តើ​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​បី​ទាក់ទង​តុលាការ​ក្លាយ​ជា​ច្បាប់​បាន​ទេ?

0:00 / 0:00

សេចក្តី​ព្រាង​ច្បាប់​សំខាន់​បី​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា អាច​នឹង​ត្រូវ​រដ្ឋសភា​ផ្ដើម​ពិភាក្សា​អនុម័ត​ចាប់​ពី​ថ្ងៃ​អង្គារ នេះ​ទៅ បើ​ទោះ​ជា​មាន​ការ​រិះគន់​ខ្លាំង​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​បំពាន​ធ្ងន់ធ្ងរ​ដល់​រដ្ឋធម្មនុញ្ញ​ក្តី។

តើ​មាន​វិធានការ​អ្វី​ទេ ដែល​អាច​ទប់ស្កាត់​មិន​អោយ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី គឺ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ក្លាយ​ជា​ច្បាប់​បាន​ទេ?

ឆក់​ឱកាស​ក្នុង​ពេល​កម្ពុជា កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៦៨​រូប នឹង​ផ្ដើម​ពិភាក្សា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ទាំង​បី ដែល​សហគមន៍​អ្នក​ច្បាប់​ជាតិ និង​អន្តរជាតិ យល់​ថា នឹង​ធ្វើ​អោយ​តុលាការ​កម្ពុជា កាន់​តែ​ចុះ​ទន់​ខ្សោយ និង​បាត់​បង់​ឯករាជ្យ​ភាព​របស់​ខ្លួន។

លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​ក្រុម​អ្នក​ច្បាប់​អម្រិន្ទ មាន​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​នឹង​ពង្រឹង​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល អោយ​លូក​ដៃ​ចូល​កិច្ចការ​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម តាម​រយៈ​ការ​បង្កើត​អគ្គលេខាធិការដ្ឋាន។

លោក សុក សំអឿន៖ «ដាក់​បញ្ជាក់​ហ្មង គឺ​មាន​អគ្គលេខាធិការដ្ឋាន​មួយ​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​កណ្ដាល​របស់​ក្រសួង​យុត្តិធម៌ វិញ។ ដូច្នេះ​មាន​ន័យ​ថា ដំណើរ​ការ​ចាត់​ចែង​ដូច​នៅ​ក្រោម​ក្រសួង​យុត្តិធម៌ វិញ។ ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម គ្រាន់​តែ​ហៅ​មក​ប្រជុំ មិន​មែន​ជា​ស្ថាប័ន​មួយ​ដាច់​ដោយ​ឡែក មិន​មែន​ជា​ស្ថាប័ន​មួយ​គ្រប់គ្រង​តុលាការ​ទេ។ និយាយ​រួម​ទៅ ច្បាប់​នេះ​មិន​មែន​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជា​អ្នក​ព្រាង គឺ​ក្រសួង​យុត្តិធម៌ ជា​អ្នក​ព្រាង។ បើ​យើង​សង្កេត​មើល​សេចក្តី​ព្រាង​ច្បាប់​មុន នៅ​ក្នុង​នោះ​អគ្គលេខាធិការដ្ឋាន​មាន​នាយកដ្ឋាន​ផ្សេងៗ​ស្ថិត​នៅ​ក្រោម​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​បង្ហាញ​ពី​ចេតនា​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ចង់​បាន​ឯករាជ្យ។ អគ្គលេខាធិការដ្ឋាន​ដាច់​ដោយ​ឡែក​ដែល​មាន​នាយកដ្ឋាន​រដ្ឋបាល ហិរញ្ញវត្ថុ អធិការកិច្ច​អ៊ីចឹង​ទៅ។ ប៉ុន្តែ អា​នេះ​អត់​មាន​ទេ និយាយ​រួម​ទៅ​មាន​តែ​រដ្ឋបាល​មួយ ហើយ​អគ្គលេខាធិការដ្ឋាន​ហ្នឹង មាន​តែ​តួនាទី​មួយ ពេល​ប្រជុំ​ធ្វើ​ជា​លេខា​កត់ត្រា។ ហើយ​យើង​មើល​គណៈកម្មាធិការ​អធិការកិច្ច​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​យើង​ឃើញ​ដូចជា ស្ថាប័ន​របស់​ក្រសួង​យុត្តិធម៌ តែ​ម្តង។ ហើយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ពិនិត្យ​ពាក្យ​បណ្ដឹង ហើយ​ស៊ើប​អង្កេត​បឋម។ ដូច្នេះ​មាន​ន័យ​ថា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​អត់​មាន​តួនាទី​អី​ទេ គឺ​ចាំ​តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​អ្នក​ស៊ើប​អង្កេត ហើយ​ផ្តល់​ភស្តុតាង​ទៅ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម»

ចំណែក​អ្នក​វិភាគ​រិះគន់​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា មិន​បាន​ផ្តល់​ឯករាជ្យ​ភាព​ដល់​តុលាការ​ដែល​ជា​ស្ថាប័ន​កំពូល អោយ​បំពេញ​ការងារ និង​មាន​ថវិកា​ដោយ​ខ្លួន​ឯង​ដូច​ស្ថាប័ន​ដទៃ​ឡើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ មាន​ប្រសាសន៍​ថា ការ​ធ្វើ​ដូច្នេះ​ជា​ចេតនា​ក្នុង​ការ​ដាក់​អោយ​តុលាការ​ស្ថិត​ក្រោម​អំណាច​នីតិប្រតិបត្តិ៖ «រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សា​ធម្មនុញ្ញ គឺ​មាន​អា​ដែង​នែក​ហៅ​ថា​ច្បាប់​លក្ខន្តិកៈ មន្ត្រី​រាជការ​ធ្វើ​ការ​នៅ​ក្នុង​សភា រដ្ឋសភា ហើយ​និង​ស្ថាប័ន​បី​នេះ​ដាច់​ដោយ​ឡែក ព្រោះ​អា​ដែង​អឺ រដ្ឋសភា អឺ​ព្រឹទ្ធសភា​ហ្នឹង​គឺ​ជា​អំណាច​នីតិប្បញ្ញតិ​ដាច់​ដោយ​ឡែក​នឹង​ការ​បែង​ចែក​អំណាច។ ដូច្នេះ គេ​មាន​ច្បាប់​លក្ខន្តិកៈ​បុគ្គលិក​ធ្វើ​ការ​បម្រើ​នៅ​ក្នុង​រដ្ឋសភា ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ បាទ​អ៊ីចេះ ហេតុ​អី​បាន​ជា​មិន​ធ្វើ ច្បាប់​លក្ខន្តិកៈ​មន្ត្រី​រាជការ​បម្រើ​ការ​តុលាការ​ហ្នឹង​ដាច់​ដោយ​ឡែក​ដូច​ចឹង រួច​នីតិប្រតិបត្តិ​រដ្ឋាភិបាល​ហ្នឹង​ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង ក៏​មាន​ច្បាប់​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ដាច់​ដោយ​ឡែក​បាទ ហើយ​និង​លក្ខន្តិកៈ​យោធិន​ដាច់​ដោយ​ឡែក​ទៅ​បាទ! រីឯ​តុលាការ​ទៅ​វិញ​អត់​បាន​ធ្វើ​អ៊ីចឹង​ទេ ម៉េច​បាន​អ៊ីចឹង! ឥឡូវ​ហ្នឹង​បើ​យើង​របៀប​ចឹង​ជា​ផ្នែក តាម​ពិត​តុលាការ​ហ្នឹង​គឺ​ប្រព័ន្ធ​តុលាការ​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល»

សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មិន​បាន​ហាម​ឃាត់​ចៅក្រម និង​ព្រះរាជ​អាជ្ញា ពី​ការ​ចូលរួម​សកម្ម​ក្នុង​គណបក្ស​នយោបាយ​ដែរ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល​បន្ទុក​តំបន់​អាស៊ី អោយ​ដឹង​ថា ការ​ដែល​ចៅក្រម​ចូលរួម​សកម្ម​ក្នុង​បក្ស​នយោបាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ។ លោក​ថា សហគមន៍​ប្រទេស​ម្ចាស់​ជំនួយ ត្រូវ​ម៉ឺងម៉ាត់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ទទូច​អោយ​មាន​ការ​កែលំអ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​មុន​អនុម័ត។ លោក​បន្ត​ថា មិន​ជឿ​ថា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ខ្វាយខ្វល់​អំពី​ការ​គាប​សង្កត់​ពី​សហគមន៍​អន្តរជាតិ ហើយ​ងាក​ទៅ​ពឹងពាក់​ចិន ទាំង​ស្រុង​នោះ​ទេ៖ «ខ្ញុំ​មិន​ជឿ​ថា ប្រសិន​បើ​ប្រទេស​ម្ចាស់​ជំនួយ​ធ្វើ​ការ​តឹងតែង ឬ​ម៉ឺងម៉ាត់​ជាមួយ លោក ហ៊ុន សែន លោក ហ៊ុន សែន នឹង​ងាក​ទៅ​ពឹងពាក់​ទាំង​ស្រុង​លើ​ចិន នោះ​ទេ ពីព្រោះ​ស្ទើរ​តែ​គ្មាន​នរណា​ម្នាក់​ក្នុង​គណបក្ស​របស់​គាត់ ចង់​បាន​របៀប​ហ្នឹង​ឡើយ ហើយ​ពលរដ្ឋ​កម្ពុជា ក៏​មិន​ចង់​បាន​របៀប​នោះ​ដែរ។ ពួក​គេ​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា ត្រូវ​បាន​ដាក់​អោយ​នៅ​ឯកោ​ពី​ពិភពលោក​ឡើយ ហើយ​ត្រូវ​ទៅ​ពឹង​ផ្អែក​លើ​តែ​ប្រទេស​ចិន ទាំង​ស្រុង​នោះ​ទេ។ ចូរ​ក្រឡេក​មើល​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ប្រទេស​នោះ នៅ​ពេល​រដ្ឋាភិបាល​ភូមា ពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន នោះ? មូលហេតុ​មួយ​ដែល​បណ្ដាល​អោយ​មាន​ការ​កែ​ទម្រង់​របប​នយោបាយ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​ភូមា គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ភូមា មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ភូមា ដែល​បាន​ពឹងពាក់​ទាំង​ស្រុង​ទៅ​នឹង​ប្រទេស​ចិន។ ពួក​គេ​ចង់​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ប្រទេស​លោក​ខាង​លិច និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់។ ពួក​គេ​មិន​ចង់​ពឹង​ផ្អែក​តែ​ទៅ​លើ​ប្រទេស​ចិន មួយ​នោះ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា ចំពោះ​ការ​យល់​ថា រដ្ឋាភិបាល​កម្ពុជា ចង់​ងាក​ទៅ​ពឹង​តែ​ចិន ហើយ​មិន​ខ្វាយខ្វល់​អំពី​ការ​គំរាម​កាត់​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​នោះ វា​មិន​មែន​ជា​ការ​ពិត​ទេ។ ដូច្នេះ ខ្ញុំ​យល់​ថា ប្រទេស​ម្ចាស់​ជំនួយ​នៅ​តែ​អាច​រក្សា​ឥទ្ធិពល​លើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ដដែល ប្រសិន​បើ​ប្រទេស​ម្ចាស់​ជំនួយ​ទាំង​នោះ​មាន​ជំហរ​ឈរ​លើ​គោលការណ៍​ជា​ធំ ក្នុង​ការ​ចាត់​ការ​បញ្ហា​នេះ។ លោក ហ៊ុន សែន កំពុង​ព្យាយាម​បង្កើន​ការ​ក្ដោបក្ដាប់​អំណាច​របស់​គាត់​ទ្វេដង។ ចំពោះ​ខ្ញុំ និយាយ​តាម​ត្រង់​ទៅ ការ​ធ្វើ​របៀប​នេះ​នឹង​បណ្ដាល​អោយ​មាន​រឿង​អាក្រក់​ជះ​ត្រឡប់​មក​គាត់​វិញ​ទេ។ ជា​រួម សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ទាំងអស់​នេះ​អាក្រក់​ណាស់។ អ្វី​ដែល លោក ហ៊ុន សែន គួរ​រៀន​សូត្រ​ពី​ការ​បោះ​ឆ្នោត​សភា​កន្លង​ទៅ​នេះ គឺ​ថា ប្រជាជន​កម្ពុជា ចង់​រស់​នៅ​ក្រោម​ការ​ត្រួតត្រា​តិច។ ពួក​គេ​មិន​ចង់​អោយ​មាន​ការ​ត្រួតត្រា​គ្រប់គ្រង​លើ​ជីវិត​របស់​ពួក​គេ​ច្រើន​ទេ។ សរុប​ទៅ រឿង​ល្អ​បំផុត គឺ​មាន​ច្បាប់​ល្អ។ រឿង​អាក្រក់​បំផុត គឺ​មាន​ច្បាប់​ដែរ តែ​ជា​ច្បាប់​អាក្រក់។ ដូច្នេះ​ក្នុង​ករណី​មាន​ច្បាប់​ដែល​មិន​ល្អ​អត់​ច្បាប់​តែ​ម្ដង​ទៅ​វា​ប្រសើរ​ជាង»

លោក ជាម យៀប តំណាង​រាស្ត្រ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ការពារ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ថា មាន​អ្នក​ច្បាប់​បារាំង បាន​ជួយ​តាក់តែង​ឡើង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ប្រតិកម្ម​ថា ខ្លឹមសារ​ទាំង​ស្រុង​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ មិន​ប្រាកដ​ថា ជា​ការ​ចង់​បាន​របស់​អ្នក​ច្បាប់​បារាំង នោះ​ទេ៖ «អា​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​ហ្នឹង​បារាំង ធ្វើ អា​ហ្នឹង​ខ្ញុំ​ដឹង​ច្បាស់ រួច​ខ្ញុំ​ស្គាល់​បារាំង ដែល​ធ្វើ ជួប​មុខ​គ្នា​ដែរ ខ្ញុំ​ថា​អ្នក​ឯង ខ្ញុំ​អត់​និយាយ​ចំ​ទេ ក៏ប៉ុន្តែ​បើ​ធ្វើ​អា​ច្បាប់​អ៊ីចឹង​ឲ្យ​ណាស់ អា​ហ្នឹង​គឺ​អ្នក​ឯង​ទទួល​ខុស​ត្រូវ​សម្បើម​ណាស់​បាទ! អា​ហ្នឹង​គឺ​ជួយ​ឲ្យ​ប្រទេស​ខ្មែរ​មាន​អំណាច​ផ្ដាច់​ការ​តែ​ម្ដង ខ្ញុំ​ប្រាប់​ហ្មង​បាទ!អ៊ីចេះ​ខ្ញុំ​ជួប​អ្នក​ជំនាញ​ការ​បារាំង មក​ជួយ​ធ្វើ​ច្បាប់​ព្រហ្មទណ្ឌ​យើង នីតិ​ព្រហ្មទណ្ឌ​ទេ​បាទ ហី​ក៏​ខ្ញុំ​ចេះ​ថា អ៊ីចឹង​ម៉េច​អ្នក​ឯង​សរសេរ​អ៊ីចឹង? គេ​ថា​នែក! បើ​មិន​ដាក់​ចឹង​ទេ គឺ​ពួក​អ្នក​ឯង​អត់​យល់ព្រម​ទេ ចង់​ដាក់​អ៊ីចេះ ប៉ុន្តែ​ពួក​អ្នក​ឯង​ហ្នឹង​គឺ​អត់​យល់ព្រម​ទេ ហើយ​អា​ច្បាប់​នោះ​វា​ចេញ គាត់​ថា​អ៊ីចឹង​បាទ! រួច​ខ្ញុំ​ជឿ​គាត់​មែន ដោយ​ហេតុ​គាត់​និយាយ​ឈ្មោះ​ចំ ប៉ុន្តែ​ខ្ញុំ​និយាយ​មិន​ឈ្មោះ​ចំ ប៉ិន​អ្នក​ហ្នឹង​ខ្លាំង​មែន​តាស់! បើ​មិន​ចឹង​អត់​ឲ្យ​ច្បាប់​ហ្នឹង​ចេញ​ទេ បើ​មិន​ដក​អា​មាត្រា​ហ្នឹង​ចេញ អា​មាត្រា​ដែល​ការពារ​សិទ្ធិ​សេរីភាព​ហ្នឹង​ណាស់! បាទ!»

កាល​ពី​នៅ​មាន​ព្រះជន្ម ព្រះ​មហា​វីរក្សត្រ សម្ដេច ព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ​២០០៤ ព្រះអង្គ​បាន​បដិសេធ​មិន​ឡាយព្រះហស្ដលេខា​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម ដើម្បី​បើក​ផ្លូវ​អោយ​រដ្ឋសភា​បោះ​ឆ្នោត​ជា​កញ្ចប់​ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​រដ្ឋសភា និង​គណៈរដ្ឋមន្ត្រី​នៅ​ពេល​តែ​មួយ តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។

ដោយ​ទត​ឃើញ​ថា សេចក្តី​ព្រាង​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ពេល​នោះ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង ព្រះ​មហា​វីរក្សត្រ សម្ដេច ព្រះ​នរោត្តម សីហនុ បាន​សរសេរ​ចុតហ្មាយ​មួយ​ច្បាប់​ផ្ញើ​មក លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខ​រដ្ឋ​ស្តីទី។ ព្រះអង្គ​មាន​បន្ទូល​ថា ការ​ចុះ​ហត្ថលេខា​លើ​ច្បាប់​បោះ​ឆ្នោត​ជា​កញ្ចប់ ឬ​អត់​នោះ គឺ​ស្រេច​ទៅ​លើ​មនសិការ​យល់​ឃើញ​របស់​សម្ដេច ជា ស៊ីម។ ចំពោះ​ព្រះអង្គ ព្រះអង្គ​នឹង​មិន​ចុះ​ឡាយព្រះហស្ដលេខា​ទេ ពីព្រោះ​វា​នឹង​ប៉ះពាល់​បញ្ហា​ជាតិ​ដ៏​ធ្ងន់ធ្ងរ​ណាស់។

ពេល​នោះ សម្ដេច ជា ស៊ីម ក៏​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​បណ្ដាល​អោយ​មេ​នគរបាល​ជាតិ លោក ហុក ឡង់ឌី បង្ខំ​សម្ដេច ជា ស៊ីម ចាក​ចេញ​ទៅ​បាងកក ប្រទេស​ថៃ ដើម្បី​ទុក​ឱកាស​អោយ លោក ញឹក ប៊ុនឆៃ ដែល​ជា​អនុប្រធាន​ព្រឹទ្ធសភា​ឡើង​ជា​ប្រមុខ​រដ្ឋ​ស្តី ហើយ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​បន្ថែម​នោះ​ជំនួស​វិញ។

តើ​ព្រះមហាក្សត្រ​បច្ចុប្បន្ន សម្ដេច ព្រះ​នរោត្តម សីហមុនី អាច​នឹង​ធ្វើ​ដូច​ព្រះ​បិតា​របស់​ព្រះអង្គ​ទេ គឺ​មិន​ឡាយព្រះហស្ដលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី ទាក់ទង​នឹង​ប្រព័ន្ធ​យុត្តិធម៌ ដោយសារ​តែ​ព្រះអង្គ​ជា​អ្នក​ធានា​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្នុង​កាលៈទេសៈ​ខ្លះ មនុស្ស​អាច​ឆក់​ឱកាស​បញ្ចេញ​ស្នាដៃ​ជា​វីរបុរស៖ «នេះ​គឺ​ទាមទារ​គុណ​សម្បត្តិ​មួយ​ដែល​គេ​ហៅ​ថា​គុណ​សម្បត្តិ​រដ្ឋ​បុរស បាទ! ដើម្បី​ប្រឆាំង​នឹង​អឺ​នែក គុណ​សម្បត្តិ​ជា​រដ្ឋ​បុរស ហ្នឹង​គឺ​អា​ដែង​ពេល​ចឹងៗ​គឺ​អាច​មាន​ខ្លះ​ចេញ​មក​តែ​ម្ដង​គឺ​អា​គុណ​សម្បត្តិ​របស់​មនុស្ស​ហ្នឹង ចេញ​មក​អញ​មិន​ធ្វើ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ជឿជាក់​ថា ព្រះមហាក្សត្រ​ជា​ទី​គោរព​សក្ការៈ​របស់​យើង លោក​នឹង​មាន​ព្រះទ័យ​ប្រឆាំង​នឹង​ច្បាប់​នេះ​ទេ​បាទ!»

អំពី​ដំណើរ​ការ​ធ្វើ​ច្បាប់​នៅ​កម្ពុជា។ ក្រោយ​ពី​រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ជា​ផ្លូវ​ការ សេចក្តី​ព្រាង​ច្បាប់​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា។ បន្ទាប់​ពី​ព្រឹទ្ធសភា​អនុម័ត​ហើយ មុន​ក្លាយ​ជា​ច្បាប់ ត្រូវ​មាន​ព្រះរាជក្រម​មួយ​ប្រកាស​អោយ​ប្រើ ដែល​ត្រូវ​ឡាយព្រះហស្ដលេខា​ដោយ​ព្រះមហាក្សត្រ។ ពេល​ព្រះមហាក្សត្រ​អវត្តមាន ប្រធាន​រដ្ឋសភា​អាច​ជំនួស​ព្រះអង្គ​ជា​ប្រមុខ​រដ្ឋ​ស្តី និង​អាច​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់។

ក្រោយ​ពី​សេចក្តី​ព្រាង​ច្បាប់​ក្លាយ​ជា​ច្បាប់​ផ្លូវ​ការ​ហើយ មាន​តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ​ដែល​មាន​សិទ្ធិ​បកស្រាយ​ជា​ផ្លូវ​ការ​ថា ច្បាប់​នោះ​ស្រប ឬ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បច្ចុប្បន្ន សុទ្ធ​សឹង​តែ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​គេ​មិន​រំពឹង​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ច្បាប់​នោះ​អធម្មនុញ្ញ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។