរ​ចារ​ ក្រុង​បាត់​ដំបង​ ដែល​តែង​តែ​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ​ពី​របប​លោក ហ៊ុន សែន ផង​ដែរ។

ជុំវិញ​ស្ថានភាព​អាក្រក់​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នេះ កាល​ពី​ថ្ងៃ​ទី២ ខែ​ឧសភា ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ សរសេរ​លិខិត​មួយ​បន្ថែម​ទៀត ជូន​ទៅ​លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​របប​នេះ ឆ្លើយតប​ទៅ​នឹង​លិខិត​មុនៗ របស់​ពួក​គេ​ថា តើ​របប​នេះ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឆ្លើយតបទៅនឹង​សំណូមពរ​របស់​សហភាព​អឺរ៉ុប ជុំវិញ​ក្ដី​កង្វល់​ពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នោះ។ ក្រុមហ៊ុន​ធំៗ ទាំង​នេះ បារម្ភ​ថា បើ​ស្ថានភាព​អាក្រក់​នេះ មិន​ប្រសើរ​ឡើង​វិញ​ទេ កម្ពុជា នឹង​ប្រឈម​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ EBA ជាក់​ជា​មិន​ខាន។

មន្ត្រី​សិទ្ធិ​មនុស្ស​ថា ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន រឹត​តែ​រុញ​ស្ថានការណ៍​អាក្រក់ ឲ្យ​កាន់​តែ​អាប់អួ និង​ប្រឈម​ហានិភ័យ​កាន់​តែ​ខ្ពស់ នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

តាម​ទិន្នន័យ​ចុងក្រោយ របស់​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ ទំហំ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា តាម​រយៈ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហរដ្ឋ​អាមេរិក គ្រាន់​តែ​ឆ្នាំ ២០១៨ កន្លង​ទៅ មាន​ទឹក​ប្រាក់ ៩,៥ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ៤៣% នៃ​ផល​ទុន​ក្នុង​ស្រុក​សរុប (GDP)។ នេះ​មាន​ន័យ​ថា ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា ពឹង​ផ្អែក​ជាង​ ១/៣ ឬ​ស្ទើរ​តែ​ពាក់​កណ្ដាល លើ​ការ​អនុគ្រោះ​ពន្ធ​ទាំង​នេះ។

ពេល​ដែល​បាត់​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កម្ពុជា​មិន​មែន​ខាត​បង់​ ត្រឹម​តែ​ប្រាក់​ប្រហែល ៧០០ លាន​ដុល្លារ ដែល​ចំណេញ​ពី​ការ​រួច​ពន្ធ​នោះ​ទេ ប៉ុន្តែ កម្ពុជា​នឹង​បាត់បង់​កម្លាំង​ប្រកួត​ប្រជែង ផ្នែក​ពាណិជ្ជកម្ម​យ៉ាង​សម្បើម។ ឧទាហរណ៍​ជាក់​ស្ដែង ពេល​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​ខ្មែរ ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប ធ្លាក់​ចុះ​យ៉ាង​គំហុក។

តាំង​ពី​សហភាព​អឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធ​មក ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ២០១៩ នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ បាន​តែ​ជាង​ប្រាំ​ម៉ឺន​តោន (៥១.៥៥២តោន) ប៉ុណ្ណោះ ទៅ​កាន់​ទីផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប។ ចំនួន​នេះ ថយ​ចុះ ៣៣% បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ កាល​ពី​ឆ្នាំ២០១៨ កាល​នៅ​មាន​ការ​អនុគ្រោះ​ពន្ធ។

អ្នកស្រី រ៉ូណា ស្មីត ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។ អ្នកស្រី​សង្កេត​ឃើញ​ថា ​បញ្ហា​សិទ្ធិមនុស្ស គឺ​ជា​បញ្ហា​ពិសេស​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​កែ​លម្អ៖ «ខ្ញុំ​គិត​ថា ការ​សម្រេច​ចិត្ត​ វា​អាស្រ័យ​លើ​កម្ពុជា​ថា តើ​ចង់​ចូលរួម ពិភាក្សា​អំពី EBA នេះ ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ណា​មួយ និង​មាន​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ណាមួយ។ ដូច្នេះ​វា​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ទេ។ នៅ​ក្នុង​ច្បាប់​អន្តរជាតិ​កម្ពុជា​ត្រូវ​ជាប់​កាតព្វកិច្ច​គោរព​ការពារ និង​បំពេញ​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​នេះ»

ចំណែក​ឯ​លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថា នាឡិកា​ម៉ោង កំណត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ចាប់​ផ្តើម​ទៅ​ហើយ។ រយៈ​ពេល ១២ខែ​នោះ ក៏​សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន រួច​ហើយ​ដែរ។ នៅ​ទីបំផុត បើ​លោក ហ៊ុន សែន កែប្រែ និង​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ សហភាព​អឺរ៉ុប អាច​សម្រេច​មិន​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្វីៗ គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ថា តើ​គាត់​មាន​សុ​ឆន្ទៈ​ក្នុង​ការ​ចរចា​ដោយ​ស្មោះ​ត្រង់​ជាមួយ​សហភាព​អឺរ៉ុប ឬ​យ៉ាងណា"។ លោក​បន្ត​ទៀត​ថា បើ​លោក ហ៊ុន សែន ​នៅតែ​លេង​ល្បិច​នយោបាយ មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កម្ពុជា​ចៀស​មិន​ផុត​ពី​ទទួល​ទណ្ឌកម្ម​នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។