ច្បាប់ គឺជាវិធាននានាដែលត្រូវបានបង្កើតឡើងដោយរដ្ឋ និងអនុវត្តដោយរដ្ឋ ក្នុងគោលដៅកម្រិត ឬកំណត់នូវរបៀបដែលស្ថាប័នរដ្ឋត្រូវប្រតិបត្តិ។ ច្បាប់កម្រិតនូវទង្វើរបស់មនុស្សក្នុងសង្គម ក្នុងគោលបំណងរក្សារបៀបរៀបរយ។ ច្បាប់ ក៏មានតួនាទីជួយការពារសិទ្ធិមនុស្សនៅក្នុងប្រព័ន្ធយុត្តិធម៌ផងដែរ។
ក្នុងនាទីច្បាប់សប្ដាហ៍នេះ លោក ជី វិតា មានសេចក្តីរាយការណ៍អំពីមុខងារ និងសារសំខាន់របស់ច្បាប់៖
មនុស្សរស់នៅក្នុងសង្គមចាប់តាំងពីសង្គមគ្រួសារតូចមួយ រហូតដល់សង្គមជាតិ តែងតែមានការប៉ះទង្គិចគ្នា។ បរិមាណមនុស្សក្នុងសង្គមមានកាន់តែច្រើន ការឈ្លោះទាស់ទែងគ្នាក៏កាន់តែមានច្រើនដែរ។ ហេតុដូច្នេះ ច្បាប់មានមុខងារការពារទប់ស្កាត់ និងដោះស្រាយជម្លោះទាំងឡាយដែលកើតមានឡើង ទោះក្នុងហេតុផលណាក៏ដោយ។
មានការផ្តល់និយមន័យច្បាប់ផ្សេងៗគ្នា។ ទោះជាយ៉ាងណា ច្បាប់មានមុខងារ ឬវត្ថុបំណងបួនយ៉ាងធំៗ។ ទី១ ច្បាប់ជាវិធានដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ ទី២ ច្បាប់ជាវិធានសម្រាប់ដោះស្រាយជម្លោះ។ ទី៣ ច្បាប់ជាវិធានសម្រាប់ការពារសិទ្ធិមនុស្ស និងទី៤ ច្បាប់ជាការសម្ដែងឆន្ទៈរបស់រាស្ត្រ។ ក្នុងមុខងារនីមួយៗតែងមានគុណវិបត្តិ និងគុណសម្បត្តិ។ ទោះជាយ៉ាងណា ច្បាប់តែងភ្ជាប់មកជាមួយនូវការដាក់ពិន័យ ឬទណ្ឌកម្ម នៅពេលមានការបំពារបំពាន។
បើទោះជាមុខងារមួយរបស់ច្បាប់ គឺរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមក៏ដោយ ក៏នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យតែងមានការថ្លឹងថ្លែងដោយប្រុងប្រយ័ត្នរវាងសណ្ដាប់ធ្នាប់ និងសេរីភាពរបស់មនុស្ស។ នៅពេលខ្លះ ក្នុងសង្គមជាតិខ្លះ អ្នកគ្រប់គ្រងរដ្ឋបានបង្កើតច្បាប់ និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ធានាបាននូវរបៀបរៀបរយសង្គមពិតមែន ប៉ុន្តែមិនប្រាកដថា ប្រជារាស្ត្រក្នុងសង្គមនោះរីករាយក្នុងចិត្តនោះទេ នៅពេលដែលសេរីភាពរបស់ពួកគេត្រូវបានកាត់បន្ថយនោះ។
លោកសាស្ត្រាចារ្យច្បាប់ កុយ នាម មានប្រសាសន៍ថា ប្រទេសផ្ដាច់ការខ្លះប្រើច្បាប់គាបសង្កត់សេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋខ្លួនហួសវិស័យ បណ្ដាលឲ្យមានការភ័យខ្លាចមិនហ៊ានតវ៉ា ជាថ្នូរនឹងអ្វីដែលគេហៅថា ដើម្បីរក្សាសន្តិសុខស្ថិរភាព និងរបៀបរៀបរយក្នុងសង្គម។
មុខងារទីពីររបស់ច្បាប់ គឺដោះស្រាយជម្លោះ។ ប្រសិនបើមនុស្សម្នាក់រស់នៅលើកោះមួយតែម្នាក់ឯង គាត់មិនចាំបាច់មានច្បាប់ទម្លាប់អីទេ។ ពេលនោះ គាត់ចង់ស្លៀកសម្លៀកបំពាក់ក៏បាន គាត់មិនចង់ស្លៀកក៏បាន។ លើសពីនេះទៀត ការរស់នៅលើកោះតែម្នាក់ឯង មិនចាំបាច់បែងចែកភោគផលធនធានធម្មជាតិសម្រាប់ចិញ្ចឹមជីវិតជាមួយអ្នកណាទៀតផង។ ប៉ុន្តែ នៅពេលបរិមាណមនុស្សចេះតែកើនឡើង ភោគផលធនធាននៅលើកោះអាចនឹងត្រូវបែងចែកគ្នា។ នៅពេលចំនួនមនុស្សកាន់តែច្រើន ភោគផលចិញ្ចឹមជីវិតអាចថយចុះ ពេលនោះជម្លោះដណ្ដើមភោគផលធនធានទ្រព្យសម្បត្តិក៏អាចកើតមានឡើង។ ដូច្នេះ ភាពចាំបាច់នៃការបង្កើតច្បាប់សម្រាប់បែងចែកភោគផលសម្រាប់សេដ្ឋកិច្ចគ្រួសារនៅលើកោះឲ្យមានសមធម៌ អាចនឹងត្រូវការ ដើម្បីជៀសវាងការផ្ទុះឡើងនៃជម្លោះ។ ដូច្នេះ សម្រាប់អ្នកដែលយល់ឃើញថា ច្បាប់ គឺវិធានសម្រាប់ដោះស្រាយជម្លោះនោះ ច្បាប់ពិតជាសំខាន់ក្នុងការជួយកសាងសន្តិភាព និងផ្ទេរអំណាចដោយរលូន។
មុខងារទីបីរបស់ច្បាប់ គឺការពារសិទ្ធិមនុស្ស។ សម្រាប់អ្នកយល់ឃើញថា ច្បាប់ជាវិធានសម្រាប់ការពារសិទ្ធិមនុស្ស តែងយកសិទ្ធិមនុស្សជាគោល នៅពេលតាក់តែងច្បាប់អ្វីមួយ។ ក្រោយពីប្រទេសកម្ពុជា ឆ្លងកាត់នូវសង្គ្រាមដ៏មហាវិនាសព្រាត់ប្រាស និងការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យភ័យរន្ធត់ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ គឺជាការឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នារបស់ប្រជារាស្ត្រខ្មែរ ចង់បានច្បាប់ដែលបញ្ជាក់នូវការគោរពសិទ្ធិមនុស្ស។ ពេលនោះហើយ គឺជាលើកទី១ដែលរដ្ឋសភាកម្ពុជា បានបញ្ចូលច្បាប់សិទ្ធិមនុស្សអន្តរជាតិនានាទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
មុខងារទីបួនរបស់ច្បាប់ គឺការសម្ដែងឆន្ទៈរបស់រាស្ត្រ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៤៧ ដែលចម្លងចេញពីរដ្ឋធម្មនុញ្ញបារាំង ឲ្យនិយមន័យថា ច្បាប់ គឺជាការសម្ដែងឆន្ទៈរបស់រាស្ត្រ។ ហេតុផលរបស់អ្នកដែលយល់ថា ច្បាប់ជាការសម្ដែងឆន្ទៈរបស់រាស្ត្រនោះ គឺដោយសារថា ប្រជារាស្ត្រមានគ្នាច្រើន មិនអាចមកជួបជុំគ្នាបានក្នុងពេលតែមួយ ទើបរាស្ត្របោះឆ្នោតឲ្យមានតំណាងរបស់ខ្លួនដែលហៅថាតំណាងរាស្ត្រ ឲ្យទៅជួបជុំគ្នាធ្វើការងារ មានការងារធ្វើច្បាប់ និងការងារតាមដានសកម្មភាពរបស់រដ្ឋាភិបាល ជាដើម។
លោក កុយ នាម សាស្ត្រាចារ្យច្បាប់ពន្យល់ថា ដោយសារតំណាងរាស្ត្រតំណាងឲ្យឆន្ទៈរាស្ត្រដូច្នេះ តំណាងរាស្ត្រត្រូវគេមើលឃើញថា ត្រូវតែធ្វើច្បាប់ដែលការពារផលប្រយោជន៍រាស្ត្រ។
ទោះជាយ៉ាងណាក៏ដោយចុះ ទស្សនៈខ្លះមើលឃើញថា ច្បាប់មិនប្រាកដថាជាតំណាងឲ្យរាស្ត្រទាំងស្រុងនោះទេ។ ប៉ុន្តែច្បាប់ចេញពីឆន្ទៈតំណាងរាស្ត្រដែលមានសំឡេងភាគច្រើន និងជារឿយៗធ្វើតាមបន្ទាត់នយោបាយរបស់គណបក្សនយោបាយទៅវិញ។
លោកសាស្ត្រាចារ្យច្បាប់ កុយ នាម មានប្រសាសន៍ថា ដូច្នេះក្នុងភាពជាក់ស្តែង ក្រុមតំណាងរាស្ត្រដែលមានសំឡេងភាគតិច អាចមិនមានសំឡេងតំណាងឲ្យឆន្ទៈរបស់រាស្ត្រនៃមណ្ឌលរបស់ខ្លួននៅក្នុងច្បាប់។
ទោះជាយ៉ាងណាក៏ដោយចុះ សរុបសេចក្តីមក ច្បាប់មានមុខងារ និងសារប្រយោជន៍ជួយឲ្យមានការផ្ទេរអំណាចដោយសន្តិវិធី តាមរយៈការបោះឆ្នោត ជៀសវាងការដណ្ដើមអំណាច និងក្តាប់អំណាចដោយមធ្យោបាយហិង្សា។ ច្បាប់ជួយរក្សាសន្តិភាព និងរបៀបរៀបរយតាមរយៈការបង្កើតវិធាន ឬបញ្ញត្តិនានា ដើម្បីជួយបញ្ចៀសទំនាស់ និងដោះស្រាយទំនាស់។ ច្បាប់ជួយការពារជនក្រីក្រទន់ខ្សោយ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ប្រសិនបើច្បាប់នោះត្រូវបានតាក់តែងឡើងដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្សជាសកល។
នៅឆ្នាំ១៩៩៣ ក្រោយពេលងើបចេញពីសង្គ្រាមហែកហួរ និងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមក កម្ពុជា បានដាក់បញ្ចូលច្បាប់សិទ្ធិមនុស្សអន្តរជាតិជាច្រើនទៅក្នុងរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួន។ ក្នុងចំណោមច្បាប់សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗដែលបានក្លាយជាច្បាប់កម្ពុជា ទាំងនោះរួមមាន កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។